គោលការណ៍មាសរបស់លោក លីខ្វាន់យូ​ យកទៅអភិវឌ្ឍន៍សិង្ហបុរីរហូតក្លាយជាកូននាគអាស៊ី
Connect with us

គួរដឹង

គោលការណ៍មាសរបស់លោក លីខ្វាន់យូ​ យកទៅអភិវឌ្ឍន៍សិង្ហបុរីរហូតក្លាយជាកូននាគអាស៊ី

នៅ​ពេល​ដែល​គេ​និយាយ​អំពី​ប្រទេស​សិង្ហបុរី ដែល​រីក​ចម្រើន​មក​ទល់​សព្វថ្ងៃនេះ គេ​មិន​អាច​មិន​និយាយ​អំពី​ឈ្មោះ​លោក លីខ្វាន់យូ ទេ ព្រោះ​លោក​ គឺជា​បិតា​ស្ថាបនិក (Founding Father) នៃ​ប្រទេស​សិង្ហបុរី និង​ជា​រដ្ឋ​បុរស (statesman) ដ៏​ឆ្នើម​របស់​ប្រទេស​ផងដែរ។ លោក​ត្រូវ​គេ​ផ្ដល់​គោរមងារ​ជា «គរុគណ -mentor» ដែល​មាន​ន័យ​ថា​ជា «គ្រូធំ» ឬ «សម្ដេច​ព្រះ​គ្រូ» ដែល​ផ្ដល់​ដំបូន្មាន​ល្អៗ ដល់​រដ្ឋ​មន្ត្រី​សិង្ហបុរី ចាប់តាំងពី​ឆ្នាំ២០០៤ ដល់ ឆ្នាំ២០១១។ ហើយខាងក្រោមនេះជាចំណេះដឹងខ្លះៗដែលលោក លីខ្វាន់យូ ធ្វើឱ្យសិង្ហបុរីខ្លាំងដូចសព្វថ្ងៃ៖

 គន្លឹះខ្លះៗ ដែល​យើង​គួរ​ស្វែង​យល់​អំពី​ប្រទេស​សិង្ហបុរី
១-ជា​ប្រទេស​តូច​ មាន​ផ្ទៃ​ដី​មិន​ដល់ ២៥ គីឡូម៉ែត្រ​ គុណ​នឹង​២៥គីឡូម៉ែត្រ​ (ផ្ទៃដីជាង ៧០០គីឡូម៉ែត្រការ៉េ) ផង ប៉ុន្តែ​មាន​អាកាសយានដ្ឋាន​ធំ​លំដាប់​កំពូល​របស់​ពិភពលោក។
២-ជា​ប្រទេស​ដែល​ស្ទើរ​តែ​គ្មាន​ធនធាន​ធម្មជាតិ រហូត​ដល់​សូម្បី​តែ​ទឹក​ស្អាត ក៏​ត្រូវ​ទិញ​ពី​ប្រទេស​ម៉ាឡេស៊ី​ដែរ។ រហូត​មក​ទល់​នឹង​ពេល​នេះ ក៏​សិង្ហបុរី​នៅ​តែ​ទិញ​ទឹក​ស្អាត​ពីម៉ាឡេស៊ី​ដដែល ព្រោះ​ការ​ផលិត​ទឹក​ស្អាត​ដោយ​ចម្រាញ់​ពី​ទឹក​សមុទ្រ បង្ក​ហានិភ័យ​ខ្ពស់ ព្រោះ​ម៉្យាង ទឹក​មាន​សារធាតុ​វិទ្យុសកម្ម​ដែល​ប្រើ​វិធីណា​ ក៏មិន​អាច​ជម្រុះ​ចោល​បាន និង​ម៉្យាង​ទៀត ចម្រាញ់​ទឹក​ស្អាត​ខ្លួន​ឯង សិង្ហបុរី​ចំណាយ​ថ្លៃ​ដើម​ខ្ពស់​ជាង​ទិញ​ពី​គេ​ស្រាប់។
៣-ជា​ប្រទេស​ដែល​មាន​កំពង់​ផែ​អន្តរជាតិ​ខ្នាត​ធំ លំដាប់​អន្តរជាតិ។


៤-ក្រោយ​ពេល​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​ សិង្ហបុរី​ខ្សត់ខ្សោយ​ធនធាន​គ្រប់​សព្វបែបយ៉ាង​ទាំង​អស់ ទាំង​ធនធាន​មនុស្ស និង​ធនធាន​ធម្មជាតិ។
៥-សិង្ហបុរី​ជា​ប្រទេស​ដែល​មាន​សុខ​សុវត្ថិភាព​បំផុត​នៅ​ ក្នុង​ពិភពលោក ទោះ​បី​មនុស្ស​ចង់​ធ្វើ​ដំណើរ​កណ្ដាល​អាធ្រាត្រ ម៉ោង​ប៉ុន្មាន ទៅ​ដល់​កន្លែង​ស្ងាត់​ជ្រងំ ដើរ​ដាច់​សង្វែង​យ៉ាងណា ក៏​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​ចំពោះ​គេ​ដែរ។
៦-សិង្ហបុរី ជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​ពិភពលោក ដែល​អនុវត្ត​វិន័យ និង​ច្បាប់​យ៉ាង​ហ្មត់ចត់​បំផុត គ្រប់​ជ្រុង​ជ្រោយ គ្មាន​ការ​លើក​លែង សូម្បី​តែ​វិន័យ​តូច​កំប៉ិកកំប៉ុក​​ប៉ុណ្ណា​ក៏​ដោយ ត្រូវ​តែ​អនុវត្ត​ឲ្យ​ខាង​តែ​បាន។
ដោយ​សារ​នយោបាយ​គេ​ដើរ​ត្រូវ គេ​អាច​ក្លាយ​ជា​ប្រទេស​ដែល​មាន​ខឿន​សេដ្ឋកិច្ច​រុងរឿង រហូត​មាន​ឈ្មោះ​ជា «កូន​នាគ​អាស៊ី» (ជប៉ុន​ជាប់​ឈ្មោះ​ជា​នាគ​អាស៊ី)។

នយោបាយ​សំខាន់ៗ​របស់​លោក​ លីខ្វាន់យូ
មាន​គណបក្ស​តែ​មួយ​ គឺ​គណបក្ស​ People’s Action Party ដែល​លោក​ជា​អ្នក​បង្កើត។ អ្នក​ណា​ហ៊ាន​ប្រឆាំង​នឹង​នយោបាយ​លោក​ លីខ្វាន់យូ ឬ​បង្កើត​គណបក្ស​ថ្មី ត្រូវ​លោក​ លីខ្វាន់​យូ​​ ចាប់​ដាក់​ពន្ធនាគារ និង​រំលាយ​គណបក្ស​ចោល​ទាំង​អស់។ លោក​យល់​ថា​សិង្ហបុរី​មិន​អាច​មាន​និន្នាការ​នយោបាយ​ច្រើន​បាន​ទេ ពោល​គឺ​ត្រូវ​ដើរ​តាម​បន្ទាត់​នយោបាយ​តែ​មួយ​ដែល​លោក​បាន​ត្រួស​ត្រាយ​ផ្លូវ ​រួច​ហើយ។

ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​អប់រំ ព្រោះ​ប្រទេស​មាន​ផ្ទៃ​ដី​តូច បើ​គ្មាន​តម្រិះវិជ្ជា​ជ្រៅជ្រះ​ មុខ​តែ​ប្រឈម​នឹង​បញ្ហា​ពិបាក​ច្រើន ដូចនេះ​ការ​ពង្រឹង​វិស័យ​អប់រំ និង​ធនធាន​មនុស្ស គឺវាស្ថិត​នៅ​ក្នុង​កម្មវិធី​ជា​អាទិភាព​របស់​លោក​ លីខ្វាន់យូ។ វិស័យ​អប់​រំ​នៅ​សិង្ហបុរី​ត្រូវ​គេ​ចាត់​ទុក​ថា​មាន​ស្តង់​ដារ​ខ្ពស់​ កម្រិត​កំពូល​នៅ​ក្នុង​ពិភពលោក។

សណ្ដាប់ធ្នាប់ ទាំង​សណ្ដាប់​ធ្នាប់​សង្គម និង​បរិស្ថាន​ស្អាត ចរាចរ​ល្អ សង្គម​គ្មាន​ភាព​អនាធិបតេយ្យ គ្មាន​អំពើ​ឆក់​ប្លន់ ឬ​អំពើ​ពាលា​អាវាសែ​អ្វី​ទាំងអស់។ ការ​បំបាត់​អំពើ​ពុករលួយ ដោយ​ផ្ដល់​ប្រាក់​ខែ ឬ​ប្រាក់​បៀវត្ស​ខ្ពស់​សម្រាប់​មន្ត្រី​រដ្ឋការ។

លើក​ស្ទួយ «សមភាព​បុរស-ស្ត្រី gender equality» ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​អប់រំ និង​ឧស្សាហូបនីយកម្ម (industrialization) មាន​ន័យ​ថា​កែប្រែ​ប្រទេស​ឲ្យ​ក្លាយ​ជា​ប្រទេស​ឧស្សាហកម្ម (នយោបាយ​នេះ​នៅតែ​ត្រូវ​យក​មក​អនុវត្ត រហូត​ដល់​សព្វថ្ងៃ)។

ប្រឈម​នឹង​ការ​ខ្វះ​ខាត​ធនធាន​ធម្មជាតិ លោក ​លីខ្វាន់យូ ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​សេដ្ឋកិច្ច ដោយ​កែប្រែ​ប្រទេស​ជា​តំបន់​នាំចេញ «ផលិតផល​សម្រេច -finished goods» និង​ដើរ​កៀងគរ​វិនិយោគិន​បរទេស ឲ្យ​ទៅ​បណ្ដាក់​ទុន​សិង្ហបុរី (foreign investment)។

លោក ​លីខ្វាន់យូ ជា​មេដឹកនាំ​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​បំផុត (commitment) ក្នុង​ការ​សម្រេច​ឲ្យ​បាន​ផែនការ​ដែល​លោក​ដាក់​ចេញ ទោះ​បី​ត្រូវ​បង់​ក្នុង​តម្លៃ​ណា​ក៏​ដោយ (at all cost) វាមាន​ន័យ​ថា​អ្វី​ដែល​លោក​ដាក់​ចេញ​មក​ ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន។

​វិស័យ​សិទ្ធិ​មនុស្ស មជ្ឈដ្ឋាន​អ្នក​សេរី​និយម ចាត់​ទុក​ថា​លោក​ លីខ្វាន់យូ រឹតត្បិត​សេរីភាព​បុគ្គល​ច្រើន​ពេក។ លោក​ លីខ្វាន់យូ បាន​ឆ្លើយ​តប​វិញ​ថា នយោបាយ​រឹតត្បិត​សេរីភាព​បែប​នេះ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់ៗ ក្នុង​នាម​ជា​កោសិកា​សង្គម ត្រូវ​មាន​ស្មារតី​ទទួល​ខុសត្រូវ និងត្រូវ​មាន​កាតព្វកិច្ច​ និង​ទំនួល​ខុសត្រូវ​សម្រាប់ប្រទេសមួយនេះ

លោក​ លីខ្វាន់យូ បង្ហាញ​ទស្សនៈ​នយោបាយ​របស់​លោក​ថា​លទ្ធិ​នយោបាយ​មួយ​ មិន​អាច​អនុវត្ត​បាន​គ្រប់​កាលៈទេសៈ​​ទេ មានន័យ​ថា​លទ្ធិ​ប្រជា​ធិប​តេយ្យ​​ត្រូវ​​មាន​បែប​ផែន​របស់​វា ដូច​ជា «ប្រជាធិបតេយ្យ​តាម​បែប​បស្ចិមប្រទេស» និង «ប្រជាធិបតេយ្យ​តាម​បែប​អាស៊ី» ដោយ​លោក​សង្កត់​ធ្ងន់​អំពី «តម្លៃ​អាស៊ី -Asian value» ព្រោះ​ទ្វីប​អាស៊ី​មាន​លក្ខណៈ​​ស្មគស្មាញ​ ចម្រុះ​ដោយ​វប្បធម៌​​ច្រើន ដែល​មិន​អាច​យក​ស្តង់ដារ​ប្រជាធិបតេយ្យ​​តាម​បែប​​បស្ចិម​ប្រទេស​ ​ទៅ​អនុវត្ត​ជោគ​ជ័យ​នោះ​ទេ៕

ប្រភព៖ business-record.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK