មានហេតុផលចឹងតើ ទើបអរិយធម៌ខ្មែរយើងមានការជឿងប់ខ្លាំងលើ "សិវលិង្គ" !!!
Connect with us

គួរដឹង

មានហេតុផលចឹងតើ ទើបអរិយធម៌ខ្មែរយើងមានការជឿងប់ខ្លាំងលើ “សិវលិង្គ” !!!

មានហេតុផលអ្វីខ្លះ ដែលអរិយធម៌ខ្មែរ ជឿលើសិវលិង្គ សម្រាប់ការព្យាបាលជំងឺ? ចិត្តវិទ្យា ឬចិត្តសាស្រ្ដនេះបានកើតមានលើមនុស្សគ្រប់រូបតាមរយៈជំនឿ (អារុក្ខ អារក្ស ទេវ ព្រះ….) កាណាមនុស្សយើងមានជំនឿនោះ ធ្វើឱ្យការ ព្យាបាលជំងឺក៏មានភាពសក្ដិសិទ្ធិតាមរយៈអារម្មណ៍ នោះផងដែរ ។

ក្នុងសង្គមខ្មែរឃើញមានតូបអ្នកតា ឬប្រាសាទតម្កល់លិង្គនៅជាច្រើនកន្លែង សម្រាប់ការបន់ស្រន់ សូម្បីតែក្នុងមន្ទីរពេទ្យទំនើបក៏មានតូបបន់ស្រន់នៅក្នុងនោះដែរ។ ចំពោះសច្ចភាពនៃការជឿទៅលើលិង្គព្រះសិវៈ ឬឥសូរនេះ សង្គមខ្មែរមានជំនឿលើលិង្គព្រះសិវៈនេះ តាំងពីដើមនៃគ្រិស្ដសករាជ តាមរយៈភស្ដុតាងនៃអរិយធម៌នគរភ្នំ ដែលមានរាជធានីនៅអង្គរបុរី ដែលមានភស្ដុតាងតាំងពីដើមសតវត្សរ៍ទី១នៃគ្រិស្ដសករាជ។ ស្លាកស្នាម ដែលបន្សល់ មាន ទួលអង្គ រហូតដល់បច្ចុប្បន្ន ក្នុងខេត្តកំពង់ស្ពី កំពត តាកែវ ព្រៃវែង ស្វាយរៀង និង ខេត្តកណ្ដាលជាដើម។ ទួលអង្គទាំងនោះជាទីតម្កល់ លិង្គព្រះឥសូរនោះឯង។

អ្វីទៅជាលិង្គ? វចនានុក្រមសម្ដេចសង្ឃជួនណាត បានសរសេរថា លិង្គ លិង(ន.) ភេទ; គ្រឿងសម្គាល់; លក្ខណៈ; អង្គជាតរបស់បុរស។ លិង្គព្រះឥសូរ ឬ សិវលិង្គ គឺដុំថ្មដែលគេឆ្លាក់ជារូបអង្គជាតបុរស សន្មត់ថាជារបស់ព្រះឥសូរ សម្រាប់គោរពបូជា តាមលទ្ធិរាមាយណៈ (ម. ព. អង្គ ២ ន. ផង) ចុះអ្វីទៅជាអង្គ? វចនានុក្រម សម្ដេចសង្ឃជួនណាត ដដែលបានសរសេរថា លិង្គ មកពីពាក្យអង្គ ហើយបានពន្យល់ពាក្យ អង្គកំណើតអវយវៈសម្រាប់បង្កើតកូន(អង្គជាត)។ អង្គជៈ (អង់-គៈជៈ) បុត្រ (កូនប្រុស)។ អង្គជា (អង់-គៈ–) បុត្រី (កូនស្រី)។

អង្គជាត (អង់-គៈ–) លិង្គ, យោនី(ខ្មាសបុរសឬស្ត្រី)។ សម្ដេចសង្ឃជួនណាត បានបន្ថែមគេអាចសរសេរថា អង់ (ន.) អង្គជាតព្រះឥសូរឬសិវលិង្គ។ ខ្មែរសម័យបុរាណហៅថ្មដែលធ្វើជារូបសិវលិង្គថា អង្គ (ហៅកាត់ខ្លីមកពីពាក្យ អង្គជាត), ហៅថ្មរូបឧមាយោនី (និមិត្តនាងឧមា) ថា បំពង់ខ្ចី; ទឹកដែលស្រោចលើថ្មទាំងពីរប្រភេទនោះ (សូមពរស្រីសួស្ដី…) ហៅថា ទឹកអង្គបំពង់ខ្ចី។ ក្នុងសម័យដែលខ្មែរកំពុងកាន់សាសនាព្រាហ្មណ៍ពេញទី, ឥស្សរជន និង ប្រជាជន ច្រើនជីកស្រះសាងអង្គទុកជាទីគោរពក្នុងទីប្រជុំជនមួយៗ សឹងនៅមានរូបនិងឈ្មោះជាប់មកដល់សព្វថ្ងៃនេះច្រើនអន្លើ ដូចយ៉ាង អង្គតាសោម, អង្គតារាជ, អង្គស្នួល ជាដើម (ម. ព. អង្គ ១ ន. ផង) ។ ជំនឿលើលិង្គ? ជំនឿលើសិវលិង្គមានតាំងពីសតវត្សរ៍ទី២ មុនគ្រិស្ដសករាជ មាននៅហ្គូឌីម៉ាល់ឡាំ ស្រុកចិត្រតួរ រដ្ឋអារញ្ញប្រទេស ប្រទេសឥណ្ឌា (Gudimallam is a small village located in Srikalahasti Mandal, of the Chittoor district of Andhra Pradesh, India.)។ ឥទ្ធិពលនៃអរិយធម៌ឥណ្ឌា បានចូលមកកម្ពុជាតាំងពីដើមគ្រិស្ដសករាជ មានភស្ដុតាងដំបូងនៅលើភ្នំដា រូងភ្នំ៥កន្លែងត្រូវបានបុព្វការីជនចោះដីតម្កល់ ថ្មសិវលិង្គ និងថ្មយោនី បច្ចុប្បន្នស្ថិតនៅស្រុកអង្គរបុរី ខេត្តតាកែវ។ អរិយធម៌ហិណ្ឌូ គោរពលើថ្មសិវលិង្គ និងថ្មយោនី បានរីកដុះដាលនៅកម្ពុជាក្រោម និងភាគខាងត្បូងកម្ពុជា បច្ចុប្បន្ន ដែលអ្នកស្រុកសព្វថ្ងៃហៅថាអង្គ ឬទួលអង្គ។

ជាការរំលឹកជាថ្មីថា ទួលអង្គ មាននៅក្នុងខេត្តតាកែវ កំពង់ស្ពឺ កំពត កណ្ដាល ព្រៃវែង និងស្វាយរៀងជាដើម ហើយក្នុងតំបន់ខ្លះ នាខេត្តទាំងនោះមានអង្គឬទួលអង្គ រហូតដល់៣០ក្នុងមួយឃុំ ការប្រតិបត្តិនេះត្រូវបានគោរពបូជា ដោយការបន់ស្រន់សម្រាប់ការព្យាបាលជំងឺ និងសេចក្ដីសុខផ្សេងៗ។ សម័យឦសានបុរៈ (សំបូរព្រៃគុគ) សតវត្សទី៦ ដល់ទី៨ នៃគ្រឹស្ដសករាជ មានបន្សល់សិវលិង្គ និង ថ្មយោនីធំៗ ជាច្រើនក្នុងប្រាសាទឥដ្ឋ ក្នុងក្រុងបុរាណនោះ (សព្វថ្ងៃមានតម្កល់នៅក្នុងសារៈមន្ទីរកំពង់ធំ)។ រហូតដល់សម័យអង្គរ ការគោរពលើលទ្ធិទេវរាជ របស់ព្រះបាទជ័យវរ្ម័នទី២ នាដើមសតវត្សទី៩ នៃគ្រឹស្ដសករាជ នៅលើកភ្នំគូលែន (សូមមើល ព្យាបាលរោគ នៅស្ទឹងលិង្គភ្នំគូលែន) មានអន្លង់ពងផ្កាយ ឬសហសលិង្គ ឬលិង្គមួយពាន់ ជាទីសម្រាប់ព្យាបាលរោគ និងជាបន្សុតភាពនៃទឹកមន្ដរបស់ក្រុងអង្គរ។ រហូតដលសព្វថ្ងៃនេះ ប្រជាជនខ្មែរតែងតែឡើងភ្នំគូលែន យកទឹកបរិសុទ្ទ ឬទឹកសក្ដិសិទ្ធិ នៅលិង្គមួយពាន់នេះមកព្យាបាលរោគ (នៅបាតស្ទឹងត្រង់លិង្គមួយពាន់នេះមានលិង១ធំជាងគេទំហំបយនម៉ែត្របួនជ្រុង)។ ឯទីក្រុងកោះកេរ ដើមសតវត្សទី១០ នៃគ្រឹស្ដសករាជ ក្នុងរាជ្យជ័យវរ្ម័នទី៤ ក៏មានប្រាសាទជាច្រើនបានតម្កល់លិង្គ និងយោនី ហើយមានចំពួយបង្ហូរទឹកចេញមកក្រៅ ដែលនាំឲ្យយើងសន្និដ្ឋានបានថា ជាប្រាសាទលិង្គសម្រាប់ព្យាបាលជំងឺ។

នាសតវត្សទី១០ នៃគ្រឹស្ដសករាជ រាស្រ្ដក្នុងនគរខ្មែរ កាន់យកជំនឿលើលិទ្ធិទេវរាជម្ដងទៀត ដោយគោរពនិងបូរជាចំពោះលិង្គ ព្រះឥស្វរៈ ឬលិង្គព្រះឥសូរ ក្នុងលិទ្ធិព្រាហ្មសាសនា។ ប្រាសាទលិង្គទីក្រុងកោះកេរ មាន ប្រាសាទលិង្គចំនួន៥ នៅកោះកេរសុទ្ធតែមានតម្កល់លិង្គនិងមានស្នាទ្រោនីបញ្ចេញមកក្រៅ(ជាទរទឹក) បែរទៅទិសខាងជើងជានិច្ច។ យើងមិនរាប់ប្រាសាទធំ ជាតួប្រាង្គនិងប្រាសាទតូចៗ ជារណបតាមច្រកចូលទៅប្រាង្គធំទេ ប្រសិនបើយើងរាប់ប្រាសាទរណបពីទិសខាងជើងដែលបែរមុខទៅរកប្រាសាទធំនោះមាន៖ ប្រាសាទលិង្គទី១, ប្រាសាទលិង្គទី២, ប្រាសាទលិង្គទី៣, ប្រាសាទលិង្គទី៤, ប្រាសាទស្រឡៅ (ជាអារោគ្យសាលា របស់ព្រះបាទជ័យវរ្ម័នទី៧), ប្រាសាទក្រចាប់ (មានសិលាចារឹកច្រើនជាងគេ ១៩ផ្ទាំង ១០ផ្ទាំងនៅល្អ), ប្រាសាទបេង, ប្រាសាទលិង្គទី៥ (សល់តែគ្រឹះ និងបំណែកលិង្គ), ប្រាសាទបន្ទាយពីរជាន់, ប្រាសាទចំរេះ, ប្រាសាទច្រាប, ប្រាសាទក្ទម្ភ, ប្រាសាទដំរី (ជ្រុងទាំង៤មានរូបដំរី), ប្រាសាទបឹងខ្នា, ប្រាសាទអោបនាង, ប្រាសាទចិន(កំពែង២ជាន់), ប្រាសាទតូច ឬប្រាសាទកូនដំរី (មានរូបដំរី), ប្រាសាទនាងខ្មៅ(តម្កល់លិង្គ) ប្រាសាទប្រាំ…។

ប្រាសាទលិង្គទាំង៥ និងប្រាសាទមានតម្កល់លិង្គនៅក្រុងលិង្គបុរៈ នោះប្រហែលជាទីស្ថានមន្ទីរពេទ្យមុនព្រះបាទជ័យវរ្ម័នទី៧ ទៅទៀត ដោយទីក្រុងកោះកេរ ជាទីក្រុងសតវត្សរ៍ទី១០ របស់ស្ដេចជ័យវរ្ម័នទី៤(គ.ស. ៩២១-៩៤៤)។ តាមសិលាចារឹកក្រុងនេះគឺ«លិង្គបុរៈ» លិង្គ គឺជានិមិត្ដរូបនៃការកកើត ហើយក៏ជាតំណាងឱ្យព្រះអាទិទេពនៃសាសនាព្រាហ្ម។ ព្រះបាទជ័យវរ្ម័នទី៤ ទ្រង់កសាងប្រាសាទទាំងឡាយនៅតំបន់នេះដើម្បីឧទ្ទិសដល់អាទិទេព នៃលទ្ធិហិណ្ឌូ របស់សាសនាព្រាហ្មជាពិសេសគឺព្រះសិវៈ។ ប្រាសាទលិង្គទាំង៥ ដែលតម្កល់លិង្គធំជាលំដាប់ រៀងពីទិសខាងជើងតមកត្បូង តម្កល់លិង្គធំជាងគេគឺនៅក្នុងប្រាសាទលិង្គខាងជើង រួចទំហំលិង្គនោះចុះតូចរហូតដល់ប្រាសាទលិង្គទី៥។ ស្នាទ្រោនីបញ្ចេញមកក្រៅ(ជាទរទឹក) បែរទៅទិសខាងជើងជានិច្ចនោះបញ្ជាក់ពីវិធីព្យាបាលដោយគ្រូថ្នាំ ឬអាចារ្យ ឬភៃសជ្សគុរុ នៅក្នុងប្រាសាទសូត្រពិធី ផ្សំឱសថបុរាណ ហើយស្រោចលើលិង្គ ហូរតាមស្នាទ្រោនី (ទរបង្ហូរ) មកក្រៅ ដែលអ្នកជំងឺចាំទទួលទឹកថ្នាំ ឬទឹកមន្ដ។ ដូច្នេះយើងអាចសន្និដ្ឋានថាការព្យាបាលរោគ ឬការបង្កើតមន្ទីរព្យាបាល ឬអារោគ្យសាលាគឺមានបន្តនិរន្តរភាពតាំងពីសម័យនគរភ្នំ រហូតដល់សម័យមហានគរ។

លោក មីសែល ត្រាណេ បានសរសេរថា ជំនឿព្រះសិវលិង្គ (លិង្គរបស់ព្រះសិវ ឬឥសូរ) ត្រូវបានគេបំភ្លេចចោលចាប់តាំងពីសតវត្សរ៍ទី១៤ នៃគ្រិស្តសករាជ ដោយហេតុថាព្រះពុទ្ធសាសនាហីនយានឬថេរវាទ បានក្លាយជាសាសនារដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា។ ការផ្លាស់ប្តូរសាសនាកន្លងទៅនេះហើយ បានបង្ហាញឲ្យគេឃើញថា ជនជាតិខ្មែរឈប់បានសាងសង់ប្រាសាទថ្មឬឥដ្ឋទៀតហើយ ព្រោះការបូជាលិង្គឈប់រីកសុសសាយដូចសម័យដែលខ្មែរគោរពព្រហ្មញ្ញសាសនា។ ក៏ប៉ុន្តែទោះបីយ៉ាងនេះក្តី ផ្អែកទៅលើមូលដ្ឋានវប្បធម៌ខ្មែរខាងលើនេះអាចឲ្យគេដឹងថា ជំនឿលើលិង្គដែលជាប្រពៃណីរបស់ខ្មែរ សុទ្ធសាធនៅបន្តជារៀងរហូតដល់សព្វថ្ងៃ សមស្របតាមវប្បធ៌មបូជាលិង្គ បង្កប់ដោយអត្ថន័យដ៏ធំទូលាយ និងដ៏ជ្រាលជ្រៅបំផុត ។

