តើពេល"ខ្លែងស្រាក" យំនឹងមានមនុស្សឆាប់ស្លាប់មែនឬ? នេះជាការបកស្រាយបែបវិទ្យាសាស្ដ្រ!
Connect with us

គួរដឹង

តើពេល”ខ្លែងស្រាក” យំនឹងមានមនុស្សឆាប់ស្លាប់មែនឬ? នេះជាការបកស្រាយបែបវិទ្យាសាស្ដ្រ!

ក្នុង​ជីវភាព​រស់​នៅ​ប្រជាជន​ខ្មែរ​តាំង​ពី​បុរាណ​មក រហូត​មក​ដល់​បច្ចុប្បន្ន​នេះ តែង​ផ្សារ​ភ្ជាប់​ជាមួយ​ជំនឿ​លើ​អារុក្ខអារក្ខ​អ្នក​តា ជំនឿ​លើ​សត្វ ដែល​ដូន​ខ្មែរ​តែង​មាន​ជំនឿ​ថា សុទ្ធ​តែ​អាច​ជះ​ឥទ្ធិពល​ដល់​ជីវិត​រស់​នៅ។ សត្វ​ខ្លែង​ស្លាក ជា​ប្រភេទ​សត្វ​ស្លាប​មួយ​ប្រភេទ​ដែល​មាន​វត្តមាន​នៅ​កម្ពុជា ចូល​ចិត្ត​រស់​នៅ​ក្បែរ​ភូមិ​ស្រុក​ប្រជាជន ត្រូវ​បាន​គេ​ជឿ​ថា វា​ជា​សត្វ​ចង្រៃ​អ៊ុតត្បាត ជា​ប្រផ្នូល​មិន​ល្អ ដូចជា​នាំ​ឲ្យ​មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​ភូមិ។ មូល​ហេតុ​នេះ​ព្រោះ​ខ្លែង​ស្រាក​ចូល​ចិត្ត​បញ្ចេញ​សំឡេង ស្រប​ពេល​ដែល​មាន​​មនុស្ស​ឈឺ​ធ្ងន់។

ដូច្នេះ​ហើយ​ពេល​ដែល​ឮ​ខ្លែងស្រាក​យំ​ម្ដង​ៗ ចាស់​ៗ​ក្នុង​ភូមិ​តែង​នាំ​គ្នា​ជេរ​ប្រទេច​ ដាក់​ទំនាយ វាយ​ប៉ោត​វាយ​ឆ្នាំង​ឲ្យ​វា​ហើរ​ចេញ ឬ​សម្លាប់​ចោល​តែ​ម្ដង។ ដោយ​ឡែក​តាម​ការ​សិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ដែល​មាន​ចងក្រង​ក្នុង​ឯកសារ​បរទេស​ ពី​លោក ស៊ុយ សេងលីម ដែល​ជា​ស្ថាបនិក​ «គម្រោង​ការ​អប់រំ និង​អភិរក្ស​សត្វ​ស្លាប​កម្ពុជា» បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​ខ្លែង​ស្រាក​យំ​គឺ​មាន​ហេតុផល​៣​ចំណុច៖

១. វា​ស្រែក​ដើម្បី​ប្រកូកប្រកាស​ថា​កន្លែង​ដែល​វា​រស់​នៅ​ជា​ទឹក​ដី​របស់​វា ២. វា​យំ​ដើម្បី​ប្រកូកប្រកាស​រក​ដៃគូ​ស្នេហា​របស់​វា ដែល​មាន​មនោសញ្ចេតនា​ក្ដី​ស្រលាញ់​មិន​ខុស​ពី​មនុស្ស​ឡើយ ៣. គ្រាន់​តែ​ជា​ការ​ច្រៀង​លេង​កម្សាន្ត​របស់​វា​តាម​បែប​ធម្មជាតិ​​ជា​សត្វ​

អ្នក​ស្រាវជ្រាវ​សត្វ​ស្លាប និង​សត្វ​ព្រៃ​កម្ពុជា​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា តាម​ពិត​សត្វ​ខ្លែង​ស្រាក គឺ​ជា​សត្វ​កំពូល​ស្លូត ហើយ​ថែម​ទាំង​ផ្ដល់​ជា​ប្រយោជន៍​ដើម្បី​កម្ចាត់​សត្វ​ចង្រៃ​ដូច​ជា​កណ្ដុរ​ទៀត​ផង។ សត្វ​ស្លាប​ចូលចិត្ត​ឆាប​កណ្ដុរ​ធ្វើ​ជា​អាហារ​របស់​វា​ណាស់ ហើយ​កណ្ដុរ​នេះ​ហើយ​ជា​មេ​ចង្រៃ​កាត់​ស្រូវ កាត់​ដំណាំ​របស់​ប្រជាពលរដ្ឋ។ លោក ស៊ុយ សេង​លីម ប្រាប់​ទៀត​ថា វា​ចូលចិត្ត​រស់​នៅ​ជាមួយ​មនុស្ស​ ហើយ​វា​ទម្លាប់​ស្រែក​លេង​តាម​ធម្មជាតិ​របស់​វា​ជា​រៀងរាល់​ថ្ងៃ មិន​ថា​មនុស្ស​ឈឺ​ឬជា​នោះ​ឡើយ។

ពេល​ដែល​វា​យំ​ស្រប​ពេល​ដែល​មាន​មនុស្ស​ឈឺ គឺ​ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ ហើយ​វា​ក៏​មិនមាន​ឥទ្ធិពល​អ្វី​ដល់​សេចក្ដី​ស្លាប់​រស់​របស់​មនុស្ស​ឡើយ។ យ៉ាង​ណា​ក្ដី បុរស​វ័យ​៣៧​ឆ្នាំ​រូប​លើក​ឡើង​ថា មិន​អាច​ហាមឃាត់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ឈប់​មាន​ជំនឿ​បាន​ឡើយ ព្រោះ​ជំនឿ​នេះ​បាន​ចាក់​ស្រេះ​ចូល​យ៉ាង​ស៊ី​ជម្រៅ​ ក្នុង​ជីវភាព​រស់​នៅ​របស់​ដូន​ខ្មែរ តាំង​ពី​បុរាណ​មក។ ទោះជា​យ៉ាង​នេះ​ក្ដី ក្នុង​នាម​លោក​ជា​អ្នក​ស្រលាញ់​សត្វ​ស្លាប​មួយ​រូប លោក​ពិត​ជា​មាន​ការ​អាណិត​ដល់​សត្វ​ខ្លែង​ស្រាក​ ដែល​ជា​សត្វ​ដ៏​ស្លូត​តែ​មិន​ទទួល​បាន​ការ​អាណិត​ប្រណី បែរ​ជា​នាំ​គ្នា​ស្អប់​ជេរ​ប្រទេច​ទៅ​វិញ។

ដូច្នេះ​ហើយ​លោក​សំណូម​ពរ​ឲ្យ​ប្រជាពលរដ្ឋ ចេះ​ស្រលាញ់​សត្វ​ស្លាប ក៏​ដូច​ជា​សត្វ​ព្រៃ​ទាំង​អស់ មិន​ថា​តែ​ខ្លែង​ស្រាក​នោះ​ទេ គឺ​ត្រូវ​រួម​គ្នា​ឈប់​ទទួល​ទាន​សាច់​សត្វ​ព្រៃ​ជា​អាហារ បណ្ដុះ​ចិត្ត​ស្រលាញ់ ចេះ​ថែរក្សា​ការពារ​នូវ​អ្វី​ដែល​កម្ពុជា​មាន កុំ​ឲ្យ​បាត់បង់​បន្ត​ទៀត៕ ​(cambofresh)

មតិយោបល់

ពេញនិយម