បើធ្វើការហត់កុំរករឿងប្រពន្ធទៀតអី នេះជាសាររបស់នារីម្នាក់ទៅកាន់ប្តីរបស់គាត់ និងប្តីគ្រប់រូប
Connect with us

គ្រួសារ & ស្នេហា

បើធ្វើការហត់កុំរករឿងប្រពន្ធទៀតអី នេះជាសាររបស់នារីម្នាក់ទៅកាន់ប្តីរបស់គាត់ និងប្តីគ្រប់រូប

បុរស​ជា​ច្រើន នៅ​មិន​ទាន់​ទទួល​ស្គាល់​ថា កិច្ចការ​ផ្ទះ​ជា​រឿង​ស្មុគស្មាញ​មួយ ក៏​ព្រោះ​តែ​មិន​ធ្លាប់​ឆ្លង​កាត់ ឬ​ធ្វើ​ខ្លួន​ឯង​ដោយ​ផ្ទាល់។ នារី​ស្ទើរ​គ្រប់​រូប បាន​ធ្លាក់​ខ្លួន​ដូច​ជា​អ្នក​បម្រើ បន្ទាប់​ពី​រៀប​ការ​មាន​កូន​រួច ប៉ុន្តែ​ពេល​ខ្លះ ប្ដី​បែរ​ជា​មិន​យល់​ចិត្ត ហើយ​ថែម​ទាំង​បន្ទោស​នាង​ទៀត។ ជាក់​ស្ដែង នៅ​ក្នុង​គ្រួសារ​មួយ ពេល​បុរស​​ជា​ប្ដី​មក​ពី​ធ្វើ​ការ​វិញ ស្រាប់​តែ​ខឹង​ប្រពន្ធ ព្រោះ​តែ​ឃើញ​សភាព​រញ៉េរញ៉ៃ​ទាំង​ក្នុង​ផ្ទះ និង​លើ​តុ​ទទួល​ទាន​បាយ ប៉ុន្តែ​ក្រោយ​អាន​ក្រដាស​មួយ​សន្លឹក ស្រាប់​តែ ប្ដូរ​ចិត្ត​អាណិត​នាង​វិញ។

ដំបូង​ឡើយ ប្ដី​ប្រពន្ធ​មួយ​គូ​នេះ ជា​អ្នក​ធ្វើ​ការ​ដូច​គ្នា ហើយ​មិន​ធ្លាប់​ទាស់​ទែង​ប្រឆាំង​គ្នា​រឿង​ការងារ​ផ្ទះ​ឡើយ ព្រោះ​ជួយ​គ្នា​ធ្វើ​ទាំង២នាក់។ ចំណែក​បាយ​ម្ហូប ច្រើន​តែ​ទទួល​ទាន​នៅ​ហាង ឬ​ទិញ​​ពី​ក្រៅ​ស្រាប់ៗ ព្រោះ​មិន​អាច​ធ្វើ​ទាន់​ពេល​វេលា។ រំលង​បាន ២​ឆ្នាំ ពួក​គេ​ទទួល​បាន​ចំណង​ដៃ កូន​ប្រុស​ម្នាក់ ហើយ​បុរស​ជា​ប្ដី​ក៏​បាន​សម្រេច​ចិត្ត ឱ្យ​ប្រពន្ធ​ឈប់​ធ្វើការ ដើម្បី​មើល​ថែ​កូន​តែ​ម្ដង ដោយ​ខ្លួន​ជា​អ្នក​រ៉ាប់រង​ចំណូល​តែ​ម្នាក់។

ចាប់​តាំង​ពី​ប្រពន្ធ​ឈប់​ពី​ការងារ​មក ប្ដី​ចេះ​តែ​យក​លេស​ថា​ធ្វើ​ការ​ច្រើន​ជាង​មុន ដើម្បី​រក​លុយ ដោយ​មិន​ជួយ​ការងារ​ផ្ទះ​ឡើយ។ ពេល​កូន​អាយុ​បាន ៣​ឆ្នាំ កាន់​តែ​រពឹស នារី​ជា​ប្រពន្ធ​កាន់​តែ​ហត់​ខ្លាំង ណា​មើល​កូន​ផង ណា​បោស​ផ្ទះ រៀប​ចំ​បាយ​ម្ហូប បោក​សំលៀក​បំពាក់​ប្ដី​ផង ១០០​ជំពូក ធ្វើ​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច។ ក្រៅ​ពី​នេះ នៅ​មាន​ការងារ​ផ្ទះ​ជា​ច្រើន​ទៀត ដែល​ត្រូវ​ធ្វើ​ជា​ប្រចាំ​រាល់​ថ្ងៃ រហូត​នាង​សម្រេច​ចិត្ត​កត់​ក្រដាស​កុំ​ឱ្យ​ភ្លេច។

មាន​ថ្ងៃ​មួយ ប្ដី​មក​ពី​ធ្វើ​ការ​វិញ​នៅ​ម៉ោង ៧​យប់​ដូច​សព្វ​មួយ​ដង ហើយ​ក៏​ឡើង​ទៅ​ប្ដូរ​សំលៀក​បំពាក់ ដើម្បី​ងូត​ទឹក​ចុះ​មក​ទទួល​ទាន​បាយ​ល្ងាច ដែល​ប្រពន្ធ​ជា​អ្នក​រៀប​ចំ​ឱ្យ។ ពេល​ចុះ​ពី​ងូត​ទឹក​វិញ ប្ដី​ចង​ចិញ្ចើម​ជាប់​រហូត ហើយ​មើល​មិន​ដាក់​ភ្នែក នូវ​របស់​របរ​ទាំង​ឡាយ ដែល​កូន​ពង្រាយ​ពេញ​ក្នុង​ផ្ទះ តាំង​ពី​លើ​សាឡុង រហូត​ដល់​ផ្ទះ​បាយ។ ឃើញ​ដូច​នេះ ប្ដី​ហាក់​មាន​អារម្មណ​ថា​ខឹង​ប្រពន្ធ​យ៉ាង​ខ្លាំង ព្រោះ​គិត​ថា​មិន​ចេះ​រៀប​ចំ​ផ្ទះ​សោះ។

ប្ដី​អង្គុយ​នៅ​តុ​បាយ រង់ចាំ​ប្រពន្ធ​រៀប​ចំ​​សព្វ​គ្រប់ ដោយ​មិន​មាត់​ក​ឡើយ ប៉ុន្តែ​ទឹក​មុខ​ពោរពេញ​ដោយ​ការ​មិន​សប្បាយ​ចិត្ត។ ពេល​ប្រពន្ធ​រៀប​ចំ​បាយ​ម្ហូប​រួច ក៏​អង្គុយ​ចុះ​មុខ​ប្ដី ដើម្បី​ទទួល​ទាន​ជាមួយ​គ្នា។ ក្រឡេក​មើល​ទៅ​ប្ដី ឃើញ​មិន​មាត់​ក ស្មាន​តែ​មិន​សប្បាយ​ចិត្ត​ព្រោះ​ការងារ ប្រពន្ធ​ក៏​ធ្វើ​ជា​ញញឹម​ញញែម​រួស​រាយ​ដាក់ រួច​និយាយ​ថា៖ “បង តោះ​ញាំ​បាយ ថ្ងៃ​នេះ​អូន​ធ្វើ​ម្ហូប​ច្រើន​ណាស់ កុំ​គិត​រឿង​ការងារ​ច្រើន​ពេក​ណា”។

​ប្ដី​លឺ​បែប​នេះ ក៏​និយាយ​ត​វិញ​បែប​ធ្ងន់​សំឡេង​ថា៖ “ឆ្ងល់​ណាស់ រាល់​ថ្ងៃ​ធ្វើ​អី​ខ្លះ? ម៉េច​មិន​ចេះ​រៀប​ចំ​ផ្ទះ​ឱ្យ​ស្អាត​បាត​តិច​ទៅ។ មក​ពី​ធ្វើ​ការ​ហត់ ឃើញ​ចឹង​ទៀត គ្មាន​អារម្មណ​បាយ​ទឹក​អី​ទេ”។ សម្ដី​នេះ ដូច​កាំបិត​ចាក់​ចំ​បេះ​ដូង​នារី​ជា​ប្រពន្ធ។ នាង​ទម្លាក់​ទឹក​មុខ ប្រែ​ពី​ញញឹម ទៅ​ជា​ស្រពាប់​ស្រពោន កែវ​ភ្នែក​ពោរពេញ​ដោយ​ទឹក​រលីង​រលោង រក​រមៀល​ធ្លាក់​ចុះ។ នាង​ទម្លាក់​ស្លាប​ព្រា ដែល​បម្រុង​នឹង​ដួស​បាយ ទៅ​លើ​ចាន​វិញ រួច​ក៏​ចូល​ទៅ​ក្នុង​បន្ទប់ យោល​អង្រឹង​កូន​ដែល​កំពុង​គេង​បណ្ដើរ ខ្សឹកខ្សួល​បណ្ដើរ។

ប្ដី​ឃើញ​បែប​នេះ ក៏​មិន​ទទួល​ទាន​អាហារ​ដូច​គ្នា ហើយ​ក្រោក​​យក​បាយ​ម្ហូប​ទៅ​ផ្ទះ​បាយ​វិញ ដើម្បី​គ្រប​ទុក។ ពេល​ទៅ​ដល់​ផ្ទះ​បាយ ប្ដី​ស្រាប់​តែ ប្រទះ​ឃើញ​ក្រដាស​មួយ​សន្លឹក ដែល​ក្នុង​នោះ​មាន​សរសេរ​ថា “ការងារ​ត្រូវ​ធ្វើ​ថ្ងៃ​នេះ” ដោយ​មាន​សរសេរ​ពេញ​ទាំង​មុខ​ទាំង​ក្រោយ ហើយ​មាន​ឆូត​ចោល​ការងារ​ដែល​ធ្វើ​ហើយ​ផង​ដែរ។

នៅ​ក្នុង​ក្រដាស​បាន​រាយ​យ៉ាង​លម្អិត​ថា ម៉ោង 5​ ក្រោក​ឡើង​រៀប​ចំ​អាហារ​ពេល​ព្រឹក, ម៉ោង 6 ចាប់​ផ្ដើម​លាង​ចាន បោស​ផ្ទះ ជូត​ផ្ទះ ងូត​ទឹក​ឱ្យ​កូន, ម៉ោង8 បោក​សំលៀក​បំពាក់, ម៉ោង10 ទៅ​ផ្សារ​ទិញ​ម្ហូប, ម៉ោង ១១ ធ្វើ​ម្ហូប​ពេល​ថ្ងៃ, ម៉ោង១ នាំ​កូន​ទៅ​ពេទ្យ… បញ្ជី​រាយ​ឈ្មោះ​ការងារ តាំង​ពី​ព្រឹក​មក ​ត្រូវ​គូស​ចោល​អស់ ដែល​មាន​ន័យ​ថា ធ្វើ​រួច​​ទៅ​ហើយ ប៉ុន្តែ​នៅ​សល់​ការងារ ២​ចុង​ក្រោយ ដែល​មិន​ទាន់​បាន​ធ្វើ។

​នៅ​ក្នុង​ក្រដាស​សរសេរ​ថា ម៉ោង ៧​យប់ កំដរ​ប្ដី​ជា​ទី​ស្រលាញ់ ញាំ​បាយ​ជុំ​គ្នា, ម៉ោង ៨​យប់ លាង​ចាន និង​រៀប​ចំ​ផ្ទះ។ គ្រាន់​តែ​ឃើញ​ភ្លាម ប្ដី​ចាប់​ផ្ដើម​មាន​អារម្មណ​អាណិត​ប្រពន្ធ និង​គិត​ឡើង​វិញ​នូវ​ពាក្យ​របស់​ខ្លួន ដែល​សួរ​នាង​ថា “ធ្វើ​អ្វី​ខ្លះ​រាល់​ថ្ងៃ​នេះ?”។ ប្ដី​កាន់​ក្រដាស​នោះ ចូល​ទៅ​បន្ទប់ ហើយ​ឱប​ប្រពន្ធ​ដែល​កំពុង​យំ និង​ចាប់​ផ្ដើម​សម្រក់​ទឹក​ភ្នែក​ដោយ​រំជួល​ចិត្ត​ជាមួយ​នាង។

“ឱ្យ​បង​សុំ​ទោស​ផង ប្រពន្ធ​ជា​ទី​ស្រលាញ់… បង​ខុស​ហើយ បង​ពិត​ជា​មិន​ដឹង​ថា ការងារ​មាន​ច្រើន​បែប​នេះ​ទេ”។ ប្រពន្ធ​ក៏​យំ​កាន់​តែ​ខ្លាំង យំ​ព្រោះ​តែ​ការ​លះ​បង់​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​កន្លង​មក ទើប​ប្ដី​បាន​ដឹង​នៅ​ថ្ងៃ​នេះ។ តាម​ពិត ពេល​នាង​កំពុង​ដាំ​បាយ​ធ្វើ​ម្ហូប នាង​ត្រូវ​បំពេ​កូន​ឱ្យ​ដេក ហើយ​ត្រូវ​រៀប​ចំ​បាយ​ឱ្យ​ប្ដី​ទៀត ទើប​គិត​ថា​ទុក​ការ​រៀប​ចំ​ផ្ទះ​ចុង​ក្រោយ ព្រោះ​គ្មាន​ចន្លោះ​ពេល​សម្រាប់​ធ្វើ​ឡើយ។

ថ្ងៃ​បន្ទាប់ ប្ដី​មក​ពី​ធ្វើ​ការ​ដូច​រាល់​ដង​គឺ​ម៉ោង ៧​យប់ ប៉ុន្តែ​មិន​បាន​ឡើង​ទៅ​ងូត​ទឹក​ភ្លាម​ទេ។ អំឡុង​ពេល ប្រពន្ធ​កំពុង​រៀប​ចំ​បាយ​ទឹក ប្ដី​បាន​ជួយ​រៀប​ចំ​របស់​របរ​ដែល​កូន​លេង​ទុក​វិញ រួច​ជូត​តុ​បាយ និង​ទៅ​មើល​ក្នុង​ផ្ទះ​បាយ ក្រែង​ប្រពន្ធ​មាន​អ្វី​ឱ្យ​ជួយ។ បន្ទាប់​មក ទើប​ឡើង​ទៅ​ងូត​ទឹក ដើម្បី​រៀប​ចំ​ទទួល​ទាន​បាយ​ជាមួយ​គ្នា មិន​ដូច​ជា​ម្សិលមិញ ដែល​ប្រពន្ធ​ត្រូវ​ធ្វើ​ម្នាក់​ឯង​ឡើយ។ អាហារ​មួយ​ពេល​នេះ មាន​ន័យ​ណាស់ គឺ​ប្ដី​ជា​អ្នក​ដួស​បាយ ដួស​ម្ហូប​មក ហើយ​មាន​ពេល​អង្គុយ​ញាំ​ជុំ​គ្នា និង​រៀប​ចំ​ប្រមូល​ជាមួយ​គ្នា។

ន័យ​អប់​រំ​ក្នុង​រឿង​នេះ៖ ការងារ​ផ្ទះ និង​ការងារ​ខាង​ក្រៅ មាន​តម្លៃ​ស្មើ​គ្នា។ ពេល​ខ្លះ​ការងារ​តូច​ៗ​នៅ​ផ្ទះ​ដែល​អ្នក​មើល​មិន​ឃើញ គឺ​ធ្វើ​ជាប់​រហូត​មិន​ចេះ​ហើយ គ្មាន​ពេល​សម្រាក មិន​ដូច​ការងារ​ក្រៅ​ឡើយ។ គួរ​ចេះ​ជួយ​រំលែក​ការងារ​គ្នា ទើប​គ្រួសារ​មាន​សុភមង្គល មាន​ន័យ​ពិត។ កុំ​រក្សា​វប្បធម៌​អាក្រក់ ចាត់​ទុក​ប្រពន្ធ​ដូច​ជា​អ្នក​បម្រើ​ត​ទៅ​ទៀត ព្រោះ​នាង​ក៏​មាន​សិទ្ធិ​ស្មើ​គ្នា ចង់​ឱ្យ​មាន​ការ​លើក​ទឹក​ចិត្ត​ចំពោះ​ការងារ​របស់​នាង​ដូច​គ្នា៕

ប្រភព៖ Morning Fresh

មតិយោបល់

ពេញនិយម