ការវិភាគទេវកថា ប្រពៃណីនីមួយៗ និងបដិមាសាស្ត្រ អាចធ្វើឱ្យយើងឃើញទស្សនៈរបស់ជនជាតិខ្មែរបុរាណនៅគ្រប់លំដាប់ថ្នាក់នៃសង្គមចំពោះសិវលិង្គ។ ចំពោះខ្មែរ លិង្គគឺមិនគ្រាន់តែរបស់ភេទប្រុសផ្តល់នូវភាពស្រណុកស្រួលក្នុងការរួមរក្សជាមួយភេទស្រីតែប៉ុណ្ណោះទេ ក៏ប៉ុន្តែជាប្រដាប់សម្រាប់បន្តពូជវង្សត្រកូលថែមទៀតផង។ សារសំខាន់របស់ទស្សនៈនេះ គឺស្ថិតនៅលើការតពូជពង្សវង្សត្រកូល ពោលគឺខ្មែរគោរពថ្វាយបង្គំព្រះសិវលិង្គ ក៏ដោយសារមូលហេតុចម្បងនេះដែរ។ មួយវិញទៀត ភាពរឹងមាំ ភាពអមតៈរបស់ព្រះលិង្គ ក៏ត្រូវមនុស្សខ្មែរប្រៀបផ្ទឹម ឬប្រដូចនឹងថ្មដែរ។ ហេតុដូច្នេះហើយ បានជាគេស្ថាបនាលិង្គថ្មសម្រាប់ជាសញ្ញានិមិត្តទុកជាទីសក្ការៈបូជា។ គេនៅចងចាំថា នាដើមសតវត្សរ៍ទី២០មុននេះ ស្ត្រីខ្មែរជាអ្នកស្រែចម្ការនៅខេត្តកំពត ជានិច្ចកាលបានឡើងភ្នំ ឬចូលក្នុងរូងភ្នំ ទោះបីហត់នឿយយ៉ាងណាក៏ដោយ ដើម្បីបន់ស្រន់សិវលិង្គ ដោយប្រាថ្នាចង់បានកូន។ នេះជាតម្រូវការសម្រាប់ប្រជាជនខ្មែរធម្មតា និងតម្រូវការរបស់មនុស្សខ្មែរទូទៅផង ។ ខ្មែរបានបូជាលិង្គ ក៏ព្រោះតែមូលហេតុខាងលើនេះ។

ការដែលគេយកព្រះសិវលិង្គមកផ្គុំ ឬផ្គួបជាមួយគ្នា និងយោនី បង្កប់នូវអត្ថន័យមួយដ៏ជ្រាលជ្រៅបំផុត គឺការរួមសង្វៈដោយសិប្បនិម្មិត នូវធាតុប្រុសនិងធាតុស្រី។ ព្រោះហេតុថា ជីវិតនៅក្នុងលោកិយយើងនេះ មិនអាចនឹងធានានូវនិរន្តភាព និងចីរភាពបានឡើយ កាលបើគ្មានការបញ្ចូលគ្នានូវបដិបក្សទាំងពីរខាងលើនេះ គឺភេទប្រុស និងភេទស្រី ដែលជាដៃគូខកខានពុំបានជាដាច់ខាត។ តាមរយៈចំពួយបង្ហូរទឹកមន្ត សាសនិកអាចស្រង់ទឹកមន្ត ដែលគេបានស្រោចច្រូចពីលើព្រះសិវលិង្គ សម្រាប់យកប្រើប្រាស់តាមតម្រូវការ ព្រោះគេចាត់ទុកថា ទឹកពិសិដ្ឋ អាចនាំមកនូវសិរីសួរស្តីគ្រប់ប្រការ៕ (ស្រាវជ្រាវដោយៈបណ្ឌិតធុយចាន់ធួន)

មតិយោបល់

អន្តរជាតិ3 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ4 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត4 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK