ជេក ម៉ា៖ លើកទស្សនៈមួយនេះនឹងធ្វើឲអ្នកភ្លឺភ្នែក «ពិភពលោក​កំពុង​ផ្លាស់ប្ដូរ​ហើយ បើអ្នកមិនព្រមផ្លាស់ប្ដូរទេ នោះអ្នក…»
Connect with us

បែបផែនជីវិត

ជេក ម៉ា៖ លើកទស្សនៈមួយនេះនឹងធ្វើឲអ្នកភ្លឺភ្នែក «ពិភពលោក​កំពុង​ផ្លាស់ប្ដូរ​ហើយ បើអ្នកមិនព្រមផ្លាស់ប្ដូរទេ នោះអ្នក…»

មាន​មនុស្ស​ជា​ច្រើន​បាន​សួរ​លោក Jack Ma ថា “តើអ្វីទៅជាអាថ៌កំបាំងនៃភាពជោគជ័យរបស់លោក?” លោក Jack Maគ្រាន់តែ​ឆ្លើយ​តប​ថា រឿង​នេះ​ពិត​ជា​សាមញ្ញ​ណាស់។ លោក​គ្រាន់តែ​ធ្វើ​វា នៅ​​ខណៈ​ដែល​​អ្នក​ផ្សេង​​បាន​ត្រឹមតែ​អង្គុយ​ចាំ​មើល​​លោក​។ លោក​បាន​រំលឹក​ទៀត​ថា​ រាល់ថ្ងៃ​ពិភពលោក​កំពុង​ផ្លាស់ប្ដូរ​​​ហើយ​ ដូចនេះ​បើ​អ្នក​មិន​ផ្លាស់ប្ដូរ អ្នក​បាន​ត្រឹមតែ​ដើរ​តាម​គេ​តែ​ប៉ុណ្ណោះ​។

លោក Jack Ma  បាន​បន្ត​ដោយ​​បាន​ផ្ញើរ​សារ​​​ដូច្នេះ​ថា៖« អ្នក​ទាំងអស់​គ្នា​មាន​ដឹង​ទេ! នៅ​ពេល​ដែល​អំពូលភ្លើង​ត្រូវ​បាន​បង្កើត​ឡើង​​ដំបូង​ ស្រាប់តែ​ចង្កៀង​​ដែល​ប្រើ​ប្រេង​បាន​រលាយ​បាត់​រូប​បន្តិច​ម្តងៗ​។ នៅ​ពេល​ដែល​ប្រដាប់​គិត​លេខ (កាស្យូ) ត្រូវ​បាន​បង្កើត​ឡើង​ ឧបករណ៍​គិត​លេខ​សម័យ​បុរាណ​ក៏​បាន​បាត់​​ខ្លួន​ទៀត។ នៅ​ពេល​ដែល​ឌីជីថល​កាមេរ៉ា​ទំនើបៗ​ត្រូវ​បាន​បង្កើត​ឡើង​ វា​ក៏​បាន​ធ្វើ​ឲ្យ​កាមេរ៉ា​ចាស់ៗ​ស្លាប់​បន្ត​បន្ទាប់។ ​នៅ​ពេល​ដែល​ទីផ្សារ​លក់​ទំនិញ​តាម​អនឡាញ​ចាប់​ផ្តើម​ផ្ទុះ​ឡើង ការ​លក់​ទំនិញ​តាម​ទម្លាប់​បុរាណ​ក៏​ត្រូវ​ធ្លាក់​ចុះ​បណ្តើរៗ​»។

លោក​បាន​បន្ត​ទៀត​ថា៖« នៅ​ពេល​ដែល​ទូរស័ព្ទ​ស្មាតហ្វូត​ទំនើបៗ​​ត្រូវ​បាន​ផលិត​ឡើង អ្នក​ក៏​មិន​ចាំបាច់​ចំណាយ​បើក​កុំព្យូទ័រ​នៅ​ផ្ទះ​ទៀត​​ដែរ។ នៅ​ពេល​ដែល​មាន Facebook ឬ WeChat ចូល​មក​ដល់ ការ​ផ្ញើរ​សារ​តាម​កម្មវិធី​ចាស់ៗ​ក៏​លែង​ពេញនិយម​តទៅទៀត។ នៅ​មាន​អ្វីៗ​ជា​ច្រើន​ទៀត​សុទ្ធតែ​កំពុង​ផ្លាស់ប្ដូរ​ឥត​ឈប់ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ សូម​កុំ​បន្ទោស​វា​អី! អាជីវកម្ម​របស់​អ្នក​អាច​មាន​ឥទ្ធិពល​ជាង​អ្នកដទៃ​ក៏​ដោយសារតែ​អ្នក​ចេះ​ពង្រីក​វា​ឲ្យ​កាន់តែ​ធំ​ឡើងៗ ​មាន​ភាព​ច្នៃប្រឌិត ​និងអភិវឌ្ឍ​គំនិត​ថ្មីៗ​ឲ្យ​កាន់តែ​ប្រសើរ​ជា​លំដាប់ និង​ជា​ពិសេស​អាច​ធ្វើ​ឲ្យ​ពិភពលោក​ផ្លាស់ប្ដូរ​បាន»។

ស្ថាបនិក​រួម​របស់​ក្រុមហ៊ុន​យក្ស Alibaba រូប​នេះ​ក៏​បាន​ផ្តល់​ដំបូន្មាន​ផង​ដែរ​ពី​របៀប​ប្រើ​ពេលវេលា​ដើម្បី​ប្រមូល​យក​ផល​ពី​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ឲ្យ​គេ​ឃើញ។ ដំបូន្មាន​របស់​លោក​នោះ​គឺ​ថា៖ ​

-បើ​អ្នក​ចំណាយពេល​ផឹកស្រា​ អ្នក​នឹង​ក្លាយ​ជា​អ្នក​ប្រមឹក!

-បើ​អ្នក​ចំណាយពេល​រិះគន់​អ្នកដទៃ អ្នក​នឹង​​ក្លាយ​ជា​មនុស្ស​ដែល​ចូលចិត្ត​តែ​ស្តី​បន្ទោស​គេ!

-បើ​អ្នក​ចំណាយ​ពេល​ថែ​សម្រស់​របស់​អ្នក អ្នក​នឹង​ក្លាយ​ជា​ស្រី​ស្អាត​​ប្រុស​ស្អាត​!

-បើ​អ្នក​ចំណាយ​ពេល​ថែ​សុខភាព​ខ្លួន​ឯង អ្នក​នឹង​មាន​សុខភាព​ល្អ​អាច​រស់​នៅ​បាន​យូរ​អង្វែង!

-​បើ​អ្នក​ចំណាយពេល​រៀនសូត្រ​ អ្នក​នឹង​ក្លាយ​ជា​បុគ្គល​ប្រកប​ដោយ​គតិបណ្ឌិត!

-បើ​អ្នក​ចំណាយ​ពេល​ជាមួយ​គ្រួសារ​របស់​អ្នក អ្នក​នឹង​ទទួល​បាន​ក្តី ​ស្រលាញ់ និង សុភមង្គល​នៅ​ក្នុង​គ្រួសារ!

«ទង្វើ​បែប​ណា លទ្ធផល​បែប​នោះ! អ្នក​ណា​ជា​អ្នក​ធ្វើ​  អ្នក​នោះ​ជា​អ្នក​ទទួលផល!»។ លោក​ Jack Ma ​បាន​បន្ថែម៕

ប្រភព៖ bizkhmer.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK