ល្អណាស់ ​! «សហគមន៍ទេសចរណ៍ត្រពាំងសង្កែរ» បង្កើតឡើងដើម្បីថែរក្សាធនធានធម្មជាតិសម្រាប់យើង និងកូនចៅជំនាន់ក្រោយ
Connect with us

ទេសចរណ៍

ល្អណាស់ ​! «សហគមន៍ទេសចរណ៍ត្រពាំងសង្កែរ» បង្កើតឡើងដើម្បីថែរក្សាធនធានធម្មជាតិសម្រាប់យើង និងកូនចៅជំនាន់ក្រោយ

ស្ថិតនៅចម្ងាយ ០៧គីឡូម៉ែត្រពីទីរួមខេត្តកំពត ឆ្ពោះទៅកាន់ខេត្តកែប បងប្អូននឹងបានទៅដល់ “សហគមន៍ទេសចរណ៍ត្រពាំងសង្កែរ”ស្ថិតក្នុង ភូមិកំពង់កែស ឃុំត្រពាំងសង្កែរ ស្រុកទឹកឈូ ខេត្តកំពត។

នៅទីនោះអ្នកទេសចរអាចទស្សនា ព្រៃកោងកាង, ដាំកូនកោងកាង, ជិះទូកលេងកម្សាន្ត និងមើលអំពិលអំពែកពេលរាត្រី ដោយសហគមន៍មានបម្រើសេវាស្នាក់នៅ (១០ដុល្លារមួយយប់) ម្ហូបអាហារ និងទូកជិះទស្សនាតាមដងព្រែក(១៥ ដុលា្លរអាមេរិកសម្រាប់ទូកមួយ)។ សហគមន៍នេះត្រពាំងសង្កែរត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៤ ដោយផ្តើមចេញពីសហគមន៍នេសាទ រហូតបានក្លាយទៅជាសហគមន៍ទេសចរណ៍ ដោយមានការជ្រោមជ្រែងពីសំណាក់បណ្តាអង្គការនានា និងការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល។​

លោក សឹម ហ៊ីម ប្រធានសហគមន៍នេះ បានមានប្រសាសន៍ថា សហគមន៍ទេសចរណ៍ត្រពាំងសង្កែរបង្កើតឡើងក្នុងគោលបំណងដើម្បីកាត់បន្ថយចំណាកស្រុក បង្កើតមុខរបរបន្ថែមតាមរយៈការនេសាទ ការពារ អភិរក្សព្រៃកោងកាង សម្រាប់បម្រើផលប្រយោជន៍អ្នកនេសាទ និងចូលរួមទប់ស្កាត់រាល់បទល្មើសនេសាទខុសច្បាប់ផ្សេងៗ។

បច្ចុប្បន្ន “សហគមន៍ទេសចរណ៍ត្រពាំងសង្កែរ” កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិក្នុងការមកស្នាក់នៅ កំសាន្ត និងចូលរួមដាំដើមកោងកាងក្នុងបុព្វហេតុចូលរួមថែរក្សាធនធានធម្មជាតិនៃព្រៃលិចទឹក។  លោកប្រធានសហគមន៍ក៏បានបង្ហាញពីសារសំខាន់នៃព្រៃកោងកាងថាព្រៃនេះអាចជួបទប់ស្កាតទឹកជំនន់​ ទប់ស្កាត់ខ្យល់ព្យុះ និងជួយស្រូបជាតិពុល និងកាបូនពីខ្យល់បានល្អ ហើយជួយអោយមានខ្យល់បរិសុទ្ធ។

លោកប្រធានសហគមន៍ក៏បានបន្ថែមទៀតផងដែរថា ថវិកាដែលសហគមន៍ទទួលបាននឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ជួសជុលសម្ភារៈនានាក្នុងសហគមន៍ ពង្រីកសេវាកម្មទេសចរណ៍បន្ថែម និងឧបត្ថម្ភសមាជិកសម្រាប់ឃ្លាំងមើលបទល្មើសនេសាទនានា (សាំង អាហារសម្រន់)។ ដោយឡែកថវិកាមួយផ្នែកនឹងត្រូវបានយកទៅប្រើប្រាស់ក្នុងកិច្ចការងារមនុស្សធម៌ដូចជា ជួយជនចាស់ជរា ស្ត្រីមេម៉ាយទីទ័លក្រ និងក្មេងក្នុងសហគមន៍ដែលមិនមានលទ្ធភាពទិញសម្ភារៈសិក្សាជាដើម។

ក្នុងដំណើរបេសកកម្មរាជធានីខេត្ត ឯកឧត្តម ហ៊ុន​ ម៉ានី បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការគ្រប់គ្រងកន្លងមក ដែលបានផ្តួចផ្តើមក្នុងការប្រែក្លាយសហគមន៍របស់ខ្លួន ជាសហគមន៍ទេសចរណ៍ ដើម្បីបង្កើនចំណូល និងថែរក្សាដែននេសាទសម្រាប់ជាប្រយោជន៍ប្រជាជនក្នុងសហគមន៍ និងកូនចៅជំនាន់ក្រោយ។ ឯកឧត្តមបានបន្ថែមទៀតថា ការផ្តួចផ្តើមទាំងនេះគឺជាគំរូសម្រាប់សហគមន៍ដទៃទៀតក្នុងការយកតម្រាប់តាម និងរកប្រាក់ចំណូលសម្រាប់សហគមន៍រៀងៗខ្លួន។

ក្នុងន័យនេះឯកឧត្តម សូមលើកទឹកចិត្តអោយមានការគាំទ្របន្ថែមពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងការទៅសម្រាក កំសាន្តនៅទីរមណីយដ្ឋានសហគមន៍នេះ ព្រោះថាវាមិនត្រឹមតែជាការលំហែអារម្មណ៍តែប៉ុណ្ណោះទេ តែថែមទាំងបានជួយសម្រួលដល់ជីវភាពសហគមន៍ និងដើម្បីជាផ្នែកមួយនៃការរួមចំណែកថែរក្សាធនធានធម្មជាតិរបស់យើងឲ្យបានគង់វង្សថែមទៀតផង។

ប្រភព៖ www.uyfc.org

មតិយោបល់

Trending

Copyright © 2019 ANARCHAK