ព្រឺឆ្អឹងខ្នង! នេះជារូង​ភ្នំ​នាង​វិមាន​ចន្ទន៍ បង្កប់​អាថ៌កំបាំង​ធ្លាយ​​ពី​​ភ្នំ​ជីសូរ្យ ដល់​ភ្នំ​ស្រង់ មាន​តែ​ចៅអធិការ ៦​ជំនាន់​ប៉ុណ្ណោះធ្លាប់​ឆ្លង​ផុត
Connect with us

គួរដឹង

ព្រឺឆ្អឹងខ្នង! នេះជារូង​ភ្នំ​នាង​វិមាន​ចន្ទន៍ បង្កប់​អាថ៌កំបាំង​ធ្លាយ​​ពី​​ភ្នំ​ជីសូរ្យ ដល់​ភ្នំ​ស្រង់ មាន​តែ​ចៅអធិការ ៦​ជំនាន់​ប៉ុណ្ណោះធ្លាប់​ឆ្លង​ផុត

ប្រិយមិត្ត​ទាំង​អស់​គ្នា ប្រាកដ​ជា​ធ្លាប់​លឺ​ពី​ភ្នំ​ជីសូរ្យ ព្រម​ទាំង​​ប្រាសាទ​នៅ​លើ​កំពូល​ភ្នំ​នោះ ប៉ុន្តែ​តិច​តួច​បំផុត​ដែល​ធ្លាប់​ដឹង​ថា មាន​រូង​ភ្នំ​យ៉ាង​ជ្រៅ​មួយ​ឈ្មោះ “រូង​ភ្នំ​នាង​វិមាន​ចន្ទន៍” លាត​សន្ធឹង​ពី​ភ្នំ​ជីសូរ្យ រហូត​ធ្លាយ​ដល់​ភ្នំ​ស្រង់​ឯណោះ។ បើ​តាម​ការ​រៀប​រាប់​របស់​ចាស់​ព្រឹទ្ធាចារ្យ​នៅ​លើ​ភ្នំ​នោះ បាន​ឲ្យ​ដឹង​ថា មាន​តែ​ចៅ​អធិការ​ទាំង៦ ជំនាន់​មុន​ប៉ុណ្ណោះ ធ្លាប់​ឆ្លង​ទៅ​ដល់​ផ្នែក​ម្ខាង​ទៀត ខណៈ​បច្ចុប្បន្ន វា​បាន​បិទ​ជិត​ផ្លូវ​ចូល​បាត់​ទៅ​ហើយ។

បើ​តាម​ឆ្មាំ​ការពារ​លើ​កំពូល​ភ្នំ បាន​ឲ្យ​ដឹង​ថា រូង​ភ្នំ​នាង​វិមាន​ចន្ទន៍ ស្ថិត​នៅ​ចម្ងាយ​ ១៥០​ម៉ែត្រ ពី​ទី​អារាម​វត្ត​សព្វ​ថ្ងៃ។ កាល​ដំបូង​ឡើយ រូង​នេះ នៅ​កណ្ដាល​ព្រៃ​ដ៏​ជ្រៅ​ស្ងាត់ គ្មាន​នរណា​បាន​ទៅ​ដល់​ឡើយ។ ក្រោយ​មក ក្រុម​អ្នក​អភិរក្ស​ក៏​បាន​នាំ​គ្នា​ត្រួស​ត្រាយ​ផ្លូវ​ដើម្បី​ចូល​ទៅ​ដល់​ច្រក​ចូល​នៃ​រូង​ភ្នំ ក្នុង​គោល​បំណង​ឲ្យ​កូន​ខ្មែរ​បាន​ស្គាល់​ពី​សម្បត្តិ​ធម្មជាតិ​ទាំង​ឡាយ ដែល​ខ្លួន​មាន​តាំង​ពី​បុរាណ​កាល​មក។

បើ​តាម​ដំណាល​ត​គ្នា​បាន​ឲ្យ​ដឹង​ថា រូង​ភ្នំ​នេះ​មាន​ច្រក​ចូល​ពី​ភ្នំ​ជីសូរ្យ ហើយ​មាន​ច្រក​ចេញ​នៅ​ឯ​ភ្នំ​ស្រង់​ឯ​ណោះ។ កាល​ពី​ជំនាន់​មុន មិន​ធ្លាប់​មាន​នរណា​ហ៊ាន​ចូល​ទៅ​ឡើយ គឺ​មាន​តែ​ចៅ​អធិការ ៦​ជំនាន់ បាន​ចូល​ទៅ​រក​កន្លែង​សមាធិ រួច​ក៏​ឆ្លង​ទៅ​ដល់​ទី​ម្ខាង​ទៀត នៅ​ភ្នំ​ស្រង់ និង​បាន​យក​មក​ប្រាប់​អ្នក​នៅ​លើ​ភ្នំ​នេះ​គ្រប់​គ្នា។ ចំណែក​លោក​តា​ឈ្មោះ ខាត់ សុខ ដែល​ជា​ឆ្នាំ​ប្រាសាទ បាន​និយាយ​ថា ធ្លាប់​ចូល​ទៅ​ក្នុង​បាន​ជម្រៅ ៥០​ម៉ែត្រ មុន​ជំនាន់​ លុន នល់។

ជា​អកុសល កាល​ជំនាន់​របប​សាធារណរដ្ឋ​ខ្មែរ លោក លុន នល់ បាន​ទៅ​ពឹង​អាមេរិក​ទម្លាក់​គ្រាប់​បែក និង​ទម្លាក់​មក​ចំ​ភ្នំ​ជី​សូរ្យ​ជា​ច្រើន​គ្រាប់ ធ្វើ​ឲ្យ​ច្រក​ចូល​ត្រូវ​បិទ​ជិត ហើយ​សព្វ​ថ្ងៃ អាច​ចូល​បាន​ទៅ​ត្រឹម​ជម្រៅ ៣ ទៅ ៤ម៉ែត្រ​ប៉ុណ្ណោះ។ ទោះ​យ៉ាង​ណា ក្នុង​ជម្រៅ ៣ ៤​ម៉ែត្រ​នេះ ក៏​មាន​ទិដ្ឋភាព​ស្អាត និង​បង្កប់​ដោយ​រឿង​រ៉ាវ​ជា​ច្រើន ប៉ុន្តែ​មិន​សូវ​មាន​អ្នក​ដឹង បាន​ទៅ​ដល់​ឡើយ បើ​ទោះ​ឡើង​ដល់​ភ្នំ​ជីសូរ្យ​ក៏​ដោយ។

គួរ​បញ្ជាក់​ថា ភ្នំជីសូរ្យ គឺ​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដ៏​ពេញ​និយម​មួយ​នៅ​ខេត្ត​តាកែវ ស្ថិត​នៅ​ក្នុង​ស្រុក​សំរោង ខេត្ត​តាកែវ។ បើ​គិត​ពី​ភ្នំពេញ ភ្នំ​នេះ​​មាន​ចម្ងាយ​ប្រមាណ​ជាង ៦០​គីឡូម៉ែត្រ។ នៅ​លើ​ភ្នំ​នេះ មាន​សំណង់​ចាស់​ៗ ដែល​មាន​តាំង​ពី​ដើម​សតវត្តទី១១។ លើស​ពី​នេះ នៅ​ភ្នំ​ក៏​មាន​បន្សល់​ទុក​ប្រាសាទ​បុរាណ​មួយ រចនាបថ​ថ្ម​បាយ​ក្រៀម និង​ថ្ម​ភក់​គួរ​ឲ្យ​ចង់​ទស្សនា មាន​ឈ្មោះ​ថា ប្រសាទ​ភ្នំ​ជីសូរ។

ដើម្បី​ឡើង​ទៅ​ដល់​កំពូល​ភ្នំ មាន​ជណ្ដើរ ៣ ចេញ​ពី​ទិស​ផ្សេង​គ្នា មាន​ប្រវែង​ស្មើៗ​គ្នា ប៉ុន្តែ​កាំជណ្ដើរ​មាន​ចំនួន​ខុស​គ្នា។ ជណ្ដើរ​បុរាណ​នៅ​​ទិស​ខាង​ត្បូង មាន ៤១២​កាំ និង​ជណ្ដើរ​នៅ​ទិស​ខាង​លុច មាន ២៣៣ កាំ ហើយ​ជណ្ដើរ​នៅ​ទិស​ខាង​កើត មាន ៦១០​កាំ។ នៅ​លើ​ភ្នំ​នោះ ក៏​មាន​វត្ត​មួយ​ឈ្មោះ​ថា វត្ត​ភ្នំ​គិរី​សោភណ្ឌ​ភ្នំ​ជីសូរ៕ (cambonews.online)

មតិយោបល់

ពេញនិយម