ម្ចាស់អគារវឌ្ឍនៈតម្លៃ ១០០លានដុល្លារ តស៊ូពីអ្នកលក់អំបោះហុងរហូតក្លាយជាសេដ្ឋី!
Connect with us

គួរដឹង

ម្ចាស់អគារវឌ្ឍនៈតម្លៃ ១០០លានដុល្លារ តស៊ូពីអ្នកលក់អំបោះហុងរហូតក្លាយជាសេដ្ឋី!

អគារវឌ្ឍនៈកាពីតាល ដែលមានតម្លៃជាង ១០០លានដុល្លារ ត្រូវបានដាក់សម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។

អគារដ៏ខ្ពស់មួយ នៅកណ្ដាលទីក្រុងភ្នំពេញនេះ ត្រូវបានដាក់រហ័សនាមថា «ចក្កវាឡប្លែក គេ» ដែលមានកម្ពស់៣៩ជាន់ ស្មើនឹងកម្ពស់សរុប ១៨៦ ម៉ែត្រ គឺជាអគារពាណិជ្ជកម្ម និងបណ្តុំសេវាកម្ម ចម្រុះជាច្រើន រួមមាន ទីតាំងសម្រាប់ប្រើប្រាស់ធ្វើជាការិយាល័យ ធ្វើសណ្ឋាគារ ភោជនីយដ្ឋាន និងផ្សារទំនើប ព្រមទាំងមាន ហាងលក់ទំនិញ ដែលមានម៉ាកល្បីៗ លំដាប់អន្តរជាតិ ទៀតផង។

គូសបញ្ជាក់ថា អគារនេះ មានតម្លៃជាង ១០០លានដុល្លារ ដោយបានបញ្ចប់ ការសាងសង់ទាំងស្រុងកាលពីឆ្នាំ២០១២ ​ហើយបានបើកសម្ពោធលើកដំបូង​ គឺនៅល្ងាចថ្ងៃទី ២៦ ឧសភា ២០១៨​នេះ រួមគ្នាជាមួយការបើកឱ្យដំណើរការ សណ្ឋាគារលំដាប់ផ្កាយប្រាំ Rosewood នៅជាន់ទី៣៩ ផុតគេនៅក្នុងអគារនេះផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងការ កោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់ម្ចាស់ក្រុមហ៊ុនវឌ្ឍនៈ ដែលចាប់ផ្តើមពីរនាក់ប្តីប្រពន្ធ ដំបូងឡើយគ្រាន់តែជាអ្នកលក់អំបោះហុង តែប៉ុណ្ណោះ ក៏ប៉ុន្តែដោយសារតែ ការខិតខំប្រឹងប្រែង និងការព្យាយាម ស្របពេលដែលប្រទេសកម្ពុជា មានសុខសន្តិភាព ទើបធ្វើឲ្យពួកគាត់ទទួលបាននូវភាពជោគជ័យដល់សព្វថ្ងៃនេះ។​

នាឱកាសនេះ សម្តេច ក៏បានជំរុញឲ្យក្រុមពាណិជ្ជករ ក៏ដូចជាអ្នកដែលមានទ្រព្យធន ក្នុងប្រទេសកម្ពុជាគួរទិញឧទ្ធម្ភាគចក្រ សម្រាប់ធ្វើដំណើរដោយខ្លួនឯង ពីព្រោះវាអាចបម្រើប្រយោជន៍ជាច្រើន ហើយសម្តេច ក៏បានជំរុញឲ្យមានការនាំចូលនូវឧទ្ធម្ភាគចក្រផងដែរ៕ (businesscambodia)

មតិយោបល់

Trending