តើអ្នកយល់ច្បាស់ទេ អ្វីជា «ពន្ធប្រថាប់ត្រា» ? - ANARCHAK
Connect with us

គួរដឹង

តើអ្នកយល់ច្បាស់ទេ អ្វីជា «ពន្ធប្រថាប់ត្រា» ?

ពន្ធប្រថាប់ត្រា គឺជាពន្ធដែលជាទូទៅនៅប្រទេសកម្ពុជាយើង រដ្ឋប្រមូលចំពោះការផ្ទេរកម្មសិទ្ធអចលនទ្រព្យ ឬយានយន្ដគ្រប់ប្រភេទ។ ហើយអ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធប្រថាប់ត្រាអោយបានចប់សព្វគ្រប់ក្នុងរយៈពេល ៣ខែ។ 

ពន្ធប្រថាប់ត្រាត្រូវបានអនុវត្តប្រមូលចំពោះ៖

  • ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន និងការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូន ឬយានយន្ដគ្រប់ប្រភេទ។
  • ការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន។
  • កិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវា ដែលប្រើប្រាស់ថវិការដ្ឋ។
  • លិខិតមានលក្ខណៈគតិយុត្ត ជាអាទិ៍ លិខិតស្ដីពីការបង្កើតក្រុមហ៊ុន លិខិតស្ដីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ឬការបិទក្រុមហ៊ុន។

ពន្ធប្រថាប់ត្រាត្រូវបានលើកលែងដូចខាងក្រោម៖

១. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ដីក្នុងលក្ខណៈសម្បទានពីរាជរដ្ឋាភិបាល សម្រាប់ជាប្រយោជន៍សេដ្ឋកិច្ច ឬសង្គមកិច្ច។

២. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងរង្វង់ញាតិ៖

  • ការធ្វើសន្ដតិកម្ម (មរតក) រវាងឪពុកម្ដាយបង្កើតនិងកូនបង្កើត រវាងប្ដីនិងប្រពន្ធ និងរវាងយាយតាបង្កើត និងចៅបង្កើត។
  • ការធ្វើប្រទានកម្ម (អំណោយ) រវាងឪពុកម្ដាយបង្កើតនិងកូនបង្កើត រវាងប្ដីនិងប្រពន្ធ និងរវាងយាយតាបង្កើតនិងចៅបង្កើត សម្រាប់តែការផ្ទេរលើកទីមួយប៉ុណ្ណោះ។ ហើយចាប់ពីលោកទីពីរទៅ ត្រូវបានអនុញ្ញាតអោយដកមូលដ្ឋានគិតពន្ធប្រថាប់ត្រា ១០០លានរៀល។ សម្រាប់ការធ្វើសន្ដតិកម្ម និងប្រទានកម្មទាមទារអោយមានឯកសារបញ្ជាក់ទំនាក់ទំនងអំពីញ្ញាតិ ដូចជាសៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ឬឯកសារទាក់ទងផ្សេងៗទៀត។

៣. ការផ្ទេរកម្មសិទ្ធិទោចក្រយានយន្ដ ត្រីចក្រយានយន្ដគ្រប់ប្រភេទ ត្រាក់ទ័រ និងជលយានយន្ដគ្រប់ប្រភេទដែលមានកម្លាំងដល់១៥០សេះ។

អត្រាពន្ធ និងការកំណត់ពន្ធប្រថាប់ត្រា មានដូចខាងក្រោម៖

១. 4% នៃតម្លៃអចលនទ្រព្យចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យជាសំណង់ ឬ/និងដី ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន។

២. 4% នៃតម្លៃមធ្យោបាយដឹកជញ្ជូនឬយានយន្ដ ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូនឬយានយន្ដគ្រប់ប្រភេទ។

៣. 0.1% នៃតម្លៃភាគហ៊ុន ចំពោះការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុន ឬការរំលាយក្រុមហ៊ុនបញ្ចូលគ្នា។

៤. 0.1% នៃតម្លៃចុះកិច្ចសន្យាចំពោះកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវា ដែលប្រើប្រាស់ថវិការដ្ឋ។

៥. 1 លានរៀល ចំពោះលិខិតមានលក្ខណៈគតិយុត្ត ៣ប្រភេទគឺ លិខិតស្ដីពីការបង្កើតក្រុមហ៊ុន លិខិតស្ដីពីការបិទក្រុមហ៊ុន និងលិខិតស្ដីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា៕

ប្រភព៖ apamat.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK