ក្នុង​រយៈពេល ៣ ​លាន​ឆ្នាំ​ចុងក្រោយឧស្ម័ន CO2 បានកើនឡើងដល់កម្រិត​កំពូល​ក្នុងផែនដី
Connect with us

គួរដឹង

ក្នុង​រយៈពេល ៣ ​លាន​ឆ្នាំ​ចុងក្រោយឧស្ម័ន CO2 បានកើនឡើងដល់កម្រិត​កំពូល​ក្នុងផែនដី

អ្នកវិទ្យាសាស្ត្រ​នៅ​អាមេរិក បាន​រកឃើញថា កម្រិត​នៃ​កាបូនឌីអុកស៊ីត (CO2) ក្នុង​បរិយាកាស​ដែលជា​កត្តា​មួយ​បង្កើន​កម្តៅ​ផែនដី  បាន​ឡើងដល់​ចំណុច​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ ពោលគឺ​ក្នុង​រយៈពេល​៣​លាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ការរកឃើញ​ថ្មី​នេះ អាចជា​សារ​ថ្មី​មួយ​ដើម្បី​ដាស់តឿន ជុំវិញ​កំណើន​ឥតឈប់ឈរ​នៃ​ការបញ្ចេញ​ផ្សែង​ពុល​ដែល​បង្កឡើង​ដោយ​មនុស្ស ទៅក្នុង​បរិយាកាស​របស់​ផែនដី​។

ចាប់ផ្តើម​អង្កេត​លើ​កម្រិត CO2 ក្នុង​បរិយាកាស​ផែនដី តាំងពី​ចុងឆ្នាំ​១៩៥០​មក ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាមេរិក​ឈ្មោះថា Mauna Loa Observatory បាន​រកឃើញ​កាលពី​ថ្ងៃទី ១១ ឧសភា ថាបរិ​យាស​កាស​ផែនដី មាន​ផ្ទុក​កម្រិត CO2 ដល់​ទៅ ៤១៥,២៦ ផ្នែក​ក្នុង​មួយ​លាន (ppm) ។ ហើយ​នេះ ក៏​ជា​លើកដំបូង​បង្អស់​ហើយ ដែល​ក្រុម​វិទ្យាសាស្ត្រ​នេះ​បាន​រកឃើញថា កម្រិត CO2 ក្នុង​បរិយាកាស មាន​បរិមាណ​លើសពី ៤១៥ ppm នោះ​។​

​ពេលវេលា​ចុងក្រោយ​បំផុត ដែល​បរិយាកាស​របស់​ផែនដី មាន​ផ្ទុក​កម្រិត CO2 ក្នុង​បរិមាណ​ដ៏​ច្រើន​បែបនេះ គឺ​កាលពី​ជាង​៣​លាន​ឆ្នាំមុន​មកម្ល៉េះ​។ អំឡុង​ពេលនេះ គេ​ហៅ​ឈ្មោះថា Pliocene Epoch ។ 

​កាលនោះ សីតុណ្ហភាព​សកល ត្រូវបាន​ប៉ាន់​ស្មានថា មាន​សីតុណ្ហភាព​ក្តៅ​ជាង​ពេលបច្ចុប្បន្ន ២ ទៅ ៣ អង្សា​។ កម្រិត CO2 ក្នុង​បរិយាកាស​របស់​ផែនដី ត្រូវបាន​គេ​ជឿថា ឡើងដល់​ចំណុច​ចន្លោះ​ពី ៣១០ ទៅ ៤០០ ppm ។ ចំណែក​កម្រិត​នីវ៉ូទឹក​សមុទ្រ​សកលលោក មាន​កម្ពស់ ២៥​ម៉ែត្រ ដែល​ខ្ពស់ជាង​ពេលបច្ចុប្បន្ន​ប្រមាណ ២ ទៅ ៣​ម៉ែត្រ​។ ហើយ​ផ្នែក​ជាច្រើន​នៃ​តំបន់​អង់តាក់ទិក គ្របដណ្តប់​ទាំងស្រុង​ដោយ​ព្រៃឈើ ពុំមែន​ទឹកកក​ឡើយ​។ 

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកជំនាញ​មកពី​វិទ្យាស្ថាន Potsdam សម្រាប់​ស្រាវជ្រាវ​ផលប៉ះពាល់​អាកាសធាតុ (PIK) លោក Wolfgang Luch បានបញ្ជាក់​ឲ្យ​ដឹងថា​៖ «​កម្រិត CO2 ក្នុង​បរិ​យាស​កាស​ផែនដី​ថ្មី​នេះ បង្ហាញ​ឲ្យ​ឃើញថា យើង​ពុំ​យកចិត្តទុកដាក់​ច្រើន​លើ​កិច្ច​គាំពារ​អាកាសធាតុ​ពិភពលោក​នៅឡើយ​ទេ​។ តួលេខ​នេះ បន្ត​កើន​ឡើងជា​បន្ត​បន្ទាប់ពី ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​»​។ ត្រង់ចំណុច​នេះ លោក សង្កត់ធ្ងន់ថា ពិភពលោក ត្រូវ​ចាត់វិធានការ​ជា​ចាំបាច់ ដើម្បី​បន្ធូរបន្ថយ​កម្រិត CO2 នេះ​។  

​ផលប៉ះពាល់​នៃ​ការកើនឡើង​ឧស្ម័ន CO2 ខ្ពស់​ពេក​ក្នុង​បរិយាកាស​របស់​ផែនដី 

កម្រិត​ខ្ពស់​នៃ CO2 ក្នុង​បរិ​យាស​កាស ដែល​បង្កឡើង​ដោយ មនុស្ស​ដុត​ឥន្ធនៈ និង​ការកាប់បំផ្លាញ​ព្រៃឈើ បង្ក​គ្រោះថ្នាក់​ជាច្រើន​ដល់​ផែនដី និង​មនុស្ស​។ ទីមួយ​គឺ​បង្អាក់​មុខងារ​នៃ​វដ្ត​ត្រជាក់​ធម្មជាតិ​របស់​ផែនដី​។ ទី​ពីរ​គឺ​រក្សា​កម្តៅ​នៅក្បែរ​ផ្ទៃផែនដី និង​ចុងក្រោយ​គឺ​វា​ក៏បង្ក​ឲ្យ​សីតុណ្ហភាព​សកល​កើន​ឡើងជា​បន្តបន្ទាប់​ផងដែរ​។ 

ការកើនឡើង​កម្តៅ​នេះ​ផងដែរ គឺ​បណ្តាលមកពី ស្រទាប់អូសូន​ដែលមាន​សមត្ថភាព​ស្រូបយក​កម្តៅ​ពី​ព្រះអាទិត្យ​មុននឹង​ដាល​មកដល់​ផ្ទៃផែនដី រង​ការខូចខាត​។ ការខូចខាត​នេះ បង្កឡើង​ដោយសារ​កម្រិត CO2 ច្រើន​ហួសប្រមាណ​ក្នុង​បរិយាកាស​។ 

ប​ច្ច​បុ្ប​ន្ន​នេះ ការបញ្ចេញ​ឧស្ម័ន CO2 និង​ឧស្ម័ន​ផ្ទះ​កញ្ចក់​ផ្សេងៗ​ទៀត ក្នុង​បរិយាកាស បាន​បង្ក​ឲ្យ​សីតុណ្ហភាព​សកល​កើនឡើង​១​អង្សា ហើយ​អ្នកវិទ្យាសាស្ត្រ​ប៉ាន់​ស្មានថា សីតុណ្ហភាព​ទំនងជា​បន្ត​ឡើង​ទៀត ប្រសិនបើ​គ្មាន​ចំណាត់ការ​ភ្លាមៗ​ពី​សំណាក់​រដ្ឋាភិបាល​នានា​ក្នុង​ពិភពលោក​ទេនោះ​។ 

​តើ​មាន​អ្វី​កើតឡើង​នៅក្នុង​ពិភពលោក ដែលមាន​សីតុណ្ហភាព​សកល​កើនឡើង ២​អង្សា​?

យោងតាម​ការសិក្សា​ស្តីពី​អាកាសធាតុ ដែល​ចុះផ្សាយ​ដោយ​ទូរទស្សន៍​អាមេរិក CNN ពិភពលោក នឹង​ទទួលរង​រលក​កម្តៅ និង​ថ្ងៃ​ក្តៅ​ច្រើនជាង ២៥​ភាគរយ ដែល​បង្ក​ឲ្យ​កើតមាន​ហានិភ័យ​ធំៗ​ចំពោះ​សុខភាព​មនុស្ស និង​ហានិភ័យ​នៃ​ភ្លើង​ឆេះ​ព្រៃ​។  

​ប្រមាណ ៣៧​ភាគរយ​នៃ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក នឹង​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​រលក​កម្តៅ​ជា​រៀងរាល់ ៥​ឆ្នាំ​។ ជា​មធ្យម រយៈពេល​នៃ​គ្រោះរាំងស្ងួត នឹង​កើនឡើង​ចំនួន ៤​ខែ ។ បាតុភូត​នេះ នឹង​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ ៣៨៨​លាន​នាក់ ខ្វះ​ទឹក​ប្រើប្រាស់ ចំណែកឯ​មនុស្ស ១៩៤,៥​លាន​នាក់​ផ្សេងទៀត​ជួប​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​។ 

​គ្រោះទឹកជំនន់ ព្យុះ​ស៊ីក្លូន ទី​ផុង នឹង​កើតឡើង​ញឹកញាប់​ជាង​មុន​។ ភ្លើង​ឆេះ​ព្រៃ នឹង​ក្លាយ​កើតឡើង​ជាប្រចាំ ដែល​បង្ក​ឲ្យ​ទិន្នផល​ដំណាំ​ធ្លាក់ចុះ​។ ជីវិត​សត្វ នឹងត្រូវ​បំផ្លិចបំផ្លាញ ដោយ​សត្វ​ប្រមាណ​១​លាន​ប្រភេទ ស្ថិតក្នុង​ហានិភ័យ​នៃ​ការ​ផុត​ពូជ​ជាដើម​៕

ប្រភព៖ thmeythmey.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK