តើអ្នកគួរធ្វើយ៉ាងណា បើ «បញ្ហា» កើតមានឡើងដោយមិនបានត្រៀមទុកមុន ?
Connect with us

បែបផែនជីវិត

តើអ្នកគួរធ្វើយ៉ាងណា បើ «បញ្ហា» កើតមានឡើងដោយមិនបានត្រៀមទុកមុន ?

បញ្ហាទាំងឡាយណាដែលកើតឡើងដោយគ្មានការព្រៀងទុក ដែលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់អ្នក នោះអ្នកគួរតែចេះរកដំណោះស្រាយ ឬវិធីសាស្រ្តក្នុងការបង្វៀងស្ថានការណ៍ទាំងនោះដើម្បីកុំ​អោយបញ្ហាទាំងអស់នោះមកគ្របលើជីវិតយើងបាន។ 

គិតទុកមុន៖ នៅពេលអ្នកជួបនឹងស្ថានភាពស្មុគស្មាញណាមួយ ដែលអ្នកនឹកស្មានមិនដល់ អ្នកនឹងបញ្ចេញការតបតរទៅវិញដោយមិនបានគិត។ ជំនួសឲ្យការតបតរដោយមិនបានគិតនោះ អ្នកគួរតែចំណាយពេលបន្តិចដើម្បីគិត មុននឹងធ្វើរឿងផ្សេងៗចេញមក។ ពេលខ្លះប្រសិនបើអ្នកកាន់តែឆេវឆាវស្ថានភាពនោះនឹងកាន់តែអាក្រក់។​ ដូច្នេះហើយអ្នកត្រូវតែទុកពេលគិតរកដំណោះស្រាយឲ្យបានល្អដើម្បីទទួលបានលទ្ធផលល្អ។

រក្សាគំនិតវិជ្ជមាន និងស្វែងរកដំណោះស្រាយ៖ វាជារឿងធម្មតាទៅហើយ សម្រាប់មនុស្សភាគច្រើន ដែលតែងតែសន្មតថា រឿងអាក្រក់ដែលពួកគេជួបប្រទះ នឹងជះផលអវិជ្ជមានឲ្យពួកគេវិញ។ នោះមិនពិតទេ ពីព្រោះជួនកាល អ្វីដែលអ្នកមិនចង់បានក្នុងជីវិត អាចនឹងផ្លាស់ប្តូរជីវិតរបស់អ្នកបាន។ ការផ្លាស់ប្តូរនេះ នឹងនាំមកនូវលទ្ធផលវិជ្ជមាន ហើយធ្វើឱ្យជីវិតរបស់អ្នកកាន់តែប្រសើរ។ កុំបន្ទោសខ្លួនអ្នក ចំពោះរឿងរ៉ាវអាក្រក់ដែលកើតមកលើរូបអ្នក ដោយសារទង្វើរបស់អ្នក។ អ្នកគ្រាន់តែរក្សាអាកប្បកិរិយាវិជ្ជមានទៅបានហើយ នោះអ្នកនឹងមើលឃើញទិដ្ឋភាពល្អនៅគ្រប់ស្ថានភាព។

រៀបចំយុទ្ធសាស្ត្រដើម្បីទទួលលទ្ធផលល្អ៖ វាដូចជាចាស់កំរិលបន្ទិចហើយ ដែលនិយាយថា ការរៀបចំផែនការទុកមុននឹងទទួលបានលទ្ធផលល្អនោះ។ នៅក្នុងស្ថានភាពបែបណាក៏ដោយ ការរៀបចំផែនការទុកមុនតែងតែទទួលបានលទ្ធផលល្អ ពីព្រោះថា នៅពេលដែលអ្នកមានផែនការរួចរាល់ មានន័យថា អ្នកបានត្រៀមខ្លួនរួចទៅហើយដើម្បីដោះស្រាយបញ្ហាទាំងនោះ។

មានទំនុកចិត្តលើខ្លួនឯង៖ រឿងមួយដែលអាចជួយអ្នក ឱ្យយកឈ្នះលើបញ្ហាប្រឈម និងស្ថានភាពអាក្រក់បំផុតក្នុងជីវិតអ្នក នោះគឺការជឿជាក់លើសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នក។ មិនត្រូវបដិសេធចំពោះស្ថានភាព ដែលមិនបានមើលឃើញទុកជាមុននោះទេ អ្នកត្រូវប្រឈមមុខនឹងផលវិបាកទាំងអស់នោះ ដោយមិនញញឹត។ ដូច្នេះត្រូវដឹងពីភាពខ្លាំងរបស់អ្នកឱ្យហើយ នៅពេលដែលមានបញ្ហាណាមួយកើតឡើង ចូរផ្តោតទៅលើភាពខ្លាំងរបស់អ្នក៕

អត្ថបទ៖ ប៊ុនហ៊ាង  ប្រភព៖ business-record.com  

មតិយោបល់

Trending

Copyright © 2019 ANARCHAK