កូនខ្មែរគួរដឹង ! «១៥​ មិថុនា»​ កាលពី​ ៥៧​ ឆ្នាំមុនជាថ្ងៃដែលកម្ពុជាបាន «​ឈ្នះក្តី​លើ​​រឿង​ប្រាសាទព្រះវិហារ​»
Connect with us

គួរដឹង

កូនខ្មែរគួរដឹង ! «១៥​ មិថុនា»​ កាលពី​ ៥៧ ​ឆ្នាំមុនជាថ្ងៃដែលកម្ពុជាបាន «​ឈ្នះក្តី​លើ​​រឿង​ប្រាសាទព្រះវិហារ​»

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​១៩៦២ ប្រទេស​កម្ពុជា​បានទទួល​ជោគជ័យ​រឿងក្តី​ប្រាសាទព្រះវិហារ​លើ​ប្រទេស​ថៃ​។ បើ​គិត​ត្រឹម​ថ្ងៃទី​១៥​ ខែមិថុនា ​ឆ្នាំ​២០១៩នេះ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ចាស់​របស់​ខ្មែរ​មួយ​នេះ មាន​រយៈពេល​៥៧​ឆ្នាំ​ហើយ​។ 

ដើម្បី​រម្លឹក​ខួប​ ៥៧​ ឆ្នាំ​នៃ​ជោគជ័យ​រឿងក្តី​ប្រាសាទព្រះវិហារ សារព័ត៌មាន​ ThmeyThmey សូមលើក​យក​សំណេរ​របស់​លោក​បណ្ឌិត​ប្រវត្តិសាស្ត្រ ស៊ន សំណាង ទាក់ទងនឹង​រឿងរ៉ាវ​ប្រវត្តិសាស្ត្រនេះ។  លោក​បានបញ្ជាក់ថា កាលពី​ថ្ងៃទី​៦​ តុលា​១៩៥៩ រដ្ឋាភិបាល​កម្ពុជា​បានដាក់​ពាក្យបណ្ដឹង​ទៅ​​តុលាការអន្ដរជាតិ  (Cour Internationale de Justice/International Court of Justice)​។ ពាក្យបណ្ដឹង​កាលនោះ មាន​ជាង​១០​ទំព័រ​។ ក្រោយពី​បានបង្ហាញ​អំពី​​មូលហេតុ​សព្វគ្រប់ ពាក្យបណ្តឹង​បានស្នើ​សុំឱ្យ​តុលាការ​ធ្វើការ​វិនិច្ឆ័យ​ដូចតទៅ​៖ 


​ទី​១៖ ស្នើឱ្យ​រាជាណាចក្រ​ថៃ ដក​កម្លាំងប្រដាប់អាវុធ​របស់ខ្លួន ដែល​ចូល​មកកាន់​កាប់​ប្រាសាទព្រះវិហារ តាំងពី​ឆ្នាំ​១៩៥៤​នោះ ចេញពី​ប្រាសាទព្រះវិហារ និង ទី​២៖​ស្នើថា អធិបតេយ្យភាព​ដែនដី​លើ​ប្រាសាទព្រះវិហារ ជា​កម្មសិទ្ធិ​របស់​រាជា​ណា​ចក្រ​កម្ពុជា​។ ពាក្យបណ្ដឹង​នោះ​មានភ្ជាប់​នូវ​ឯកសារ​«​ឧបសម្ព័ន្ធ​» ​ជាច្រើន ហើយ​ឧ​បស​ម័​ន្ធ​ដែល​សំខាន់​ជាងគេ​បំផុត​នោះ​គឺ «​ផែនទី​ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​កំណត់​ព្រំដែន រវាង​ឥណ្ឌូចិន​និង​សៀម​» ​ដែល​ហៅថា “​ផែនទី​ឧបសម្ព័ន្ធ​១” (Annex I Map)​។​

រឿងក្ដី​ទាក់ទង​ទៅនឹង​ប្រាសាទព្រះវិហារ​ប្រ​ព្រឹ​ត្ដទៅ​អស់​រយៈពេល​ជិត​៣​ឆ្នាំ ហើយ​នៅ​ទីបញ្ចប់ នៅ​ថ្ងៃទី​១៥ មិថុនា ១៩៦២ តុលាការអន្ដរជាតិ​ក្រុងឡាអេ ប្រទេស​​ហូ​ឡង់ បានសម្រេច​ឱ្យ​ប្រទេស​កម្ពុជា​ទទួល​ជ័យជម្នះ​។ លោក ស៊ន សំណាង ធ្លាប់​បានបញ្ជាក់​ប្រាប់​ទូរទស្សន៍​បាយ័ន​ថា មាន​កត្តា​សំខាន់​៣​យ៉ាង​ដែល​នាំ​ឲ្យ​កម្ពុជា​ឈ្នះក្ដី​នេះ​។ ទី​១ គឺ​កម្ពុ​ជាមាន​ភស្តុតាង​ផែនទី​ឧបសម្ព័ន្ធ​១(​ផែនទី​ដងរែក​)​។ ទី​២ គោលការណ៍​និរន្ត​ភាព​នៃ​រដ្ឋ មានន័យថា កម្ពុ​ជាមាន​សិទ្ធិ​គ្រប់គ្រង​ប្រទេស​ដោយ​ខ្លួនឯង ក្រោយពេល​បារាំង​ផ្ទេរអំណាច​ឲ្យ​កម្ពុជា​វិញ ហើយ​បារាំង​លែង​ជា​អាណាព្យាបាល​កម្ពុជា​ទៀត និង​ទី​៣ គឺ​ដោយសារ​គោលការណ៍​នៃ​ការគោរព​ពាក្យសម្តី មានន័យថា ភាគី​ថៃ​ធ្លាប់​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​បារាំង​កាលពី​ឆ្នាំ​១៩០៤ ក្នុងន័យ​គោរព​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​៕ 

ប្រភព៖ thmeythmey.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK