ញាក់សាច់ ពេលដឹងជីវិតស៊ីវិល័យរបស់ស្តេចថ្នាំញៀនម៉ិចស៊ីកូ កាលមិនទាន់ចាប់ខ្លួនបាន!
Connect with us

គួរដឹង

ញាក់សាច់ ពេលដឹងជីវិតស៊ីវិល័យរបស់ស្តេចថ្នាំញៀនម៉ិចស៊ីកូ កាលមិនទាន់ចាប់ខ្លួនបាន!

អតីតស្តេចរត់ពន្ធថ្នាំញៀនម៉ិចស៊ីកូ Joaquin “El Chapo” Guzman (El Chapo មានន័យថា ‘តឿ’ ជាឈ្មោះហៅក្រៅតាំងពីតូច) ដែលល្បីកក្រើកទូទាំងពិភពលោក ធ្លាប់មានជីវិតដ៏ស៊ីវិល័យខ្លាំង មុនការចាប់ខ្លួនបានជាលើកទីបីដោយទាហានម៉ារីន និងប៉ូលិសសហព័ន្ធម៉ិចស៊ីកូ នៅថ្ងៃទី ៨ មករា ២០១៦ ហើយសាក្សីផ្តល់សក្ខីកម្មអំពីទ្រព្យសម្បត្តិរបស់មេឧក្រិដ្ឋជននេះ ជាអតីតបនភឿនដ៏ស្និទ្ធស្នាលនៅក្រុមកាតែលរបស់ខ្លួន លោក Migeul Angel Martinez ។

សាក្សីបានរៀបរាប់នៅសវនាការក្នុងទឹកដីអាមេរិក កាលពីថ្ងៃអង្គារទី ២៧ ខែវិច្ឆិកា ២០១៨ បានប្រាប់គណៈវិនិច្ឆ័យថា “ការផ្ទុះប្រើកូកាអ៊ីន” នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ជាដើមចមនៃជីវភាពដ៏ហ៊ឺហារបស់ស្តេចគ្រឿងញៀននេះ។ គេមានផ្ទះនៅគ្រប់មាត់ឆ្នេរ ដោយមានផ្ទះមួយនោះតម្លៃ ១០ លានដុល្លារឯណោះ ព្រមទាំងមានវាលចិញ្ចឹមសេះនៅគ្រប់រដ្ឋ (នៅម៉ិចស៊ីកូ)។ គេក៏ផ្តល់រង្វាន់ដល់បុគ្គលិកនូវរថយន្តប្រណីតៗផងដែរ។

Guzman បានប្រើយន្តហោះឯកជនរបស់ខ្លួនជិះជុំវិញម៉ិចស៊ីកូ ជាមួយអង្គរក្សប្រដាប់អាវុធ ដើម្បីទៅលេងគ្រប់ផ្ទះរបស់ខ្លួន រួមទាំងផ្ទះមាត់ឆ្នេរ Acapulco ដែលមានសួនសត្វ ជាមួយកូនរទេះភ្លើងសម្រាប់ជិះមើលសត្វតោ ខ្លានិងខ្លារខិន។ កប៉ាល់លំហែកាយដែលចតទីនោះឈ្មោះ Chapito ក៏ជាកម្មសិទ្ធិរបស់គេដែរ។

នៅមានការចំណាយផ្សេងទៀតលើស្រីៗបួនប្រាំនាក់ក្នុងជីវិតរបស់គេ។ ពេលខ្លះ អតីតក្មេងក្រីក្ររូបនេះចង់ស្គាល់រសជាតិធ្វើដំណើរជុំវិញពិភពលោក ដោយធ្លាប់ទៅម៉ាកាវលេងល្បែង និងទៅស្វ៊ីសដើម្បីព្យាបាលកោសិការក្សាសម្រស់ឱ្យនៅក្មេងផងដែរ។  

ក្រៅពីទ្រព្យសម្បត្តិដែលសរុបទៅប្រមាណ ៤ ពាន់លានដុល្លារ Martinez ក៏បានរៀបរាប់ពីវិធីដែលក្រុម Sinaloa រត់ពន្ធកូកាអ៊ីនរាប់តោនចូលទឹកដីសហរដ្ឋអាមេរិកផងដែរ គឺតាមផ្លូវក្រោមដីក្រោមព្រំដែន តាមឡានដឹកសាំងដែលមានថតសម្ងាត់ និងក្នុងកំប៉ុងម្រេចក្លែងក្លាយ ហើយអ្វីដែលត្រឡប់មកវិញតាមផ្លូវផ្សេង គឺលុយសុទ្ធរាប់សិបលានដុល្លារ ខណៈលុយមួយចំនួនធំត្រូវដឹកទៅក្រុង Tijuana ជាកន្លែងដែល Guzman តែងបញ្ជូនយន្តហោះឯកជនបីគ្រឿងក្នុងមួយខែៗឱ្យទៅដឹកលុយ និងជាមធ្យមក្នុងមួយគ្រឿងដឹកលុយ ១០ លានដុល្លារ។

ក្រុមនេះបានប្រើឃ្លាំងលាក់អាវុធនិងស្បៀង ដើម្បីលាក់លុយទាំងនោះ។ ចំណែកវ៉ាល្លីម៉ាក Samsonite ដែលដាក់លុយអាមេរិកណែនៗ ក៏ត្រូវបានយកទៅធនាគារម៉ិចស៊ីកូ ដែលបុគ្គលិកទីនោះត្រូវបានសូកប៉ាន់បំបិទមាត់ ដើម្បីប្តូរលុយនោះជាលុយម៉ិចស៊ីកូវិញ។  

ជីវិតស្តុកស្តម្ភជះលុយលំដាប់មហាសេដ្ឋីបានប្រែជារលាយអស់ ដោយសារសង្គ្រាមបង្ហូរឈាមដណ្តើមតំបន់កាន់កាប់ជាមួយក្រុមគូប្រជែង ដែលបណ្តាលឱ្យស្ថានភាពក្តៅគគុករហូតដល់ក្រុមនោះបញ្ជូនឃាតករមួយក្រុមទៅព្រលានយន្តហោះក្នុងក្រុង Guadalajara ដើម្បីសំឡេះ Guzman ចោល។

ប៉ុន្តែពួកគេបានសម្លាប់អាចារ្យកាតូលិកម្នាក់ទៅវិញ ដែលធ្វើឱ្យមហាជនម៉ិចស៊ីកូខឹងសម្បារយ៉ាងខ្លាំង រហូតមានការតាមប្រមាញ់ទ្រង់ទ្រាយធំដើម្បីចាប់ Guzman រួចចាប់ខ្លួនបានសម្រេច មុនផែនការរត់ទៅលាក់ខ្លួននៅប្រទេស អែលសាល់វ៉ាឌ័រ។  

Guzman ត្រូវបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៩ ខែមករា ២០១៧ ពីប្រទេសម៉ិចស៊ីកូ។ ថ្វីបើរងការចោទប្រកាន់ពីបទជួញដូរថ្នាំញៀន ប៉ុន្តែគាត់ឆ្លើយថាមិនបានធ្វើដូចការចោទឡើយ ខណៈមេធាវីរបស់បុរសវ័យ៦៣ឆ្នាំនេះ អះអាងថាកូនក្តីរបស់ខ្លួនត្រូវបានទម្លាក់កំហុសដោយដៃគូដែលមិនស្មោះត្រង់។

ក្នុងការថ្លែងបើកសវនាការ មេធាវីចុងចោទបានលើកឡើងថា Martinez មិនអាចទុកចិត្តក្នុងការយកធ្វើសាក្សីទេ ព្រោះគេមានទម្លាប់លេងថ្នាំកូកាអ៊ីនកម្រិតធ្ងន់ធ្ងរពេក កាលនៅធ្វើការឱ្យ Guzman រហូតដល់ខូចច្រមុះទៀតផង។

ទោះយ៉ាងណា មេខ្លោងថ្នាំញៀនដែលមានប្រពន្ធយ៉ាងតិចបួន និងកូនចៅយ៉ាងតិចដប់នាក់ បានសារភាពថា គេធ្លាប់ប្រើកូកាអ៊ីនម្តងបួនក្រាមរាល់ថ្ងៃ ប៉ុន្តែខានប៉ះពាល់ថ្នាំនេះអស់ ២០ ឆ្នាំមកហើយ។

គួរបញ្ជាក់ថា Martinez បានផ្តល់សក្ខីកម្មនៅសប្តាហ៍ទីបី ក្នុងតុលាការសហព័ន្ធសង្កាត់ Brooklyn ជាកន្លែងដែលមានបញ្ហាតូចមួយជុំវិញរឿងព្រះរាជអាជ្ញា ចោទប្រកាន់មេធាវីចុងចោទពីបទបំពានវិធានការសន្តិសុខតឹងរ៉ឹង ដោយឱ្យប្រពន្ធរបស់ Guzman លោកស្រី Emma Coronel ប្រើទូរសព្ទដៃក្នុងសាលតុលាការ។

យ៉ាងណាក្តី ចៅក្រមបានបញ្ជាក់កាលពីថ្ងៃអង្គារថា រាល់កង្វល់បន្ទាន់ៗត្រូវបានដោះស្រាយរួចរាល់អស់ហើយ៕ (khmerload)

មតិយោបល់

ពេញនិយម