ចំណុចពិសេសៗដែលគួរដឹងអំពី AOEN ទី៣ ធំមិនធ្លាប់មានក្នុងប្រវត្តិសាស្ដ្រផ្សារទំនើបកម្ពុជា!
Connect with us

គួរដឹង

ចំណុចពិសេសៗដែលគួរដឹងអំពី AOEN ទី៣ ធំមិនធ្លាប់មានក្នុងប្រវត្តិសាស្ដ្រផ្សារទំនើបកម្ពុជា!

ផ្សារទំនើបអ៊ីអន ដែលត្រូវបានគេចាត់ទុកថា ជាផ្សារទំនើបខ្នាតយក្សនៅកម្ពុជានោះ បានប្រកាសនឹងសាងសង់គម្រោងផ្សារទំនើបសាខាទី៣ របស់ខ្លួន នៅក្នុងតំបន់ទីក្រុងរណប ING ភាគខាងត្បូងរាជធានីភ្នំពេញ ក្រោយពីផ្សារទំនើបយីហោជប៉ុនមួយនេះ បានចូលមកក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ២០១៤ និងបច្ចុប្បន្នមាន ២សាខាហើយកំពុងបើកដំណើរការ។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន ផ្សារទំនើប អ៊ីអន សាខាទី៣នេះ គ្រោងបញ្ចប់នៅឆ្នាំ ២០២៣ ខាងមុខនេះ។

ផ្សារទំនើប​​អ៊ីអន​ទី ៣នេះ ត្រូវបាន​ដឹងថា មាន​ទំហំធំ​ជាង​សាខាទី១ និងទី២​ទៅ​ទៀត ហើយ​ក៏អាច​ចាត់ទុក​បានថា ជាផ្សារទំនើប​​ធំជាងគេ​មួយ​នៅកម្ពុជា​ផងដែរ ដោយមាន​ផ្ទៃដី​សាង​សង់​​សរុប​រហូត​ដល់ ១៨ ហិកតា ខណៈ​ផ្សារទំនើប​អ៊ីអន​សាខា​ទី១ បាន​សាងសង់​លើផ្ទៃដី ត្រឹមតែ ៧ ហិកតា និងសាខាទី​២ មានផ្ទៃដីតែ ១០ហិកតា​ប៉ុណ្ណោះ។

បើមើល​ទៅក្នុង​បញ្ជី​ឈ្មោះ គម្រោង​ផ្សារ​ទំនើប​អ៊ីអន​ ដែល​នឹងត្រូវ​អភិវឌ្ឍ​ឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះនៅក្នុងបណ្ដាប្រទេស​មួយចំនួន​​នៅ​តំបន់​អាស៊ី បាន​បង្ហាញថា ផ្សារទំនើប​អ៊ីអន​​ទី​៣នេះ គឺធំជាង​ផ្សារ​ទំនើប​អ៊ីអន ដែល​ក្រុម​ហ៊ុន​គ្រោង​នឹងសាង​សង់​នៅ​ប្រទេសចិន និងវៀតណាម​ទៅទៀត។  ​ 

បើតាម​ការ​គូស​បញ្ជាក់​ពីក្រុមហ៊ុន ផ្សារទំនើប​អ៊ីអន ដែល​ខេមបូណូមីស​ទទួល​បាន បានឲ្យ​ដឹងថា ការសាងសង់​ផ្សារទំនើប​​សាខា​ទី៣​របស់ខ្លួន​​នៅទី​តាំង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប ​ING នេះ គឺដោយសារ​តែ​មើលឃើញ​ពីសក្ដានុពល​​អភិវឌ្ឍន៍​ខ្លាំង នៅតំបន់​ភាគខាង​ត្បូង​រាជធានី​ភ្នំពេញបច្ចុប្បន្ន​កំពុង​មាន​សន្ទុះ​​កើន​ឡើង​។ ​

ទោះយ៉ាងណា គេមិនទាន់​ដឹងនៅ​ឡើយទេ​ថា ផ្សារទំនើប​អ៊ីអន​សាខាទី៣​នេះ នឹងត្រូវ​ចំណាយ​ដើម​ទុនអស់​ប៉ុន្មាន​ក្នុងការ​សាងសង់​ឡើង ប៉ុន្ដែ បើតាម​បទ​ពិសោធន៍​នាពេល​កន្លង​ទៅ ​ផ្សារទំនើប​​អ៊ីអន ទី២ សែនសុខ ដែល​មាន​ទំហំផ្ទៃ​ដីតូច​ជាង​ផ្សារ​ទំនើប​អ៊ីអន​​ទី៣នេះ ៨ហិកតា​នោះ បាន​ចំណាយ​ទុន​អស់ ១២០​​លាន​​​ដុល្លារ​​អាមេរិកឯណោះ។  

គួរជម្រាបថា តំបន់ភាគ​ខាងត្បូង​បច្ចុប្បន្ន​ ក្រៅពី​មាន​គម្រោង​បុរីលំនៅដ្ឋាន​​រីកសាយ​ភាយ​​កាន់តែ​ខ្លាំង​នោះ គេសង្កេត​ឃើញថា តំបន់នេះ ក៏បាន​និងកំពុង​​ទាក់ទាញ​​ការវិនិយោគ​សាងសង់​​​គម្រោង​ផ្សារទំនើប​​ធំៗ​​ជាច្រើន​ផងដែរ។ តួយ៉ាង កាល​ពី​ពេល​​ថ្មី​នេះ ប៉េង ហួត បាន​បុក​គ្រឹះ​សាងសង់​គម្រោង​ផ្សារ​ទំនើប​ថ្មី​មួយ​ទៀត  PH Diamond Place តម្លៃ​វិនិយោគ​ប្រមាណ​​៦០​លាន​​ដុល្លារ​​អាមេរិក ស្ថិតនៅ​តាម​បណ្ដោយ​វិថី​សម្ដេច​តេជោ ហ៊ុន សែន ឬ​ហៅ​ថា​ផ្លូវ​៦០​ម៉ែត្រ ក្នុងគម្រោងអភិវឌ្ឍន៍​ទីក្រុងរណប​ ING។ 

គម្រោង​ផ្សារ​ទំនើប​របស់ក្រុមហ៊ុនបុរីប៉េងហួត​នេះ ត្រូវ​បាន​សាងសង់​ឡើង​នៅ​លើ​ផ្ទៃ​ដី​ជិត​៦​ហិកតា និង​មាន​ផ្ទៃ​សំណង់​សរុប​ជាង ៦,២​ម៉ឺនម៉ែត្រ​ការ៉េ ជាមួយ​នឹង​ចំណត​ដែល​អាច​ចតឡាន​បាន​ចំនួន ២៦៧១ គ្រឿង និង​ម៉ូតូ​ចំនួន ៩៥២​គ្រឿង ហើយ​គម្រោង​នេះ​នឹង​សាងសង់​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០២០ ខាង​មុខ​នេះ។ (cambonomist)

មតិយោបល់

ពេញនិយម