«បំណុល»មិនសុទ្ធតែអាក្រក់ ! នេះជា «គុណសម្បត្តិ និងគុណវិបត្តិ» នៃបំណុល - ANARCHAK
Connect with us

គួរដឹង

«បំណុល»មិនសុទ្ធតែអាក្រក់ ! នេះជា «គុណសម្បត្តិ និងគុណវិបត្តិ» នៃបំណុល

មុននឹងសម្រេចចិត្តខ្ចីប្រាក់ដើម្បីធ្វើអ្វីមួយ អ្នកត្រូវចេះស្វែងយល់ឱ្យច្បាស់ពីផលល្អ និងផលអាក្រក់នៃការខ្ចីនោះ ព្រោះថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ រវាងកម្ចីដែលផ្តល់ផលល្អ និង អាក្រក់។

ប្រសិនបើអ្នកមិនចង់ក្លាយជាកូនបំណុល ដែលជំពាក់បំណុលគេគ្រប់ទិសទីនោះ អ្នកគួតែស្វែងយល់ពីបំណុលណាដែលល្អ និងបំណុលណាដែលមិនល្អជាមុនសិន។ ហើយខាងក្រោមនេះគឺជាវិធីក្នុងការបែងចែកពីភាពខុសគ្នារវាងបំណុលល្អ និងអាក្រក់៖

បំណុលល្អ វាសំដៅទៅលើការវិនិយោគណាមួយដែលធ្វើឲ្យអ្នកអាចចំណេញប្រាក់ក្នុងរយៈពេលដ៏វែងណាមួយ វាមានន័យថាអ្នកខ្ចីប្រាក់ដើម្បីបង្កើនប្រាក់។ ដែលក្នុងនោះមានដូចជា៖

១. លើការអប់រំ: ការខ្ចីប្រាក់សម្រាប់បន្តការសិក្សា គឺជារឿងមួយដ៏ល្អបំផុត ព្រោះ ការអប់រំ វាគឺជាស្ពានមួយដែលអាចនាំយើងទៅរកភាពរីក ចម្រើននាថ្ងៃអនាគតបាន។ ដែលវានឹងធ្វើឲ្យយើងទទូលបាននូវចំណេះដឹងដើម្បីកសាងអាជីពការងារណាមួយដែលយើងអាចរកចំណូលបានតារយៈចំណេះដឹងរបស់យើងនេះ។

២. លើការរកស៊ី: កម្ចីលើកការពង្រីកការរកស៊ី គឺជាវិធីមួយដែលអាចឱ្យអ្នក ទទួលបានប្រាក់ចំណូលរឹតតែខ្ពស់ជាងមុន និងអាចធ្វើឱ្យអាជីវកម្មរបស់អ្នក រឹតតែរីកចម្រើនជាងមុន និងរឹតតែធ្វើឱ្យអាជីវកម្មរបស់អ្នកមានដំណើរការល្អ ថែមទៀតផង។ ហើយអាចឱ្យអ្នកមានប្រាក់ដើម្បីបង្វិល សងគេវិញបានថែមទៀតផង។

បំណុលមិនល្អ គួរជៀសវាង

គឺជាបំណុលដែលអាចធ្វើអ្នកចំណាយច្រើនទៅលើវត្ថុដែលមិនសូវចាំបាច់ និងមិនអាចទទួលបានផលចំណេញមកវិញដើម្បីបង្វិលសងគេ។ ជាក់ស្តែងដូចជា របស់របរប្រើប្រាស់ដែលមានតម្លៃខ្ពស់ ដែលទិញហើយមានតែខាតគ្មានផលចំណេញ។ ដែលក្នុងនោះមានដូចជា៖

១. លើការទិញរថយន្ដ៖ បើមានប្រាក់ក្នុងដៃស្រាប់ដោយមិនបាច់ខ្ចីគេ ទិញរថយន្ត នោះវាជារឿងល្អ តែនេះខ្ចីប្រាក់គេយកមកទិញ វាពិតជារឿងមួយដែលខុសឆ្គងបំផុត ព្រោះតម្លៃរថយន្ដនៅកម្ពុជាមានតម្លៃថ្លៃណាស់។ ប្រសិនបើអ្នកទិញរថយន្ដមកគ្រាន់តែ សម្រាប់ជិះហ៊ឺហាទេ គួរណាស់កុំខ្ចីប្រាក់គេអី កុំឱ្យបំណុលមកសង្កត់ករ តែបើសម្រាប់ ប្រកបរបរអាជីវកម្ម នោះមិនថ្វីទេ ព្រោះវាអាចរកចំណូលឱ្យអ្នកវិញបាន។ អ្នកត្រូវដឹងថា បំណុលទិញឡានវាច្រើនណាស់សម្រាប់អ្នកដែលមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ព្រោះឡានដែលទិញមកហើយ អ្នកត្រូវចំណាយថ្លៃសាំងច្រើនជាងមុន ចូលជាងម្តង់ៗក៏ចំណាយច្រើនជាងមុន អ៊ីចឹងហើយអ្នកត្រូវគិតឱ្យច្បាស់ត្រង់ចំណុចនេះ ដើម្បីកុំឱ្យមានការស្តាយក្រោយនៅពេលក្រោយ។

២. លើគ្រឿងអេឡិចត្រូនិច៖ ជាពិសេសនោះគឺទូរសព្ទ័ដែលចេញដេញជើងគ្នា ពីមួយឆ្នាំទៅមួយឆ្នាំ ដែលតម្លៃវិញកប់ពពក។ ប្រសិនបើមានប្រាក់គ្រប់គ្រាន់សម្រាប់ ទិញ នោះវាមិនជាបញ្ហាអ្វីនោះទេ តែបើមានចិត្តចង់ទៅបុលគេហើយ គួរណាស់តែគិត ឡើងវិញកុំឱ្យចិត្តចង់បានមកគ្រប់ ដណ្តប់លើខ្លួន ដែលសុខចិត្តទៅដើរខ្ចីលុយគេមក ដើម្បីតែរបស់មិនចាំបាច់។ ព្រោះគ្រឿងអេឡិចត្រូនិចទាំងនេះ វាមានសមត្ថភាពមិនលើ គ្នាប៉ុន្មានទេរវាងសេរីក្រោយ និងសេរីមុននោះ អ៊ីចឹងហើយបើអាចាស់អាចប្រើបានប្រើសិនទៅកុំហក់លោតតាមគេមានលុយ។

៣. គ្រឿងលំអរក្រៅខ្លួន៖ ដូចជាគ្រឿងអង្ការ និងសំលៀកពាក់ថ្លៃៗ ប្រេនៗ ជាដើម បើមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ទេគួរណាស់កុំអាលគិតចង់ទិញនូវវត្ថុទាំងនេះ ព្រោះថាវាថ្លៃៗណាស់ ហើយថែមទាំងមិនអាចរកចំណូលឱ្យអ្នកបានទៀត។ អ៊ីចឹងហើយចូរកុំខ្ចីប្រាក់គេដើម្បីទិញវាអី ជាពិសេសនោះសម្រាប់យុវវ័យតែម្ដង។ អ្នកអាចអត់ធ្មត់ចាំរហូតដល់មានលទ្ធភាពគ្រប់គ្រាន់ចាំទិញ ក៏មិនយឺតពេលដែរ។

ជាទូទៅដើម្បីជៀសវាងពីបំណុលមិនល្អបាន គឺអ្នកត្រូវគិតពីវាហើយប្រាប់ខ្លួនឯងថា នឹងយកវាបាននៅថ្ងៃណាមួយដោយមិនចាំបាច់ខ្ចីលុយគេ។

ជារួមមកមនុស្សទូទៅតែងតែគិតថាឲ្យតែបំណុលគឺសុទ្ធតែមិនល្អទាំងអស់ ដោយមិនបានសិក្សាពីវាឱ្យបានច្បាស់។ តែផ្ទុយទៅវិញបំណុលដែលល្អវាក៏ អាចជួយឲ្យអ្នកកសាងទ្រព្យសម្បត្តិផ្ទាល់ខ្លួនបានដែរ ជាកស្តែងដូចចំណុចខាងលើនេះអ៊ីចឹង៕

ប្រភព៖ business-record.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK