គួរដឹង! អ្នកជំនាញប្រាប់ពីគន្លឹះពិសេសៗក្នុងការមើលបន្លែណាមានជាតិគីមី និង បន្លែណាគ្មានជាតិគីមី
Connect with us

គួរដឹង

គួរដឹង! អ្នកជំនាញប្រាប់ពីគន្លឹះពិសេសៗក្នុងការមើលបន្លែណាមានជាតិគីមី និង បន្លែណាគ្មានជាតិគីមី

បន្លែ​មានជាតិគីមី ឬ ​គ្មាន​គីមី បាន​ក្លាយ​ប្រធាន​បទ ដែល​សាធារណជន​ជា​ច្រើន​លើក​មក​ជជែក​ពិភាក្សា​យ៉ាង​ផុសផុល បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ថាប្រជាពលរដ្ធ មិន​បាន​ត្រួត​ពិនិត្យ​ដោយ​ខ្លួន​ឯង​មុន​ទិញ​​បន្លែផ្លែ​ឈើផ្សេងៗយកមកទទួលទាន ហើយដោយ​រង់ចាំ​តែ​បន្ទោស​រដ្ឋាភិបាល។

ទាក់ទង​នឹង​កង្វល់​ពលរដ្ឋ​ជុំវិញ​បន្លែ​មាន​ជាតិ​គីមី​នេះ លោក​វេជ្ជបណ្ឌិត អៀង សុធារ៉ា ប្រធាន​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ បាន​ប្រាប់​វិធីសាស្រ្ត​សា​មញ្ញ និង​ងាយៗ ៤​យ៉ាង ដើម្បី​សង្កេត​បន្លែ​មាន​ជាតិ​គីមី ឬ គ្មាន​ជាតិគីមីដូចខាងក្រោមនេះ។

១. គេអាច​សង្កេត​ដោយ​ភ្នែក​ផ្ទាល់​តែម្តង។ គេ​អាច​ប្រៀបធៀប​រវាង​ស្ពៃ​ធម្មជាតិ និង​គីមី ដោយ​សម្គាល់​លើ​ពណ៌។

២. គេ​អាច​យក​បន្លែ​មក​ហិត​ក្លិន​បាន។ ឧទាហរណ៍៖ ជី​នាង​វង គេ​អាច​ញី រួច​ហិត​ក្លិន បើ​វា​មាន​ក្លិន​ជី នោះ​វា​ជា​ជី​ធម្មជាតិ ព្រោះ​ជី​ដែល​ដាក់​ជី​គីមី​វា​គ្មាន​ក្លិន​នោះ​ទេ។

៣. គេ​ប្រើ​អណ្តាត​ទំពា​សិន មុន​លេប​ចូល​ក្នុង​ក្រពះ យើង​នឹង​ដឹង​តែ​ម្តង ដោយ​សង្កេត​តាមរយៈ​បទ​ពិសោធន៍​ដែល​យើង​ធ្លាប់​ញ៉ាំ​កន្លង​មក។

៤. ពេល​ញ៉ាំ​ហើយ គេ​គួរ​សង្កេត​ថា បើ​បន្លែ​គ្មាន​ជាតិ​គីមី នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​កម្លាំង សប្បាយ​ចិត្ត រីករាយ ឬ​ធ្វើការ​បាន​ច្រើន​មិន​សូវ​អស់​កម្លាំង ប៉ុន្តែ បើ​បន្លែ​គីមី ពេល​ញ៉ាំ​ហើយ ធ្វើ​ឲ្យ​ឈឺ​ពោះ រាក និង​មិន​ចង់​ធ្វើ​អ្វី​ជា​ដើម។

ប៉ុន្តែ លោក​​វេជ្ជ​បណ្ឌិត អៀង ធារ៉ា បញ្ជាក់ថា របៀប​សង្កេត​នេះ ថ្វីត្បិត​តែ​ជួយ​បាន​ខ្លះ ប៉ុន្តែ មិន​​ទទួល​បាន​លទ្ធផល​១០០​ភាគរយ​នោះ​ឡើយ ពីព្រោះ មាន​តែ​ការ​ពិសោធន៍​តាម​លក្ខណៈ​វិទ្យាសាស្រ្ត​​ទេ​ ទើប​មាន​​លទ្ធផល​ច្បាស់​លាស់។

តាម​ពិត នៅ​លើ​ទីផ្សារ​កម្ពុជា គេ​ពុំ​ទាន់​ដឹង​ថា បន្លែ​ទាំង​អស់​សុទ្ធតែ​មាន​គីមី ឬ​គ្មាន​គីមី​នោះ​ទេ។ ប៉ុន្តែ កន្លងមក អគ្គនាយកដ្ឋាន​កាំកុងត្រូល​ដែល​មាន​រថយន្ត​មន្ទីរ​ពិសោធន៍​ចល័ត​បាន​ធ្វើ​សកម្មភាព​ត្រួត​ពិនិត្យ​បន្លែ​ផ្លែ​ឈើ​នៅ​តាម​ទីផ្សារ ដែល​ពេល​ខ្លះ ក៏​រក​ឃើញ​បន្លែ​ផ្លែ​ឈើ​មួយ​ចំនួន​មាន​សារជាតិ​គីមី​ផង​ដែរ។

ទន្ទឹម​នឹង​ក្តី​បារម្ភ​នេះ មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​មួយ​ចំនួន បាន​ងាក​មក​ពង្រឹង​ការ​លក់​កសិផល​សរីរាង្គ​បែប​ធម្មជាតិ​ផង​ដែរ។ លោកសម វិទូ ប្រធាន​អង្គការ សេដាកបាន​អះអាង​ថា ទាំង​បន្លែ​ក្នុង​ស្រុក ទាំង​បន្លែ​នាំចូល​ពី​ខាង​ក្រៅ​ប្រទេស ដែល​កំពុង​ចរាចរណ៍​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ស្ទើរ​តែ ៩៩​ភាគរយ គឺ​មាន​ជាតិ​គីមី។

សូម​បញ្ជាក់​ថា កម្ពុជា​នាំចូល​បន្លែ​ពី​បរទេស​ចំនួន ២០០​តោន ទៅ​ជាង ៤០០​តោន​ក្នុង​មួយ​ថ្ងៃ សម្រាប់​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក ហើយ​បន្លែ​ភាគ​ច្រើន​នាំចូល​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ហើយ​កម្ពុជា​បាន​​ចំណាយ​លុយ​ទិញ​បន្លែ​ពី​ក្រៅ​ប្រទេស​ជាង ២០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។

នេះ​បើ​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ (CPS) របស់​លោក ច័ន្ទ សុផល អ្នក​ជំនាញ​​សេដ្ឋកិច្ច​ដ៏​ល្បី​ឈ្មោះ ដែល​បាន​ធ្វើ​ការ​សិក្សា​ទីផ្សារ​បន្លែ​នៅ​ទូទាំង​ប្រទេស៕

ប្រភពអត្ថបទ៖ reakreay.com

មតិយោបល់

ពេញនិយម