ជ្រះថ្លាណាស់! មេរៀនជីវិត ១០ ឃ្លាពីព្រះពុទ្ធអង្គគឺជាប្រទីបបំភ្លឺផ្លូវដ៏ល្អមួយសម្រាប់ជីវិតសត្វលោក​​
Connect with us

បែបផែនជីវិត

ជ្រះថ្លាណាស់! មេរៀនជីវិត ១០ ឃ្លាពីព្រះពុទ្ធអង្គគឺជាប្រទីបបំភ្លឺផ្លូវដ៏ល្អមួយសម្រាប់ជីវិតសត្វលោក​​

ព្រះសាមនគោតមសម្មាសម្ពុទ្ធគឺជាបរមគ្រូនៃយើង។ ព្រះអង្គគឺស្ថាបនិក និងជាសាស្ដាក្នុងព្រះពុទ្ធសាសនា។ រាល់ការបង្រៀនប្រៀនប្រដៅ ឱវាទរបស់ព្រះអង្គគឺសុទ្ធតែមានតម្លៃមហាសាលដើម្បីយកមកអភិវឌ្ឍខ្លួន។ ខាងក្រោមនេះគឺជាមេរៀនជីវិតទាំង ១០ដែលដកស្រង់ពីការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធ ជាប្រទីបបំភ្លឺផ្លូវជីវិត៖

១) ចាប់ផ្ដើមពីតូច៖ «ក្អមទឹកពេញដោយសារទឹកមួយតំណក់ៗ។» មនុស្សគ្រប់រូបចាប់ផ្ដើមពីតូច។ ប្រសិនបើអ្នកមានការតាំងចិត្ត និងភាពអត់ធ្មត់ អ្នកប្រាកដជាទទួលបានជោគជ័យជាក់ជាមិនខាន។ គ្មាននរណាម្នាក់អាចជោគជ័យតែមួយពព្រិចភ្នែកនោះទេ។ ភាពជោគជ័យកើតចេញពីការចាប់ផ្ដើមពីតូច ដោយការខិតខំប្រឹងប្រែង តស៊ូអត់ធ្មត់។

២) គំនិត៖ «គំនិតគឺជាអ្វីៗទាំងអស់ អ្នកគឺជាអ្វីដែលអ្នកគិត។» ដើម្បីរស់នៅប្រកបដោយភាពរីករាយ អ្នកត្រូវតែមានគំនិតត្រឹមត្រូវ ការគិតត្រឹមត្រូវ។ ការគិតកំណត់ពីសកម្មភាពរបស់អ្នក សកម្មភាពរបស់អ្នកកំណត់ពីលទ្ធផលដែលជាជោគវាសនារបស់អ្នក។ ផ្លាស់ប្ដូរការគិតរបស់អ្នក នោះអ្នកនឹងផ្លាស់ប្ដូរជីវិតរបស់អ្នក។

៣) រៀនអនុគ្រោះ៖ «បៀមសេចក្ដីក្រោធខឹងគឺប្រៀបដូចជាការចាប់រងើកភ្លើងដ៏សែនក្ដៅក្នុងដៃហើយគប់ដាក់អ្នកដទៃអ៊ីចឹង ប៉ុន្តែអ្នកគឺជាអ្នកឈឺចាប់មុនគេ។» នៅពេលដែលអ្នកដោះលែងនរណាម្នាក់ដោយការលើកលែងទោស នោះអ្នកក៏កំពុងតែដោះលែងខ្លួនអ្នកផងដែរ។ រៀនអត់អោនទោស សណ្ដោសប្រណីដល់មនុស្សនៅជំវិញខ្លួនអ្នក។ ជាមនុស្សតែងតែបង្កើតកំហុសជៀសមិនរួចឡើយ ដូចនេះការអត់អោនមិនយកទោសពៃគឺជាអំពើដ៏ល្អ។

៤) ខិតខំធ្វើការ៖ «ពាក្យល្អដែលអ្នកអាន ពាក្យល្អដែលអ្នកនិយាយ វាមិនបានជួយឲ្យអ្នកជោគជ័យនោះទេ ប្រសិនបើអ្នកមិនខិតខំធ្វើសកម្មភាព។» ដើម្បីរីកចម្រើនអ្នកត្រូវតែខិតខំប្រឹងប្រែងធ្វើការ។ ប្រសិនបើអ្នកចង់រីកចម្រើនកាន់តែលឿន អ្នកត្រូវធ្វើការរៀងរាល់ថ្ងៃ។ ភាពអស្ចារ្យមិនមែនធ្លាក់មកពីលើមេឃនោះទេ ប៉ុន្តែវាជាការដូរសម្រាប់មនុស្សដែលខិតខំប្រឹងប្រែង។ ចង់អស្ចារ្យ អ្នកត្រូវតែធ្វើរឿងអស្ចារ្យ។

៥) យល់អារម្មណ៍អ្នកដទៃ៖ «ក្នុងជម្លោះនៅពេលដែលអ្នកមានអារម្មណ៍ខឹងនោះអ្នកនឹងឈប់គិតអំពីការពិត ហើយអ្នកចាប់ផ្ដើមតវ៉ាដើម្បីតែត្រូវខ្លួនឯង។» អ្នកគួរតែរៀនស្ដាប់យល់ពីផ្នត់គំនិតរបស់អ្នកដទៃ។ ស្ដាប់អ្នកដទៃ យល់ពីគំនិតរបស់ពួកគេ នោះអ្នកនឹងស្វែងរកឃើញនូវសន្ដិភាពផ្លូវចិត្តជាមិនខាន។ អ្នកគួរតែដឹងពីវិធីដែលធ្វើឲ្យអ្នករីករាយជាជាងវិធីដែលធ្វើឲ្យអ្នកត្រូវ។

៦) យកឈ្នះខ្លួនឯង៖ «យកឈ្នះខ្លួនឯងប្រសើរជាងការយកឈ្នះចម្បាំងរាប់ពាន់សមរភូមិ។» មនុស្សដែលយកឈ្នះលើខ្លួនឯងគឺជាមនុស្សអស្ចារ្យ។ ដើម្បីយកឈ្នះខ្លួនអ្នកបាន អ្នកត្រូវយកឈ្នះលើចិត្តរបស់អ្នកជាមុនសិន។

៧) រស់នៅដោយសន្ដិភាព៖ «សន្តិភាពកើតចេញពីក្នុងខ្លួនរបស់អ្នក ដូច្នេះកុំស្វែងរកវាខាងក្រៅ។» កុំស្វែងរករបស់ពីខាងក្រៅដែលអ្នកអាចរកឃើញក្នុងចិត្តរបស់អ្នក។ សន្ដិភាពគឺកើតចេញពីក្នុងចិត្តរបស់អ្នក សន្ដិភាពមិនមែនជាឡានថ្មី ការងារថ្មី មាសប្រាក់កែវកងនោះទេ ប៉ុន្តែវាកើតចេញពីចិត្តស្ងប់របស់អ្នក។

៨) ដឹងគុណ៖ «អ្នកត្រូវចេះមានកតញ្ញូ ពីព្រោះថាបើសិនជាអ្នកមិនបានរៀនអ្វីច្រើនពីថ្ងៃនេះ យ៉ាងហោចណាស់អ្នករៀនបានបន្ដិចបន្ដួច ហើយប្រសិនបើអ្នកមិនបានរៀនបានតិចតួច យ៉ាងហោចណាស់អ្នកមិនឈឺ បើអ្នកមិនឈឺយ៉ាងហោចណាស់អ្នកមិនស្លាប់ ដូចនេះ រៀនដឹងគុណ។» តែងតែមានរឿងរ៉ាវជាច្រើនដែលមានតម្លៃដែលអ្នកត្រូវដឹងគុណ។ អ្នកត្រូវមាន សុទិដ្ឋិនិយម និងរៀនឲ្យតម្លៃ ដឹងគុណរបស់ដែលមានតម្លៃ ឬមនុស្សដែលជួយអ្នក។

៩) ធ្វើអ្វីដែលអ្នកចង់៖ «ភាពបរាជ័យតែមួយគត់ក្នុងជីវិតគឺដោយសារតែមិនមិនស្មោះត្រង់នឹងអ្វីដែលអ្នកដឹង។» ជួលកាល អ្នកបរាជ័យមិនមែនដោយសារតែអ្នកមិនដឹងអ្វីដែលអ្នកធ្វើនោះទេ ប៉ុន្តែពីព្រោះតែអ្នកមិនធ្វើអ្វីដែលអ្នកដឹង។ ផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកចង់រចនាខ្លួនអ្នកក្លាយជាអ្វីដែលអ្នកចង់បាន។

១០) កំសាន្តក្នុងជីវិត៖ «ធ្វើដំណើរដោយរីករាយជាជាងការទៅដល់គោលដៅ។» ជីវិតគឺជាការធ្វើដំណើរ។ អ្នកត្រូវរីករាយនឹងពេញចិត្តនឹងអ្វីដែលអ្នកបានឈានមកដល់។ ចូរកុំគិតថាទាល់តែអ្នកទៅដល់គោលដៅ សម្រេចជោគជ័យទើបអ្នកត្រូវសប្បាយរីករាយ ប៉ុន្តែអ្នកគួរតែចេះរីករាយគ្រប់ជំហានជីវិតរបស់អ្នកទើបធ្វើឲ្យអ្នកមានសង្ឈឹមដើរទៅមុខបន្តទៀត៕

ដោយ៖ លង់ វណ្ណៈ ប្រភព៖ www.bizkhmer.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK