គន្លឹះ ៧ ជំហានដើម្បីទទួលបាន «អាហារូបករណ៍» ដោយជោគជ័យ
Connect with us

គួរដឹង

គន្លឹះ ៧ ជំហានដើម្បីទទួលបាន «អាហារូបករណ៍» ដោយជោគជ័យ

នៅពេលដែលខ្ញុំកំពុងសរសេរអត្ថបទនេះ ខ្ញុំគឺជានិស្សិតដែលកំពុងរៀនអនុបណ្ឌិតនៅប្រទេសជប៉ុន និងធ្លាប់បានអាហារូបករណ៍ ២ដងរួចមកហើយ។ អាហារូបករណ៍ទី១ របស់ខ្ញុំគឺ Global Ugrad របស់សហរដ្ឋអាមេរិច និងទី២គឺ MEXT Scholarship របស់រដ្ឋាភិបាលជប៉ុន។

ថ្ងៃនេះខ្ញុំសរសេរអត្ថបទមួយនេះដោយអាស្រ័យលើការឆ្លុះបញ្ចាំងពីបទពិសោធន៍ខ្ញុំផ្ទាល់ក្នុងនាមជានិស្សិតម្នាក់ដែលមានក្តីប្រាថ្នាចង់ទៅរៀនក្រៅប្រទេស។ ប្រហែលជាបីរឺបួនឆ្នាំមុន ខ្ញុំដូចអ្នកទាំងអស់គ្នាអញ្ចឹងគឺភ័យផង អរផង អន្ទះអន្ទែងផង ព្រោះចង់រៀននៅក្រៅប្រទេសខ្លាំងណាស់។ ប្រទេសដែលខ្ញុំប្រាថ្នាគឺ UK។ សូមអ្នកទាំងអស់គ្នាអានហើយ យកទៅពិចារណាដោយខ្លួនឯង រួចសួរខ្លួនឯង។

សព្វថ្ងៃនេះមិនខ្វះទេព័ត៌មានអាហារូបករណ៍ ហើយខ្ញុំសូមសរសើរដល់ Facebook Page មួយចំនួនដែលបានផ្តល់ព័ត៌មានអាហារូបករណ៍ជាច្រើន មានខ្លះជាអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ខ្លះសម្រាប់ការប្រកួតប្រជែងក្នុងតំបន់ និងខ្លះជាប្រភេទអន្តរជាតិ។ អាស្រ័យហេតុនេះ អ្វីដែលខ្ញុំចង់អោយអ្នកទាំងអស់គ្នាផ្តោតខ្លាំងមិនមែនលើព័ត៌មានអាហារូបករណ៍ទេ គឺយុទ្ធសាស្រ្តក្នុងការធ្វើដើម្បីយកអាហារូបករណ៍អោយបាន។ មានកត្តាមួយចំនួនដែលចាំបាច់អ្នកត្រូវតែដឹង ហើយកត្តាទាំងនេះជាបទពិសោធន៍របស់ខ្ញុំផ្ទាល់។ ខ្ញុំសូមរៀបរាប់ពីចំនុចដែលមិនសូវសំខាន់ រហូតដល់ចំណុចដែលសំខាន់ជាងគេខាងក្រោម៖

១. ស្គាល់ប្រភេទអាហារូបករណ៍

បើអ្នកចង់ដាក់អាហារូបករណ៍ MEXT របស់ជប៉ុន ទៅរៀនមុខជំនាញនយោបាយ អ្នកអាចនឹងមានសង្ឃឹមតិចក្នុងការជាប់។ បើអ្នកដាក់អាហារូបករណ៍ Civil Society Leadership Award ដោយគ្មានបទពិសោធន៍ការងារ រឺការងារសង្គម អ្នកមានសង្ឃឹមតិចក្នុងការជាប់។ អ្នកត្រូវស្វែងយល់ពី requirement របស់អាហារូបករណ៍នីមួយៗ។ ជាទូទៅ ប្រទេសជប៉ុនផ្តល់អាហារូបករណ៍ភាគច្រើនទាក់ទងនិងវិទ្យាសាស្រ្ត រឺបច្ចេកវិទ្យា តែបើអ្នកចង់សិក្សាមុខជំនាញសង្គម អាចមានសង្ឃឹមតិច។ លើសពីនេះ​ គ្រប់អាហារូបករណ៍ដែលអោយមកកម្ពុជាមានរដូវកាលច្បាស់លាស់ ដូចនេះអ្នកត្រូវដឹងពីរដូវកាលទាំងនោះ រួចត្រៀមខ្លួនដាក់តែម្តង។ ដឹងពីរដូវកាលរបស់អាហារូបករណ៍ អាចអោយអ្នករៀបចំពាក្យបានល្អជាង ព្រោះអ្នកមានពេលច្រើនសម្រាប់រៀបចំឯកសារ។ បញ្ហាមួយទៀតគឺ ប្រទេសម្ចាស់អាហារូបករណ៍មួយចំនួនតម្រូវអោយអ្នករៀនភាសាប្រទេសនោះ ដូចជាជប៉ុន ចិន រឺអាលឺម៉ង់ជាដើម។ ពេលខ្លះសូម្បីតេស្តប្រឡងយកអាហារូបករណ៍ ក៏មានតេស្តជាភាសារបស់ប្រទេសនោះដែរ។

២. ដាក់តែអាហារូបករណ៍សម្រាប់កម្ពុជា

ពិតណាស់មាន Page ជាច្រើនផ្តល់ព័ត៌មានអាហារូបករណ៍សម្រាប់តែនិស្សិតកម្ពុជា សម្រាប់តំបន់ដូចជាASEAN សម្រាប់អន្តរប្រទេសដូចជាCMLV និងជាលក្ខណះអន្តរជាតិតែម្តង។ តាមបទពិសោធន៍របស់ខ្ញុំ សូមអ្នកដាក់ពាក្យតែអាហារូបករណ៍សម្រាប់កម្ពុជាជាមុនសិនបានហើយ។ ក្នុងមួយឆ្នាំៗ អាហារូបករណ៍ដែលអោយមកតែនិស្សិតកម្ពុជាមានច្រើនណាស់ ហើយប្រហែលអ្នកគ្មានពេលនឹងដាក់អស់ផង ហេតុអ្វីអ្នកត្រូវចាប់អារម្មណ៍លើប្រភេទអាហារូបករណ៍សម្រាប់ប្រទេសជាច្រើនដែលមានការប្រកួតប្រជែងខ្ពស់។ អ្វីដែលខ្ញុំចង់ប្រាប់នៅត្រង់នេះគឺកត្តា motivation។ ជាទូទៅប្រសិនបើអ្នកធ្លាក់ពាក្យអាហារូបករណ៍២ទៅ៣ដង អ្នកនឹងបាត់បង់ motivation ក្នុងការដាក់បន្ត។ ខ្ញុំចង់អោយអ្នកទាំងអស់គ្នាដាក់ត្រឹម៣ដង ហើយមានសង្ឃឹមតែម្តង។ អញ្ចឹងហើយសូមជ្រើសរើសអាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដាក់សិនទៅបានហើយ កុំខ្វល់ពីអាហារូបករណ៍សម្រាប់ប្រទេសច្រើនពោះមានការប្រកួតប្រជែងខ្ពស់។

៣. ត្រៀមខ្លួនអោយហើយ សឹមដាក់

ដូចខ្ញុំបាននិយាយថាកត្តា​ motivation គឺសំខាន់ណាស់ បើធ្លាក់៣ដងហើយ អ្នកនឹងបាត់បង់ motivation ហើយលែងមានអារម្មណ៍ចង់ដាក់ទៀតហើយ។ មាននិស្សិតជាច្រើនគាត់អន្ទះអន្ទែងចង់ដាក់អាហារូបករណ៍គ្រប់ប្រភេទ ទាំងគាត់គ្មាន IELTS រឺ TOEFL គ្រប់អោយគេ ចុងក្រោយធ្លាក់រហូត។ នៅពេលដែលគាត់ចេះតែដាក់ពាក្យ និងធ្វើអោយគាត់ធ្លាក់ជាច្រើនសារ គាត់នឹងបាត់បង់ motivation​ ក្នុងការដាក់ពាក្យទៀត។ ដូចនេះបើអ្នកមិនចង់ដូចគាត់ អ្នកត្រូវសួរខ្លួនឯងថាអ្នកមានអ្វីគ្រប់គ្រាន់ហើយរឺនៅ ដូចជាភាសាអង់គ្លេស បទពិសោធន៍ការងារ និងពេលវេលាសម្រាប់សិក្សាក្រៅប្រទេស រួចរាល់ហើយរឺនៅ។ កុំប្រញាប់ យឺតៗប៉ុន្តែប្រកបដោយយុទ្ធសាស្រ្តជោគជ័យ។ ដាក់តែម្តង មានសង្ឃឹមតែម្តង។ ការត្រៀមខ្លួនសំខាន់ណាស់ ទោះជាអ្នកធ្លាក់ត្រឹមវគ្គសម្ភាសន៍ ក៏អ្នកសប្បាយចិត្តដែរព្រោះវាជាលើកទីមួយរបស់អ្នក ហើយអាចឈានបានត្រឹមវគ្គសម្ភាសន៍ទៀត។ អ្នកនឹងគិតថាខ្វះតែបន្តិចទេគឺជាប់ហើយ នេះរឹតតែផ្តល់ motivation អោយអ្នកខំប្រឹងប្រែងលើសនឹងបន្តិចទៀតសម្រាប់អាហារូបករណ៍ពេលក្រោយ។

៤. Master ជំនាញសរសេរ​ និងជំនាញនិយាយ របស់អ្នក

នៅក្នុងថ្នាក់ reading skill និង listening skill ជា input learning ប៉ុន្តែនៅពេលដែលអ្នកដាក់អាហារូបករណ៍ អ្នកត្រូវប្រើ writing skill និង​ speaking skill ដែលជា output learning។ ជំនាញសរសេរមានសារះសំខាន់ជាងគេ ព្រោះវាកំណត់ការជាប់ shortlist របស់អ្នក។ ពេលអ្នកសរសេរពាក្យអាហារូបករណ៍ អ្នកត្រូវសរសេរ personal statement រឺ research proposal មិនតែប៉ុណ្ណោះត្រូវឆ្លើយសំណួរជាច្រើនអំពីខ្លួនអ្នកដែលមានក្នុងពាក្យអាហារូបករណ៍ទាំងនោះ។ បើសិនអ្នកខ្សោយជំនាញសរសេរ អ្នកត្រូវចប់ហើយ។ ដូចនេះអ្នកត្រូវពង្រឹងជំនាញសរសេររបស់អ្នកអោយបានល្អ។ សរសេរកាន់តែច្រើន កាន់តែសរសេរបានល្អ។ ជំនាញទី២គឺជំនាញនិយាយ។ បន្ទាប់ពីជាប់ shortlist អ្នកត្រូវឆ្លងកាត់វគ្គសម្ភាសន៍ទៀត ដែលតម្រូវអោយអ្នកចេះនិយាយបែប professional និង​ convincing ដើម្បីធ្វើអោយគណៈកម្មាធិការចាប់អារម្មណ៍អ្នក។ បើអ្នកនៅមានជំនាញទាំង២ខ្សោយនៅឡើយ អ្នកត្រូវរៀបចំ plan ពង្រឹងជំនាញទាំង២នេះចាប់ពីពេលនេះតទៅ។

៥. គិតពីអាហារូបករណ៍តូចៗ

អ្នកអាចមានបំណងប្រាថ្នាចង់ទៅប្រទេសនេះប្រទេសនោះ បើមិនបានទៅមិនបាច់ក៏បានដែរ។ អ្នកគិតថាអាហារូបករណ៍មួយចំនួនដូចជាទៅប្រទេសថៃ វៀតណាម ម៉ាឡេស៊ី ភីលីពីន មិនសូវល្បីហើយឡូយទេ។ នៅត្រង់នេះ ខ្ញុំចង់អោយអ្នកប្តូរទស្សនៈរបស់អ្នក។ បើអ្នកអាចទៅប្រទេសថៃបាន អ្នកគួរតែទៅ ព្រោះវាជាឱកាស។ អ្នកអាចទៅរៀនយកអនុបណ្ឌិតនៅថៃរឺភីលីពីនសិន និងយកបណ្ឌិតនៅប្រទេសដែលអ្នកចង់ទៅនៅពេលក្រោយ។ បទពិសោធន៍រៀននៅប្រទេសក្រៅសំខាន់ណាស់ ព្រោះវាអាចអោយអ្នកបានជាប់ទៅប្រទេសនៅអឺរុបដោយងាយ។ ហើយការទទួលយកឱកាសនេះ អាចបន្ត motivation របស់អ្នកបន្តទៀតបាន។ មាននិស្សិតខ្មែរជាច្រើនដែលបញ្ចប់អនុបណ្ឌិតនៅថៃ និងអាចបន្តបណ្ឌិតនៅប្រទេសអាមេរិច និង​អង់គ្លេសដោយងាយ។

៦. រៀបចំ​ Plan

អ្នកចេះតែមានចំណង់ចង់ដាក់ ប៉ុន្តែចេះតែព្រងើយកន្តើយ រហូតដល់ថ្ងៃផុតកំណត់មកដល់ បែរជាភ័យហើយលែងចង់ដាក់វិញ។ បញ្ហានេះកើតឡើងជារឿយៗ។ ប្រសិនបើអ្នកស្គាល់រដូវកាលអាហារូបករណ៍ដែលអោយមកនិស្សិតខ្មែរអស់ហើយ អ្នកត្រូវរៀបចំគម្រោងអោយច្បាស់លាស់ដាក់អាហារូបករណ៍ទាំងនោះបានហើយ កុំលោភលន់។ ឧទាហរណ៍អ្នកមានគម្រោងចង់ដាក់អាហារូបករណ៍៣ MEXT, Chevening និង Fulbright នៅឆ្នាំក្រោយ អញ្ចឹងអ្នកត្រូវរៀបពេលវេលាដែលអ្នកមានដើម្បីដាក់អាហារូបករណ៍ទាំង៣អោយទាន់ពេលវេលាបានហើយ កុំខ្វល់ពីអាហារូបករណ៍ដទៃទៀត។ ដោយសារអ្នកត្រូវសិក្សា​រឺធ្វើការងារ អ្នកមិនអាចដឹងថាវាអាចប៉ះពាល់ដល់ការដាក់ពាក្យអាហារូបករណ៍របស់អ្នកម្រិតណានោះទេ ដូចនេះអ្នកត្រូវតែប្រុងប្រយ័ត្នបំផុតជាមួយពេលវេលាដែលអ្នកមាន និងរៀបចំគម្រោងអោយបានច្បាស់។

៧. ត្រៀម IELTS រឺ TOEFL អោយហើយ

ខ្ញុំដាក់ចំណុចនេះចុងក្រោយគេ ព្រោះវាសំខាន់ជាងគេ។ មាននិស្សិតមួយចំនួនគាត់ពូកែណាស់ ប៉ុន្តែគាត់ចេះតែភាសាដែលប្រើក្នុងថ្នាក់រៀនរបស់គាត់ដូចជា ខ្មែរ បារាំង រឺភាសា IT។ នៅពេលដែលគាត់ដាក់អាហារូបករណ៍ គាត់ធ្លាក់ដោយសារតេស្ត IELTS រឺ TOEFL មិនគ្រប់គ្រាន់ដូច requirement របស់គេចង់បាន។ អាហារូបករណ៍ភាគច្រើនអាចអោយអ្នកជំពាក់តេស្ត​ IELTS និង​ TOEFL សិន។ ដូចនេះបើអ្នកជាប់វគ្គសម្ភាសន៍ហើយ តែគ្មានតេស្តអង់គ្លេសគ្រប់គ្រាន់អោយគេ នោះអ្នកនឹងឈឺចាប់បំផុត។ ពេលខ្លះម្ចាស់អាហារូបករណ៍កំណត់តេស្ត IELTS និង TOEFL ទាប ប៉ុន្តែសាកលវិទ្យាល័យដែលអ្នកចង់ទៅរៀនទាមទារខ្ពស់​ ដូចនេះចុងក្រោយនៅតែធ្លាក់ដដែល។ ជាទូទៅបើអ្នកមាន IELTS ចាប់ពី ៦.៥​ ឡើងទៅនិងមាន TOEFL iBT ចាប់ពី៨៨ឡើងទៅ អ្នកអាចដើរដាក់អាហារូបករណ៍បានហើយ។ បើអ្នកបាន band IELTS ទាំង៤ជំនាញទាំងអស់លើសពី៦ នោះរឹតតែប្រសើរ។ ដូចនេះបើយើងមិនទាន់ត្រៀមតេស្តភាសាអង់គ្លេសគ្រប់គ្រាន់ទេ មិនបាច់ដាក់វិញល្អជាង នាំតែការធ្លាក់ធ្វើអោយអ្នកបាត់បង់ motivation នោះទេ៕

ប្រភព៖ www.aladang.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK