បណ្តាប្រទេសទាំង៥ ដែល​​ងាយស្រួល​ក្នុង​ការ​ចូល​សញ្ជាតិ​បំផុត!
Connect with us

គួរដឹង

បណ្តាប្រទេសទាំង៥ ដែល​​ងាយស្រួល​ក្នុង​ការ​ចូល​សញ្ជាតិ​បំផុត!

ការ​ចូល​សញ្ជាតិ​នៅ​ប្រទេស​មួយ​ចំនួន គឺ​មាន​ភាព​ងាយស្រួល​ជាង​ប្រទេស​មួយ​ចំនួន​ទៀត។ យោង​តាម​វេបសាយ Business Insider ដែល​ចុះផ្សាយ​កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​បង្ហាញ​ប្រទេស​ចំនួន​៥ ដែល​ងាយស្រួល​ចូល​សញ្ជាតិ​បំផុត។

១- ប្រទេស​ម៉ិកស៊ីកូ៖

គេ​អាច​ចូល​សញ្ជាតិ​ម៉ិកស៊ីកូ​បាន បន្ទាប់​ពី​រស់នៅ​រយៈ​ពេល ៥​ឆ្នាំ។ ប៉ុន្តែ រយៈ​ពេល​នេះ​អាច​កាត់​បន្ថយ​មក​ត្រឹម ២​ឆ្នាំ ប្រសិនបើ​អ្នក​ស្នើ​មាន​ជាប់​សាច់​ឈាម​ម៉ិកស៊ីកូ មាន​កូន​ជន​ជាតិ​ម៉ិកស៊ីកូ រៀបការ​ជាមួយ​ជនជាតិ​ម៉ិកស៊ីកូ ឬ បាន​រួមចំណែក​ជួយ​ផ្នែក​ណាមួយ​ដល់​ប្រទេស​ម៉ិចស៊ីកូ។ បន្ថែម​ពី​នេះ គេ​ត្រូវ​ចេះ​និយាយ​ភាសា​អេស្ប៉ាញ និង​ស្គាល់​ប្រវត្តិសាស្ត្រ​របស់​ម៉ិចស៊ីកូ។ ក៏ប៉ុន្តែ អ្នក​ស្នើ​ត្រូវ​បោះបង់​សញ្ជាតិ​ដទៃ​ចោល។

២- កាណាដា៖

ដើម្បី​ស្នើ​សុំ​ចូល​សញ្ជាតិ​កាណាដា គេ​ត្រូវ​រស់នៅ​កាណាដា​ឲ្យជាប់​លាប់ រយៈពេល ១០៩៥​ថ្ងៃ ក្នុង​អំឡុង​រយៈ​ពេល ៥​ឆ្នាំ។ អ្នក​ស្នើ​ត្រូវ​បាន​បង់​ពន្ធ​លើ​ប្រាក់​បៀវត្សរ៍ រយៈ​ពេល​៣ឆ្នាំ ក្នុង​អំឡុង​ពេល​៥ឆ្នាំ។ ចំណេះ​ដឹង​ផ្នែក​ភាសា​អង់គ្លេស និង​បារាំង ព្រម​ទាំង​ប្រវត្តិសាស្ត្រ តម្លៃ ស្ថាប័ន និង​សិទ្ធិ​នៅ​កាណាដា ជា​រឿង​ចំ​បាច់​ ដើម្បី​ស្នើ​សុំ​ចូល​សញ្ជាតិ​។

៣- អៀរឡង់៖

សម្រាប់​អ្នក​ដែល​មាន​ឪពុក​ម្ដាយ ជីដូនជីតា ចៅ ដែល​កើត​នៅ​អៀរឡង់ អាច​ស្នើ​ចូល​សញ្ជាតិ​បាន។ ម្យ៉ាងទៀត ដើម្បី​ចូល​សញ្ជាតិ​អៀរឡង់ គេ​ត្រូវ​រស់នៅ​ក្នុង​ប្រទេស​នេះ​រយៈ​ពេល ៥​ឆ្នាំ (ត្រូវ​រស់នៅ​ឲ្យជាប់​លាប់​រយៈ​ពេល​១​ឆ្នាំ​)។

៤- ប៉ារ៉ាហ្គាយ៖

ដើម្បី​ស្នើ​ចូល​សញ្ជាតិ​ប៉ារ៉ាហ្គាយ គេ​ត្រូវ​ជា​មនុស្ស​ពេញវ័យ ដែល​ធ្លាប់​រស់នៅ​រយៈ​ពេល ៣ឆ្នាំ និង​រួមចំណែក​ជួយ​ដល់​ប្រទេស ព្រម​ទាំង​មិន​ធ្លាប់​ប្រព្រឹត្ត​ទង្វើ​ល្មើស​ច្បាប់​ណា​មួយ​ឡើយ​។

៥- អ៊ីស្រាអែល៖

ជនជាតិ​ជ្វីស អាច​ចូល​សញ្ជាតិ​អ៊ីស្រាអែល​បាន​ដោយ​ងាយ ទោះ​បីជា​មិន​ធ្លាប់​រស់នៅ​អ៊ីស្រាអ៊ែល​ក៏ដោយ​។ ម្យ៉ាង​ទៀត គេ​អាច​ទទួល​បាន​សញ្ជាតិ​អ៊ីស្រាអែល ប្រសិនបើ​មាន​ឪពុក​ម្ដាយ ជា​សញ្ជាតិ​អ៊ីស្រាអ៊ែល។ មួយ​វិញ​ទៀត ដើម្បី​ចូល​សញ្ជាតិ​នេះ​បាន គេ​ត្រូវ​រស់នៅ​ជាប់​លាប់​យ៉ាង​តិច ៣ឆ្នាំ ក្នុង​អំឡុង​ពេល ៥ឆ្នាំ មុន​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​សញ្ជាតិ។ ហើយ​គេ​ត្រូវ​បោះបង់​សញ្ជាតិ​ផ្សេងៗ​ផង​ដែរ៕ (phallyonline.com)

មតិយោបល់

ពេញនិយម