ពាក្យអប់រំកូន ១២ ប្រយោគមានតម្លៃជាងមាស ពីអតីតនាយករដ្ឋមន្ត្រីតៃវ៉ាន់
Connect with us

បែបផែនជីវិត

ពាក្យអប់រំកូន ១២ ប្រយោគមានតម្លៃជាងមាស ពីអតីតនាយករដ្ឋមន្ត្រីតៃវ៉ាន់

លោក Sun Yun Suan ជា​អតីត​នាយករដ្ឋមន្ត្រី​តៃវ៉ាន់ ​ពីឆ្នាំ​១៩៧៨ ដល់ឆ្នាំ ១៩៨៤។ ក្រៅ​ពី​នេះ​លោក​ក៏​ជា​អ្នក​សេដ្ឋកិច្ច និងវិស្វករ ដែល​មាន​កំណើត​មក​ពី​ចិន​ដី​គោក។ លោក​បាន​បន្សល់​ទុក​នូវ​ពាក្យ​ប្រដៅ​ទាំង​ ១២ ​ប្រយោគ​ដល់​កូនៗ មាន​អត្ថន័យ​ជ្រាលជ្រៅ​ ចាក់​ដោត​ដល់​ក្រអៅ​បេះដូង ស្ដាប់​ហើយ​ចង់​ស្រក់​ទឹក​ភ្នែក។

លោក​បាន​សរសេរ​ថា កូន​សម្លាញ់! ពុក​គ្មាន​អ្វី​ទុក​ឲ្យ​កូន ក្រៅ​ពី​ពាក្យ​បណ្ដាំ​ទាំង​ ១២​ ប្រយោគ​នេះ៖

#១. ជីវិតមនុស្សមិនទៀតទាត់ទេកូន! មិនមានអ្នកណាបានដឹងថា ខ្លួនត្រូវស្លាប់ពេលណា? និងស្លាប់របៀបណានោះទេ ?… ដូចនេះធ្វើអំពើបុណ្យឲ្យច្រើនគឺជាការចាំបាច់។

#២. មានតែពុក និងម៉ែទេ ដែលនិយាយប្រដៅកូននូវពាក្យទាំងអស់នេះ ពីព្រោះថានៅលើលោកនេះ​គ្មានអ្នកណាប្រដៅកូនៗល្អជាងសម្ដីពុកម៉ែទេ។ ពាក្យបណ្តាំទាំងនេះ គឺជាលទ្ធផលដែល​ចេញ​មកពី​បទ​ពិសោធន៍​ញើស ឈាម និង​ទឹកភ្នែក របស់​ពុកផ្ទាល់។ វានឹង​ជួយ​កូនៗ​ឲ្យជៀសផុត​ពី​ការ​ភាន់​ច្រឡំ ខាតពេលវេលា ក្នុងមាគ៌ាឆ្ពោះទៅអនាគតរបស់កូនៗ។

#៣. បើមានមនុស្សណាមួយប្រាស្រ័យនឹងកូនៗមិនបានល្អ កុំ​រវល់​នឹង​ពួក​គេនាំ​ឲ្យ​តែ​ខាត​ពេល​វេលា​ទេ។ គ្មានអ្នកណាត្រូវធ្វើល្អនឹងយើងក្រៅពីពុកម៉ែទេនៅលើលោកនេះ ។

#៤. ល្បែងរលាយទ្រព្យ។ ស្រីរលាយកិត្តិយស។ បារី និងសុរារលាយរាងកាយ។ គ្រឿង​ញៀន​រលាយ​ជីវិត។

#៥. ពុំមានមនុស្សណាដែលមិនអាចជំនួសបាននោះទេ។ ពុំមានវត្ថុណាដែលមិនអាចប្តូរថ្មីបាន។ បើ​មាន​មនុស្សណាដែលខ្លួនស្រឡាញ់មិនចង់ដើរអស់ដំណើរផ្លូវជីវិតនឹងកូន ឬ​មួយ​ក៏គេ​ស្លាប់​ចោល​កូន​ត្រូវ​ចង​ចាំ​ថា វា​មិន​មែន​ជារឿង “មេឃរលំ ភ្នំរលាយ! ” នោះទេ។

#៦. ជីវិតមនុស្សខ្លីណាស់ បើខ្លួនចេះតែខ្ជះខ្ជាយពេលវេលា កូននឹងបាត់បង់អស់ហើយ។ ដូចនេះ​បើចេះ​ស្រឡាញ់ជីវិត គឺត្រូវស្វែងរកសេចក្តីសុខ ការសប្បាយឲ្យបានច្រើនសម្រាប់ជីវិតតាមផ្លូវល្អ។

#៧. នៅលើលោកនេះមិនមានសេ្នហាអមតៈទេ !… ស្នេហាវាគ្រាន់តែជាអារម្មណ៍មួយគ្រា ។ អារម្មណ៍​នេះ​ទៅ​តាមពេលវេលា វានឹងរលាយសាបបាត់ទៅ ទៅតាមស្ថានភាព និងកាលៈទេសៈ ហើយប្រែប្រួលផ្លាស់ប្តូរបាត់ទៅ។

#៨. ទោះបីជាមានមនុស្សច្រើននៅលើលោកនេះរៀនតិច តែជោគជ័យ និងល្បីឈ្មោះ នោះ​គឺ​ដោយសារ​តែគេសំណាង ។ ប៉ុន្តែមិនមែនមានន័យថាមិនចាំបាច់រៀនច្រើនដើម្បី​ទទួល​ជោគជ័យ​នោះ​ទេ។

#៩.អំណាច បុណ្យ​សក្តិ មិនអាចស្មើរកេរ្តិ៍ឈ្មោះ និងកិត្តិយសបានទេ។ រៀនស្គាល់តម្លៃនៃវត្ថុរូបិយ និងអរូបិយ… កុំរៀនដឹងវត្ថុនោះមានតម្លៃប៉ុន្មានដុល្លារ?

#១០. កូនៗអាចរក្សាពាក្យសម្ដីនឹងមនុស្សម្នាជុំវិញខ្លួន។ តែកុំរំពឹងថា គេឯង​នឹង​រក្សា​ពាក្យ​សម្ដី​នឹង​កូនៗ​។ កូនៗអាចធ្វើអំពើល្អឲ្យមនុស្សម្នាបាន។ តែកុំរំពឹងថា គេឯង​នឹង​ធ្វើ​អំពើ​ល្អ​ដាក់​កូនៗ​វិញ​នោះ។

#១១. មានមនុស្សទិញឆ្នោត២០ ដល់់៣០ឆ្នាំ តែនៅតែក្រ។ នេះបញ្ជាក់ថា ចង់មានត្រូវចេះសន្សំ និង​ចេះ​រកស៊ីទៅ។

#១២. ការជួបជុំគ្រួសារ ប្តីប្រពន្ធ បងប្អូន កូនក្មួយ គឺសុទ្ធតែជាភព្វនិស្ស័យ។ មិនថាយើង​បាន​នៅក្បែរ​គ្នារយៈ​ពេលប៉ុន្មាននោះទេ ត្រូវចេះបង្កើតពេលវេលាល្អៗដាក់គ្នា ពី​ព្រោះ​ជាតិ​ក្រោយ​ក៏យើង​គ្មាន​ឱកាស​នឹងជួបគ្នាបានម្តងទៀតបានដែរ៕

ប្រភព៖ pressnews.today

មតិយោបល់

Trending

Copyright © 2019 ANARCHAK