ដឹងតែកក្រើកហើយ! ជប៉ុនបោះទុនជាង ១ពាន់លានដុល្លារបង្កើតឧទ្យាន Safari ធំបំផុតនៅកម្ពុជា
Connect with us

ថ្មីៗ

ដឹងតែកក្រើកហើយ! ជប៉ុនបោះទុនជាង ១ពាន់លានដុល្លារបង្កើតឧទ្យាន Safari ធំបំផុតនៅកម្ពុជា

រាជបណ្ឌិត្យ​សភា​កម្ពុជា​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​​ក្រុមហ៊ុន B.M. Nature Safari Co., Ltd របស់​ជប៉ុន​ដើម្បី​អភិវឌ្ឍ​ «​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោ​សែន​ឫស្សីត្រឹប​» ​នៅ​ខេត្ត​ព្រះវិហារ​ដែល​នឹង​ចំណាយ​ទឹកប្រាក់​ជាង​ ១ ​ពាន់​លាន​ដុល្លារ​លើ​ផ្ទៃដី​ជាង​ ១១៤ ហិកតា​។

ការចុះ​ហត្ថលេខា​នេះ​ធ្វើ​ឡើង​​រវាង​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា និង​លោក Kinoshita Sori ប្រធាន​ក្រុមហ៊ុន B.M. Nature Safari Co., Ltd​។ បើ​តាម​លោក សុខ ទូច មាន​ក្រុមហ៊ុន​ចំនួន​ ៤ ​ផ្សេង​ទៀត​ធ្លាប់​បាន​មក​ពិភាក្សា​លើ​ការអភិវឌ្ឍ​ឧទ្យាន​នេះ ប៉ុន្តែ​ពួកគេ​ផ្តោត​លើ​ជំនួញ​ច្រើន​ជាង​ការអភិរក្ស​។

ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​​ពិធី​ចុះហត្ថលេខា​កាលពី​ចុង​សប្ដាហ៍​មុន លោក Kinoshita Sori បាន​ថ្លែង​ថា​ការវិនិយោគ​លើ​ឧទ្យាន​នេះ​មាន​ទឹកប្រាក់​ជាង​ ១ ​ពាន់​លាន​ដុល្លារ ហើយ​គម្រោង​នេះ​នឹង​ចាប់ផ្តើម​​ឆាប់ៗ​នេះ​។ ​លោក​ថ្លែង​ថា​ក្រុមហ៊ុន​លោក​នឹង​នាំ​យក​បច្ចេកវិទ្យា​ជឿនលឿន​ពី​ជប៉ុន ដើម្បី​មក​បម្រើ​ក្នុង​ឧទ្យាន​នេះ​។

លោក សុខ ទូច បាន​ថ្លែង​ថា​ឧទ្យាន​នេះ​នឹង​ត្រូវ​បែងចែក​ជា​ ៣ ​ផ្នែក​សម្រាប់​ទេសចរ​ទៅ​ទស្សនា​គឺ​មាន​ទេសចរណ៍​ធម្មជាតិ​ដែល​មាន​សត្វ និង​ព្រៃឈើ​ទេសចរណ៍​វប្បធម៌​ដែល​នឹង​បង្ហាញ​វត្ថុ​បុរាណ​បន្សល់​ពី​មុន​សម័យអង្គរ និង​ទេសចរណ៍​សិប្បនិម្មិត​។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​សន្យា​ថា​មិន​កែប្រែ​តំបន់​នេះ​ឲ្យ​ទៅ​ជា​តំបន់​រហោឋាន​ទេ​។ យើង​នឹង​ខំ​ធ្វើ​យ៉ាង​ណា​ហើយ​សន្យា​ទៀត​អំឡុង​ពេល​ខ្ញុំ​គ្រប់គ្រង​​ឬ អ្នក​មក​ក្រោយ​ក៏​មិន​មាន​បញ្ហា​ដែរ ព្រោះ​យើង​មាន​ច្បាប់ ហើយ​ប្រសិន​បើ​អ្នក​មក​ក្រោយ​បំផ្លាញ​អ្នក​ទាំងអស់​នោះ​នឹង​​ត្រូវ​បាន​ប្រជាជន​ថ្កោលទោស​ថា ខ្លួន​បាន​បំផ្លាញ​ហើយ​​លែង​ជា​បញ្ញវន្ត​ហើយ ព្រោះ​បញ្ញវន្ត​ត្រូវ​ធ្វើអ្វី​សម្រាប់​ប្រទេស​​ជាតិ ធ្វើ​អ្វី​សម្រាប់​សង្គម​។ យើង​ជួយ​អភិរក្ស និង​អភិវឌ្ឍ​តំបន់​នេះ​ឲ្យ​ទៅ​ជា​តំបន់​គំរូ​សម្រាប់​យើង​ទាំងអស់​គ្នា និង​សម្រាប់​ពិភពលោក​»​។

លោក សុខ ទូច បាន​ថ្លែង​ថា​ក្រុមហ៊ុន Natural Safari co.Ltd នឹង​ក្លាយ​ជា​ដៃគូ​អភិរក្ស និង​អភិវឌ្ឍ ហើយ​លោក​សន្យា​ថា​លោក​មិន​អនុញ្ញាត​ឲ្យ​​ក្រុមហ៊ុន​បំផ្លាញ​តំបន់​នេះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​បើ​បំផ្លាញ​ខ្ញុំ​នៅ​ទី​នេះ ខ្ញុំ​ប្ដេជ្ញា​ត្រូវ​តែ​ដក​ភ្លាម​។ ខ្ញុំ​សូម​សន្យា​ចំពោះ​ប្រជាជន​កម្ពុជា ចំពោះ​រាជរដ្ឋាភិបាល​ថា ខ្ញុំ​នឹង​ធ្វើឲ្យ​ឧទ្យាន​នេះ​ក្លាយ​ជា​ឧទ្យាន​ដ៏ល្អ ហើយ​សូម​អរគុណ​ដល់​រាជរដ្ឋាភិបាល​ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​រាជបណ្ឌិត្យ​បង្កើត​ច្បាប់​ដាច់​ដោយ​ឡែក​ក្នុង​ការ​គ្រប់គ្រង​ឧទ្យាន​នេះ​»​។

ដោយ​ឃើញ​បទពិសោធ​នៅ​កន្លែង​ផ្សេង​ដែល​ប្រឈមមុខ​ដាក់​គ្នា​រវាង​ពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ​​ចំនួន​លោក សុខ ទូច បាន​ដាក់​ចេញ​នូវ​គោលការណ៍​ក្នុង​ការ​បញ្ចៀស​ហិង្សា​គឺ​ក្រុម​របស់​លោក​នឹង​ចុះ​ពន្យល់​ពលរដ្ឋ​រយៈពេល​យ៉ាង​តិច​ ៦ ​ខែ​អំពី​គម្រោង​នេះ​។

លោក​ថា​ពលរដ្ឋ​នៅ​ជុំវិញ​តំបន់​នេះ​អាច​អនុញ្ញាត​​ឲ្យ​អាស្រ័យ​ផល​ពី​ឧទ្យាន​នេះ​ក្នុង​​រូបភាព​ ៣ គឺ​ពួកគាត់​អាច​យក​ជ័រ វល្លិ និង​អនុផល​ផ្សិត​។ ​

លោក​​បាន​ឲ្យ​ដឹង​ថា នាពេល​បច្ចុប្បន្ន​ឧទ្យាន​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​ ៣ ​គឺ​ភ្លើង​ឆេះ​ព្រៃ ការទន្ទ្រាន​យក​ពី​ក្រុមហ៊ុន​រ៉ែ​របស់​ចិន និង​ពលដ្ឋ​ក្នុង​មូលដ្ឋាន​​ និង​ការ​បរបាញ់​សត្វ​ខុស​ច្បាប់​។ ប៉ុន្តែ​នៅពេល​គម្រោង​នេះ​ដំណើរការ​ជាក់ស្តែង ការ​បរបាញ់​សត្វ​នឹង​មិន​កើត​មាន​ទៀត​​ឡើយ​។

លោក​ថ្លែង​៖ «​គាត់​មិន​អាច​កាប់​ឈើ គាត់​មិន​អាច​ទាក់​សត្វ​ ឬ​បាញ់​សត្វ​បាន​ទេ​។ ចាប់​បាន​យើង​នឹង​ពិន័យ គឺ​យើង​អាច​ធ្វើ​រហូត​ដល់​ទៅ​វាយ បង្ហាញ​ទស្សនិកជន​តាម​ទូរទស្សន៍ ឬ​តាម​ហ្វេសប៊ុក​។ យើង​នឹង​ធ្វើ​ច្បាប់​បែប​ហ្នឹង​វា​ហាក់​ដូចជា​អំពើ​ហិង្សា ប៉ុន្តែ​បើ​យើង​មិន​ធ្វើ​អំពើ​ហិង្សា​ទេ អ្នកដទៃ​នឹង​មិន​គោរព​។ នៅ​ជប៉ុន​គេ​កាត់​មេដៃ នៅ​ស៊ីងហ្គាពួ​ (​សិង្ហ​បុរី​) ​គេ​វាយ​ ៣០ ​រំពាត់​គ្រាន់​តែ​ស្ដោះ​ទឹកមាត់​»​។

គម្រោង​ «​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោ​សែន ឫស្សីត្រឹប​» ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​អនុញ្ញាត​ឲ្យ​បង្កើត​តាំងពី​ឆ្នាំ​ ២០១៤ ដែល​មាន​មូលដ្ឋាន​នៅក្នុង​ឃុំ​ឆែប​កើត និង​ឃុំ​ឆែប​លិច ស្រុក​ឆែប ខេត្ត​ព្រះវិហារ​៕ (topnews4khmer)

មតិយោបល់

ពេញនិយម