Pingyao ៖ ជាភូមិបុរាណ «មានអាយុកាលជាង ៣ពាន់ឆ្នាំ» តែអាចរក្សាបាននូវទម្រង់ដើមដដែល
Connect with us

ទាក់ទាញ

Pingyao ៖ ជាភូមិបុរាណ «មានអាយុកាលជាង ៣ពាន់ឆ្នាំ» តែអាចរក្សាបាននូវទម្រង់ដើមដដែល

នៅក្នុងប្រទេសចិន៖ មានភូមិបុរាណជាច្រើន ដែលបានបន្សល់ទុកមកដល់សព្វថ្ងៃនេះ ដែលតំបន់ទាំងនោះត្រូវបានគេអភិរក្សបានយ៉ាងល្អ មិនធ្វើការវិនិយោគ ឬកម្រែទម្រង់បុរាណនោះទេ តំបន់ខ្លះទុកជាទីតាំងសម្រាប់វិស័យភាពយន្ដ ចំណែកតំបន់ខ្លះទៀតត្រូវបានដាក់ចូលជាបេតិកភ័ណ្ឌជាតិ។ ក្នុងនោះមានភូមិបុរាណមួយកន្លែងនៅប្រទេសចិន ដែលទទួលភ្ញៀវទេសចរណ៍ច្រើនជាងគេ ក្នុងការទស្សនា និងសិក្សាស្វែងយល់ពីវប្បធម៌ចិន កាលពីសម័យបុរាណ ហើយអ្នកខ្លះក៏ធ្លាប់បានឃើញវានៅក្នុងខ្សែភាពយន្ដផងដែរ។

«Pingyao» ជាភូមិមួយដែលកាលពីមុនវាជាទីក្រុង Pingyao ស្ថិតនៅក្នុងខេត្តសានស៊ី ប្រទេសចិន។ ទីក្រុង Pingyao មានប្រវត្តិជិត ៣ ពាន់ឆ្នាំមកហើយ ដោយស្ដេច Xuan បានយកទីតាំងនោះ សាងសង់ជាទីក្រុងនៃនគរចូវ តាំងពីឆ្នាំ ៨០០ មុនគ្រឹសករាជមកម្ល៉េះ ទើបក្រោយមកវាត្រូវបានដណ្ដើម និងគ្រប់គ្រង់ដោយរដ្ឋបាលនៃរជ្ជកាលឈីង។

មកដល់រជ្ជកាលហាន ទីក្រុងនោះបានប្ដូរឈ្មោះទៅជាប្រទេស ឬនគរ Zhongdu វិញ លុះមកដល់ក្នុងរជ្ជកាលឆេង (សតវត្សទី ១៦) ខេត្តសានស៊ី ត្រូវបានគេយកធ្វើជាតំបន់សេដ្ឋកិច្ចពិសេសប្រចាំរាជធានី ហើយទីក្រុងមួយនេះមានភាពរីកចម្រើនយ៉ាងខ្លាំងបំផុត និងក្លាយជាតំបន់មជ្ឈមណ្ឌលហិរញ្ញវត្ថុតាំងពីទសវត្សទី ១៦ រហូតមកដល់ការដួលរលំនៃរជ្ជកាលឆេង ក្នុងឆ្នាំ ១៩១២ និងចូលគ្រប់គ្រងដោយជនជាតិអង់គ្លេស ទីក្រុងមួយនេះក៏ត្រូវបានទុកចោល មិនមានភាពល្បីល្បាញដូចមុននោះទេ។

មកដល់ពេលបច្ចុប្បន្ននេះ ទីក្រុង Pingyao ក្លាយជាភូមិបុរាណមួយដែលរដ្ឋាភិបាលចិនបានដាក់ចូលជាតំបន់អភិរក្សទីក្រុងប្រវត្តិសាស្ត្រ និងវប្បធម៌ (Chinese Historic and Cultural Cities) ក្នុងឆ្នាំ ១៩៨៦ ជាទីក្រុងនៅសល់រចនាបថនៃសំណង់ក្នុងរជ្ជកាលម៉េង និងរជ្ជកាលឆេងច្រើនជាងគេបំផុត។

លើសពីនេះ វាក៏បានដាក់ចូលជា បេតិកភ័ណ្ឌពិភពលោក ដោយអង្គការ UNESCO កាលពីឆ្នាំ ១៩៩៧ ផងដែរ។ ហេតុនេះហើយបានជាទីក្រុងនោះមិនអភិវឌ្ឍន៍អ្វីឡើយ គឺការរស់នៅតាមបែបបុរាណតែម្ដង ហើយក៏មិនមានប្រជាជនច្រើនដែរ ដោយតាមរយៈការស្ទង់ស្ថិតិឆ្នាំ ២០១០ ទីក្រុង Pingyao មានមនុស្សរស់នៅតែ ៥ ម៉ឺននាក់ប៉ុណ្ណោះ ហើយមកដល់ពេលនេះ ក៏មិនផ្លាស់ប្ដូរអ្វីច្រើនដែរ។

ដោយសារតែភូមិនេះត្រូវបានគេអភិរក្ស ដូចនេះហើយវាមានភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍អាចសិក្សា និងចូលទស្សនាអំពីវប្បធម៌ ប្រវត្តិសាស្ត្រ ស្ថាបត្យកម្មនៃរជ្ជកាលឆេង និងម៉េង -ល-។ ថែមទាំងរកចំណូលបានច្រើនទៀតផង ដោយវាធ្លាប់បានទទួលចំណូលដល់ ១៣.៧ លានដុល្លារ ត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ នៅក្នុងទិវា May Day ពីវស័យទេសចរណ៍ប្រវត្តិសាស្ត្រនេះ៕

ប្រភព៖ cambodiapropertyreport.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK