ហេតុអ្វីកូរ៉េខាងជើងមានភាពក្អេងក្អាងខ្លាំងក្នុងតំបន់?
Connect with us

គួរដឹង

ហេតុអ្វីកូរ៉េខាងជើងមានភាពក្អេងក្អាងខ្លាំងក្នុងតំបន់?


នៅពេលគេនិយាយដល់សន្តិសុខពិភពលោកសម័យទំនើបនេះ គេកម្រនឹងរំលងណាស់នូវបញ្ហាធំៗដូចជា អំពើភេរវកម្ម និងការតម្លើងសាច់ដុំផ្នែកយោធារវាងប្រទេសមហាអំណាច តែក្នុងនោះគេក៏សង្កេតឃើញជារឿយៗផងដែរនូវប្រទេសមិនមែនមហាអំណាចតូចមួយដែលសារពត៌មានច្រើនចាប់អារម្មណ៍ ដែលនោះគឺកូរ៉េខាងជើង។

បើនិយាយឱ្យសាមញ្ញកូរ៉េខាងជើងក្លាយជាប្រធានបទក្ដៅគគុកមួយនៃសន្តិសុខតំបន់អាស៊ីប៉ាស៊ីហ្វិចដោយសារប្រទេសនេះព្យាយាមប្រព្រឹត្តិសកម្មភាពដែលគម្រាមកំហែងដល់ប្រទេសក្បែរខាង ជាពិសេសកូរ៉េខាងត្បូង និងពេលខ្លះសកម្មភាពគេក៏មានផលប៉ះពាល់ដល់ដែនទឹកជប៉ុនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះប្រទេសនេះហ៊ានទាំងបោះពាក្យសម្ដីគម្រាមវាយប្រហារ និងប្រឈមដល់ទៅសហរដ្ឋអាមេរិកនៅត្រើយម្ខាងទៀតនៃប៉ាស៊ីហ្វិចទៅទៀត។ ហេតុអ្វីបានជាកូរ៉េខាងជើងហ៊ានដល់ម្ល៉ឺង? ខាងក្រោមនេះជាចំណុចគួរឱ្យស្វែងយល់៖

១. កូរ៉េខាងជើងក្រមែន តែវិស័យយោធារបស់គេមិនក្រទេ៖

សេដ្ឋកិច្ចកូរ៉េខាងជើងមិនជាធំណាស់ណាទេនៅក្នុងតំបន់ ហើយប្រជាជនហាក់មិនទាន់មានជីវភាពប្រសើរនៅឡើយទេ ហើយបើប្រៀបនឹងកូរ៉េខាងត្បូងគឺថានៅខុសគ្នាឆ្ងាយណាស់ តែបើនិយាយពីវិស័យយោធាវិញគឺមិនអាចមើលស្រាលបានឡើយ។ ប្រទេសដែលមិនទាន់អាចចិញ្ចឹមប្រជាជនខ្លួនបានស្រួលមួយនេះ មានលទ្ធភាពអាចចិញ្ចឹមទាហានសកម្មដល់ទៅប្រមាណ ១,១៩០,០០០ នាក់ដែលជាតួរលេខទាហានច្រើនជាងគេលំដាប់ទីបួនលើលោក (ក្រោយតែ ចិន សហរដ្ឋអាមេរិក និងឥណ្ឌាប៉ុណ្ណោះ)។

បើទោះបីជាពត៌មានទាក់ទងនឹងការចំណាយលើវិស័យយោធាមិនត្រូវបានបើកទូលាយ និងមានការប្រែប្រួលខុសគ្នាតាមប្រភពផ្សេងៗ គេអាចសន្និដ្ឋានថាប្រទេសនេះបានបង្វែរថវិកាជាតិមួយភាគធំមកផ្គត់ផ្គង់វិស័យយោធាបើទោះណាត្រូវជំពាក់គេក៏ដោយចុះ។ ហើយប្រទេសនេះមិនខ្លាចលើការជះលុយទំនុកបម្រុងលើទំនើបកម្មផ្នែកអាវុធនុយក្លេអ៊ែរ និងមីស៊ីលអន្ដរទ្វីបជាដើម ដែលសុទ្ធសឹងប្រឆាំងនឹងច្បាប់អន្ដរជាតិជាពិសេសសន្ធិសញ្ញាស្ដីពីការទប់ស្កាត់ការរីករាលដាលនៃអាវុធនុយក្លែអ៊ែរ។

សាច់ដុំយោធាកូរ៉េខាងជើងតែងត្រូវបានបង្ហាញតាមរយៈការបាញ់ធ្វើតេស្ដសាកល្បងអាវុធផ្សេងៗ ក៏ដូចជាបង្អួតតាមរយៈព្យុហយាត្រាយោធាក្នុងខួប ១០៥ ឆ្នាំនៃស្ថាបនិកគីម អ៊ីលស៊ុង នៅថ្ងៃ ១៥ មេសា ថ្មីៗនេះជាដើម។ ការមានលទ្ធភាពគ្រប់គ្រាន់ បូករួមនឹងរបបផ្ដាច់ការដែលមិនអើពើនឹងច្បាប់អន្ដរជាតិធ្វើឱ្យភាពក្អេងក្អាងរបស់កូរ៉េខាងជើងពិបាកនឹងត្រូវបានរារាំង ហើយវាក៏មិនចម្លែកណាស់ណាដែរ។

គួរកត់សម្គាល់ថាការអភិវឌ្ឍអាវុធនុយក្លេអ៊ែរដែលធ្វើឱ្យស្ថានភាពសន្តិសុខក្នុងតំបន់មានភាពរង្គោះរង្គើរនេះ តែងត្រូវបានកូរ៉េខាងជើងលើកឡើងថាជាការបង្ហាញឬទ្ធិដើម្បីការពារអធិបតេយ្យជាតិខ្លួនប៉ុណ្ណោះ តែត្រូវបានអ្នកជំនាញមួយចំនួនប៉ាន់ស្មានថាជាការក្រឡុកគោះរកជំនួយសេដ្ឋកិច្ចជាថ្នូរនឹងការរក្សាស្ថិរភាពច្រើនជាង។

ចុះបើប្រទេសនេះមិនមែនជាមហាអំណាចផង ហេតុអ្វីគេហ៊ានកសាងវិស័យយោធាប្រកបដោយគ្រោះថ្នាក់ និងសាកល្បងអាវុធធំៗដោយមិនក្រែងរអែងសម្ពាធសហគមន៍អន្ដរជាតិ? ចំណុចទី ២ អាចស្រាយចម្ងល់បាន។

២. កូរ៉េខាងជើងមិនមែនជាមហាអំណាច តែជាមិត្តរបស់មហាអំណាច៖

ការដែលកូរ៉េខាងជើងអាចក្លាយជាតួអង្គសំខាន់មួយក្នុងផ្នែកសន្តិសុខតំបន់លើទំព័រសារពត៌មានបាន នោះក៏ព្រោះប្រទេសក្រោមការដឹកនាំផ្ដាច់ការមួយនេះ ហ៊ានតម្លើងធ្មុងអួតអំណាចយោធាខ្លួនក្នុងតំបន់ដោយមិនសូវខ្លាចញញើតនឹងទណ្ឌកម្មរបស់សហគមអន្ដរជាតិប៉ុន្មានឡើយ។ ហេតុផលចម្បងមួយនៅពីក្រោយភាពក្អេងក្អាងនេះគឺ កូរ៉េខាងជើងជាមិត្តដ៏ជិតដិតមួយរបស់ប្រទេសចិនដែលភាពជាមិត្តនេះអាចជួយកូរ៉េខាងជើងបានច្រើន។

ទីមួយចិនជាប្រភពចំណូលដ៏ធំមួយរបស់កូរ៉េខាងជើង ដោយធនធានធម្មជាតិដូចជាធ្យូងថ្មរបស់កូរ៉េខាងជើងភាគច្រើនត្រូវបានទទួលនាំចូលទៅក្នុងទីផ្សារដ៏ធំរបស់ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចពិភពលោក ហើយចិនក៏ផ្គត់ផ្គង់កូរ៉េខាងជើងវិញនូវស្បៀងអាហារ ជំនួយសេដ្ឋកិច្ច្ និងការផ្ដោះប្ដូរផ្នែកយោធាច្រើនដែរ។ ទីពីរ ចិនជាមហាអំណាចមួយដែលមានសិទ្ធិរាំងខ្ទប់ (តាមរយៈអំណាចវេតូ) រាល់សេចក្ដីសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចធំៗមកលើកូរ៉េខាងជើងបានពីអង្គការសហប្រជាជាតិ។ ហើយសិទ្ធិនេះតែងត្រូវបានចិនប្រើជាច្រើនដង (តែមិនរាល់ពេលឡើយ) ក្នុងការការពារកូរ៉េខាងជើង។

