មិនទាន់បានទៅ ទៅលេងអោយហើយ ! «ផ្សារទំនើបសុវណ្ណា» ចាស់វស្សាមួយនៅកម្ពុជា នឹងត្រូវបិទដំណើរការ​បណ្ដោះ​អាសន្ន
Connect with us

ថ្មីៗ

មិនទាន់បានទៅ ទៅលេងអោយហើយ ! «ផ្សារទំនើបសុវណ្ណា» ចាស់វស្សាមួយនៅកម្ពុជា នឹងត្រូវបិទដំណើរការ​បណ្ដោះ​អាសន្ន

«ផ្សារទំនើបសុវណ្ណា» គឺជាផ្សារទំនើប​វ័យចំណាស់​មួយ ក្នុងចំណោម​ផ្សារទំនើប​ចាស់ៗមួយចំនួន​ដែលកំពុង​បន្ដ​ប្រតិបត្តិការ​ទាំង​ត្រដាប​ត្រដួស​នៅរាជធានី​ភ្នំពេញ ដោយសារតែ​មានការប្រកួតប្រជែង​ទីផ្សារ​ពីសំណាក់​ផ្សារទំនើប​អន្តរជាតិ​ខ្នាតយក្ស​ៗ ដូចជា​AEON ជាដើម​បានចូល​មក និងពង្រីកសាខា​ជាបន្ដបន្ទាប់។

ផ្សារទំនើប​សុវណ្ណា គឺជាវិនិយោគ​របស់​ក្រុមហ៊ុនវិនិយោគទុន​អាណិកជន​​កម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ។ ក្រៅពីផ្សារទំនើបសុវណ្ណា ក្រុមហ៊ុននេះ ក៏បានវិនិយោគផ្សារទំនើបសូរិយា និងផ្សារទំនើប​រតនាផ្លាហ្សាផងដែរ ដែលផ្សារទំនើបទាំងនេះ សុទ្ធតែជាផ្សារទំនើប​ចាស់វស្សានៅកម្ពុជា។

ទោះយ៉ាងណា តាមការ​ឲ្យដឹងពី​ម្ចាស់ហាង ដែលលក់​ទំនិញ​នៅក្នុង​ផ្សារទំនើប​សុវណ្ណានេះ បាន​ប្រាប់​សារព័ត៌មាន​ខេមបូណូមីស ថា ពួកគាត់ត្រូវបាន​អ្នកគ្រប់គ្រងផ្សារ​ប្រាប់​ឲ្យត្រៀមខ្លួន​ដើម្បីបិទហាង​ដោយក្រុមហ៊ុន​គ្រប់គ្រង​ផ្សារនេះ នឹង​យកអគារផ្សារនេះ ទៅអភិវឌ្ឍ តែពួកគាត់​មិនបានដឹងនោះទេថា យកទៅធ្វើអ្វី។

បើតាម​ប្រភពខ្លះ និយាយថា អគារ​ផ្សារទំនើប​សុណ្ណានេះ អាច​ត្រូវបានលក់ ឬជួល​ទៅឲ្យ​ក្រុមហ៊ុន​ចិន​ ដើម្បីយកទៅ​អភិវឌ្ឍធ្វើ​អាជីវកម្ម​ផ្សេងបន្ត។

តាម​អាជីវករ​​លក់ទំនិញ​សម្លៀកបំពាក់​ និងស្បែកជើង នៅក្នុងផ្សារទំនើប​សុវណ្ណា ដោយសុំមិន​បញ្ចេញឈ្មោះ បាន​អះអាង​ឲ្យ​សារព័ត៌មាន​ខេមបូណូមីសដឹងថា បច្ចុប្បន្ននេះ លោក​ត្រូវ​បង្ខំចិត្ត លក់ទំនិញ​របស់ខ្លួន​ឡៃឡុង​ថោកៗ ដោយសារតែ​អ្នកគ្រប់គ្រង​ផ្សារ​បាន​ប្រាប់ថា ផ្សារនេះ នឹងត្រូវបិទទ្វារ​នៅថ្ងៃទី ៣១ ខែសីហា ខាងមុខនេះហើយ។ តាមការបញ្ជាក់​ពី អាជីវករ​រូបនេះ មិនមែនតែ​ហាងលោកមួយទេ គ្រប់ហាង​និង​គ្រប់ជាន់នៃអគារ​ទាំងអស់​នឹងត្រូវបិទទ្វារដូចគ្នាដែរ។

ម្ចាស់ហាងមួយកន្លែងទៀត នៅក្នុង​ផ្សារទំនើប​សុវណ្ណានេះដែរ បានឲ្យដឹងថា ខាងគណៈគ្រប់គ្រង​ផ្សារ បានជូនដំណឹងរួចហើយ ថា​ក្រុមហ៊ុន​នឹង​សុំដកហូត​អគារផ្សារនេះយក​មកវិញ ដើម្បីអភិវឌ្ឍបន្ដ។ លោកបន្ដថា ថ្ងៃផុតកំណត់​នៃការ​រើហាងចេញ​ពីអគារ​ផ្សារទំនើប​សុវណ្ណានេះ គឺនៅថ្ងៃទី ៣១ សីហាខាងមុខ។ ជាមួយគ្នា ប្រសិនបើ​ហាងណាមួយ នៅមាន​សុពលភាព​កិច្ចសន្យាជួល​ ខាង​ក្រុមហ៊ុន​ផ្សារទំនើប​សុវណ្ណា ក៏ចេញថ្លៃ​ប៉ះប៉ូវ​សង​ផងដែរ។

ទោះយ៉ាងណា ម្ចាស់ហាង​រូបនេះ បញ្ជាក់ថា លោកត្រូវខាត​បង់ច្រើនពីការ​បិទហាង​នេះ ដោយសារតែ​ហាងរបស់លោក ទើបតែ​បើកបាន​មួយរយៈប៉ុណ្ណោះ ការរកផលចំណេញ​មកវិញ ក៏មិនទាន់​នឹង​រួចខ្លួន​នៅឡើយទេ ឥឡូវ​ផ្សារត្រូវបិទ​កណ្ដាលទី​យ៉ាងដូច្នេះ គឺពិបាកធ្វើចិត្តណាស់ ពោលគឺ ខាតតាំងពី​ពេលបើកហាង ខាតតាំងពីពេលបិទហាង​ទៀត។
លោកបាន​បន្ថែមទៀតថា លោកពិតជា​សោកស្ដាយ ប្រសិនបើ​ផ្សារ​មួយនេះ ពិតជាត្រូវ​ជួល​​ឲ្យវិនិយោគិន​ចិន​ដូចពាក្យ​គេនិយាយ​មែន ព្រោះ​ផ្សារទំនើប​សុវណ្ណា​មាន​ឈ្មោះ​មកជាយូរ​មកហើយ និងមានអនុស្សាវរីយ៍​ច្រើន​ ពិសេស​ជាមួយ​អ្នកភ្នំពេញុតែម្ដង។ លោកបន្ដថា ក្រុមហ៊ុន​គួរតែ​អភិវឌ្ឍ​ផ្សារនេះ ឲ្យមានលក្ខណៈទំនើប និងមានភាពប្រកួត​ប្រជែង​​ដោយខ្លួនឯង ជាជាង​ជួល ឬលក់​ឲ្យវិនិយោគិន​បរទេស​។

ទោះយ៉ាងណា លោកស្រី ជា សុខហៀក នាយិកា​ប្រតិបត្តិ​ផ្សារទំនើប​សុវណ្ណា​ បានបញ្ជាក់តាម ទូរស័ព្ទ ប្រាប់​ខេមបូណូមីសថា លោកស្រី​មិនទាន់ទទួលបាន​ព័ត៌មាន​ដែលថា ផ្សារសុវណ្ណានេះ ត្រូវបាន​លក់ ឬជួល​ទៅឲ្យ​ចិន​នៅឡើយទេ។ «ខ្ញុំមិនទាន់​ទទួលព័ត៌មាន​នេះទេ មិនដឹងថា គាត់ [អ្នកសារព័ត៌មាន​] ​បានព័ត៌មានពីណាមក! បច្ចុប្បន្ន​យើង​នៅតែបន្ដបើក​ធម្មតា ហើយយើងក៏មាន​ផែនការ​នឹងអភិវឌ្ឍផ្សារនេះ ឲ្យប្រសើរឡើង ដូចដែលពីមុន​យើង​ក៏បានអភិវឌ្ឍ​ផ្សារទំនើប​សូរិយាកន្លងមកដែរ។» នេះជាប្រសាសន៍ របស់​លោកស្រី ជា សុខហៀក។

លោកស្រី បន្ថែមទៀតថា ក្រោយពី​ការផ្អាក​ដំណើរការ​បណ្ដោះអាសន្ន​ ផ្សារទំនើប​សុវណ្ណា នឹងត្រូវ​អភិវឌ្ឍឡើង​ឲ្យមានភាព​ប្រសើរឡើង​ និងអាច​បើកដំណើរការ​ឡើងវិញ នៅពេលបន្ទាប់ តែ​មិនបានបញ្ជាក់ថា​នឹងបើកពេលវេលា​​ជាក់លាក់​នោះទេ។

លោកស្រី ជា សុខហៀក បាន​បញ្ជាក់ចុងក្រោយនេះថា «ការផ្អាកដំណើរការ​ផ្សារទំនើប​សុវណ្ណានេះ គឺជា​ការអភិវឌ្ឍសេដ្ឋកិច្ច និងអភិវឌ្ឍ​ដល់​សោភណភាព​ទីក្រុង»។

ផ្សារទំនើប​សុវណ្ណា មាន​កម្ពស់​​៥ ជាន់​​មាន​ទំហំ​សរុប​ប្រហែល ១១,១៨៤ ម៉ែត្រការ៉េ លាតសន្ធឹង​លើ​ផ្ទៃដី​ចំនួន ៥០,០០០ ម៉ែត្រការ៉េ ហើយ​មាន​ចំណត​ចំនួន ៤០០ កន្លែង ។ ផ្សារ​ទំនើប សុ​វណ្ណា បើក​នៅក្នុង​ឆ្នាំ ២០០៨ ដែល​វាមាន​ទំហំធំជាង​ផ្សារ​ទំ​នើ​ប​សូរិយា​ចំ​នួន ២០ ភាគ​រយ។

គួរបញ្ជាក់ថា ផ្សារ​ទំនើប​ចាស់​វស្សា​ជាង​គេ​បំផុត​មួយ​នៅ​កម្ពុជា គឺ​ផ្សារ​ទំនើប​សូរិយា ដែលស្ថិត​ក្រោម​ការវិនិយោគ​របស់​ក្រុមហ៊ុន OCIC នេះដែរ កាលពីថ្មីៗ​កន្លងទៅ ​បាន​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជាង​៥​លាន​ដុល្លារ ជួសជុល​និង​បន្ថែម​រចនាបថ​ថ្មី​ទាំង​ផ្នែក​ខាង​ក្នុង និង​ក្រៅ​នៃ​អគារ​របស់​ខ្លួន​​មួយ​ចំនួន ព្រមទាំងបាន​ប្ដូរឈ្មោះថ្មីទៅជា ផ្សារទំនើប​សូរិយា សេនធ័រ ភ័នធ៍។

អ្នក​ឧកញ៉ា ពុង ឃាវសែ ធ្លាប់បាន​បញ្ជាក់ថា ការ​ចូល​មក​ដល់​នៃវត្តមាន​របស់​​ផ្សារ​ទំនើប​បរទេស​ធំៗ ដែល​បាន​និង​កំពុង​ពង្រីក​ខ្លួន​ជា​បន្ត​បន្ទាប់​នៅ​កម្ពុជា ក៏​បាន​ធ្វើ​ឲ្យ​ផ្សារ​ទំនើប​ក្នុង​ស្រុក​មួយ​ចំនួន ត្រូវ​ប្រឈម​នឹង​ការ​បាត់បង់​ចំណែក​ទីផ្សារ​ផង​ដែរ៕

ប្រភព៖ cambonomist.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK