សុភាសិតខ្មែរយើង៖ «ចូលស្ទឹងតាមបត់» មិនមែនជាសុភាសិតអប់រំឲមនុស្សអាត្មានិយមឡើយ
Connect with us

បែបផែនជីវិត

សុភាសិតខ្មែរយើង៖ «ចូលស្ទឹងតាមបត់» មិនមែនជាសុភាសិតអប់រំឲមនុស្សអាត្មានិយមឡើយ

​ភ្នំពេញ​៖ ពាក្យស្លោក ឬ​សុភាសិត​មួយ​ឃ្លា​ថា «​ចូល​ស្ទឹង​តាម​បត់​» ត្រូវបាន​ពលរដ្ឋ​ខ្មែរ​មួយចំនួន យល់ថា បង្រៀន​មនុស្ស​ឲ្យ​មាន​ភាព​អាត្មានិយម បង្រៀន​មនុស្ស​ឲ្យ​ចេះ​អែបអប ទាញ​ផលប្រយោជន៍​ស្របតាម​សភាពការណ៍​។​ល​។ ប៉ុន្តែ បើ​គេ​ស្វែងយល់​ឲ្យ​បានច្បាស់លាស់​អំពី​អត្ថន័យ​សុភាសិត​ចាស់​បុរាណ​មួយ​នេះ គឺ​ពិតជា​មានន័យ​អប់រំ​ល្អ​ខ្លាំងណាស់ សម្រាប់​អនុវត្តន៍​ក្នុងសង្គម ដើម្បី​ឲ្យ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​មាន​ភាពចុះ​សម្រុះ​នឹង​គ្នា ទោះ​រស់នៅ​ជាមួយ​ក្រុមមនុស្ស​ដែលមាន​វប្បធម៌ ភាសា និង​ទំនៀមទម្លាប់​ខុសគ្នា​ក៏ដោយ​។

«​ចូល​ស្ទឹង​តាម​បត់​» នេះ​ជា​សុភាសិត​ចាស់​បុរាណ​ខ្មែរ​យើង ដែល​បាន​បង្កើតឡើង ដើម្បី​អប់រំ​កូនចៅ ឲ្យ​មានដំណើរ​ជីវិត​ប្រព្រឹត្តទៅ​បានល្អ​នៅក្នុង​ទំនាក់ទំនង​សង្គម ដោយ​យក​របត់​ស្ទឹង និង​ការគោរព​តាម​បត់​នោះមក​ធ្វើការ​ប្រៀបធៀប​។ 
 ​បើ​និយាយ​ពី​ន័យត្រង់ ស្ទឹង គេ​និយាយ​សំដៅ​ពី​ចរន្តទឹក​មួយបែប​ដែល​តែងតែ​ហូរ​ពី​ទី​ខ្ពស់​កាត់​តាម​ដងព្រៃ​ភ្នំ ឬ​វាលទំនាប​ទៅ​បម្រើ​ដល់​ភោគផល​កសិកម្ម​របស់​អ្នកស្រុក រួច​ទើប​ហូរ​ចាក់​ទៅក្នុង​ទន្លេ ឬ សមុទ្រ​។ លើសពីនេះ ចរន្តទឹក​ស្ទឹង គឺ​មិនអាច​ហូរ​ត្រង់ភ្លឹង​ដូច​ទឹក​ប្រឡាយ​ដែល​មនុស្ស​ជា​អ្នក​ច្នៃ​បង្កើត​នោះទេ តែ​ផ្ទុយទៅវិញ ចរន្តទឹក​ស្ទឹង​តែង​ហូរ​បត់បែន​ក្ងិចក្ងក់​ទៅតាម​លំនាំ​ធម្មជាតិ ជួនកាល មាន​សភាព​ដូចជា​ពស់​លូន ជួនកាល​មាន​សភាព​បត់​ចុះ​បត់​ឡើងទៅ​ភូមិសាស្ត្រ​ជាក់ស្តែង ជួនកាល ដូចជា សត្វ​អន្ទង់​ដែល​គេ​យកទៅ​បត់ និង​ដាក់​ត្បុត​អាំង​លើ​រងើកភ្លើង​ដូច្នោះ​ដែរ​។ 
 

​ស្ទឹង​មាន​លក្ខណៈ​បែបនេះហើយ​ទើបបាន​រាល់​ការធ្វើដំណើរ​តាម​ស្ទឹង ទាំង​អ្នក​ចែវ អ្នក​អុំ ឬ​អ្នក​កាន់ចង្កូត នាវា គប្បី​ប្រុងប្រយ័ត្ន ហើយ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទៅតាម​របត់​របស់​ស្ទឹង​។ បើ​មិន​ដូច្នេះ​ទេ មធ្យោបាយ​ដែល​គេ​ប្រើប្រាស់​ទៅលើ​ផ្ទៃ​ទឹក​មួយ​នេះ មុខជា​ភ្លាត់​ទៅបុក​ច្រាំង ឬ​ជ្រុល​ទៅ​ជាប់​នឹង​ព្រៃរនាម ដែល​ដុះ​តាម​ដងស្ទឹង​នោះ​ជាពុំខាន​។ ជាពិសេស​នោះ វា​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ឬក៏​ធ្វើដំណើរ​យឺតយ៉ាវ​មិនបាន​ទៅដល់​គោលដៅ​ឆាប់​ជាដើម​។ ហេតុដូច្នេះ បើ​គេ​ធ្វើដំណើរ​តាម​ស្ទឹង គឺ​ត្រូវ​ប្រកាន់ខ្ជាប់​តាម​របត់​របស់​ស្ទឹង ទើប​ចៀសវាង​គ្រោះថ្នាក់ ឬ​ធ្វើដំណើរ​ដល់​គោលដៅ​តាម​បំណងប្រាថ្នា​

​តើ​ហេតុអ្វី​បានជា​ចាស់ទុំ​ខ្មែរ លោក​ចង់​ឲ្យ​កូនចៅ​ប្រកាន់យក​អាកប្បកិរិយា​តាមរបៀប​«​ចូល​ស្ទឹង​តាម​បត់​»? ​តាមពិតទៅ ដូនតា​ខ្មែរ ចង់​ឲ្យ​កូនចៅ​ប្រកាន់​ភ្ជាប់​ឥរិយាបថ​បែបនេះ ដើម្បី​ឲ្យ​បរិយាយ​កាស​ជុំវិញខ្លួន​បុគ្គល​ម្នាក់ៗ មាន​ភាព​ធូរស្រាល ពុំ​មានការ​ប្រឈម​តឹងតែង​ជាមួយ​ក្រុម​ដែលមាន​វប្បធម៌​ផ្សេងគ្នា​។ លើសពីនេះ បុគ្គល​នោះ ក៏​អាច​ទទួលបាន​ផលប្រយោជន៍ ឬ​សេចក្តីសុខ​ផ្ទាល់ខ្លួន​មួយរយៈ ហើយ​ឈានទៅ​សម្រេច​ជោគជ័យ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ថែមទៀត​ផង​។ បន្ថែម​ពីនេះ​ទៅទៀត បើសិន​បុគ្គល​រូបគេ​នេះ ព្រម​ទទួលយក​ឆាប់រហ័ស​នូវ​ភាសា​របស់​ក្រុម​ដែល​រស់នៅ​ជាមួយគ្នា​នោះ តាមរយៈ​ភាសា​ដែល​ចេះ​ចាំ​ពី​ក្រុម ដែល​ធ្វើ​ឲ្យ​ខ្លួនគេ​អាច​ទទួលបាន​នូវ​ទំនាក់ទំនង​ល្អ​តាមផ្លូវ​មនោសញ្ចេតនា លែងមាន​ភាព​ឯកោ និង​ទទួលបាន​នូវ​ការស្រឡាញ់​រាប់អាន និង​ទំនុកចិត្ត​កាន់តែច្រើន​ពី​ក្រុម​នោះ​។ 
 ​លើសពីនេះ បើសិន​បុគ្គល​នោះ​ជានរ​វិទូ ឬ​ជា​អ្នកស្រាវជ្រាវ​ផង​នោះ អាកប្បកិរិយា​ចេះ​សម្រប និង​ប​ញ្ជូ​ល​ខ្លួន​ទៅក្នុង​ក្រុម រឹត​តែមាន​សារសំខាន់​ណាស់ ព្រោះ ការធ្វើ​បែបនេះ អាចធ្វើ​បុគ្គល​ងាយស្រួល​ក្នុងការ​ស្រាវជ្រាវ​បាន​ស៊ីជម្រៅ​ពី​អាកប្បAកិរិយា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ចិត្តសាស្ត្រ​សង្គម ឬ​បំណងប្រាថ្នា​របស់​ក្រុម ឬក៏​អាច​ទទួលបាន​នូវ​ទិន្នន័យ​មួយ​កាន់តែច្បាស់​ថែមទៀត​អំពី​ក្រុម​នោះ​។ ​តែ​ផ្ទុយទៅវិញ បើ​អាកប្បកិរិយា​របស់​បុគ្គ​ល​មិន​ចុះ​សម្រុះ​ជាមួយ​ក្រុម តាំងពីដើម​ដំបូង​ដោយ​មិនចេះ​សម្រប​ខ្លួន​តាម ឬ​ធ្វើ​សមាហរណកម្ម​យឺត​ពេក​ជាមួយ​ក្រុម លទ្ធផល​ដែល​ទទួលបាន អាចធ្វើ​ឲ្យ​រូបគេ​ឃ្លាតឆ្ងាយ​បន្តិច​ម្តងៗ​ចេញពី​ក្រុម បាត់​ទំនុកចិត្ត​ក្រុម ព្រមទាំង​មិនអាច​សម្រេច​គោលដៅ​របស់ខ្លួន​ឡើយ ថែមទាំង​អាច​បង្កើតជា​បរិយាយ​កាស​អាប់អួរ​ក្នុង​ក្រុម​ថែម​ទៀតផង​។ 

​តាមពិតទៅ សុភាសិត​«​ចូល​ស្ទឹង​តាម​បត់​» មិនមែន​ឲ្យ​បុគ្គល​ព្រម​ទទួលយក​អាកប្បកិរិយា​របស់​ក្រុម​រហូត​នោះ​។ បើសិន​ក្រុម​នោះ មាន​អាកប្បកិរិយា ទម្លាប់ និង​ការប្រព្រឹត្ត​មិនល្អ ដែល​នាំ​ឲ្យ​បុគ្គល​ដែល​សម្រប​នោះ ទៅ​ប្រព្រឹត្ត​អបាយមុខ អំពើ​អសីលធម៌ បាត់បង់​តម្លៃ​មនុស្ស និង​អាច​ឈានទៅ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​បុគ្គល​ខូច​កិត្តិយស បាត់​បង់ឧ​ត្ត​ម​គតិ​ដើម ដោយសារតែ​សម្រប ឬ​ព្រម​ទទួលយក​អាកប្បកិរិយា​របស់​ក្រុម​អសកម្ម ដោយ​មិនមែនជា​តម្លៃពិត​នៃ​វប្បធម៌​មួយ​ដែល​សង្គម​ទទួលស្គាល់​នោះ បុគ្គល​គប្បី​មាន​ព្រំដែន​ក្នុងការ​សម្រប​ខ្លួន ដោយ​ពិចារណា​ឲ្យ​ហ្មត់ចត់​អំពី​អ្វី​ល្អ អ្វី​អាក្រក់ អ្វី​គួរ​ធ្វើ អ្វី​មិនគួរ​ធ្វើ​។ បុគ្គល​មិនគួរ​សម្រប​ខ្លួន​ជ្រុល​ហួសហេតុ​ពេក​ទៅរក​ទម្លាក់​អាក្រក់​របស់​ក្រុម​ផ្សេងៗ​ទៀត ហើយក៏​មិន​ប្រែក្លាយ​ទម្លាប់​អាក្រក់​នោះ​ឲ្យ​ទៅជា​អាកប្បកិរិយា​វប្បធម៌រ​បស់​បុគ្គល សម្រាប់​យកទៅ​ចម្លង​បន្ត​ឲ្យ​ក្រុម​របស់ខ្លួន ក្រោយពេល​ចប់​ភារកិច្ច​ត្រឡប់​មកកាន់​ក្រុម​ដើម​វិញ​នោះដែរ​៕ 

​ដកស្រង់​៖«​សិក្សា​ស្វែងយល់​អំពី​គំនិត​ទស្សនវិជ្ជា​ខ្មែរ​តាមរយៈ​ពាក្យស្លោក​» និពន្ធ​ដោយ អ៊ុំ ប៉ុ​ម

ប្រភព៖ thmeythmey.com

មតិយោបល់

អន្តរជាតិ3 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ4 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត4 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK