រឿងអប់រំ៖ ប្រើខ្មោចឱ្យធ្វើស្រែ ពិតជាមានមែនឬ? អានរឿងនេះចប់អ្នកនឹងចំហមាត់សឹងមិនជឿ!
Connect with us

បែបផែនជីវិត

រឿងអប់រំ៖ ល្បិចប្រើខ្មោចឱ្យធ្វើស្រែ ពិតជាមានមែនឬ? អានរឿងនេះចប់អ្នកនឹងចំហមាត់សឹងមិនជឿ!

មានកសិកជាឪពុក និងកូន ដែលប្រកបមុខរបបសុចរិតជាអ្នកធ្វើស្រែចំការ ប៉ុន្តែដោយហេតុថាកូនរបស់គាត់ត្រូវគេចោទប្រកាន់ថា មានទោស…។ ដូច្នេះឪពុករបស់គេក៏នៅតែបន្តធ្វើស្រែកចំការដោយលំបាកតែឯង ព្រោះថាកូនរបស់គាត់ត្រូវជាប់ឃុំក្នុងគុកជាបណ្តោះអាសន្ត។

ដោយសារតែឪពុកចាស់ ពុំសូវមានកម្លាំងច្រើនក្នុងការធ្វើស្រែដូចកាលមានកូនប្រុសរបស់គាត់នៅជួយ ភោគផលទាំងបម្បាលន្មាន ត្រូវធ្លាក់ចុះជាលំកាប់ ដីស្រែគ្មានអ្នកភ្ជូររាស់ មើលថែល ។ល។ ជាងមួយឆ្នាំ ជីវភាពរបស់គាត់កាន់តែលំបាក និងមានជំងឺជាប់កាយទៀត ដែលធ្វើឲ្យគាត់ពុំអាចទៅភ្ជួរស្រែបានដូចមុនទៀតឡើយ។

ឆ្លៀតពេលដែលគាត់ធូរស្រាលខ្លះៗ គាត់ក៏បានធ្វើដំណើរយ៉ាងឆ្ងាយដើម្បីមកសួរសុខទុក្ខកូនប្រុសរបស់គាត់។ ពេលមកជួបនឹងកូនប្រុសរបស់គាត់ គាត់មានសេចក្តីត្រេកអរនិងសប្បាយចិត្តជាខ្លាំង ហើយជំងឺរបស់គាត់ក៏កាន់តែបានធូរស្រាលមួយកម្រិតទៀតផងដែរ។ ជាពិសេសគឺ គាត់បានពោលប្រាប់អំពីដំណើរនៃការងាររបស់គាត់មានការលំបាកជាងមុន ដោយកម្លាំងកាន់តែថមថយចុះជាបន្តបន្ទាប់… កូនប្រុសរបស់គាត់ ក៏បានប្រាប់ឪពុកថា «មិនអីទេពុក! ចាំកូននឹងជួយដល់ពុកនៅពេលដែលពុកទៅដល់ផ្ទះវិញ»។ ក្រោយពីការជួបជុំគ្នារួច ឪពុករបស់គេក៏វិលមកផ្ទះចាស់វិញ ដោយទុកឲ្យកូនប្រុសបន្តទោស ដោយពុំទាន់រកយុត្តិធម៌ឃើញនៅឡើយទេ។

ប៉ុន្មានថ្ងៃក្រោយមក កូនប្រុសរបស់គេក៏បាននិយាយជានឹងឆ្មាំគុកថា (អ្នកយាមគុក) “សូមពឹងលោកបង ជួយរកក្រដាស និងប៊ិកបន្តិចមក ដើម្បីឲ្យខ្ញុំបានសរសេរសំបុត្រផ្ញើទៅឪពុករបស់ខ្ញុំនៅផ្ទះ ព្រោះថាគាត់ជាមនុស្សចាស់ទៅហើយ នៅធ្វើស្រែតែម្នាក់ឯងយ៉ាងលំបាកទៀត។ ខ្ញុំមានទ្រព្យសម្បត្តិជាច្រើនលាក់កប់នៅក្នុងដីក្បែរផ្ទះរបស់ខ្ញុំ កាលពីពេលដែលខ្ញុំមិនទាន់ជាប់ឃុំនៅទីនេះ តែដោយហេតុពេលនេះខ្ញុំមិនអាចចេញទៅយកបាន សូមលោកបងជួយយកសំបុត្រនេះទៅឲ្យឪពុករបស់ខ្ញុំនៅឯផ្ទះផង ហើយពេលយកបានខ្ញុំនឹងចែកឲ្យលោកបងខ្លះដែរ ទុកថាជាការតបស្នងសងគុណ” បុរសនោះនិយាយជាមួយឆ្មាំគុក។

អ្នកយាមគុក គិតក្នុងចេះថា “គ្រប់ទឹកហើយអញ! យប់នេះអញនឹងទៅដល់មុនសំបុត្រនេះទៅដល់ផ្ទះវាឲ្យបាន ដើម្បីកាយរកទ្រព្យសម្បត្តិនោះឲ្យទាល់តែឃើញ”។ ឆ្មាំគុកគិតក្នុងចិត្តហើយ ក៏ហៅគ្នីគ្នាមួយក្រុមធំទៅលួចកាយរកទាំងយប់ គ្រប់សព្វទីកន្លែងនៅក្បែងបរិវេនផ្ទះ និងនៅជិតៗនោះ តែគ្មានឃើញហិបប្រាក់ និងកំណប់ដែលបុរសកំលោះពោលសោះ…។

លុះព្រឹកស្អែកឡើង ឪពុករបស់គេឃើញដីរបស់គាត់ត្រូវបានគេកកាយយ៉ាងល្អ ប្រៀបបាននឹងមានអ្នកយកក្របីមកភ្ជូរឲ្យគាត់ដូច្នេះដែរ។ កំពុងតែសប្បាយចិត្ត ក៏មានអ្នកយកសំបុត្រពីក្នុងគុកមកប្រាប់ថា:

-នេះជាសំបុត្ររបស់លោកអ៊ំ! កូនលោកអ៊ំ បានផ្ញើមកពីក្នុងគុកជូនលោកអ៊ំ…

-អើ! អ៊ំសូមអរគុណក្មួយហើយ។ សូមសំណាងល្អតាមផ្លូវ…

គាត់ញញឹមទាំងសប្បាយចិត្ត ហើយហែកសំបុត្រភ្លាម ព្រោះកំពុងតែនឹករលឹកដល់កូនផង និងចង់ដឹងថាមានអ្វីខ្លះក្នុងសំបុត្រនេះ? សេចក្តីក្នុងសំបុត្រនោះ មានដូចតទៅ៖

សូមគោរពលោកពុកពីចម្ងាយ! កូនពិតជាអតញ្ញូណាស់ ដែលមិនបាននៅជួយកម្លាំងដល់ពុក ដែលពុកជាមនុស្សវ័យចាស់ទៅហើយ ត្រូវមកលំបាកធ្វើការស្រែចំការបែបនេះទៀត។ កាលពីប៉ុន្មានថ្ងៃមុន ពុកមកលេងខ្ញុំ ហើយខ្ញុំក៏បានប្រាប់ពុកថា ខ្ញុំនឹងមានការដូជូនដល់ពុក ហើយយប់មិញនេះ គឺមានសត្វគោប៉ុន្មានក្បាលទៅជួយភ្ជួររាស់ដីយើងហើយ…។ ដូច្នេះពេលនេះ ចូរពុករកគ្រាប់ពូជព្រោះធ្វើការដាំដុះទៅ ចាំពេលដែលកូនចេញពីការឃុំឃាំងនេះ ចាំកូនជួយធ្វើការងារពុកបន្តទៀត។  ពីកូនដែលមិនបានការម្នាក់….

ឪពុកអានសំបុត្រនេះហើយ ពិតជាត្រេកអរខ្លាំងណាស់ និងមានមោទនភាពផង ដែលកូនរបស់គាត់មានប្រាជ្ញា ចេះប្រើខ្មោចឲ្យមកជួយភ្ជួរស្រែឲ្យគាត់ និងជួយកម្លាំងគាត់បានយ៉ាងច្រើនទៀត ទាំងដែលកូនរបស់គាត់ជាប់ឃុំនៅមិនទាន់បានចេញនៅឡើយ។ ដូច្នោះហើយ មនុស្សឆ្លាតពេលខ្លះ មិនបាច់ប្រើកម្លាំងបាយក៏អាចធ្វើការងារបានដោយងាយស្រួលជាងការប្រើកម្លាំងទៅទៀត ព្រោះតែគេមាននូវកម្លាំងនៃប្រាជ្ញាខាងក្នុងខួរក្បាលរបស់គេនោះឯង៕ (thebackways)

មតិយោបល់

Trending

Copyright © 2019 ANARCHAK