«ភាពឯការ»​ មិនមែនជាបញ្ហាសម្រាប់មនុស្សស្រីរឹងមាំឡើយ
Connect with us

បែបផែនជីវិត

«ភាពឯការ»​ មិនមែនជាបញ្ហាសម្រាប់មនុស្សស្រីរឹងមាំឡើយ

មនុស្ស​​ស្រី​ម្នាក់​ដែល​រឹងមាំ​ នាង​នឹង​ឆ្លង​កាត់​ថ្ងៃ​ដែល​ឯកា​នោះ​បាន​យ៉ាង​ធម្មតា ខណៈ​មនុស្ស​ស្រី​ដទៃ​ពិបាក​ចិត្ត​ និង​ខ្លាច​ភាព​ឯកា​នោះ​មក​ជិត​ខ្លួន។ គេ​ថា​មនុស្ស​ស្រី​ត្រូវ​ចេះ​ទន់​ភ្លន់ ម្ញ៉ិកម្ញ៉ក់​ខ្លះ​ទើប​មនុស្ស​ប្រុស​ស្រឡាញ់​ និង​ចង់​ការពារ។ មនុស្ស​ស្រី​ដែល​មិន​ចេះ​ទន់​ភ្លន់ ឬ​រឹងមាំ​ពេក​មិន​សូវ​ទាក់ទាញ​ចិត្ត​មនុស្ស​ប្រុស​ឲ្យ​លង់​ស្នេហ៍​នោះ​ទេ។

ត្រឡប់​មក​សួរ​នាង​វិញ​ថា​ហេតុអី​មនុស្ស​ស្រី​ដែល​មាន​បេះដូង​រឹង​មាំ​មិន​សូវ​ចេះ​ទន់​ភ្លន់ ញ៉ិកញ៉ក់​អីចឹង? ហេតុអី​មិន​សូវ​ចូលចិត្ត​ឲ្យ​អ្នក​ណា​មក​ជួយ​នាង ឬ​មាន​គុណ​ស្រ័យ​ដាក់​នាង? មនុស្ស​ស្រី​បែប​នេះ​មិន​មែន​ជា​មនុស្ស​ស្រី​ដែល​ត្រូវ​ការ​មនុស្ស​ប្រុស​មក​ធ្វើ​ជា​បង្អែក​សម្រាប់ជីវិត​នាង​នោះ​ឡើយ។ នាង​មិន​ចាំ​បាច់​ធ្វើ​ឬក​ធ្វើ​រាង ទន់​ជ្រាយ ដាក់​អ្នក​ណា​​ដើម្បី​គ្រាន់​តែ​ចង់​ឲ្យ​គេ​មក​ស្រឡាញ់​ខ្លួន​ទេ។ នាង​មិន​ចូលចិត្ត​ទង្វើ​បែប​នេះ ហើយ​មាន​អារម្មណ៍​ថា​ដោយ​សារ​តែ​មនុស្ស​ស្រី​មាន​ចរិត​បែប​នេះ​ហើយ​ទើប​មនុស្ស​ប្រុស​មិន​សូវ​ឲ្យ​តម្លៃ ហើយ​គិត​ថា​គ្មាន​មនុស្ស​ប្រុស​មនុស្ស​ស្រី​នឹង​ដាច់​ខ្យល់​ស្លាប់។

មនុស្ស​ស្រី​រឹងមាំ​មិន​សំដៅ​ថា​ជា​មនុស្ស​ស្រី​ក្បាល​រឹង គ្មាន​ហេតុផល ឬ​មិន​ចេះ​ស្រឡាញ់​អ្នក​ណា ឬ​មិន​ឲ្យ​អ្នក​ណា​ស្រឡាញ់​នាង​នោះ​ទេ គ្រាន់​តែ​នាង​ជា​មនុស្ស​ដែល​ចូលចិត្ត​ពឹង​លើ​ខ្លួន​ឯង​ច្រើន​ជាង​សុំ​ឲ្យ​អ្នក​ដទៃ​ជួយ នាង​ជា​មនុស្ស​ដែល​មាន​ហេតុផល​ច្បាស់​លាស់ ហើយ​យល់​ពី​ខ្លួន​ឯង​ថា​នាង​ជា​អ្នក​ណា ត្រូវ​ស្រឡាញ់​មនុស្ស​ប្រភេទ​ណា​តែ​ប៉ុណ្ណោះ។

ចំពោះ​ផ្លូវ​ចិត្ត​របស់​នាង គឺ​មើល​ទៅ​សន្តិភាព​ណាស់ ទោះ​បី​ជា​នាង​មាន​បញ្ហា​ចំពោះ​មុខ​ក៏​ដោយ។ មនុស្ស​ស្រី​ជា​ច្រើន​ដែល​នៅ​ម្នាក់​ឯង ច្រើន​តែ​ឯកា ហើយ​​ពិបាក​នឹង​ទទួល​យក​ស្ថានភាព​ឯកា​នេះ​ណាស់ ពួក​គេ​ត្រូវ​ការ​អ្នក​មើល​ថែ អ្នក​យក​ចិត្ត​ទុកដាក់ ស្រឡាញ់​ថ្នាក់ថ្នម ប៉ុន្តែ​ចំពោះ​មនុស្ស​ស្រី​ដែល​មាន​បេះដូង​រឹងមាំ​វិញ គឺ​នាង​មិន​ខ្លាច​ភាព​ឯកា​ឡើយ នាង​អាច​រីករាយ​បាន​យ៉ាង​ប្រសើរ​ទោះ​គ្មាន​អ្នក​ណា​ខ្វល់​ពី​នាង​ក៏​ដោយ។

នាង​មាន​សមត្ថភាព​លាក់​នូវ​អារម្មណ៍​ដែល​នាង​កំពុង​មាន​បាន​យ៉ាង​ល្អ ដូច្នេះ​នាង​នៅ​តែ​រឹងមាំ​ចំពោះ​មុខ​គេ ហើយ​នាង​ក៏​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ណា​មើល​មក​នាង​ជាមនុស្ស​គួរ​ឲ្យ​អាណិត​នោះ​ឡើយ។ ទោះ​បី​ជា​សនាង​នៅ​ម្នាក់​ឯង ក៏​នាង​អាច​រក​សុភមង្គល​ឲ្យ​ខ្លួន​ឯង​បាន ហើយ​ទោះបី​ជា​គ្មាន​ស្នេហា​ក៏​នាង​នៅ​តែ​រស់​បាន​យ៉ាងរីករាយ ហើយ​នាង​មិន​ខ្លាច​ពាក្យ​ថា​ «ឯកា»ឡើយ៕

អត្ថបទ៖ ផេង ផលធិតា ប្រភព៖ khanha.sabay.com.kh

មតិយោបល់

Trending

Copyright © 2019 ANARCHAK