អត្រាអ្នកកើតជម្ងឺផ្លូវចិត្តកើនខ្លាំង! ព្រះគ្រូ គូ សុភាពរំលឹកយុវវ័យកុំដាក់សម្ពាធខ្លួនឯងពេក!
Connect with us

បែបផែនជីវិត

អត្រាអ្នកកើតជម្ងឺផ្លូវចិត្តកើនខ្លាំង! ព្រះគ្រូ គូ សុភាពរំលឹកយុវវ័យកុំដាក់សម្ពាធខ្លួនឯងពេក!

បច្ចុប្បន្ននេះ គេសង្កេតឃើញថា អ្នកកើតជំងឺផ្លូវចិត្ត ( Stress ) ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ ហេតុដូច្នេះហើយទើបគេចង់ដឹងពីមូលហេតុ និង វិធីទប់ទល់ ចំពោះជំងឺនេះ ។

បើតាមការបកស្រាយរបស់ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ព្រះគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន គល់ទទឹង និង ជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តបានរៀបរាប់ឱ្យដឹងថា បើនិយាយពីអ្នកជំងឺផ្លូវចិត្តសព្វថ្ងៃមានច្រើនគួរកត់សម្គាល់ ដោយគ្រាន់តែនៅពេទ្យរុស្ស៊ីក្នុងមួយថ្ងៃមានអ្នកជំងឺផ្លូវចិត្តយ៉ាងតិចក៏ ៧០០ នាក់ដែរ ចូលពិគ្រោះយោបល់ និង រកថ្នាំព្យាបាល ដែលក្នុងនោះភាគច្រើនជាយុវវ័យ ។ នេះជាការចម្លែកដោយសារយុវវ័យជាវ័យដែលរឹងប៉ឹងមាំមួនមិនគួរមានបញ្ហាបែបនេះនោះទេ  ។

មានជំងឺចំនួន ២ ប្រភេទ ដែលធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្ត ក្នុងនោះគឺជំងឺធ្លាក់ទឹកចិត្ត (ចង់ស្លាប់) និង ជំងឺថប់អារម្មណ៍ (ខ្លាចស្លាប់) ។ ហើយចំពោះមូលហេតុ ដែលនាំឱ្យកើតមានជំងឺនេះមានកត្តា ២ សំខាន់ ក្នុងនោះគឺកត្តាសង្គម និង ការផ្លាស់ប្តូរគីមី ។

កត្តាសង្គមដែលនាំឱ្យកើតមានជំងឺនេះមានដូចជា យកខួរក្បាលគិតតែពីរឿងពិបាករកលុយ ការច្រណែនឈ្នានីស ការប្រជែងគ្នាមិនដឹងខុសត្រូវ ការរស់នៅមិនចុះសម្រុងគ្នា ក្នុងសង្គមមានបញ្ហាច្របូកច្របល់ តាមដានតែរឿងអាក្រក់ច្រើនដាក់ក្នុងចិត្ត ដេកមិនលក់ ជាដើម ។ ចំណែកកត្តាផ្លាស់ប្តូរគីមី វានាំដល់ការប៉ះពាល់អារម្មណ៍ ការគិតទៅជាស្រ្តេស ស្មុគស្មាញច្រើនរហូតអាចដល់ការពុលហើយស្លាប់ក៏មាន ។

នៅពេលសួរថា តើត្រូវធ្វើដូចម្តេចដើម្បីទប់ទល់ ឬ រាំងស្កាត់ជំងឺផ្លូវចិត្តនេះបាន ? ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព បានធ្វើការបកស្រាយថា ដើម្បីទប់ទល់ ឬ រាំងស្កាត់ជំងឺផ្លូវចិត្តនេះបាន គប្បីចេះសមាធិផ្លូវចិត្តប្រឹងរៀនរស់នៅដោយចេះសម្រួលផ្លូវចិត្តកុំគិតច្រើនពេក កុំលោភលន់ពេក ព្រោះសេចក្តីទុក្ខក្នុងជីវិតកើតចេញពីកាលោភលន់នេះ កុំដាក់សម្ពាធខ្លួនឯងខ្លាំងពេក ត្រូវចេះដាក់អម្រែកចោលខ្លះ មានពេលចេញដើរកម្សាន្ត ស្តាប់ធម៌អប់រំចិត្តឱ្យស្ងប់ ស្វែងយល់ពីដំណើរជីវិត ផ្តល់ក្តីស្រឡាញ់ សមាធិដេញធាតុអាក្រក់ចេញ នាំចូលធាតុល្អដាក់ខ្លួនមាន មេត្តា ករុណា ជាដើម ។

បើមានអ្នកជំងឺផ្លូវចិត្តក្នុងក្រុមគ្រួសារត្រូវនាំគ្នាស្វែងយល់អ្នកនោះ ចេះគាំទ្រលើកទឹកចិត្តជួយឧបត្ថម្ភផ្នែកស្មារតីកុំបណ្តោយឱ្យនៅតែឯង ។ ការដេកឱ្យគ្រប់គ្រាន់ ហូបអាហារឱ្យបានសមរម្យ ហាត់ប្រាណ សមាធិចិត្ត ជួបមិត្តភក្តិនិយាយលេង… អាចធ្វើការកាត់បន្ថយជំងឺផ្លូវចិត្តបាន៕ (popularkh)

មតិយោបល់

ពេញនិយម