មុនឈានជើងរកស៊ីដាច់ខាតត្រូវយល់ឱ្យច្បាស់សិនថា អ្វីជា "យុទ្ធសាស្ត្រសមុទ្រក្រហម និងសមុទ្រខៀវ"!!!
Connect with us

គួរដឹង

មុនឈានជើងរកស៊ីដាច់ខាតត្រូវយល់ឱ្យច្បាស់សិនថា អ្វីជា “យុទ្ធសាស្ត្រសមុទ្រក្រហម និងសមុទ្រខៀវ”!!!

មានអ្នកជំនួញជាច្រើនបានលើកយកយុទ្ធសាស្ត្រសមុទ្រក្រហម និងសមុទ្រខៀវ (Red & Blue Ocean Strategies)មកពិភាក្សា ព្រោះវាជាយុទ្ធសាស្ត្រសំខាន់នៅក្នុងពិភពជំនួញ ដែលអ្នករកស៊ីឬក្រុមហ៊ុនទាំងអស់បានអនុវត្តសព្វថ្ងៃ ហើយគោលគំនិតនៃយុទ្ធសាស្ត្រទាំងពីរនេះគឺងាយយល់ណាស់។

យុទ្ធសាស្ត្រសមុទ្រក្រហម (Red Ocean Strategy)គឺប្រៀបធៀបទៅនឹងទឹកដែលមានត្រីច្រើន ហើយចូលចិត្តខាំគ្នាទៅវិញទៅមកដើម្បីដណ្ដើមចំណីដូចគ្នា ហេតុដូចនេះ ធ្វើឱ្យទឹកប្រែជាពណ៌ក្រហមដោយសារឈាម។ ក្នុងជំនួញក៏អញ្ចឹងដែរ អ្នកជំនួញជាច្រើនព្យាយាមប្រជែងគ្នាក្នុងទីផ្សារដែលមានស្រាប់ ដោយបង្កើតមុខរបរដូចៗគ្នា ហើយចាប់ផ្ដើមទាក់ទាញអតិថិជន និងប្រយោជន៍ពីគ្នា។ និយាយបែបផ្សេង គេព្យាយាមដណ្ដើមទីផ្សារដែលអ្នកដទៃកំពុងមាន បង្កើតឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង និងព្យាយាមផ្តួលរំលំគ្នាទៅវិញទៅមក លើប្រភេទមុខរបរដូចគ្នានោះ រហូតដល់រងការខូចខាត និងដួលរលំរៀងៗខ្លួន។

ផ្ទុយមកវិញ យុទ្ធសាស្ត្រសមុទ្រខៀវ (Blue Ocean Strategy) គឺប្រៀបទៅនឹងសមុទ្រដែលគ្មានត្រីខាំគ្នា ទឹកថ្លាមានលំនឹង និងស្ងប់ល្អ សំបូរដោយអាហារ និងមិនសូវមានឬគ្មានការប្រកួតប្រជែង។ នេះក៏ដោយសារត្រីនីមួយៗត្រូវការប្រភេទចំណីខុសៗគ្នា ហើយវាជាទីកន្លែងស្ងប់សុខ និងមានបរិយាកាសល្អសម្រាប់ស្វែងរកផលចំណេញ។

អ្នករកស៊ីជាច្រើនបាន ប្រើយុទ្ធសាស្ត្រនេះ និងព្យាយាមពង្រីកទំហំទីផ្សារឱ្យកាន់តែធំដោយខ្លួនឯង ដោយព្យាយាមទាក់ទាញអតិថិជនថ្មីៗដែលមិនធ្លាប់ចាប់អារម្មណ៍ក្នុងទីផ្សារនោះ។ នៅក្នុងយុទ្ធសាស្ត្រសមុទ្រខៀវ គ្រប់គ្នាសុទ្ធតែទទួលបានផលប្រយោជន៍ តែមិនប៉ះពាល់ឬ កេងចំណេញពីគ្នា ព្រោះពួកគេមានចំណុចពិសេសរៀងៗខ្លួន។ ធ្វើដូចនេះនៅក្នុងទីផ្សារគឺគ្មានការស៊ីសាច់ហុតឈាមគ្នា ដូចត្រីនៅក្នុងសមុទ្រក្រហមដែលប្រឹងខាំត្របាក់គ្នានោះឡើយ។ បរិយាកាសទាំងមូលគឺមានភាពស្រស់បំព្រង។

យុទ្ធសាស្ត្រដែលល្អជាងគេគឺយុទ្ធសាស្ត្រសមុទ្រខៀវ (Blue Ocean Strategy) ព្រោះអាជីវកម្មទាំងអស់អាចដំណើរការជាមួយគ្នា តែមិនបំផ្លាញគ្នា។ ដូច្នេះ ដើម្បីចៀសវាងការប្រជែងគ្នា អាជីវកម្មនីមួយៗត្រូវមានចំណុចពិសេស និងភាពខុសប្លែករៀងៗខ្លួន។ ទោះនៅកន្លែងដូចគ្នា តែអាចរស់នៅជាមួយគ្នាដោយសុខសាន្ត៕ (forward-asia)

មតិយោបល់

ពេញនិយម