ភាពភ័យខ្លាច ៣ ប្រភេទដែលតែងលងបន្លាចមនុស្ស
Connect with us

បែបផែនជីវិត

ភាពភ័យខ្លាច ៣ ប្រភេទដែលតែងលងបន្លាចមនុស្ស

ធម្មជាតិនៃមនុស្សបានបង្កើតឲ្យមនុស្សគ្រប់គ្នាមានទំនោរទៅរកអ្វីដែលថ្មី និងប្លែក សម្រាប់ធ្វើការអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែប្រសើរជាងមុន ប៉ុន្តែភាពអវិជ្ជមាននៃការគិតរបស់មនុស្សមួយចំនួនបានធ្វើឲ្យពួកគេមានការភ័យខ្លាចមិនមានជំនឿជឿជាក់លើខ្លួនឯង និងមិនហ៊ានធ្វើនូវអ្វីដែលពួកគេចង់ធ្វើ។ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមិនអាចធ្វើអ្វីបាន ដោយហេតុតែភាពភ័យខ្លាចបានឃុំគ្រងអ្នកនោះ ខាងក្រោមនេះគឺជាវិធីសាស្ត្រ និងការភ័យខ្លាចដែលអ្នកគួរស្វែងយល់៖

១. ការភ័យខ្លាចចំពោះរឿងរ៉ាវដែលបានកើតឡើងខុសពីអ្វីដែលបានគិតទុកមុន

មានពេលខ្លះ ការភ័យខ្លាចចំពោះអ្វីដែលមិនសមប្រកបទៅនឹងការរំពឹងទុករបស់អ្នក វាអាចបញ្ឈប់អ្នកពីការសាកល្បង ឬធ្វើអ្វីដែលថ្មី។ ហើយវិធីសាស្ត្រមួយដែលអាចឲ្យអ្នកជំនះនូវការភ័យខ្លាចនេះ គឺអ្នកត្រូវដឹងឲ្យច្បាស់ថា តើអ្នកចង់បានអ្វីមុននឹងចាប់ផ្តើមធ្វើអ្វីមួយ។ ប្រសិនបើអ្នកជួបនូវស្ថានការណ៍ដែលអ្នកយល់ថាមិនអាចដោះស្រាយបាននោះ អ្នកគួរតែស្វែងរកអ្នកដែលមានចំណេះដឹងជាងអ្នក ដើម្បីពិគ្រោះយោបល់ទៅលើបញ្ហាដែលអ្នកកំពុងប្រឈម។ ហើយនៅពេលដែលអ្នករកឃើញនូវមូលបញ្ហា ឬដើមចមដែលបានកើតឡើងនោះ អ្នកនឹងអាចផ្តោតអារម្មណ៍ទាំងស្រុងក្នុងការធ្វើការងារនោះឲ្យមានផ្លែផ្កា។  ប្រសិនជាអ្នកនូវតែប្រកាន់ខ្ជាប់នូវគំនិតដែលថា វាគឺលើសពីការរំពឹងទុកនោះ អ្នកមុខជាមិនអាចជំនះនូវបញ្ហាទាំងនោះបានទេ។

២. ការភ័យខ្លាចចំពោះការត្រូវគេដេញចេញ

ការភ័យខ្លាចចំពោះការត្រូវគេដេញចេញ គឺភាគច្រើនកើតឡើងនៅកន្លែងធ្វើការ។ ការភ័យខ្លាចបែបនេះគឺជាទូរទៅកើតឡើងចំពោះបុគ្គលដែលមិនមានការប្រុងប្រយ័ត្ន ឬមិនផ្តោតចំពោះការងារដែលខ្លួនកំពុងធ្វើ។ ពួកគេមិនសូវជាមានការគិតច្រើនចំពោះរឿងរ៉ាវនាពេលខាងមុខប៉ុន្មាននោះទេ គឺដឹងតែទៅធ្វើការងារដែលក្រុមហ៊ុនបានដាក់ឲ្យធ្វើ ហើយដល់ម៉ោងក៏ចេញ។ ផ្ទុយមកវិញប្រសិនបើអ្នកមានការសង្កេតទៅលើដំណើរការនៃក្រុមហ៊ុនដែលអ្នកកំពុងធ្វើការនោះបន្តិច នោះអ្នកមុខជាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យអាក្រក់ដែលអាចកើតឡើងទៅលើរូបអ្នក ហើយអ្នកនឹងធ្វើការប្រុងប្រយ័ត្ន ឬក៏មានគម្រោងថ្មីមួយសម្រាប់បង្ការហានិភ័យទាំងនោះ។

៣. ការភ័យខ្លាចចំពោះអតីតភាព

ពេលខ្លះអ្នកមិនដឹងថាអ្នកកំពុងតែមានការភ័យខ្លាចចំពោះអតីតភាពដែលបានកើតឡើងរួចមកហើយនោះទេ។ ដោយអ្នកតែងតែប្រើសកម្មភាពផ្សេងៗជាច្រើនដើម្បីបិទបាំងនូវការភ័យខ្លាច ដែលអ្នកមានចំពោះរឿងរ៉ាវដែលអ្នកមិនចង់ឲ្យវាកើតឡើងម្តងទៀត។ ប៉ុន្តែការធ្វើបែបនេះ គឺវាមិនមែនជាដំណោះស្រាយមួយដ៏ប្រសើរនោះទេ ប៉ុន្តែវាបែរជាធ្វើឲ្យអ្នកកាន់តែមានការភ័យខ្លាចកាន់តែខ្លាំងឡើងៗ។ ដើម្បីដោះស្រាយនូវបញ្ហានេះអ្នកគួរគប្បីបញ្ចេញនៅភាពក្លាហានរបស់អ្នកក្នុងការសិក្សារៀនសូត្រពីកំហុសឆ្គងទាំងនោះ ដើម្បីជាស្ពានចម្លងអ្នកទៅរកភាពជោគជ័យនាពេលខាងមុខ។ ការទទួលយកនូវកំហុសមិនមែនមានន័យថាអ្នកជាមនុស្សអន់នោះទេ តែវាបានបង្ហាញឲ្យឃើញពីភាពម្ចាស់ការ ជំនឿ និងការតស៊ូក្នុងការកែប្រែកំហុសឲ្យទៅជាភាពជោគជ័យ៕

ប្រភព៖ apamat.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK