ដើម្បីចូលរួមអភិវឌ្ឍន៍កម្ពុជា «វិនិយោគិនជប៉ុន» សុខចិត្តបោះទុនរាប់លានដុល្លារ​ ដើម្បីបណ្តុះបណ្តាលនិសិត្សខ្មែរដោយឥតគិតថ្លៃ
Connect with us

ថ្មីៗ

ដើម្បីចូលរួមអភិវឌ្ឍន៍កម្ពុជា «វិនិយោគិនជប៉ុន» សុខចិត្តបោះទុនរាប់លានដុល្លារ​ ដើម្បីបណ្តុះបណ្តាលនិសិត្សខ្មែរដោយឥតគិតថ្លៃ

ក្នុង​គោលដៅ​បំពេញ​កង្វះខាត​ធនធានមនុស្ស​នៅ​កម្ពុជា​ និង​បំពេញ​តម្រូវ​ការ​ធនធាន​មនុស្ស​សំរាប់​តំបន់​ អ្នកវិនិយោគ​ជប៉ុន​មួយរូប​ បាន​បោះទុន​វិនិយោគ​រាប់លាន​ដុល្លារ​អាមេរិកដើម្បី​រៀបចំ «​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ» ​ឡើង​។

លោក តា​កេ​ស៊ិ អ៊ី​ហ្សូ​កាក់​ អគ្គនាយក​ក្រុមហ៊ុន​A2A Town Cambodia ​ដែលជា​ក្រុមហ៊ុន​វិនិយោគ​លើ​រមណីយដ្ឋាន​ Vkirirom Pine Resort​ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ ការ​បង្កើត​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ​(KIT) ​បានចាប់ផ្តើម​កាលពី​ឆ្នាំ​២០១៥ ​ដែលជា​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​ផ្នែក​វិស្វកម្ម​កុំព្យូទ័រ​ជា​លើកដំបូង​នៅ​កម្ពុជា ហើយ​រហូត​មកទល់ពេលនេះ​និស្សិត​ជំនាន់ទី​១​ បាន​បញ្ចប់​ការសិក្សា ​ក្នុងនោះ ​៧០​ ភាគរយ​ បាន​បំពេញការងារ​នៅ​ជប៉ុន​ ដោយ​ទទួល​បាន​ប្រាក់ខែ​ចន្លោះ​ពី​២៥០០ ទៅ​៣០០០​ដុល្លារ​ក្នុង​មួយខែ​ និង​ក្រៅពីនេះ​ពួកគេ​បាន​បំរើ​ការងារ​នៅ​តាម​រោងចក្រសហគ្រាស​ជប៉ុន​ដែល​កំពុងវិនិយោគ​នៅ​កម្ពុជា​។

លោក​បន្តថា ដោយមាន​ការគាំទ្រ និង​ការ​លើកទឹកចិត្ត​ពី​រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​និង​កីឡា ឯកឧត្តម​ ហង់ ​ជួន ណា​រ៉ុ​ន​ នៅថ្ងៃនេះ​ យើង​បើក​បវេសនកាល​សម្រាប់​និស្សិត​ជំនា​ន់ទី​៦ ​ដែល​មាន​ចំនួន​ ១១០​ នាក់ ​មក​សិក្សា​នៅទីនេះ​ដោយ​ទទួល​បាន​អាហារូបករណ៍​ ១០០​ ភាគរយ ​និង​ទទួល​បាន​សម្ភារៈ​សិក្សា​ កន្លែង​ស្នាក់នៅ អាហារ​បី​ពេល​។​ លោក​ បន្តថា ​ការ​ចំណាយ​លើ​ការកសាង​សាលា​ អន្តេវាសិកដ្ឋាន ​និង​សម្ភារៈ​បរិក្ខារ​សម្រាប់​និស្សិត​១១០​ នាក់ ​សម្រាប់​ជំនាន់ទី ​៦​ នេះ លោក​ចំណាយ​អស់​ថវិកា​ប្រមាណ​ ៥​ លាន​ដុល្លារ​អាមេរិក​ ហើយ​និស្សិត​កម្ពុជា​ម្នាក់​គិត​ចាប់ពី​ចូលរៀន​រហូតដល់​បញ្ចប់​ការសិក្សា លោក​ចំណាយ​អស់​៤៧០០០​ដុល្លារ​អាមេរិក​

វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ មិន​ត្រឹមតែ​ទទួល​និស្សិត​កម្ពុជា​នោះទេ​ ប៉ុន្តែ​វិទ្យាស្ថាន​នេះ​បាន​និងកំពុង​ទទួល​និស្សិត​បរទេស​ផងដែរ ​ដែល​បច្ចុប្បន្ន​មាន​និស្សិត​មកពី​ប្រទេស​ជប៉ុន​កំពុង​សិក្សា​ជាច្រើន​នៅទីនេះ ​ហើយ​ពេល​អនាគត​លោកតា​កេ​ស៊ិ អ៊ី​ហ្សូ​កាក់ ​គ្រោង​ទាក់ទាញ​និស្សិត​មកពី​អាហ្វ្រិក និង​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មក​សិក្សា​នៅទីនេះ​ផងដែរ​។

ក្រៅពី​និស្សិត​កម្ពុជា ​គឺ​និស្សិត​បរទេស​ត្រូវ​សិក្សា​បង់ថ្លៃ​នៅ​ក្នុង​វិទ្យា​ស្ថាន​នេះ ដែល​ពួកគេ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​ ៥​ ម៉ឺន​ដុល្លារ​ គិត​ចាប់ពី​ចូលរៀន​រហូតដល់​បញ្ចប់​ការសិក្សា​៕

ប្រភព៖ khmeryulong.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK