ដើរចេញសម្ពាធ ៖ «ព្រោះការសម្រេចចិត្តអ្នកថ្ងៃនេះ នឹងបង្ហាញថាអ្នកជានរណានៅថ្ងៃស្អែក»
Connect with us

បែបផែនជីវិត

ដើរចេញសម្ពាធ ៖ «ព្រោះការសម្រេចចិត្តអ្នកថ្ងៃនេះ នឹងបង្ហាញថាអ្នកជានរណានៅថ្ងៃស្អែក»

គេថា “ការអត់ធ្មត់មានដែនកំណត់” គ្រាន់តែថាមនុស្សម្នាក់ៗមានកម្រិតអត់ធ្មត់ខុសៗគ្នា។ ខ្ញុំទទួលស្គាល់ថា ពីមុនខ្លួនឯងជាមនុស្សពូកែអត់ធ្មត់គួរសម។ មិនថាមានរឿងអ្វីក៏ដោយ ខ្ញុំតែងតែខាំមាត់សង្កត់ចិត្ត ទ្រាំរស់នៅជាមួយរឿងតានតឹងដែលបានកើតឡើង។ ប៉ុន្តែឆ្លងកាត់បទពិសោធនៃការអត់ទ្រាំជាច្រើន មិនបានធ្វើឱ្យខ្ញុំមើលឃើញថា ការអត់ទ្រាំជាជម្រើសដ៏ល្អនោះទេ។

 ជីវិតខ្ញុំមានពេលកំណត់ ដូច្នេះហើយខ្ញុំមិនគួរចំណាយពេលរស់នៅជាមួយភាពតានតឹងឡើយ។ មិនថាការងារ ស្នេហា ឬទំនាក់ទំនងណាមួយទេ ឱ្យតែផ្ដល់សម្ពាធផ្លូវចិត្តដល់ខ្ញុំម្ដងហើយម្ដងទៀត ខ្ញុំក៏បោះបង់ ហើយចាកចេញទៅ ព្រោះខ្ញុំចង់រស់នៅឱ្យសប្បាយចិត្ត រស់យ៉ាងស្ងប់ចិត្ត ជាជាងទ្រាំរស់ជាមួយអារម្មណ៍រំខានទាំងនោះ។

អ្នកដទៃអាចគិតថា ខ្ញុំមិនចេះអត់ធ្មត់ មិនចេះតស៊ូក្នុងជីវិត ប្រហែលមិនខុសទេ។ ប៉ុន្តែខ្ញុំក៏មិនបានស្ដាយក្រោយក្នុងការចាកចេញដែរ ព្រោះការចាកចេញផ្ដល់ឱកាសឱ្យខ្ញុំទទួលបានរឿងថ្មីដែលអាចល្អប្រសើរជាងមុន។ បើការងារដែលខ្ញុំកំពុងធ្វើ មានសម្ពាធ ខ្ញុំនឹងលាឈប់ ហើយទៅរកការងារថ្មីទៀត។ បើស្នេហាផ្ដល់ទុក្ខច្រើនជាងក្ដីសុខ ខ្ញុំនឹងជ្រើសយកការបែកគ្នា ហើយទុកឱ្យវេលាជាអ្នកព្យាបាល ឬផ្ដល់មនុស្សថ្មីដែលយល់ពីខ្ញុំជាងគេចុះ។

រស់នៅបានអាយុវែងឬខ្លី មិនសំខាន់ទេ សំខាន់តើយើងរស់បានសប្បាយចិត្តឬអត់? ជីវិតយើង យើងអ្នករស់នៅ សុខនិងទុក្ខ យើងអ្នកទទួល។ សម្រេចចិត្តចាកចេញពីសម្ពាធ ឬទ្រាំរស់នៅជាមួយវាបន្តទៀត គឺជាជម្រើសរបស់យើង ព្រោះមានតែយើងម្នាក់គត់ដែលដឹងថា ខ្លួនឯងចង់នៅ ឬចង់ទៅ ដោយសារមូលហេតុអ្វី និងពេលណាតែប៉ុណ្ណោះ៕

អត្ថបទដកស្រង់ពីសៀវភៅ៖ សំឡេងខ្សឹប 

អ្នកនិពន្ធ៖ កែវ សេងរដ្ឋា

 

មតិយោបល់

Trending

Copyright © 2019 ANARCHAK