ហេតុអីប្រជាជននៅប្រទេសអ្នកមានដូចជាជប៉ុន និងកូរ៉េខាងត្បូងលែងនឹកនាចង់រៀបការ?
Connect with us

បែបផែនជីវិត

ហេតុអីប្រជាជននៅប្រទេសអ្នកមានដូចជាជប៉ុន និងកូរ៉េខាងត្បូងលែងនឹកនាចង់រៀបការ?

«ពេលណាឯងរៀបការ?» ជាសំណួរចាក់ដោតបំផុតដែលប្រជាជនកូរ៉េខាងត្បូងតែងតែត្រូវបានឪពុកម្តាយ បងប្អូន មិត្តភក្តិ មិត្តរួមការងារ និងសូម្បីមនុស្សមិនធ្លាប់ស្គាល់គ្នាសោះក៏សួរសំណួរមួយនេះដែរ។

តួយ៉ាងដូចជានារីអាយុ ៣៤ឆ្នាំម្នាក់រស់នៅទីក្រុងសេអ៊ូលបាននិយាយថា៖

«ប៉ាម៉ាក់ខ្ញុំតែងតែដាក់សម្ពាធលើខ្ញុំ សួរថាពេលណារៀបការ គ្រប់ពេលដែលខ្ញុំទៅលេងពួកគាត់។ ដំបូងពួកគាត់ដូចជានិយាយលេងសើចធម្មតា បន្ទាប់មកពួកគាត់ក៏ចាប់ផ្តើមនិយាយមែនទែនទាក់ទងទៅនឹងរឿងរៀបការនេះ។» 

នារីអាយុ ៣២ឆ្នាំម្នាក់ទៀតរស់នៅទីក្រុងសេអ៊ូលដូចគ្នាបានចែករំលែករឿងស្រដៀងគ្នានេះថា៖

«នៅពេលខ្ញុំជួបចាស់ៗជាលើកដំបូង ពួកគាត់តែងតែសួរខ្ញុំថាហេតុអ្វីបានជាខ្ញុំមិនទាន់រៀបការទៀត។ សំណួរនេះក្លាយជាសំណួរធម្មតា និងទូទៅសម្រាប់ចាស់ៗជនជាតិកូរ៉េសួរទៅហើយ។»

នាងបានបន្ថែមទៀតថា៖

«ក្មេងជំនាន់ក្រោយយល់ថាសំណួរនេះពិតជាខ្វះការគួរសម និងមិនចាំបាច់នោះទេ។»

បើទោះបីជាមានការសួរនាំជារឿយៗទាក់ទិនទៅនឹងរឿងរៀបការក៏ដោយ ក៏ប្រជាជនកូរ៉េខាងត្បូងមិនខ្វល់រឿងរៀការអីដែរ។ ជាក់ស្តែងប្រជាជនកូរ៉េខាងត្បូងភាគច្រើន ឬមួយចំនួនធំលែងគិតគូររៀបការ បង្កើតកូន ឬមានស្នេហាទៀតហើយ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ។

Image result for japanese marriage crisis

ការស្ទង់មតិមួយដែលធ្វើឡើងដោយវិទ្យាស្ថានសុខភាព និងកិច្ចការសង្គមកូរ៉េ បានចេញផ្សាយកាលពីដើមខែមករា ២០១៩នេះ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១២ គឺជាឆ្នាំចុងក្រោយ (ដែលតួលេខអាចរកបាន) ចំនួនអ្នកមានស្នេហាដែលមានអាយុពី ២០ឆ្នាំទៅ ៤៤ឆ្នាំ គឺមានតិចជាង ៤០ភាគរយ ហើយចំនួនអ្នកដែលរៀបអាពាហ៍ពិពាហ៍វិញគឺមានតិចជាងហ្នឹងទៅទៀត។

បន្ថែមពីនេះទៀត អត្រាកំណើតរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះទាបបំផុតនៅក្នុងពិភពលោក ពោលគឺធ្លាក់ត្រឹម ០.៩៥ នៅចុងឆ្នាំមុននេះ។  វាមានន័យថានៅក្នុងចំណោមស្រ្តីកូរ៉េទាំង ១០០នាក់ មានតែទារក ៩៥នាក់ប៉ុណ្ណោះដែលត្រូវបានបង្កើត។ ដើម្បីរក្សាចំនួនប្រជាជនឱ្យមានស្ថេរភាព អត្រាកំណើតរបស់កូរ៉េខាងត្បូងត្រូវការ ២.១។ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ទារកកូរ៉េខាងត្បូងមានជិត ១លាននាក់ត្រូវបានបង្កើតជារៀងរាល់ឆ្នាំ ប៉ុន្តែនៅក្នុងឆ្នាំ២០១៧វិញ ចំនួននេះបានថយចុះច្រើនជាងពាក់កណ្តាលទៅទៀត សល់ជាង  ៣៥៧.៧០០ នាក់ប៉ុណ្ណោះ។

មូលហេតុចម្បង ដោយសារការចំណាយថ្លៃពេកសម្រាប់ចិញ្ចឹមកូន ហើយប្រជាជនកូរ៉េខាងត្បូងត្រូវធ្វើការជាច្រើនម៉ោង ទើបហេតុនេះហើយពួកគេអស់អារម្មណ៍ មិនសូវខ្វល់ខ្វាយរឿងមានស្នេហា បង្កើតកូន និងបង្កើតគ្រួសារអីទៀតនោះទេ។

ជាក់ស្តែងនៅក្នុងសង្គមស៊ីវិល័យដែលឱ្យអាទិភាពលើការសិក្សា និងការងារចៀសជាងរឿងស្នេហានោះ ទើបធ្វើឱ្យប្រជាជនកូរ៉េខាងត្បូងសុខចិត្តនៅលីវ ច្រើនជាងមានគូ។ យោងតាមទិន្និន័យ OECD បានបង្ហាញថា នៅក្នុងឆ្នាំ២០១៧ ចំនួនមធ្យមនៃប្រជាជនកូរ៉េខាងត្បូងត្រូវធ្វើការមានចំនួនច្រើនម៉ោង ពោលគឺពួកគេត្រូវធ្វើការច្រើនជាងអាមេរិកដល់ទៅ ២៥០ម៉ោង និងច្រើនជាងអាល្លឺម៉ង់ដល់ទៅ ៤២៤ម៉ោងក្នុងមួយឆ្នាំ។  កាលពីឆ្នាំមុន ការស្ទង់មតិមួយលើមនុស្ស ១,១៤១នាក់តាមរយៈវេបសាយការងារ Job Korea និង Albamon បានរកឃើញថាមនុស្ស ៦៨.៣ភាគរយ ផ្តោតលើការងារច្រើនជាងការរៀបការ ខណៈពេលដែល ៤៧.៥ភាគរយបារម្ភរឿងហិរញ្ញវត្ថុ។

ទាក់ទិនទៅនឹងបញ្ហាខាងលើ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានដឹងអំពីបញ្ហានេះដែរ ដូច្នេះទើបពួកគេបានចំណាយលុយជាង ៣២.១ ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ២០០៥មកម្ល៉េះ ដើម្បីលើកទឹកចិត្តដល់ក្រុមគ្រួសារណាដែលមានកូន ហើយគ្រួសារនីមួយៗនឹងទទួលបានប្រាក់ឧបត្ថម្ភធនចំនួន ២៦៩ ដុល្លារជារៀងរាល់ខែដើម្បីជាការលើកទឹកចិត្តឱ្យប្រជាជនបង្កើតគ្រួសារ។

យ៉ាងណាមិញ សេដ្ឋកិច្ចវិទូលោក Kang Sung-jin បាននិយាយថា «វិធីសាស្រ្តខាងលើគឺគ្មានប្រសិទ្ធភាពនោះទេ ដោយសារតែការចំណាយលើថ្លៃអាពាហ៍ពិពាហ៍ និងចិញ្ចឹមកូនគឺមានតម្លៃថ្លៃពេក ហើយការផ្គត់ផ្គង់របស់រដ្ឋាភិបាលគឺមិនទាន់គ្រប់គ្រាន់នោះទេ៕» (khmerload)

មតិយោបល់

Trending

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.