អស់ទាស់ ! ក្រុមហ៊ុន «​ជប៉ុន​ និង​ចិន» នឹងសហការគ្នាសាងសង់ «​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី»​ ​នៅ​រាជធានី​ភ្នំពេញ​
Connect with us

ថ្មីៗ

អស់ទាស់ ! ក្រុមហ៊ុន «​ជប៉ុន​ និង​ចិន» នឹងសហការគ្នាសាងសង់ «​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី»​ ​នៅ​រាជធានី​ភ្នំពេញ​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ជប៉ុន​ និង​ចិន​កំពុង​សិក្សា​រួមគ្នា​លើ​ការសាងសង់​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ផ្លូវ​រថភ្លើង​ក្រោម​ដី​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ចាប់ផ្តើម​សាងសង់​នៅពេល​ខាងមុខនេះ​។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​វ៉ា​ស៊ី​ម សូ​រិយា​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី ២៦​ ខែមិថុនា​នេះ​ថា​បច្ចុប្បន្ន​ក្រុមហ៊ុន​ជប៉ុន​បាន​ និង​កំពុង​សិក្សា​លើ​គំរោង​សាងសង់​ ខ្សែរថ​ភ្លើង​អាកាស​ធុន​ស្រាល​(AGT​) នៅ​រាជធានី​ភ្នំពេញ​ និង​ផ្លូវ​ក្រោម​ដី​ ខណៈ​ក្រុមហ៊ុន​ដ៏​ធំ​មក​ពី​ប្រទស​ចិន​ដែល​ជា​ក្រុមហ៊ុន​របស់​ រដ្ឋាភិបាល​ចិន​បាន​ និង​កំពុង​សិក្សា​លើ​គំរោង​ស្រដៀងគ្នា​នេះ​ផង​ដែរ​ ប៉ុន្តែ​ការសិក្សា​បញ្ចប់​នៅពេល​ណា​លោក​មិនដឹង​នៅឡើយ​ទេ​។

លោក​បន្ត​ថា​ “វា​ជា​គំរោង​ផ្សេងគ្នា​ តែ​មាន​លក្ខណៈ​ស្រដៀងគ្នា​ ប៉ុន្តែ​រហូត​មកទល់​ពេលនេះ​ យើង​មិនដឹង​ថា​ការសាងសង់​ នឹងអាច​ធ្វើឡើង​នៅពេល​ណា​នៅឡើយ​ទេ​”។លោក​បន្ត​ថា​ “យើង​ចង់​ឲ្យ​មាន​ខ្សែរថ​ភ្លើង​អាកាស​ ឬក្រោម​ដី​សាងសង់​ឲ្យ​ចប់​មុន​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ២០២៣​ ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​ថា​គំរោង​នេះ​អាច​ឆ្លើយតប​បាន​ទាន់ពេល​វេលា​ឬយ៉ាងណា​ឡើយ​”។

លោក​សូ​រិយា​បាន​បន្ត​ថា​ កន្លងមក​ក្រុមហ៊ុន​ជប៉ុន​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​បាន​សិក្សា​ពី​ផ្លូវ​រថភ្លើង​អាកាស​ពីរ​ខ្សែ​រួចហើយ​ ដោយ​ចេញពី​ផ្លូវ​មុនី​រ៉េ​ត ឆ្ពោះទៅ​កាន់​តំបន់​ចោមចៅ​ ជាយក្រុង​ភ្នំពេញ​ និង​មាន​ខ្នែង១​ខ្សែ​តភ្ជាប់់​ជា​មួយ​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ គំរោង​នេះ​មានផ្លូវ​ប្រវែង១២គីឡូម៉ែត្រ​។

ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវដែក​ចិន​ (CRCC​) ដែល​ជា​សហគ្រាស​សំណង់​ដ៏​ធំ​របស់​រដ្ឋាភិបាល​ចិន​ បាន​និង​កំពុង​សិក្សា​ដើម្បី​ចាប់ផ្តើម​សាងសង់​ផ្លូវ​រថភ្លើង​អាកាស​ និង​ផ្លូវ​ក្រោម​ដី​នៅ​រាជធានី​ភ្នំពេញ​។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូ​កាលពី​ពេល​ថ្មី​ៗនេះ​ លោក​ Wang​ Wenzhong​ អនុប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ ផ្លូវដែក​ចិន​ (CRCC​) បាន​ជម្រាប​ជូន​លោក​ទេស​រដ្ឋមន្រ្តី​ អំពី​វិសាលភាព​នៃ​ប្រតិបត្តិ​ការ​អាជីវកម្ម​ របស់​ CRCC​ នៅក្នុង​ប្រទេស​ចិន​ និង​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ប្រទេស​កម្ពុជា​ និង​បាន​សម្តែង​នូវ​សុឆន្ទៈ​ ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​។

ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវដែក​ចិន​នេះ​ធ្វើឡើង​ ដើម្បី​សិក្សា​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្លូវដែក​កម្ពុជា​ ដែល​មានស្រាប់​ (ភ្នំពេញ​-ក្រុង​ព្រះសីហនុ​ និង​ភ្នំពេញ​-ប៉ោយប៉ែត​) សិក្សា​ផ្លូវ​រថភ្លើង​លើ​អាកាស​ដឹក​អ្នកដំណើរ​ធុន​ស្រាល​ (Monorail​) និង​រថភ្លើង​ក្រោម​ដី​ (Subway​) នៅ​រាជធានី​ភ្នំពេញ​ ហើយ​រាយការណ៍​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​កំណត់​សម្រេច​ជ្រើសរើស​យក​ប្រព័ន្ធ​ដឹកជញ្ជូន​ណាមួយ​ ដែល​មានប្រសិទ្ធភាព​បំផុត​ អាច​កាត់បន្ថយ​នូវ​ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​៕

ប្រភព៖ www.propertyarea.asia

មតិយោបល់

Trending

Copyright © 2019 ANARCHAK