ភ្លេចៗខ្លួនប្រយ័ត្នទម្លាប់ទាំងនោះធ្វើឲ្យអ្នកប្រឈមនឹងជម្ងឺឈឺឆ្អឹងខ្នងរ៉ាំរ៉ៃ!!!
Connect with us

គួរដឹង

ភ្លេចៗខ្លួនប្រយ័ត្នទម្លាប់ទាំងនោះធ្វើឲ្យអ្នកប្រឈមនឹងជម្ងឺឈឺឆ្អឹងខ្នងរ៉ាំរ៉ៃ!!!

នៅក្នុងសតវត្សរ៍ទី ២១ នេះ បញ្ហាឆ្អឹងខ្នងបានក្លាយទៅជារឿងដ៏សំខាន់សម្រាប់មនុស្សគ្រប់វ័យ ដែលមនុស្សគ្រប់រូបមិនគួរមើលរំលង។ ជាទូទៅ បញ្ហានេះច្រើនកើតឡើងដោយតែការរស់នៅប្រចាំថ្ងៃមិនត្រូវតាមស្តង់ដារ ការប្រើប្រាស់ឥរិយាបថមិនបានត្រឹមត្រូវ និងការប្រើប្រាស់ឧបករណ៍ទំនើបមួយចំនួន។ ក្រោយពីបានធ្វើការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានបង្ហាញពីទម្លាប់មួយចំនួនដែលប៉ះពាល់ដល់ឆ្អឹងខ្នង ហើយអាចបណ្តាលឲ្យកើតមានជម្ងឺឈឺឆ្អឹងខ្នងរ៉ាំរ៉ៃជាដើម។

១. ការជក់បារី

ជាធម្មតា ការជក់បារីគឺជាទម្លាប់ដ៏គ្រោះថ្នាក់មួយ មិនថាសម្រាប់អ្នកជក់ ឬអ្នកនៅជុំវិញខ្លួននោះទេ។ ក្រៅពីបញ្ហាទាក់ទងនឹងសួត ឬប្រព័ន្ធដង្ហើមដែលជាបញ្ហាចំបង ការជក់បារីក៏អាចបណ្តាលឱ្យមានបញ្ហាឈឺខ្នងបានដែរ។ នេះដោយសារតែជាតិនីកូទីនដែលមាននៅក្នុងបារីទៅរាំងស្ទះដល់លំហូរឈាមនៅជុំវិញខួរឆ្អឹងខ្នង ធ្វើឲ្យឆ្អឹងខ្នងមិនអាចទទួលយកជាតិអុកស៊ីហ្សែនបានគ្រប់គ្រាន់។

២. ការឈរធ្វើការរយៈពេលយូរ

មិនខុសពីការអង្គុយយូរពេកទេ ការឈរយូរពេកក៏អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើឆ្អឹងខ្នង ក និងស្មារបស់អ្នកបានដែរ។ ការឈរដោយប្រើឥរិយាបថមិនបានត្រឹមត្រូវអាចមានផលវិបាកដល់ខួរឆ្អឹងខ្នងរបស់អ្នក ដែលអាចបណ្តាលឱ្យឈឺចាប់រ៉ាំរ៉ៃនិងកោងយ៉ាងធ្ងន់ធ្ងរ។ នេះព្រោះតែសាច់ដុំនិងសន្លាក់របស់យើងត្រូវការភាពបត់បែនដើម្បីមានសុខភាពល្អ។ ភាគច្រើនពេលដែលក្បាលឬស្មារបស់អ្នកស្ថិតនៅក្នុងទីតាំងមិនត្រឹមត្រូវនោះមានន័យថាអ្នកមិនគ្រប់គ្រងផ្នែកខាងលើនៃរាងកាយរបស់អ្នកឱ្យបានល្អទេ។ ដើម្បីជៀសវាងកុំឱ្យមានបញ្ហានេះ អ្នកគួរអង្គុយសម្រាករាល់ពេលអ្នកឈរបាន ៣០ នាទី។ វាអាចជួយសម្រួលសំពាធនៅលើសាច់ដុំនិងសរសៃចងរបស់យើង ដែលជួយឲ្យឆ្អឹងខ្នងយើងដំណើរការបានប្រសើរ។

៣. ការពាក់ស្បែកជើងមិនត្រឹមត្រូវ

ការឈឺឆ្អឹងខ្នងអាចបណ្តាលមកពីការពាក់ស្បែកជើងមិនបានស្រួល។ កាលដែលអ្នកប្រើប្រាស់ស្បែកជើងមិនបានស្រួល ធ្វើឲ្យការដើររបស់អ្នកមិនមានប្រក្រតី ហើយប៉ះពាល់ដល់ឆ្អឹងខ្នងអ្នក។ អ្នកគួរកាត់បន្ថយសម្ពាធលើជើងរបស់អ្នកដោយការជ្រើសរើសស្បែកជើងដែលមានគុណភាពខ្ពស់។ ប្រសិនបើអ្នកចូលចិត្តស្បែកជើងបែប sneakers ឬចូលចិត្តពាក់ស្បែកជើងកវែងនៅពេលអាកាសធាតុត្រជាក់ អ្នកគួរពាក់ស្រោមជើងដើម្បីកាត់បន្ថយភាពកកិតនិងមិនស្រួលសម្រាប់ជើងរបស់អ្នក។

៤. ការសម្រាកមិនបានគ្រប់គ្រាន់

មនុស្សជាច្រើនមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ចំពោះរោគសញ្ញាឈឺឆ្អឹងខ្នងជាលើកដំបូងឡើយ។ ទោះជាយ៉ាងណាក៏ដោយ វាសំខាន់ណាស់ក្នុងការសម្រាកនៅពេលដែលអ្នកមានអារម្មណ៍ថាខ្នងរបស់អ្នកមិនស្រួល ឬមានភាពចុកស្រពន់។ ដើម្បីកាត់បន្ថយសម្ពាធបន្ថែមលើសាច់ដុំរបស់អ្នក សូមសម្រាកដោយដេកដាក់ជើងរបស់អ្នកបញ្ឈរឡើងលើ។ ជាការពិតណាស់ ព្រោះតែការងារ អ្នកមិនអាចមានពេលវេលាសម្រាកបានគ្រប់ពេលនោះទេ។ ប៉ុន្តែកុំភ្លេចសម្រាកឱ្យបានច្រើនពេលដែលអ្នកមានពេល។

៥. ការធ្វើការងារដែលអ្នកមិនចិត្ត

អ្នកវិទ្យាសាស្រ្តមកពីប្រទេសអូស្ត្រាលីបានបង្ហាញថា បញ្ហាឈឺឆ្អឹងខ្នងត្រូវបានគេសង្កេតឃើញកើតមាននៅក្នុងចំណោមមនុស្សដែលមិនសប្បាយចិត្តនៅក្នុងការធ្វើការងាររបស់ពួកគេ។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា នេះក៏ព្រោះតែបញ្ហានេះទាក់ទងនឹងផ្លូវចិត្តរបស់ពួកគេ។ ពេលពួកគេមិនពេញចិត្តធ្វើអ្វីមួយនោះ អាកប្បកិរិយានិងឥរិយាបថរបស់ពួកគេក៏មិនបានសមស្រប ធ្វើឲ្យប៉ះពាល់ដល់បញ្ហាឆ្អឹងខ្នងរបស់ពួកគេ។

៦. ការប្រើប្រាស់ទូរស័ព្ទ

ការប្រើប្រាស់ទូរស័ព្ទជារៀងរាល់ថ្ងៃធ្វើឲ្យឆ្អឹងខ្នងមានភាពកោងខុសពីធម្មតា ហើយមានសម្ពាធខ្លាំងទៅលើខ្នង ជាពិសេសចំពោះក្មេងជំទង់។នេះព្រោះតែពេលដែលអ្នកប្រើទូរស័ព្ទ អ្នកត្រូវអោនយូរ ធ្វើឲ្យខ្នងកោងទៅតាម។ អ្នកវិទ្យាសាស្ដ្របានគណនាថា មនុស្សប្រើទូរស័ព្ទជាមធ្យមពី ២ ទៅ ៤ ម៉ោងក្នុងមួយថ្ងៃ មានន័យថាកនិងខ្នងរបស់យើងកោងក្នុងរយៈពេល ៧០០ ទៅ ១៤០០ ម៉ោងក្នុងមួយឆ្នាំដែរ។ នេះបង្ហាញថា ឆ្អឹងខ្នងរបស់អ្នកអាចនឹងរងហានិភ័យខ្ពស់ទាក់ទងនឹងជម្ងឺឆ្អឹងខ្នងរ៉ាំរ៉ៃ៕

មតិយោបល់

ពេញនិយម