ការទទួលទាន «ទឹករ៉ែ» គឺផ្តល់អត្ថប្រយោជន៍យ៉ាងសម្បើមចំពោះសុខភាព
Connect with us

សុខភាព & សម្រស់

ការទទួលទាន «ទឹករ៉ែ» គឺផ្តល់អត្ថប្រយោជន៍យ៉ាងសម្បើមចំពោះសុខភាព

តើអ្នកធ្លាប់បានស្គាល់ និងធ្លាប់បានឮ នូវប្រភេទទឹករ៉ែដែរឬទេ? ទឹករ៉ែមួយប្រភេទនេះ គឺជាទឹកបានមកពីធម្មជាតិ ដូចជា ទឹកក្រោមដី ទឹកជ្រោះ និងទឹកធ្លាក់ក្រោមថ្ម ជាដើម ដែលសម្បូរទៅដោយជាតិរ៉ែសំខាន់ៗ រួមមាន ស័ង្កសី ម៉ាញ៉េស្យូម សូដ្យូម កាល់ស្យូម និងប៉ូតាស្យូម សម្រាប់ជួយទ្រទ្រង់សុខភាពរាងកាយ ខុសពីទឹកសុទ្ធ ឬទឹកដាំដែលយើងនិយមទទួលទានជាប្រចាំថ្ងៃ។ 

ដូច្នេះ មកតាមដានពីគុណសម្បត្តិទឹករ៉ែ សម្រាប់សុខភាព និងសម្រស់ដូចខាងក្រោមនេះ៖

១. ជួយដល់ការសម្រកទម្ងន់

ទឹករ៉ែគ្មានជាតិកាឡូរី និងជាតិស្ករដែលធ្វើឱ្យធាត់នោះទេ។ ដូច្នេះវាល្អខ្លាំងណាស់ សម្រាប់ការទទួលទានជាប្រចាំ ជាពិសេស ការទទួលទានវាជំនួសឱ្យភេសជ្ជៈ ដែលមានជាតិស្ករ និងសូដានានា សម្រាប់ជំនួយដល់ការសម្រកទម្ងន់ ដុតបំផ្លាញជាតិខ្លាញ់ និងធ្វើឱ្យរូបរាងស្លីមស្រស់ស្អាតផងដែរ។

២. ជំនួយឆ្អឹង

ទឹករ៉ែ សម្បូរទៅដោយជាតិកាល់ស្យូមពីធម្មជាតិ ដែលសំខាន់សម្រាប់ជំនួយឆ្អឹងឱ្យរឹងមាំ និងការពារជំងឺពុកឆ្អឹងផងដែរ។ ជាពិសេស វាថែមទាំងអាចធ្វើឱ្យក្រចក និងសរសៃសក់រឹងមាំបានល្អដូចគ្នា។ ក្រៅពីនេះ ទឹករ៉ែ មានប្រយោជន៍សម្រាប់ជំនួយដល់សុខភាពទាំងមូល និងជំនួយដល់ឆ្អឹងសម្រាប់ស្ត្រី ដែលដល់វ័យអស់រដូវផងដែរ។

៣. រក្សាសម្ពាធឈាម

ជាតិម៉ាញ៉េស្យូម និងកាល់ស្យូម ដែលមាននៅក្នុងទឹករ៉ែ អាចជំនួយដល់សុខភាពខួរក្បាល និងដំណើរការនៃសុខភាពរាងកាយទាំងមូល។ ជាពិសេស សារធាតុអេឡិចត្រូលីត្រទាំងនេះ ថែមទាំងអាចជួយរក្សាសម្ពាធឈាម ឱ្យស្ថិតក្នុងសភាពប្រក្រតី និងធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះផងដែរ។

សម្រាប់អ្នកដែលកើតជំងឺលើសឈាម ប្រសិនជាអ្នកទទួលទានទឹករ៉ែជាមធ្យម ១លីត្រក្នុងមួយថ្ងៃ នឹងជួយឱ្យកម្រិតសម្ពាធឈាមធ្លាក់ចុះបាន។

៤. ការពារ និងកាត់បន្ថយជំងឺបេះដូង

ជាតិម៉ាញ៉េស្យូម និងប៉ូតាស្យូមដែលមាននៅក្នុងទឹករ៉ែ ត្រូវបានគេដឹងថា អាចជួយធ្វើឱ្យបេះដូងមានសុខភាពល្អ កាត់បន្ថយជាតិខ្លាញ់កូឡេស្តឺរ៉លមិនល្អ ពីក្នុងរាងកាយ (LDL) ថែមទាំងអាចការពារ ជំងឺទាក់ទងនឹងបេះដូងដូចជា៖ ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។

៥. ជំនួយដល់ការរំលាយអាហារ

ក្រៅពីរ៉ែសំខាន់ៗនៅក្នុងទឹករ៉ែ វាក៏មានសារធាតុស៊ុលផាត (Sulfates) ផងដែរ ដែលអាចមានលទ្ធភាព ជួយបង្កើនអង់ស៊ីមល្អៗ ក្នុងរាងកាយ ជំនួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អជាងមុន ថែមទាំងជំនួយដល់សុខភាព ក្រពះ ពោះវៀនផងដែរ។ បន្ថែមពីនេះ អ្នកដែលមានបញ្ហា ឈឺចុកចាប់ពេលមករដូវ ការទទួលទានទឹករ៉ែក៏អាចជួយបន្ថយ ការឈឺចាប់បានមួយកម្រិតទៀតផង។

៦. ជំនួយសាច់ដុំ

ជាតិម៉ាញ៉េស្យូមនៅក្នុងទឹករ៉ែ អាចជំនួយដល់មុខងារ របស់សាច់ដុំឱ្យដំណើការល្អជាងមុន និងធ្វើឱ្យសាច់ដុំរឹងមាំ។ បន្ថែមពីនេះ ទឹករ៉ែថែមទាំងអាចជួយបន្ធូរបន្ថយសាច់ដុំ សម្រាលការឈឺចាប់ និងរបួសសាច់ដុំផ្សេងៗបានផងដែរ ដែលវាពិតជាល្អណាស់ សម្រាប់ជំនួយដល់អ្នកដែលលេងកីឡាជាប្រចាំ។

៧. រក្សាអេឡិចត្រូលីត្រក្នុងរាងកាយ

សារធាតុរ៉ែ នៅក្នុងទឹករ៉ែ គឺជាប្រភពនៃអាឡិចត្រូលីត្រ ដែលអាចជួយរក្សាជាតិទឹកនៅក្នុងខ្លួន រួមទាំងការស្រូបយកជាតិទឹកបានល្អ ថែមទាំងការពារការខ្សោះជាតិទឹកពីក្នុងខ្លួនផងដែរ។ បន្ថែមពីនេះ ទឹករ៉ែថែមទាំងអាចជំនួយដល់ការចងចាំ ការពារជំងឺវង្វេងវង្វាន់ពេលចាស់ឡើង ជំនួយដល់សុខភាពផ្លូវចិត្ត និងបំបាត់ភាពអស់កម្លាំងទៀតផង។

៨. កាត់បន្ថយគ្រួសក្នុងតម្រងនោម

ការដែលទទួលទានទឹករ៉ែជាប្រចាំ អាចជួយធ្វើឱ្យតម្រងនោមដំណើរការល្អ ចៀសឆ្ងាយពីផលប៉ះពាល់ផ្សេងៗ ចំពោះតម្រងនោម។ ជាពិសេស គឺក្រួសតម្រងនោមតែម្តង។ នោះដោយសារតែ ជាតិកាល់ស្យូម និងម៉ាញ៉េស្យូម អាចជួយកម្ចាត់ Calcium Oxalate ដែលធ្វើឱ្យកើតមានបញ្ហាក្រួសតម្រងនោមបានយ៉ាងប្រសើរ។

៩. ជំនួយស្បែក

ទឹករ៉ែថែមទាំងមានកម្រិតជាតិស៊ីលីកា (Silaca) ខ្ពស់ ដែលត្រូវបានគេដឹងថា វាគឺជាអាថ៌កំបាំងសម្រស់ ដ៏ស្រស់ស្អាតមួយប្រភេទ។ ជាតិស៊ីលីកា (Silica) អាចជួយទៅបង្កើនកម្រិតខូឡាជែនក្នុងរាងកាយ ដែលអាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញ ស្មាមអុចខ្មៅ និងផ្ទៃមុខដែលខ្មៅស្រអាប់ផងដែរ។ លើសពីនេះ ការទទួលទានទឹករ៉ែជាប្រចាំ ថែមទាំងជំនួយឱ្យស្បែកមានសុខភាពល្អ មានសំណើម មានភាពស្រស់ថ្លា ទន់ និងភ្លឺរលោងស្រស់ស្អាតទៀតផង។

១០. កាត់បន្ថយជាតិអាស៊ីត

ការទទួលទានទឹករ៉ែ ជួយធ្វើឱ្យជាតិអាល់កាឡាំង កម្រិត pH និងកម្រិតជាតិអាស៊ីតក្នុងឈាមមានតុល្យភាព ខុសពីទឹកម៉ាស៊ីន ដែលអ្នកទទួលទានបែរជាមានជាតិរ៉ែទាប និងជាតិអាស៊ីតខ្ពស់ ដែលអាចធ្វើឱ្យអ្នកឡើងជាតិអាស៊ីត ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារទៅវិញ។ ដូច្នេះ ទឹករ៉ែពិតជាពិសេស សម្រាប់អ្នកដែលមានជំងឺឡើងជាតិអាស៊ីត ៕

ប្រភព៖ khmerluck.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK