ខ្មែរភាគច្រើនមិនដឹង! លោក Richner ធ្លាប់ប្តឹងក្នុងរឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមួយ ទើបកុមារខ្មែរបានប្រើថ្នាំថ្លៃៗដល់ថ្ងៃនេះ!
Connect with us

គួរដឹង

ខ្មែរភាគច្រើនមិនដឹង! លោក Richner ធ្លាប់ប្តឹងក្នុងរឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមួយ ទើបកុមារខ្មែរបានប្រើថ្នាំថ្លៃៗដល់ថ្ងៃនេះ!

ខ្មែរយើងភាគច្រើនមិនធ្លាប់ដឹងទេថា ស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផា គឺលោកវេជ្ជបណ្ឌិត Beat Richner បានប្តឹងតវ៉ាទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលមានមូលដ្ឋាននៅក្រុងឡាអេ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៩៩ ដោយចោទប្រកាន់អង្គការសុខភាពពិភពលោក (WHO) និងអង្គការយូនីសេហ្វ (UNICEF) ពីបទ “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបំពានអនុសញ្ញាស្តីអំពីសិទ្ធិកុមារ”។

គួរបញ្ជាក់ថា  បណ្តឹងរបស់លោកតាជនជាតិស្វ៊ីសនេះ គឺធ្វើឡើងដើម្បីទាមទារឱ្យកែប្រែគោលការណ៍ដែលគាត់ហៅដោយខ្លីថា “ឱសថគុណភាពអន់ ប្រើសម្រាប់អ្នកក្រ ក្នុងប្រទេសក្រីក្រ” របស់ WHO ព្រមទាំងទាមទារសំណងជំងឺចិត្តប្រមាណ ៨០០ លានដុល្លារសម្រាប់រដ្ឋាភិបាលកម្ពុជា។

លោកបានប្រាប់សារព័ត៌មានក្នុងស្រុកដែលចុះផ្សាយជាភាសាអង់គ្លេសមួយនៅថ្ងៃទី ៤ ខែធ្នូ ពីបណ្តឹងរបស់គាត់ថា “ខ្ញុំចង់និយាយថា [គោលការណ៍ប្រើប្រាស់ឱសថរបស់ UN] គឺជាឧក្រិដ្ឋកម្មមួយ ហើយថាពួកគេជាអ្នកទទួលខុសត្រូវ”។ លោកបានបន្ថែមថា WHO និង UNICEF មានកំហុសចំពោះ “ការប្រព្រឹត្តអំពើខ្វះមនុស្សធម៌ជាប្រព័ន្ធ…ដែលបំផ្លាញជីវិតកុមាររាប់ពាន់នាក់” ដោយសារតែការណែនាំឱ្យប្រើឱសថគ្មានប្រសិទ្ធភាព ដោយសារអ៊ុនតាក់មានចំណែកចម្លងជំងឺអេដស៍ក្នុងប្រទេសកម្ពុជា ព្រមទាំងដោយសារការព្យាបាល និងការវិភាគរោគនៃជំងឺរលាកខួរក្បាល និងជំងឺរបេង។

យ៉ាងណាមិញ តុលាការអន្តរជាតិ (ICJ) ដែលក្នុងប្រវត្តិសាស្ត្រធ្លាប់តែដោះស្រាយវិវាទរវាងរដ្ឋនិងរដ្ឋ មិនបានឆ្លើយតបចំពោះការតវ៉ានេះឡើយ ថ្វីបើគាត់ទទូចថាបើតាមច្បាប់គ្រប់គ្រងឆ្នាំ ១៩៩៥ ដោយក្រសួងសុខាភិបាលកម្ពុជា “គន្ធបុប្ផា” ត្រូវបានប្រកាសថាជា “រដ្ឋមួយ” ក្នុង “រដ្ឋកម្ពុជា”។

ទោះយ៉ាងណា ក្រោយមកលោក Richner បានមានប្រសាសន៍ថា ការតវ៉ានេះបានទាក់ទាញចំណាប់អារម្មណ៍ក្នុងមជ្ឍដ្ឋានឱសថអន្តរជាតិ និងជំរុញឱ្យរដ្ឋាភិបាលស្វ៊ីសបង្កើតក្រុមសង្កេតការណ៍ឯករាជ្យមួយកាលពីដើមឆ្នាំនោះ រួចក៏បានប្រកាសថាមន្ទីរពេ្យគន្ធបុប្ផា ដែលមានពីរទីតាំងនៅក្រុងភ្នំពេញ និងទីតាំងទីបីនៅខេត្តសៀមរាប ជា “មជ្ឍមណ្ឌលឱសថឥតខ្ចោះក្នុងប្រទេសក្រីក្រ”។

“របាយការណ៍នេះប្រៀបដូចជាជ័យជម្នះអីចឹង។ របាយការណ៍របស់រដ្ឋាភិបាលស្វ៊ីសបានគាំទ្រទស្សនៈរបស់ខ្ញុំ ថាវាអាចទៅរួចក្នុងការផ្តល់ឱសថគុណភាពខ្ពស់ដើម្បីព្យាបាលតាមបណ្តាប្រទេសក្រីក្រក្នុងតម្លៃសមហេតុសមផលមួយ។” លោកតាដែលតែងកូដវីយូឡុងដើម្បីរៃអង្គាសប្រាក់ជួយមន្ទីរពេទ្យ បានមានប្រសាសន៍ដូច្នេះ។

បើតាមការរកឃើញក្នុងរបាយការណ៍ខាងលើបានធ្វើការសន្និដ្ឋានថា ថវិកាចំនួន ៩ លានដុល្លារសម្រាប់មន្ទីរពេទ្យគន្ធបុប្ផាទាំងបីទីតាំងបានបង្ហាញពី “ទំនាក់ទំនងរវាងតម្លៃ និងប្រសិទ្ធភាព…ដែលល្អបំផុតមិនធ្លាប់មានក្នុងពិភពលោក។”

ចំពោះលោកតាដែលស្ថិតក្នុងដួងចិត្តប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសឳពុកម្តាយដែលធ្លាប់យកកូនទៅព្យាបាលនៅមន្ទីរពេទ្យរបស់គាត់នោះ លទ្ធផលនៃការទទួលស្គាល់ពីរដ្ឋាភិបាលស្វ៊ីស និងសក្តានុពលនៃកំណើនមូលនិធិស្វ៊ីស គឺជាការបញ្ជាក់ពីភាពត្រឹមត្រូវដ៏គួរឱ្យពេញចិត្តស្តូក សម្រាប់ការធ្វើពហិការទល់នឹង WHO និង UNICEF។

ប៉ុន្តែលោកតាកំពូលចិត្តធម៌បានទទូចថា ការថែទាំសុខភាពតាមបទដ្ឋានពិភពលោក ពិតជាអាចនិងគួរតែមានសម្រាប់ប្រជាជនកម្ពុជា ជាពិសេសគឺកុមារ ប្រសិនបើការយកចិត្តទុកដាក់ដ៏ម៉ឹងម៉ាត់ចំពោះភាពស្មើភាពគ្នា និងភាពតឹងរ៉ឹងចំពោះអំពើពុករលួយត្រូវបានអនុវត្ត ដែលគាត់អះអាងថាបានចាប់ផ្តើមធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផារួចទៅហើយ។

គាត់បានបញ្ជាក់ថា គាត់ទ្រាំជិតមួយទសវត្សរ៍ហើយ ដោយលើកឡើងថា “៨ឆ្នាំហើយតាំងពីដំណើរការមន្ទីរពេទ្យគន្ធបុប្ផាទី១ គ្មានអ្នកណានៅអង្គការសុខភាពពិភពលោក ឬ យូនីសេហ្វ មកទស្សនកិច្ច និងពិនិត្យមើលប្រតិបត្តិការរបស់យើងទេ។ មន្ត្រីអង្គការ WHO ម្នាក់ធ្លាប់ប្រាប់ខ្ញុំថា ចំណាយសម្រាប់មន្ទីរពេទ្យគន្ធបុប្ផាគឺខ្ពស់ពេកហើយ បើប្រៀបធៀបជាមួយថវិការបស់ក្រសួងសុខាភិបាល និងមិនអាចធ្វើឱ្យស្ថានភាពសុខាភិបាលនៅកម្ពុជាបានប្រសើរឡើងដោយមានចិរភាពទេ។”

គាត់បានបន្តថា “ប្រសិនបើគំរូដូចគន្ធបុប្ផាត្រូវបានអនុវត្តទូទាំងប្រទេស នោះកម្ពុជានឹងមិនត្រូវការអង្គការក្រៅរដ្ឋាភិបាលនានាដែលផ្តល់ជំនួយផ្នែកឱសថឡើយ។”

អ្នកនាំពាក្យរបស់អង្គការ UNICEF គឺលោកដុកទ័រ Guydo Cornali បាននិយាយយ៉ាងខ្លីថា “គ្មានយោបល់” ពេលត្រូវគេសួរអំពីការប្តឹងតវ៉ាទៅ ICJ របស់លោក Richner។ ក្រោយមកទៀត ទើបលោក Cornali បានមានប្រសាសន៍វែងជាងមុនបន្តិចថា “ការពិភាក្សានេះ [រវាងលោក Richner និង UN] បានដំណើរការមួយរយៈហើយ…[Richner] មានយោបល់ផ្ទាល់ខ្លួនរបស់គាត់ ហើយយើងគោរពចំពោះយោបល់ទាំងនោះ។”

ដោយឡែក តំណាងអង្គការ WHO ប្រចាំកម្ពុជា គឺលោកដុកទ័រ Bill Pigott បានលើកឡើងថា វិវាទរវាង UN និងលោក Richner បានចាក់ឬសក្នុងទិដ្ឋភាពជម្លោះរវាង ទស្សនៈវិទ្យា និងវិធីសាស្ត្រ។ “Richner ប្រើមធ្យោបាយវេជ្ជសាស្ត្រតាមបែប ឃើញកុមារនៅចំពោះមុខ ហើយគាត់ចង់ជួយភ្លាមៗ រីឯទិដ្ឋភាពសុខភាពសាធារណៈ គឺព្យាយាមអស់លទ្ធភាពសម្រាប់សហគមន៍ទាំងមូល ឱ្យស្មើភាពតាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយតម្រូវការផ្នែកសុខាភិបាល ទាំងវិធានការបង្កា និងការព្យាបាលសម្រាប់កុមារ និងមនុស្សពេញវ័យ។” លោកបានពន្យល់ដូច្នេះ និងសង្កត់ធ្ងន់ថា “គ្មានអ្វីច្រើនត្រូវធ្វើនាំតែខាតពេលក្នុងការប្រកែកគ្នាចំពោះវិធិសាស្ត្ររបស់អ្នកណាទេ អ្វីដែលគួរធ្វើគឺ ជួយគាំទ្រការងាររបស់អ្នកដទៃ។”

លោក Richner បានទទួលយកវិធីសាស្ត្របើកចិត្តទូលាយរបស់លោក Pigott ចំពោះទស្សនៈរបស់គាត់ ដោយលើកឡើងថា លោក Pigott បានបង្ហាញពីឆន្ទៈមកធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីឃើញពីការអនុវត្តបច្ចេកវិទ្យាវេជ្ជសាស្ត្រលំដាប់ពិភពលោកដំបូងបង្អស់នៅប្រទេសក្រីក្រ។ ទោះយ៉ាងណា លោកនៅតែទទូចថា ការប៉ុនប៉ងស្វះស្វែងរកដំណោះស្រាយស្របច្បាប់ចំពោះការប្រើឱសថខុសពីតម្រូវការ នៅអតីតកាលរបស់ UN ក្នុងប្រទេសកម្ពុជានៅតែបន្តធ្វើឡើង។ លោកបានឱ្យដឹងចុងក្រោយថា “វាជាបញ្ហាដ៏សំខាន់មួយ ដូច្នេះខ្ញុំនឹងទាក់ទងទៅតុលាការ ICJ ឆាប់ៗដើម្បីឱ្យដឹងមូលហេតុដែលគេមិនឆ្លើយតប”៕ (khmerload)

មតិយោបល់

ពេញនិយម