នៅពេលមានលុយច្រើន ជីវិតអ្នកនឹងផ្លាស់ប្តូរនូវ ៦ ចំនុចនេះ
Connect with us

បែបផែនជីវិត

នៅពេលមានលុយច្រើន ជីវិតអ្នកនឹងផ្លាស់ប្តូរនូវ ៦ ចំនុចនេះ

ពេលមានលុយហើយអ្នកនឹងផ្លាស់ប្ដូរទាំងអត្តចរិតនិងការរស់នៅប្រចាំថ្ងៃ ដែលវាអាចធ្វើអោយអ្នកដែលធ្លាប់ស្គាល់គ្នាមួយចំនួនគិតថាយើងក្លាយទៅជាមនុស្សឬកធំដោយសារលុយ។ តែតាមពិតវាមិនមែនជារឿងវាយឬកឬមិនវាយឬកទេ ការដែលអាចក្លាយទៅជាអ្នកជោគជ័យបានក៏ដោយសារការផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅទាំងនោះដែរ។ ខាងក្រោមនេះគឺជាចំនុចដែលមនុស្សជោគជ័យភាគច្រើនផ្លាស់ប្ដូរ។ 

១. មិត្តភក្កិ៖ មនុស្សជាច្រើននិយាយថាពេលខ្លួនមានលុយច្រើនគាត់នឹងនៅតែជាមនុស្សដដែលនិងរាប់អានមិត្តភក្កិដូចមុនៗ ប៉ុន្ដែការពិតមិត្តភក្កិចាស់ៗរបស់អ្នកនឹងត្រូវបានផ្លាស់ប្ដូរបន្ដិចម្ដងៗដោយយើងមិនបានទាំងចាប់អារម្មណ៍ទៀតផង។ រឿងនេះកើតឡើងបានមិនមែនដោយសារតែនៅពេលដែលយើងមានលុយធ្វើអោយយើងក្លាយជាមនុស្សវាយឬកទេ តែពេលដែលការរកស៊ីកាន់តែជោគជ័យ នោះការគិតក៏ដូចការរស់នៅប្រចាំថ្ងៃខុសគ្នាពីមិត្តភក្កិទាំងអស់នោះ។ អ្នកនឹងមិនមានពេលចេញទៅដើរលេងជាមួយពួកគេច្រើនដូចមុនព្រោះរវល់រកស៊ី អ្នកមានគោលដៅនិងផែនការប្រចាំថ្ងៃខុសពីពួកគេ ដែលនេះហើយជាហេតុធ្វើអោយអ្នកឃ្លាតឆ្ងាយពីពួកគេ ហើយអ្នកនឹងមានទំនាក់ទំនងជិតដិតនឹងអ្នករកស៊ីដូចគ្នាវិញម្ដង។

២. គោលដៅក្នុងជីវិត៖ ពេលចេញរកស៊ីដំបូងអ្នកគិតថាជោគជ័យសម្រាប់អ្នកគឺការរកលុយបានច្រើន តែពេលអ្នករកបានហើយអ្នកនឹងគិតថាវាជារឿងសាមញ្ញ ហើយអ្វីដែលអ្នកគិតថាជោគជ័យក្នុងជីវិតពេលនេះអាចជាការធ្វើអោយមានក្រុមគ្រួសារដ៏ល្អមួយ និងការអាចជួយដល់សង្គមវិញ។ 

៣. អោយតម្លៃពេលវេលាជាងមុន៖ ពេលវេលាពេលនេះសំខាន់សម្រាប់អ្នកព្រោះមួយម៉ោងៗអ្នកអាចរកបានចំណូលជាច្រើន ដែលខុសពីមុនអ្នកអាចអង្គុយជជែកគ្នាលេងឬផឹកកាហ្វេចុចទូរស័ព្ទពីព្រឹកដល់ល្ងាច។ បន្ថែមពីនេះអ្នកនឹងមានទម្លាប់ក្រោកពីព្រឹកដើម្បីហាត់ប្រាណ និងរៀបចំខ្លួនដើម្បីធ្វើការសំខាន់ៗអោយបានមុនគេ។ និយាយរួមពេលវេលាបន្ដិចបន្ដួចក៏អ្នកយកវាមកធ្វើរឿងមានប្រយោជន៍ដែរ។ 

៤. បង់ពន្ធកាន់តែច្រើន៖ ពិតណាស់ថាពេលអ្នករកចំណូលបានច្រើនអ្នកនឹងបង់ពន្ធកាន់តែច្រើន។ ពីមុនមកអ្នកមិនសូវខ្វល់ពីរឿងពន្ធទេហើយថែមទាំងបន់ថារដ្ឋគួរតែយកពន្ធអោយច្រើនពីអ្នកមានដើម្បីមកជួយអ្នកក្រ តែពេលនេះអ្នកនឹងព្យាយាមរកវិធីក្នុងការកាត់បន្ថយពន្ធដែលមិនចាំបាច់ ព្រោះថាបើយើងរកលុយបានច្រើនហើយបែរជាត្រូវរដ្ឋដកយកអស់ជាច្រើន តើអ្នកនឹងមានទឹកចិត្តអ្វីរកលុយបន្ថែមទៀត។ 

៥. ការរស់នៅ៖ ប្រាកដណាស់ថាពេលមានលុយច្រើន អ្នកនឹងទិញផ្ទះធំល្មមមួយដែលអាចផ្ដល់ផាសុកភាពដល់ការរស់នៅរបស់ក្រុមគ្រួសារ រីឯឡានក៏នឹងត្រូវប្ដូរទៅជិះឡានទំនើបៗចេញថ្មីជាដើម។ ក្រៅពីនេះការបរិភោគក៏មានការផ្លាស់ប្ដូរដែរដោយអ្នកអាចនឹងបរិភោគអាហារសរីរាង្គដើម្បីសុខភាព ឬចូលហាងធំៗញឹកជាងមុន។ ក្រៅពីនេះអ្នក និងក្រុមគ្រួសារនឹងដើរលេងញឹកញាប់ជាងមុនទៅកាន់ប្រទេសជាច្រើនមិនថាឆ្ងាយឬជិតឡើយ ដោយពីមុនមកអ្នកអាចដើរលេងតែក្នុងស្រុកឬនៅជិតប៉ុណ្ណោះៗ។ វាធ្វើអោយអ្នកយល់ដឹងពីសង្គមខាងក្រៅនិងអាចមានពេលកំសាន្ដជាមួយគ្រួសារបានច្រើនដោយមិនបាច់ខ្វាយខ្វល់ពីការចំណាយដូចមុនឡើយ។ 

៦. ចង់បន្សល់ទុកនូវកេរ្តិ៍ឈ្មោះ៖ ពេលអ្នកមានទ្រពសម្បត្តិបរិបូរណ៍ហើយអាយុក៏កាន់តែច្រើន អ្នកលែងគិតពីការចង់បានលុយបន្ថែមទៀត ព្រោះពេលនេះអ្នកចង់ធ្វើបុណ្យអោយបានច្រើននិងបន្សល់ទុកនូវកេរ្តិ៍ឈ្មោះរបស់ខ្លួនតាមរយៈការចូលរួមការងារសង្គមឬការបរិច្ចាគផ្សេងៗដែលផ្ដល់ផលប្រយោជន៍ដល់អ្នកដែលជួបទុក្ខលំបាក៕

ប្រភព៖ apamat.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK