ការពិត«ស្ពានទ័ព»នៅក្នុងខេត្តសៀមរាប គឺជា​ស្ពាន​​ខ្មែរដែលវែងជាងគេកាលពីសម័យនោះ
Connect with us

គួរដឹង

ការពិត«ស្ពានទ័ព»នៅក្នុងខេត្តសៀមរាប គឺជា​ស្ពាន​​ខ្មែរដែលវែងជាងគេកាលពីសម័យនោះ

សៀមរាប​៖ ស្ពាន​ទ័ព គឺជា​ស្ពាន​បុរាណ​ខ្មែរ ហើយ​តាម​ការបញ្ជាក់​ពី​អ្នកស្រាវជ្រាវ ស្ពាន​នេះ​មាន​ប្រវែង​វែង​ជាងគេ ដែល​សង់​នៅ​សម័យ​នោះ​។ ទោះជា​មាន​អាយុ​រាប់រយឆ្នាំ​ទៅហើយ​ក្តី ប៉ុន្តែ​ស្ពាន​នេះ​នៅមាន​ភាពរឹងមាំ​នៅឡើយ ពិសេស​ជើង​ក្រោម ដោយ​មិន​គិតពី​បង្កាន់ដៃ​ដែល​រង​ការបំផ្លាញ​ដោយ​ធម្មជាតិ និង​មនុស្ស​ឡើយ​។ ស្ពាន​បុរាណ ស្ពាន​ទ័ព បាន​លាក់ខ្លួន​នៅក្នុង​ព្រៃរបោះ​មួយ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីរួមស្រុក​ស្រីស្នំ​ខេត្តសៀមរាប និង​ទីរួមស្រុក​ចុងកាល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ផែន​ទីមួយ​ទាក់ទង​នឹង​ផ្លូវ​បុរាណ និង​សំណង់​ស្ពាន​នានា ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។ ស្ពាន​ទ័ព​ជា​ស្ពាន​មួយ​ដែល​សង់​ឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ នៅ​ចុង​សតវត្ស​ទី​១២ ដើម​សតវត្ស​ទី​១៣​។ ស្ពាន​នេះ​សង់​លើផ្លូវ​បុរាណ​ពី​រាជធានី​អង្គរ​ភ្ជាប់​ទៅ​ប្រាសាទ​ភី​ម៉ៃ​ប្រទេស​ថៃ​។

​ស្ពាន​ទ័ព​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ខេត្តសៀមរាប (​ស្រុក​ស្រីស្នំ​) និង​មាន​ចម្ងាយ​ប្រហែល​៨០០​ម ពី​ប្រាសាទព្រហ្មកិល ហើយ​មាន​ចំងាយ ៣២​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

​ស្ពាន​នេះ​មាន​បណ្តោយ​ប្រវែង ១៥០​ម កម្ពស់​១០​ម៉ែត្រ និង​ទទឹង ១៦,៤០​ម៉ែត្រ ដែល​សង់​ឡើង​ពី​ថ្មភក់ និង​លាយ​ថ្មបាយក្រៀម​ដែល​លាតសន្ធឹង​ពី​ជើង​ទៅ​ត្បូង និង​មាន​រន្ធ​តា​ដេ​វ (​ប្រហោង​ទ្វារ​ស្ពាន​) ចំនួន​២៨​។ រហូតមកដល់​បច្ចុប្បន្ន​ស្ថានភាព​នៃ​ស្ពាន​នេះ​គឺ​នៅមាន​សភាព​រឹងមាំ​ល្អ​នៅឡើយ​សម្រាប់​ការ​ទស្សនា​កម្សាន្ត និង​ការស្រាវជ្រាវ​។ ភ្ញៀវទេសចរ​អាច​ចុះទៅ​ទស្សនា​ដល់​ជើង​ក្រោម​នៃ​ស្ពាន​បាន​ក្នុង​រដូវប្រាំង​។​

«១៥០​ម៉ែត្រ​សម័យ​នោះ តើ​មានស្រុក​ណា​គេ​ធ្វើបាន​។ ហើយ​ខាង​វិស្វករ​គេ​គិត​ទៀត គេ​ដឹង​ទៀត ផ្ទៃដី​ចុះ​ពី​ភ្នំ​ដងរែក ចុះ​ពី​ផ្ទះ​តា​ម៉ុក​មក ទម្រាំ​មកដល់​កន្លែង​ហ្នឹង (​ស្ពាន​ទ័ព​) ផ្ទៃដី​ប៉ុន្មាន​គីឡូម៉ែត្រ ហើយ​រងទឹក​ភ្លៀង​ប៉ុន្មាន​ម៉ែត្រ​គីប ដែល​វា​ត្រូវ​ហូរ​ទៅ​ទន្លេសាប ដូច្នេះ​គេ​ត្រូវធ្វើ​ស្ពាន​ឲ្យ​ធំ ហើយ​ច្រើន​ទៀត​តាម​បណ្តោយ​ផ្លូវ​នេះ (​ផ្លូវ​បុរាណ​)»​។ លោក ខៀវ ចាន់ បន្ថែមថា នៅ​តំបន់​នេះ គេ​អាច​ពិនិត្យឃើញថា ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ ៥​គីឡូម៉ែត្រ គឺមាន​ស្ពាន​រហូត​ចំនួន​៧ រួមមាន​ស្ពាន​មេម៉ាយ ស្ពាន​ព្រះ​ចង្អេរ ស្ពាន​ហាល​ជាដើម​។​

ភាពរឹងមាំ​នៃ​ស្ពាន​សម័យ​នោះ គឺ​វិស្វករ​គិត​ខ្ពស់​ពី​គ្រឹះ​បាត​ស្ពាន​ក្រាស់ ឬ​ស្តើង ដែល​រៀបចំ​ទៅតាម​បរិមាណ​ទឹក និង​ល្បឿន​ទឹក​។ ក្បាលស្ពាន​ទាំងសងខាង​នៃ​ស្ពាន​ទ័ព ឬ​ស្ពាន​ទិព្វ គេ​រៀបចំ​ជា​ជម្រាល​ធ្វើ​ពី​ថ្មបាយក្រៀម ដើម្បី​ការពារ​ពី​ការហូរ​ច្រោះ​។​

​ក្រោយ​ផ្លូវ​វៀង (​ផ្លូវជាតិ​៦៨) ត្រូវបាន​ស្ថាបនា​រួច ផ្លូវ​កាត់​ស្ពាន​ទ័ព ត្រូវបាន​ផ្អាក​ចរាចរណ៍​ទាំងស្រុង​។ កន្លងមក ផ្លូវ​នេះ​ជា​គមនាគមន៍​មួយ​យ៉ាងសំខាន់ ហើយ​មាន​រថយន្ត​ដឹកទំនិញ​ធំៗ​ឆ្លងកាត់​។  អំឡុងពេល​ផ្លូវ​នេះ​នៅ​ដំណើរការ ស្ពាន​ទ័ព​រង​ទម្ងន់​មិន​ក្រោម​៧០​តោន​ទេ នេះ​និយាយ​ចំពោះ​ឡាន​ដឹក​ស៊ីម៉ងត៍​ធន​ធ្ងន់ និង​ត​កន្ទុយ​គ្នា​ផង​។​

«​បើតាម​វិស្វករ ដែល​គេ​យក​បំណែក​ថ្មបាយក្រៀម​នៃ​ស្ពាន​នេះ ទៅ​គណនា​រក​ផ្ទៃ​រង ឬ​បន្ទុក​របស់​ស្ពាន ថ្ម​ដែល​យកទៅ​មិនល្អ​ពេក គឺ​មធ្យម នៅ​ឃើញថា ស្ពាន​នេះ​នៅ​អា​ចរង​ទម្ងន់​បាន ៤០​តោន​នៅឡើយ​។ ហើយ​បើ​យើង​មើល​ស្ពានបេតុង​ឥឡូវ តើ​នៅ​អាច​ទទួល​ទម្ងន់​បាន​៤០​តោន​ទេ​។ ជាទូទៅ ឃើញ​គេ​ដាក់ ២០ ទៅ​២៥​តោន​ហ្នឹង ប៉ុន្តែ​ស្ពាន​យើង​នោះ បើ​យើង​គិតពី​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​មកដល់​ឥឡូវ​វា​៨០០​ឆ្នាំ​នៅ​ទទួលបាន ៤០​តោន ចុះបើ​ពេលធ្វើ​ថ្មីៗ តើ​រង​ទម្ងន់​បាន​ប៉ុន្មាន​។ ហើយ​កាលនោះ គេ​អត់​មាន​ឡាន​អី​ទេ មានតែ​ដំរី ដែល​ដំរី​មួយ​ពី​៥ ទៅ​៧​តោន ហើយ​មួយ​ទ័ព​ដំរី តើ​ប៉ុន្មាន មិន​ក្រោម​៧០​តោន​ទេ បើ​ដំរី​១០​ក្រោម​»​។ នេះ​ជាការ​រៀបរាប់​របស់លោក ខៀវ ចាន់ ទៅដល់​ក្រុមនិស្សិត​ដែល​កំពុង​យកចិត្តទុកដាក់​ស្តាប់​។​

​តាម​ការសិក្សា​ស្រាវជ្រាវ​ពី​អ្នកជំនាញ ប្រភព​ថ្មបាយក្រៀម​ដែល​យកមក​សង់ស្ពាន​ទ័ព គឺ​យក​ពី​ភ្នំ​ស្រីស្នំ ដែលមាន​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​។ នៅតាម​ជើងភ្នំ​នោះ មាន​ស្នាម​កាត់​ថ្មបាយក្រៀម ហើយ​អ្នកភូមិ​នៅ​ទីនោះ​ឲ្យ​ឈ្មោះថា ស្រះ​រោយ​។ ហើយ​នៅក្បែរនោះ​ក៏មាន​ភ្នំ​មួយទៀត​ដែលជា​ប្រភព​រ៉ែ​ដែក​ដ៏​សំខាន់ ហើយ​ក្បែរ​ជើងភ្នំ​នោះ​ទៀត ក៏មាន​កន្លែង​ស្លដែក​ពី​បុរាណ​ផងដែរ​៕

ប្រភព៖ pressnews.today

មតិយោបល់

អន្តរជាតិ3 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ4 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត4 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK