សុបិននាំសំណាងទាំង ១២ ដែលជាប្រផ្នូលថាអ្នកជិតក្លាយជាអ្នកមានហើយ!
Connect with us

គួរដឹង

សុបិននាំសំណាងទាំង ១២ ដែលជាប្រផ្នូលថាអ្នកជិតក្លាយជាអ្នកមានហើយ!

អបិយជំនឿ៖ ក្នុងលោកយើងនេះ គ្មានអ្នកណាដែលថាមិនធ្លាប់សុបិននោះទេ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ។ អ្នកវិទ្យាសាស្ត្រធ្លាប់បកស្រាយថា វាកើតចេញពីសកម្មភាពនានាពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃរបស់យើងទៅតាមអារម្មណ៍ផ្សេងៗគ្នាប៉ុណ្ណោះ។

ដោយឡែក មនុស្សមួយចំនួនដែលជឿលើរឿងអបិយជំនឿមិនគិតដូច្នេះឡើយ ដោយការយល់សប្តិនីមួយៗសុទ្ធតែមានប្រផ្នូល ឬជាការឱ្យហេតុដែលនាំទៅរកគ្រោះចង្រៃ ឬលាភសំណាងផ្សេងៗ។ នេះមិនទាន់រាប់បញ្ចូលអ្នកដែលចូលចិត្តកាត់លេខឆ្នោតផង។

ខាងក្រោមនេះជាសុបិនទាំង ១២ ដែលអាចនាំលាភសក្ការ៖

១. ឃើញរាប់លុយ

បើអ្នកសុបិនឃើញបែបនេះ មានន័យថាវាជាសញ្ញានៃភាពជោគជ័យក្នុងកិច្ចការបន្ទាប់។ ចំណែកអ្នកនៅលីវនឹងមានលទ្ធផលល្អខ្លាំងក្នុងរឿងស្នេហា ខណៈអ្នករៀបការហើយ វាជាសញ្ញានៃជីវិតដ៏មានសុភមង្គល និងមានទ្រព្យច្រើន។

២. ឃើញឈាម

សំណាងនឹងចូលមកក្នុងគ្រួសារ។ ឈាមហូរជាការតំណាងឱ្យលុយហូរចូលផ្ទះ។

៣. ឃើញពស់

បើឃើញពស់ចូលក្នុងផ្ទះវាជាសញ្ញានៃការកើនធនធាន។ បើអ្នកជាសហគ្រិន នោះស្ថានភាពអាជីវកម្មនឹងរីកចម្រើនដល់កម្រិតថ្មីមួយ។ លើសពីនេះ អ្នកយល់សប្តិឃើញពស់ដេញចឹក មានន័យថាជិតដល់គូស្រករហើយ។

៤. ឃើញព្រះពុទ្ធ

វាជាប្រផ្នូលល្អដែលតំណាងឱ្យសន្តិភាពផ្លូវចិត្ត ជីវិតដ៏មានសុភមង្គល និងសំណាងកាន់តែខ្លាំងនៅថ្ងៃអនាគត។ រីឯអ្នកជំនួញក៏មិនខុសគ្នាដែរ។

៥. ឃើញស្ទូចត្រី

ការស្ទូចត្រីជាសកម្មភាពជម្នះដោយភាពអត់ធ្មត់។ សុបិននេះបង្ហាញថាអ្នកនឹងបានលុយ និងកិត្តិយសនៅពេលអនាគត។ កម្លោះៗនឹងឆាប់ជួបគូព្រេង ខណៈស្ត្រីៗនឹងឆាប់មានផ្ទៃពោះ ឬធ្វើជំនួញដោយជោគជ័យ។

៦. ឃើញទន្លេ

ក្នុងសម័យបុរាណ ទឹកជាវត្ថុតំណាងឱ្យលុយ។ សុបិននេះឱ្យហេតុថាអាជីពរបស់អ្នកនឹងដល់ចំណុចផ្លាស់ប្តូរដ៏អស្ចារ្យ ដោយចំណូលកាន់តែកើនឡើង ជីវិតកាន់តែមានបាននិងសម្បូរសប្បាយ។

៧. ឃើញភ្លើង

ការយល់សប្តិដូច្នេះនឹងមានសំណាងក្នុងអនាគតដ៏ខ្លី និងមានឱកាសធំក្នុងការសហការ ព្រមទាំងជោគជ័យក្នុងអាជីព។

៨. ឃើញភ្ញៀវមកលេងផ្ទះ

សុបិនបែបនេះជាសញ្ញាថាគ្រួសារអ្នកជិតបានសប្បាយចិត្ត និងទ្រព្យចូលផ្ទះ ឬការងាររីកចម្រើនដោយរលូន។

៩. ឃើញទិញគ្រឿងអលង្ការ

រឿងរ៉ាវស្នេហានៅពេលអនាគតនឹងមានលទ្ធផលល្អខ្លាំង។ នារីនៅលីវនឹងរកឃើញមេអណ្តើកល្អ ដែលនាំឱ្យជួបគូស្នេហ៍ឆាប់បានរៀបការ។

១០. ឃើញមានផ្ទៃពោះ

វាជាប្រផ្នូលល្អដែលបង្ហាញពីជីវិតដ៏រីករាយ និងសុខដុមរមនា។ ស្ត្រីមានស្វាមីនឹងឆាប់មានផ្ទៃពោះ ខណៈនារីនៅលីវនឹងជិតរកឃើញគូជីវិត។

១១. ឃើញលុយសំណាងដូចជាឈ្នះឆ្នោត ឬបានអាំងប៉ាវ

វាជាសញ្ញានៃដំណឹងល្អក្នុងការងារ ដែលជាលទ្ធផលនៃការប្រឹងប្រែងក្នុងរយៈពេលយូរ និងអាចផ្តល់នូវតំណែងដ៏រឹងមាំមួយ។ វាជាអាជីពដ៏សកម្មមួយ ប៉ុន្តែសន្សឹមៗកុំបំបោលក្រែងមិនដល់ដូចប្រាថ្នា។

១២. ឃើញគេសើចចម្អកដាក់អ្នក

កុំបារម្ភថាអ្នកជាមនុស្សអាក្រក់ដោយសារគេសើចចម្អកអី ព្រោះជាក់ស្តែងអ្នកជិតទទួលផលតបស្នងពីការខិតខំអស់ច្រើនឆ្នាំមកហើយ។ លុយក៏ហូរចូលដូចទឹក កេរ្តិ៍ឈ្មោះក៏កាន់តែល្អនិងទទួលការកោតសរសើរច្រើន។

ទោះយ៉ាងណា វាគ្រាន់តែជាជំនឿរបស់មនុស្សមួយចំនួនប៉ុណ្ណោះ។ បើអ្នកសុបិនឃើញរឿងទាំងនេះ សូមកុំអាលអរដល់ថ្នាក់លែងសូវចង់ធ្វើអ្វីៗ ហើយដេករង់ចាំតែសំណាងធ្លាក់មកឱ្យសោះ ព្រោះវាសនាមនុស្សពឹងលើសមត្ថភាព និងឱកាស រួមផ្សំជាមួយនឹងសំណាង៕ (khmerload)

មតិយោបល់

ពេញនិយម