ចុះហេតុអ្វីបានជាចិនសម្រេចនៅពីក្រោយខ្នងចាំជួយយកអាសារកូរ៉េខាងជើង? យើងអាចក្រឡេកទៅមើលប្រវត្តិសាស្ដ្របន្តិចត្រង់ចំណុចថាប្រទេសទាំងពីរធ្លាប់ជាសម្ព័ន្ធមិត្តយោធាចាក់ទឹកមិនលិចរួមសុខរួមទុក្ខតាំងពីជំនាន់ស្ថាបនិកកូរ៉េខាងជើងលោក គីម អ៊ីលស៊ុងម្ល៉េះ ដែលសម្ព័ន្ធភាពដ៏ល្អូកល្អឺននោះបាននាំទៅរកសន្ធិសញ្ញាមួយតម្រូវឱ្យពួកគេត្រូវការពារគ្នាទៅវិញទៅមករហូតមកទល់ពេលនេះ។ ម្យ៉ាងយើងអាចមើលលើទិដ្ឋភាពជាក់ស្ដែង ដោយបច្ចុប្បន្ននេះកូរ៉េខាងជើងដែលមានព្រំប្រទល់ជាប់នឹងប្រទេសចិនផ្ទាល់ និងដែលមានរបបកុម្មុយនីស្ដដូចចិនទៀតនោះ ដើរតួនាទីជាប្រទេសទ្រនាប់ដ៏សំខាន់ផ្នែកភូមិសាស្ដ្រនយោបាយនិងសន្ដិសុខរបស់ចិន។

ចំណុចទាំងពីរខាងលើគ្រាន់ជាផ្នែកមួយនៅពីក្រោយភាពក្អេងក្អាងរបស់កូរ៉េខាងជើង ដែលនាំឱ្យប្រទេសនេះក្លាយជាទីចាប់អារម្មណ៍របស់បណ្ដាអ្នកជំនាញ ក៏ដូចជាអ្នកតាមដាននយោបាយអន្ដរជាតិទូទៅ។ ចំពោះការដែលមានចិននៅពីក្រោយនេះមិនប្រាកដថាធានាបានគ្រប់ពេលទេ ព្រោះចិនក៏ត្រូវការរក្សាមុខមាត់ខ្លួនលើឆាកអន្ដរជាតិដែរពោលមិនអាចចេះតែការពារទង្វើទីក្រុងព្យុងយ៉ាងទាំងទទិងទិសរហូតទេ។ តែបើសិនណាអាចមានហេតុការណ៍អាក្រក់បំផុតកើតឡើង មានភាគរយតិចណាស់ដែលចិនព្រលែងកូរ៉េខាងជើងឱ្យនៅឯកា។

ចំណែកការដែលកូរ៉េខាងជើងតម្លើងសាច់ដុំយោធាដើម្បីគោះរកជំនួយសេដ្ឋកិច្ចនោះ វាហាក់ដូចជានឹងមិនអាចសមតាមបំណងរបស់គេទេ ព្រោះកន្លងមកការសាកល្បងអាវុធរបស់ប្រទេសនេះតែងទទួលបានជាការថ្កោលទោសនិងដាក់ទណ្ឌកម្មសេដ្ឋកិច្ចច្រើនជាង។ តែទណ្ឌកម្មទាំងនេះវាក៏មិនបានធ្វើឱ្យសកម្មភាពកូរ៉េខាងជើងស្រាកស្រាន្ដទៅវិញដែរ ពោលគឺមិនត្រឹមតែមិនចុះញ៉មតែថែមទាំងផ្គើនបន្ថែមទៅវិញទៀត។

ថាតើពេលណាទើបភាពក្អេងក្អាងរបស់កូរ៉េខាងជើងត្រូវបានបន្ថយឬបញ្ឈប់នោះវាអាស្រ័យនឹងដំណើរវិវត្តទំនាក់ទំនងរវាងប្រទេសនេះនិងមហាយក្សចិន ក៏ដូចជាការប្រែប្រួលផ្ទៃក្នុងនៃក្បាលម៉ាស៊ីនដឹកនាំប្រទេសនេះផ្ទាល់ ខណៈសម្ពាធពីខាងក្រៅក៏អាចរួមចំណែកបានដែរ។ សរុបមកការដោះស្រាយបញ្ហាកូរ៉េខាងជើងនេះមានលក្ខណៈស្មុគស្មាញចាក់ស្រែះគ្នាដែលទាមទាររយៈពេលយូរនិងការអត់ធ្មត់ខ្ពស់ពីភាគីពាក់ព័ន្ធទាំងឡាយក្នុងតំបន់៕

ដោយ៖ ហេង សន្យា

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម