ក្បួនរកស៊ីដ៏មានឥទ្ធពលទាំង ៧ របស់ជនជាតិចិន ដែលយើងគួររៀនសូត្រតាមធានាថាជោគជ័យ!
Connect with us

បែបផែនជីវិត

ក្បួនរកស៊ីដ៏មានឥទ្ធពលទាំង ៧ របស់ជនជាតិចិន ដែលយើងគួររៀនសូត្រតាមធានាថាជោគជ័យ!

ជនជាតិចិនត្រូវបានគេស្គាល់ថា ជាជនជាតិមួយដែលពូកែសន្សំសំចៃ ធ្វើជំនួញ និងប្រើក្បួនយុទ្ធសាស្រ្ត ព្រមទាំងប្រើប្រាស់ហុងស៊ុយសម្រាប់ធ្វើអាជីវកម្មយ៉ាងជោគជ័យ។ ថ្វីបើជនជាតិចិន មិនមែនជាជនជាតិដែលពូកែរកស៊ីជាងគេលើលោកក៏ដោយ តែគំនិតនិងក្បួនរកស៊ីរបស់ពួកគេមិនចាញ់ជាតិ​សាសន៍ដទៃនោះទេ ហើយក្បួនទាំងនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នករកស៊ី ជំនាន់ថ្មី។

នាទីនេះ Businsess Cambodia សូមលើកយកក្បួនរកស៊ីដ៏មានឥទ្ធិពលរបស់ជនជាតិចិនចំនួន៧ដែលជនជាតិចិនភាគច្រើនតែងតែអនុវត្តជាប្រចាំ យកមកបកស្រាយ៖

១. ចេះដួល ចេះក្រោក

បើទោះបីជាជនជាតិចិនមានការតាំងចិត្តយ៉ាងមុតមាំយ៉ាងណាក៏ដោយ តែរឿងតែមួយគត់ដែលពួកគេតែងតែប្រកាន់ភ្ចាប់ជានិច្ចនោះ គឺការទទួលស្គាល់ភាពបរាជ័យ។ ពោលគឺមិនភ្លេចខ្លួនពេលទទួល​បានជោគជ័យខ្លាំង ហើយក៏មិនដែលបោះបង់ពេលជួបបរាជ័យ ផងដែរ។

២. រៀនសូត្រឱ្យបានច្រើន

ក្មេងនៅក្នុងប្រទេសចិនភាគច្រើនត្រូវបានបញ្ជូនឱ្យចូលសាលាចិនតាំងតែពីក្មេងរហូតដល់ថ្នាក់បឋម ហើយធ្វើការផ្លាស់ប្តូរសាលាពេលគេរៀនថ្នាក់មធ្យមសិក្សា និងថ្នាក់ឧត្តមសិក្សា ព្រមទាំងបញ្ជូនពួកគេឱ្យទៅរៀននៅក្រៅប្រទេស ធ្វើបែបនេះ ជនជាតិចិនយល់ឃើញថាកូនៗរបស់ពួកគេ នឹងមានជំនឿចិត្តខ្ពស់ក្នុងការប្រាស្រ័យទាក់ទង់ជាមួយមនុស្សជុំវិញខ្លួន ព្រោះថានៅពេលផ្លាស់ប្តូរសាលាម្តងៗពួកគេនឹងបានជួបមនុស្សថ្មីៗជានិច្ច។

៣. សន្សំលុយបន្តិចៗម្តង ចាំបណ្តាក់ទុនតាមក្រោយ

ប្រជាជនចិនភាគច្រើន ពួកគេព្យាយាមហាមចិត្តខ្លួនឯង ខំសន្សំលុយឱ្យបានច្រើន ទើបបណ្តាក់ទុនធ្វើអ្វីមួយ ហើយបើចង់រកស៊ីពួកគេមានលុយនៅក្នុងដៃល្មម។ ជាពិសេស ការមានលុយដើម្បីចាប់ផ្តើមរកស៊ីដោយខ្លួនឯងវាមិនសូវមានហានិភ័យខ្ពស់ពេលជួបបរាជ័យ ដូចការខ្ចីលុយអ្នកដទៃដើម្បីមករកស៊ីឡើយ។

៤. ហ៊ានចាប់ផ្តើមពីតូច

ជនជាតិចិនភាគច្រើនតែងតែមិនសូវខ្វល់អំពីការខ្មាស់អៀននៅរឿងតូចតាចដែលពួកគេកំពុងធ្វើនោះទេ។ ជាក់ស្តែង ប្រសិនបើគេមានសមត្ថភាពក្នុងការធ្វើនំចាខ្វៃ ហើយនៅពេលដែលគេមានដើមទុនបន្តិចបន្តួចនោះ គេនឹងចាប់ផ្តើមរកស៊ីនៅតាមដងផ្លូវតែម្តង ដោយមិនមានភាពខ្មាស់អៀនឡើយ។

៥. ទិញរបស់ត្រូវ

ការរកស៊ីមិនថាអ្នកប្រកបរបរអ្វីនោះទេ ការបញ្ជុះតម្លៃគឺតែងតែមានជានិច្ច ប្រសិនបើអ្នកជាអ្នកលក់ដោយមិនព្រមបញ្ជុះតម្លៃទាល់តែសោះ នោះអតិថិជនរបស់អ្នកនិងរត់ចោលអ្នកជាក់ជាមិនខាន។ ចំណែកក្នុងនាមយើងជាអ្នកទិញ បើទោះបីយើងមានលុយច្រើនយ៉ាងណា យើងមិនគួរទិញរបស់ដោយមានការចង់បានភ្លាមៗពេកនោះទេ ពោលគឺយើងត្រូវតែតថ្លៃជាមុនសិន សឹមទិញតាមក្រោយ។

៦. ទំនាក់ទំនងដោយវោហាសាស្ត្រ

អ្នកជំនួញពូកែៗរបស់ប្រទេសចិនភាគច្រើន តែងតែមានជំនាញខាងវោហាសាស្រ្ត ដោយពួកគេចូលចិត្តប្រើពាក្យណាដែលមនុស្សចង់ស្តាប់បំផុត។ ជាក់ស្តែង លោក Jack Ma  ស្ថាបនិកក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំបំផុតប្រចាំប្រទេសចិន។ លោក ម៉ា តែងតែលើកឡើងពីការបរាជ័យរបស់ខ្លួនដែលធ្វើឱ្យមនុស្សស្តាប់ហើយ ដកជាប់នៅក្នុងចិត្តជារៀងរហូត ដូចពាក្យគាត់និយាយថា “ខ្ញុំធ្លាប់ទៅដាក់ពាក្យចូលធ្វើការនៅក្នុងហាង KFC  ហើយអ្នកទៅសម្ភាសន៍ជាមួយខ្ញុំ ជាប់ទាំងអស់ មានតែខ្ញុំម្នាក់គត់ដែលធ្លាក់”។

៧. មិនមើលងាយលុយ ទោះបី១កាក់មួយសែន

បើជនជាតិចិន ជាអ្នកមានស្តុកស្តម្ភបានឃើញលុយមួយរៀលជ្រុះនៅលើឥដ្ឋ គេនឹងរើសយកមកទុកជាក់ជាមិនខាន ហើយប្រសិនបើកូនរបស់គេធ្វើឱ្យជ្រុះបាយមួយគ្រាប់នៅលើកម្រាល គេនឹង​ឱ្យកូនរបស់គេរើសយកមកញ៉ាំវិញភ្លាម ធ្វើបែបនេះមិនមែនព្រោះតែកំណាញ់ហួសហេតុនោះទេ តែគេមិនចង់ឱ្យកូនរបស់គេមើលងាយលុយមួយកាក់មួយសែនឡើយ។ ក៏ប៉ុន្តែ គេក៏មិនបានបង្រៀនកូនរបស់ពួកគេឱ្យមើលតែលុយតែមួយមុខនោះដែរ ៕ (businesscambodia)

មតិយោបល់

ពេញនិយម