ពលរដ្ឋ និងស្តេចព្រុយណេនឹងទៅជាយ៉ាងណាបើ១០ឆ្នាំទៀតប្រេងកាតរីងស្ងួត?
Connect with us

គួរដឹង

ពលរដ្ឋ និងស្តេចព្រុយណេនឹងទៅជាយ៉ាងណាបើ១០ឆ្នាំទៀតប្រេងកាតរីងស្ងួត?

ប្រទេសប៊ុ្រយណេគឺជាប្រទេសសមាជិកអាស៊ាន ដែលមានប្រជាជនតែជាង៤០ម៉ឺននាក់ប៉ុណ្ណោះ រស់នៅពឹងផ្អែកស្ទើរតែទាំងស្រុងដោយធនធានធម្មជាតិប្រេងកាត និងឧស្ម័នធម្មជាតិ ធ្វើឲ្យប្រជាជនរស់នៅសុខស្រួលជិត៥ទស្សវត្សរ៍ ប្រជាជនធូធារមានប្រាក់ចំណូលប្រចាំឆ្នាំគិតជាមធ្យមជាង៣ម៉ឺនដុល្លារអាមេរិក។

ប៉ុន្តែ តើប៊្រុយណេនឹងទៅជាយ៉ាងណា នៅពេលដែលគ្រប់អណ្តូងប្រេងកាតត្រូវរីងស្ងួត ហើយឧស្ម័នធម្មជាតិក៏លែងមានតទៅទៀតក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត ខណៈពេលដែលប្រជាជននៅតែសប្បាយរីករាយនៅអ្វីដែលពួកគេកំពុងតែមាន ហើយប្រជាជនប៊្រុយណេច្រើនជាង៧០ភាគរយធ្វើតែការងាររដ្ឋដោយសារតែទទួលបានប្រាក់ខែខ្ពស់ មិនសូវខ្វាយខ្វល់ពីការងាររកស៊ីឡើយ។

ដើម្បីត្រៀមលក្ខណៈប្រឈរមុខនឹងបញ្ហានេះ រដ្ឋាភិបាលប៊្រុយណេ កំពុងព្យាយាមដាស់តឿនប្រជាជនរបស់ខ្លួន រៀបចំគម្រោងផែនការកែលម្អលើសេដ្ឋកិច្ចពឹងផ្អែកថ្មីមួយ ដោយគ្រោងចាប់យកវិស័យទេសចរណ៍ វិស័យបច្ចេកវិទ្យា ធុរៈកិច្ចវិនិយោគ និងផលិតកម្មបែបឧស្សាហកម្មមកជំនួសវិញក្នុងរយៈពេល១០ឆ្នាំទៀត។

ស្របពេលជាមួយគ្នា វិស័យអប់រំ និងការលើកទឹកចិត្តប្រជាជនឲ្យហ៊ានចាប់ផ្តើមអាជីវកម្មគឺជារឿងដ៏សំខាន់ទីមួយ ដែលរដ្ឋាភិបាលប៊្រុយណេកំពុងប្រឹងប្រែងធ្វើចាប់ពីឥឡូវនេះទៅហើយ ប៉ុន្តែជាលទ្ធផលមិនជាល្អប៉ុន្មាននៅឡើយទេ ដោយសារតែប្រជាជននៅតែសប្បាយភ្លេចខ្លួន ហើយមិនអ្នកខ្លះមិនទាន់ទាំងយល់ពីការធ្វើអាជីវកម្មផង។​

កូនៗប៊្រុយណេភាគច្រើន ទៅបន្តការសិក្សានៅសាលាល្បីៗជុំវិញពិភពលោក ពិសេសប្រទេសអូស្ត្រាលី និងអង់គ្លេស ដោយសារតែឪពុកម្តាយមានលទ្ធភាពខ្ពស់ក្នុងការបញ្ជូនពួកគេចេញទៅរៀននៅឯបរទេស។

ការផ្លាស់ប្តូរដ៏ធំក្នុងរយៈ១០ឆ្នាំខាងមុខ គឺជារឿងដែលពិបាកប៉ាន់ស្មានណាស់ ហើយប្រជាជនប៊្រុយណេម្នាក់ៗ ត្រូវតែត្រៀមលក្ខណៈឲ្យហើយ ពិសេសយុវជនសម័យថ្មីរបស់ប្រ៊ុយណេ ដែលនឹងគ្មានវាសនាសោយសុខដូចឪពុកម្តាយរបស់ពួកគេបច្ចុប្បន្ននេះឡើយ៕

ប្រភព៖ business-cambodia

មតិយោបល់

ពេញនិយម