គួរដឹង! តើអចលនទ្រព្យណាខ្លះជាប់ពន្ធ អចលនទ្រព្យណាខ្លះមិនជាប់ពន្ធ?
Connect with us

គួរដឹង

គួរដឹង! តើអចលនទ្រព្យណាខ្លះជាប់ពន្ធ អចលនទ្រព្យណាខ្លះមិនជាប់ពន្ធ?

យោងទៅតាម ច្បាប់ពន្ធអចលនទ្រព្យកម្ពុជា ការប្រមូលពន្ធត្រូវបានអនុវត្តន៍ចំពោះអចលនទ្រព្យនៅទូទាំងប្រទេស។ យ៉ាងណាមិញ ច្បាប់នេះបានកំណត់យកពន្ធតែទៅលើអចលនទ្រព្យទាំងឡាយណាដែលស្ថិតនៅតាមតំបន់រដ្ឋបាលថ្នាក់ក្រុង និងតំបន់រដ្ឋបាលថ្នាក់ខេត្តជាមុនសិនសម្រាប់ជំហានដំបូង។ រីឯតំបន់ផ្សេងទៀតដូចជា ថ្នាក់ស្រុក និង តំបន់ជនបទក្រៅពីរដ្ឋបាលក្រុង ឬ ទីរួមខេត្ត មិនទាន់ជាប់ពន្ធនៅឡើយទេ។

នៅពេលនេះសូមប្រិយមិត្តមកស្វែងយល់លម្អិតបន្តិចពីពន្ធលើអចលនទ្រព្យដូចខាងក្រោម៖

១.តើអចលនទ្រព្យប្រភេទណាខ្លះដែលជាប់ពន្ធ?

អចលនទ្រព្យដែលជាប់ពន្ធសំដៅដល់អចលនទ្រព្យទាំងឡាយដូចខាងក្រោមដែលមានតម្លៃលើសពី ១០០ លានរៀលឡើងទៅ៖

-ដី (ដែលមាន ឬ គ្មានអគារ)
-លំនៅឋាន
-អគារ ឬ សំណង់ផ្សេងៗដែលនៅលើដីរួមមាន៖ សណ្ឋាគារ ផ្ទះល្វែង ការិយាល័យ ខុនដូ រោងចក្រ ឃ្លាំងទំនិញ អគារឧស្សាហកម្ម និងចំណតរថយន្ត។

២.អ្នកណាខ្លះត្រូវជាប់ពន្ធលើអចលនទ្រព្យ?

អ្នកជាប់ពន្ធលើអចលនទ្រព្យរួមមាន៖

-កម្មសិទ្ធិករ៖ សំដៅលើរូបវន្តបុគ្គល (បុគ្គលជាមនុស្ស) ឬ នីតិបុគ្គល (បុគ្គលបង្កើតឡើងដោយច្បាប់ដូចជាក្រុមហ៊ុន) ដែលមានប័ណ្ណសម្គាល់សិទ្ធិ ឬ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលចេញដោយរដ្ឋបាលសុរិយោដី។
-អ្នកកាន់កាប់៖ សំដៅដល់រូបវន្តបុគ្គល ឬ នីតិបុគ្គលដែលកាន់កាប់អចលនទ្រព្យ ប៉ុន្តែមិនមានប័ណ្ណសម្គាល់សិទ្ធិ ឬ វិញ្ញាបនបត្រសម្គាល់អចលនវត្ថុដែលចេញដោយរដ្ឋបាលសុរិយោដី។
-អ្នកទទួលផលប្រយោជន៍ចុងក្រោយ៖ អ្នកទទួលផលប្រយោជន៍ចុងក្រោយសំដៅដល់រូបវន្តបុគ្គល ឬ នីតិបុគ្គលដែលមានសិទ្ធិប្រើប្រាស់ ឬ សិទ្ធិអាស្រ័យផល សិទ្ធិចាត់ចែង និងសិទ្ធិអាស្រ័យនៅចុងក្រោយលើអចលនទ្រព្យ។

៣.តើអចលនទ្រព្យប្រភេទណាខ្លះដែលត្រូវបានលើកលែងពន្ធ?

អចលនទ្រព្យដែលត្រូវបានលើកលែងពន្ធពីច្បាប់នេះរួមមាន៖

-អចលនទ្រព្យដែលមានតម្លៃ ១០០ លានរៀង ឬតិចជាងនេះ៖ ពន្ធនេះ អនុវត្តតែលើអចលនទ្រព្យណា (ដី អគារ សំណង់ផ្សេងៗ) ដែលមានតម្លៃចាប់ពី ១០០ លានរៀងឡើងទៅប៉ុណ្ណោះតាមរយៈការវាយតម្លៃពីគណៈកម្មការវាយតម្លៃអចលនទ្រព្យ។
-ដីកសិកម្មដែលរួមមាន៖
+ដីកសិកម្មដែលស្ថិតនៅក្នុងតំបន់ ឬ ប្រភេទដីកសិកម្មដែលកំពុងបង្កបង្កើនផលរួមមាន ដីស្រែចម្ការ ដីដំណាំដាំដុះ ដីកសិដ្ឋានចិញ្ចឹមសត្វ វារីវប្បកម្ម ដីស្រែអំបិល ឬ ដីដំណាំកសិ-ឧស្សាហកម្មជាដើម។
+កសិដ្ឋានចិញ្ចឹមសត្វក្រៅតំបន់កសិកម្មដែលមានលិខិតអនុញ្ញាតពីមន្ទីរកសិកម្ម។
+វារីវប្បកម្មក្រៅតំបន់កសិកម្មដែលមានលិខិតអនុញ្ញាតពីរដ្ឋបាលជលផល។
+ដីកសិកម្មដែលស្ថិតនៅក្រៅតំបន់កសិកម្ម (ក្រៅពីកសិដ្ឋានចិញ្ចឹមសត្វ ឬ វារីវប្បកម្ម) ដែលមានលិខិតបញ្ជាក់ពីខណ្ឌ ស្រុក ក្រុង។
+ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសាងសង់លើដីធ្លី កសិកម្មដែលបម្រើផ្ទាល់ និងជាអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្ម។
-អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរដ្ឋាភិបាលដែលបានចុះបញ្ជីសារពើពន្ធជាទ្រព្យសម្បត្តិរដ្ឋ។
-អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់សហគមន៍ ឬ បុគ្គលណាមួយដែលដំណើការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា និងសប្បុរសធម៌។
-អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់បេសកកម្មការទូត ឬ កុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលនានាដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល។
-អចលនទ្រព្យដែលជាហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធផលិតទឹកស្អាត ឬ ផលិតអគ្គិសនី ប្រលានយន្តហោះ កំពង់ផែ ស្ថានីយអយស្ម័យយាន រួមបញ្ចូលទាំងអគារ និងការិយាល័យដែលបម្រើផ្ទាល់ដល់សកម្មភាព នៃហេដ្ឋារចនាសម្ព័ន្ធទាំងនោះ។
-អចលនទ្រព្យដែលទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយករណីប្រធានសក្តិ៖ ដែលមានដូចជា គ្រោះធម្មជាតិ សង្គ្រាម កុប្បកម្ម អគ្គីភ័យ ឬ គ្រោះមហន្តរាយជាយថាហេតុ។
-ផ្ទះ អគារ ឬសំណង់ដែលកំពុងសាងសង់តិចជាង ៨០% និងមិនទាន់ប្រើប្រាស់។
-អចលនទ្រព្យដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហើយបម្រើផ្ទាល់ដល់សកម្មភាពផលិតកម្ម៕

ប្រភព៖ ក្រសួងសេ្ឋកិច្ច និងហិរញ្ញវត្ថុ

មតិយោបល់

ពេញនិយម