ញាក់សាច់ ពេលបានអានប្រវត្តិសិក្សា កុមារភាព និងជីវិតនយោបាយដ៏អស្ចារ្យបំផុតរបស់ លីខ្វាន់យូ! - ANARCHAK
Connect with us

បែបផែនជីវិត

ញាក់សាច់ ពេលបានអានប្រវត្តិសិក្សា កុមារភាព និងជីវិតនយោបាយដ៏អស្ចារ្យបំផុតរបស់ លីខ្វាន់យូ!

លោក លី-ក្វាន់យូ (កើតនៅថ្ងៃទី ១៦ កញ្ញា ១៩២៣-១៥ មីនា ២០១៥)។ លោកជា នាយករដ្ឋមន្ត្រីដំបូងបំផុត របស់សាធារណរដ្ឋសិង្ហបុរី ចាប់ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៩០។ បន្ទាប់ពីលោកចុះពីតំណែង ក៏ដោយ លោកនៅតែជាអ្នកនយោបាយ ដ៏មានឥទ្ឋិពលម្នាក់នៅសិង្ហបុរី។ នេះបើយោងតាមការចុះផ្សាយ របស់វែបសាយ Wikipedia ជាភាសាខ្មែរ។

អំពីគ្រួសារ

លោក លី ក្វាន់យូ ជាកូនចៅជំនាន់ទី៤ នៃគ្រួសារចិនសិង្ហបុរីមួយ។ លោកតាទួតរបស់លោក បានធ្វើអន្តោប្រវេសន៍មកពីខេត្តគ័ងដុង ប្រទេសចិន នៅឆ្នាំ ១៨៦២។ លោកជាកូនប្រុសច្បងរបស់ លោក លី ជីនគូន (Lee Chin Koon) និងអ្នកស្រី ជួ ជីមនាវ (Chua Jim Neo)។ កាលពីកុមារភាព លោកទទួលឥទ្ឋិពលពីវប្បធម៌អង់គ្លេសច្រើន ដោយសារជីតា និងឪពុករបស់លោក ដែលបានរៀនសូត្រភាសាអង់គ្លេសបានជ្រៅជ្រះ។ ជីតារបស់លោកដាក់ឈ្មោះ ជាភាសាអង់គ្លេស មួយដល់លោកថា ហារី បន្ថែមពីលើឈ្មោះជាភាសាចិនរបស់លោកដែល ឪពុកលោកដាក់អោយ។ ហេតុនេះលោកតែងត្រូវបានគេហៅថា ហារី ក្នុងចំនោមមិត្តភក្ដិស្និទ្ឋស្នាល និងគ្រួសាររបស់លោក។

លោករៀបអាពាហ៍ពិពាហ៍ ជាមួយអ្នកស្រី ក្វា ហ្គ័កចូ (Kwa Geok Choo)នៅថ្ងៃទី៣០ កញ្ញា ១៩៥០។ លោកមានកូនប្រុស២នាក់ និងកូនស្រីម្នាក់។ សមាជិកគ្រួសារត្រកូលលី ជាច្រើនកាន់តំណែងសំខាន់ៗ ក្នុងសង្គមសិង្ហបុរី។ កូនប្រុសនិងកូនស្រីរបស់លោកកាន់តំណែង យ៉ាងខ្ពស់ក្នុងជួររដ្ឋាភិបាល។ កូនប្រុសច្បងរបស់ លោក គឺលោក លី សៀនលូង ដែលជាអតីតឧត្តមសេនីយ៍ម្នាក់ បានក្លាយជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុតាំងពីឆ្នាំ២០០៤។ លោកក៏ជាប្រធានក្រុមហ៊ុន វិនិយោគទុនរបស់រដ្ឋាភិបាលសិង្ហបុរី (Government of Singapore Investment Company) ហើយកូនប្រុសរបស់ លោកជាអនុប្រធាន។ កូនប្រុសពៅរបស់ លោកឈ្មោះ លី សៀនយ៉ាង ដែលជាអតីតឧត្តមសេនីយ៍ ផងនោះ ជានាយក និងប្រធានប្រតិបត្តិក្រុមហ៊ុន SingTel (ក្រុមហ៊ុនទូរគមនាគមន៍ ដ៏ធំនួយនៅសិង្ហបុរី)។ កូនស្រីរបស់លោកឈ្មោះ លី វ៉ីលីង គ្រប់គ្រងវិទ្យាស្ថានវិទ្យាសាស្ត្រ សសៃប្រសាទជាតិ (the National Neuroscience Institute)។

ជីវិតកាលពីកុមារភាព និងប្រវត្តិសិក្សា

លោក លី ក្វាន់យូ បានចូលសិក្សានៅ សាលាបឋមសិក្សាតេឡុកគូរ៉ៅ(Telok Kurau Primary School), ស្ថាប័នរ៉ាហ្វល(Raffles Institution) និងមហាវិទ្យាល័យរ៉ាហ្វល(Raffles College)។ ការសិក្សានៅមហាវិទ្យាល័យ របស់លោកត្រូវបានពន្យាពេល ដោយសារសង្គ្រាមលោកលើកទី២ និងការចូលមកកាន់កាប់ របស់ជប៉ុនពីឆ្នាំ ១៩៤២ដល់១៩៤៥។ ក្នុងរយៈពេលនេះ លោកបានរកស៊ីលក់ កាវវិទ្យាសាស្ត្រឈ្មោះ Stikfas យ៉ាងជោគជ័យក្នុងផ្សារងងឹត។ ដោយសារលោកបានរៀន ជាភាសាចិន និងជប៉ុន តាំងពីឆ្នាំ១៩៤២ លោកមានសមត្ថភាពក្នុងការបកប្រែ សារទូរលេខរបស់ ពួកសម្ព័ន្ឋមិត្ត អោយពួកជប៉ុន។ លោកក៏បានធ្វើជាអ្នកនិពន្ធ ផ្នែកភាសាអង់គ្លេស អោយមន្ទីរព័ត៌មាន ជប៉ុន ហូដូប៊ុផងដែរពីឆ្នាំ ១៩៤៣ដល់១៩៤៤។

បន្ទាប់ពីសម័យសង្គ្រាម លោកបាន ចូលសិក្សា ផ្នែកច្បាប់នៅមហាវិទ្យាល័យ ហ្វីតវីលៀម,ខេមប៊្រីដ (Fitzwilliam College, Cambridge) នៅរាជាណាចក្ររួម។ លោកបានបញ្ចប់ការសិក្សាដោយ បានទទួល សញ្ញាប័ត្រកិត្តិយសថ្នាក់ទី១ ផ្កាយ២ (Double Starred First Class honours)។ បន្ទាប់មកលោក ចូលរៀនច្បាប់ នៅសាលាសេដ្ឋកិច្ចឡិនដិន ផងដែរ។ លោកវិលត្រលប់មកសិង្ហបុរីវិញនៅឆ្នាំ ១៩៤៩ ដោយចាប់យក អាជីពជាមេធាវី។
ជីវិតនយោបាយពីឆ្នាំ ១៩៥១ដល់១៩៥៩

មុនការបង្កើត គណបក្សសកម្មភាព ប្រជាជន (People’s Action Party ហៅកាត់ថា PAP)

បទពិសោធន៍ នយោបាយដំបូងបំផុត របស់លោកចាប់ផ្ដើម នៅពេលលោកធ្វើជាភ្នាក់ងារ បោះឆ្នោតអោយចៅហ្វាយរបស់ លោកគឺលោក ចន ឡេយខក់ (John Laycock) ក្រោមផ្លាកគណបក្សឆ្ពោះទៅ មុខ (Progressive Party)(និន្នាការអង់គ្លេស) នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សានី តិបញ្ញត្តិ(Legislative Council Elections)នៅឆ្នាំ ១៩៥១។ ប៉ុន្តែលោកបានសំលឹង ឃើញថា អនាគតរបស់ គណបក្សនេះមានភាពស្រពិចស្រពិល ដោយគ្មានអ្នកគាំទ្រទ្រង់ទ្រាយធំ ជាពិសេសពី សំណាក់វណ្ណៈកម្មករនិយាយភាសាចិន។ ការបំបែកខ្លួនរបស់ លោកធ្វើឡើងនៅពេលលោក ធ្វើជាទីប្រឹក្សាច្បាប់ អោយសហព័ន្ឋនិស្សិត និងពាណិជ្ជកម្ម ដែលការណ៍នេះបានផ្ដល់ ឱកាសដល់លោកក្នុងការ ធ្វើទំនាក់ទំនងជាមួយ វណ្ណៈកម្មករជនជាតិចិន។

ការបង្កើត PAP

នៅថ្ងៃទី២១ វិច្ឆិកា ១៩៥៤ លោកជាមួយមិត្តភក្តិវណ្ណៈកណ្ដាល ដែលមានការសិក្សាផ្នែកភាសា អង់គ្លេសមួយក្រុម បានរួមគ្នាបង្កើត គណបក្សសង្គមនិយមមួយឈ្មោះ គណបក្សសកម្មភាព ប្រជាជន (People’s Action Party ហៅកាត់ថា PAP) និងមានសម្ព័ន្ធភាពជាមួយ សហព័ន្ឋពាណិជ្ជកម្មដែលគាំទ្ររបបកុំម្មុយនីស។ ពួកគេមានគោលដៅរួម ក្នុងការជំរុញអោយមានរដ្ឋាភិបាលផ្ទាល់ខ្លួន និងបញ្ចប់ការគ្រប់គ្រងពីអាណានិគមអង់គ្លេស។ លោកត្រូវបានគេជ្រើសរើស អោយធ្វើជាអគ្គលេខាធិការ សម្ព័ន្ធភាព។

ជីវិតជានាយករដ្ឋមន្ត្រី មុនឯករាជ្យ (១៩៥៩ដល់១៩៦៥)

នៅក្នុងការបោះឆ្នោតសកលឆ្នាំ១៩៥៩ PAPដណ្ដើមបាន៤៣ កៅអីក្នុងចំនោម៥១កៅអីក្នុងសភា។ សិង្ហបុរីបានទទួលស្វ័យភាព គ្រប់គ្រងលើគ្រប់ផ្នែក លើកលែងតែវិស័យ ការពារជាតិ និងទំនាក់ទំនងការបរទេស។ លោក លី ក្វាន់យូ បានក្លាយជា នាយករដ្ឋមន្ត្រីទី១នៃរដ្ឋសិង្ហបុរីនៅថ្ងៃទី៣ មិថុនា ១៩៥៩។ បន្ទាប់ពីទទួលបាន ស្វ័យភាពពីអង់គ្លេស លោកបាន ជួបបញ្ហា ជាច្រើនដូចជា វិស័យអប់រំ ការផ្ដល់ជំរក និងភាពអត់ការងារធ្វើ។ ដើម្បីឆ្លើយតបនឹងកង្វះទីជំរក លោកបានបង្កើត អោយមានគណៈកម្មាធិការ ផ្ដល់ជំរកនិងអភិវឌ្ឍន៍ (Housing and Development Board)។ គណៈកម្មាធិការនេះ ជាភ្នាក់ងារអនុវត្តកម្មវិធី សាងសង់ជំរកសាធារណៈ ទ្រង់ទ្រាយធំ ដើម្បីកាត់កង្វះខាតផ្ទះសំបែង។

ការរួមបញ្ចូលក្នុងសហព័ន្ឋម៉ាឡាយ៉ា និងការបំបែកខ្លួនវិញ (១៩៦៣ដល់១៩៦៥)

បន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡាយ៉ា លោក ទុកគូ អាប់ឌុល រ៉ាម៉ាន់ (Tunku Abdul Rahman) ស្នើអោយមានការបង្កើតជា សហព័ន្ឋមួយដែលរួមមាន ម៉ាឡាយ៉ា សិង្ហបុរី សាបា និង សារ៉ាវ៉ាក់ នៅឆ្នាំ ១៩៦១, លោក លី ក្វាន់យូ បានចាប់ផ្ដើមយុទ្ឋនាការ ក្នុងការច្របាច់បញ្ចូល ជាមួយម៉ាឡេស៊ីនេះ ដើម្បីបញ្ចប់ ជាស្ថាពររបបអាណានិគម អង់គ្លេស។

ដើម្បីបញ្ជាក់ថា ប្រជាជនគាំទ្រលោក លោកបានប្រើលទ្ឋផល នៃការការបោះឆ្នោត ក្នុងសមាជឆ្នាំ១៩៦២ ដែលពេលនោះ លោកទទួល បានសំឡេងគាំទ្រ ៧០%។ តែលោកបានជួបបញ្ហា ជាមួយពួកកុំម្មុយនីស្ត ដែលជំទាស់យ៉ាងដាច់អហង្ការ ចំពោះសំណើនេះ។

សិង្ហបុរីបានចូលជាផ្នែកមួយ នៃសហព័ន្ធ ម៉ាឡេស៊ី នៅថ្ងៃទី១៩ កញ្ញា ១៩៦៣។ ប៉ុន្តែចាប់ពីពេលនោះមក មានភាព រកាំរកូសជាប់ជានិច្ច ស្ដីអំពី តួនាទីជនជាតិចិន ក្នុងវិស័យនយោបាយ រហូតដល់ មានកុប្បកម្មនិងការប្រយុទ្ឋគ្នា នៅឆ្នាំ១៩៦៤ រវាងជនជាតិចិននិងម៉ាឡេ។ កុប្បកម្មកើតឡើងជា បន្តបន្ទាប់ ហើយទំនិញចេះតែឡើងថ្លៃ។ ដោយមិនអាចដោយស្រាយវិបត្តិ ដ៏ធ្ងន់ធ្ងរនេះបាន លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺ លោក ទុកគូ អាប់ឌុល រ៉ាម៉ាន់ បានសំរេចចិត្តដកសិង្ហបុរី ពីសហព័ន្ឋ។ លោក លី ក្វាន់យូ បានចុះហត្ថលេខាបំបែកខ្លួន នៅថ្ងៃទី ៧ សីហា ១៩៦៥ និងបានពិភាក្សាអំពី ទំនាក់ទំនង សិង្ហបុរី-ម៉ាឡេស៊ី នៅក្រោយការបំបែកខ្លួន និងធានានូវកិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម និងការពារជាតិ។

ការបរាជ័យ នៃការច្របាច់បញ្ចូលគ្នា ធ្វើអោយលោក លី ក្វាន់យូ មានការខកចិត្តជាខ្លាំង ព្រោះលោកជឿតាំងពីដើមមកថា ការបំបែកខ្លួននេះជាបញ្ហាអាយុជីវិត របស់សិង្ហបុរី។ នៅក្នុងសន្និសិទសារពត៌មាន មួយដែលត្រូវបានផ្សព្វផ្សាយ តាមកញ្ចក់ទូរទស្សន៍ លោកបានសំដែងនូវអារម្មណ៍ នៃការខកចិត្តយ៉ាងធ្ងន់ធ្ងរ ក្នុងពេលលោកប្រកាស ទៅប្រជាជនសិង្ហបុរី អំពីការបំបែកខ្លួននោះ។

ខាងក្រោមនេះជាសំដី របស់លោកក្នុងសន្និសិទនោះ៖

«សំរាប់ខ្ញុំ នេះជាវេលាដ៏ឈឺចាប់ទាំងផ្លួវកាយនិងផ្លូវចិត្ត។ ក្នុងមួយឆាកជីវិត របស់ខ្ញុំ ខ្ញុំតែងប៉ងអោយមានការរួបរួម រវាងដែនដីទាំង២…ឥលូវ ខ្ញុំ,លី ក្វាន់យូ នាយករដ្ឋមន្ត្រីនៃសិង្ហបុរី សូមប្រកាសជាផ្លូវការ ជួសមុខអោយប្រជាជន និងរដ្ឋាភិបាលសិង្ហបុរីថា ចាប់ពីថ្ងៃនេះ គឺថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៥ទៅ សិង្ហបុរីនឹងក្លាយជា ប្រជាជាតិឯករាជ្យ និងប្រជាធិបតេយ្យ ជារៀងរហូត។ ប្រជាជាតិនេះនិងឈរលើគោលការណ៍ សេរីភាព និងយុត្តិធម៌ សំដៅស្វែងរកនូវសុខុមាលភាព និងសុភមង្គលជូនសង្គមមួយ ដែលប្រជាជនគ្រប់រូបមានសិទ្ឋិស្មើគ្នា យ៉ាងពិតប្រាកដ»។

នៅថ្ងៃដដែល រដ្ឋាភិបាលម៉ាឡេស៊ី ក៏បានអនុម័តសំរេចកាត់ផ្ដាច់ សិង្ហបុរី ចេញពីម៉ាឡេស៊ី ហើយសាធារណរដ្ឋសិង្ហបុរី ក៏បានលេចរូបរាងឡើង។ បញ្ហាកង្វះធនធានធម្មជាតិ របស់សិង្ហបុរី តំរូវអោយសិង្ហបុរី ពឹងផ្អែកលើម៉ាឡេស៊ី ស្ទើរទាំងស្រុង ធ្វើអោយសមត្ថភាពការពារជាតិ របស់សិង្ហបុរីមានកំរិត។ នេះជាឧបសគ្គដ៏ចំបងដែល លោក លី ក្វាន់យូ និង រដ្ឋាភិបាលសិង្ហបុរី ត្រូវប្រឈមមុខ។

ជីវិតជានាយករដ្ឋមន្ត្រី ក្រោយឯករាជ្យ (១៩៦៥ដល់១៩៩០)

នៅក្នុងជីវប្រវត្តិរបស់លោក លី ក្វាន់យូ បានពោលថា គាត់មិនដែលបានគេងលក់ស្រួល និងបានធ្លាក់ខ្លួនឈឺជាច្រើនថ្ងៃ ក្រោយពីសិង្ហបុរីបានឯករាជ្យ។ លោកចាប់ផ្ដើមស្វែងរកការទទួលស្គាល់ ឯករាជ្យរបស់សិង្ហបុរី ពីមជ្ឈដ្ឋានពិភពលោក។ សិង្ហបុរីបានចូលជាសមាជិក អង្គការសហប្រជាជាតិ នៅថ្ងៃទី ២១ កញ្ញា ១៩៦៥ និងបានចូលរួមជាមួយ ប្រទេស៤ទៀតក្នុងការបង្កើតសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ នៅថ្ងៃទី ៨ សីហា ១៩៦៧។ លោកបានធ្វើទស្សនកិច្ចជាលើកដំបូង ទៅប្រទេសឥណ្ឌូនេស៊ី នៅឆ្នាំ១៩៧៣ ធ្វើអោយទំនាក់ទំនង សិង្ហបុរីនិងឥណ្ឌូនេស៊ី កាន់តែប្រសើរឡើង។

សិង្ហបុរីគ្មានវប្បធម៌ជាធំដុំ ហើយក៏គ្មានភាសារួមដែរ។ តែក្រោមកិច្ចប្រឹងប្រែង របស់រដ្ឋាភិបាល លោក លី ក្វាន់យូ បានព្យាយាមកសាងនូវអត្តសញ្ញាណ រួមគ្នាមួយសំរាប់ប្រជាជនសិង្ហបុរី។ លោកនិងរដ្ឋាភិបាលលោក បានសង្កត់ធ្ងន់លើសារៈសំខាន់ ក្នុងការប្រកាន់គោលការណ៍ នៃការអនុគ្រោះគ្នារវាងសាសនា និងការចុះសំរុងគ្នារវាងជាតិសាសន៍ នានា។ រដ្ឋាភិបាលបានត្រៀមខ្លួនជាស្រេច ក្នុងការប្រើប្រាស់ច្បាប់ប្រឆាំង និងអំពើទាំងឡាយណា ដែលញុះញុងអោយមាន អំពើហិង្សារវាងសាសនា និងជាតិសាសន៍៕ (dapnews)

មតិយោបល់

ពេញនិយម