ស្រៀវខ្លាំង! មូលហេតុដែលអ្នកខ្លះមើលឃើញខ្មោច តែអ្នកខ្លះមួួយជីវិតមិនដែលជួបសោះ!
Connect with us

គួរដឹង

ស្រៀវខ្លាំង! មូលហេតុដែលអ្នកខ្លះមើលឃើញខ្មោច តែអ្នកខ្លះមួួយជីវិតមិនដែលជួបសោះ!

គិតមកទល់ពេលនេះ មានមនុស្សជាច្រើននាក់រួចមកហើយ បានអះអាងថា ធ្លាប់បានប្រទះឃើញព្រលឹងខ្មោច ឬវិញ្ញាណស្តែងៗតែម្តង។

បើយោងតាមការស្រាវជ្រាវមួយធ្វើឡើងដោយ Pew Research Center នៅអាមេរិក បានឲ្យដឹងថា ក្នុងចំណោមមនុស្សវ័យជំទង់ (អាមេរិក) ៥ នាក់ មានម្នាក់ធ្លាប់បានឃើញ ឬទទួលរងការបន្លាចពីសភាវៈទាំងនោះ។

មិនខុសគ្នាពីការរកឃើញខាងលើ នៅចក្រភពអង់គ្លេសឯណោះវិញ មានការសិក្សាស្រាវជ្រាវ (២០១៤) ដោយឡែកផ្សេងទៀត បានរកឃើញថា មានមនុស្សប្រមាណ ៥២ ភាគរយ ដែលគេយកមកសិក្សា មានជំនឿលើអព្ហូតហេតុលងបន្លាច។

យ៉ាងណាក្តី ដោយសារបច្ចុប្បន្ន វិទ្យាសាស្ត្រមានការរីកចម្រើនជឿនលឿន ក្រុមអ្នកវិទ្យាសាស្ត្រ ក៏ដូចជាអ្នកស្រាវជ្រាវ មួយចំនួន បានលើកឡើងនូវហេតុផល បែបវិទ្យាសាស្ត្រខ្លះៗ ដែលពន្យល់អំពីរឿងនេះ។

ជំងឺគេងមិនលក់

លោក Joe Nickell ជាអ្នកស្រាវជ្រាវមួយ ជឿជាក់ថាការលងបន្លាចរបស់ខ្មោច គឺកើតចេញពីការគិតរបស់មនុស្ស។ លោកបានថ្លែងប្រាប់សារព័ត៌មាន The Sun របស់អង់គ្លេសថា មនុស្សមួយចំនួនបានទទួលអារម្មណ៍ ថាខ្លួនបានភ្ញាក់ពីដំណេក តែរាងកាយរបស់គេមិនអាចកម្រើករួច ជារឿយៗបានប្រទះឃើញហេតុការណ៍ដ៏ចម្លែក រួមមានការបង្ហាញខ្លួនរបស់ពពួកអមនុស្ស ធ្វើឲ្យពួកគេមានអារម្មណ៍ភ័យរន្ធត់ជាដើម។ 

តាមពិតទៅ ស្ថានភាពបែបនេះត្រូវគេឲ្យឈ្មោះថា “Waking Dream” ដែលរូបភាពទាំងឡាយ អ្នកកើតជំងឺបានប្រទះឃើញ គឺជារូបភាពបំភាន់ភ្នែក កើតឡើងនៅពេលបុគ្គលរូបនោះ មានជំងឺគេងមិនលក់ និងមានអារម្មណ៍រវើរវាយ។

ជំងឺខ្លាចខ្មោច

អ្នកផ្តួចផ្តើម នៃសមាគមន៍ស្រាវជ្រាវលើរឿងអព្ហូតតហេតុរបស់អាមេរិក (APRA) គឺលោក Brandon Alvis បានឲ្យដឹងថា  ជំងឺខ្លាចខ្មោច គឺជាស្ថានភាពមួយ ដែលបណ្តាលឲ្យមនុស្សទទួលអារម្មណ៍ថា គេកំពុងតែទទួលរងការលងបន្លាចពីខ្មោចយ៉ាងអុីចឹង។

អាការនៃជំងឺនេះមានដូចជា ពិបាកដកដង្ហើមស្ទើរស្ទះខ្យល់ ឬក៏ដកដង្ហើមញាប់ខ្លាំង ចង្វាក់បេះដូងលោតខុសពីធម្មតា បែកញើសជោក ឬសម្តែងចេញនូវអាកប្បកិរិយា​ភ័យខ្លាចជាដើម។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា “នៅពេលមនុស្សទៅទីកន្លែងល្បីថាខ្មោចលងនោះ ជាញឹកញយពួកគេ ហាក់ដូចឃើញមានរបស់ម៉្យាង ហោះកាត់កន្ទុយភ្នែករបស់ពួកគេ។ វាជាការបំភាន់ភ្នែក។”

ការបាត់បង់នូវអុកស៊ីសែន ក្នុងខួរក្បាល

“Cerebral anoxia” ក្នុងភាសាបច្ចេកទេសរបស់ពេទ្យ សំដៅលើកង្វះ បរិមាណអុកស៊ីសែន ក្នុងខួរក្បាល ដែលបញ្ជូនតាមរយៈឈាម ហើយវាបណ្តាលឲ្យអ្នកជំងឺ មានការប្រែប្រួលផ្លូវអារម្មណ៍ និងស្មារតី មិននឹងនរ។ 

ករណីនេះ ភាគច្រើនកើតឡើងចំពោះបុគ្គលដែលជិតស្លាប់ តែរស់ឡើងវិញ ដែលពួកគេស្រមៃឃើញ អង្គចម្លែក ដូចជាអគារចាស់ៗត្រូវបានគេបោះបង់ចោល ឬវិញ្ញាណជាដើម។

រលកអេឡិចត្រូម៉ាញ៉េទិក

រលកអេឡិកត្រូម៉ាញ៉េទិក កើតមានឡើងពីសម្ភារៈមួយចំនួនដូចជា ឧបករណ៍អេឡិកត្រូនិក ខ្សែភ្លើងចម្លងអគ្គិសនី ព្រមទាំងថ្មពិលជាដើម។ បើតាមការឲ្យដឹងពីលោក Alvis បានមានប្រសាសន៍ថា ពេលណាដែនអេឡិចត្រូម៉ាញ៉េទិក មានកម្រិតខ្ពស់ ខួរក្បាលរបស់មនុស្ស មានការដំណើរការមិនល្អ អាចជួបប្រទះអារម្មណ៍ចម្លែក និងរវើរវាយផ្តេសផ្តាសផងដែរ។

សម្លេងមានហ្វ្រេកង់ទាប

ប្រភេទសម្លេង ដែលមានហ្វ្រេកង់ទាប គឺជាសម្លេង ដែលមនុស្សទាំងឡាយសឹងតែស្តាប់មិនឮ។

វាកើតចេញពីសម្លេងរបស់កង្ហារអគ្គិសនីដើរដោយថាមពលខ្យល់ និងសម្លេងនៅតាមដងផ្លូវ (នៅឆ្ងាយ) ជាដើម។ អ្នកវិទ្យាសាស្ត្របានរកឃើញថា សម្លេងទាំងនេះ អាចបណ្តាលឲ្យមនុស្សធ្លាក់ក្នុងអារម្មណ៍រវើរវាយ ចង្វាក់បេះដូងមានការប្រែប្រួល ព្រមទាំងរងនូវសម្ពាធឈាមជាដើម។

ជាក់ស្តែង វិស្វករមួយរូបគឺលោក Vic Tandy ធ្លាប់បានពិសោធន៍ក្នុងបន្ទប់មួយ ដែលធ្លាប់តែល្បីថាមាននូវការលងបន្លាច។ មិនខុសគ្នាអ្វីពីអ្នកដទៃទៀត រូបលោកបានស្តាប់ឮ ព្រមទាំងហាក់មើលឃើញរបស់ម៉្យាង សង្ស័យថាជាព្រលឹងរបស់មនុស្សម្នាក់ ដែលបានស្លាប់ទៅ។

តែក្រោយមក វិស្វកររូបនេះបានរកឃើញ កង្ហារមួយគ្រឿងនៅក្នុងបន្ទប់នោះ ដែលមានកម្រិតសម្លេង ១៩ Hz ដែលជាហេតុបណ្តាល ឲ្យមនុស្សស្ថិតក្នុងស្ថានភាពបែបនេះ។ 

ចំពោះកុមារ

បើយោងតាមអ្នកស្រី Caron B. Goode បានចុះផ្សាយសៀវភៅមួយ មានចំណងថា “Kids Who See Ghosts” ក្មេងៗដែលអាចមើលឃើញអង្គចម្លែក ឬអាចហៅបានថាព្រលឹងនោះ តាមពិតទៅបណ្តាលមកពី ពួកគេទទួលទានទឹកភេសជ្ជៈដែលលាយ​សូដាច្រើនពេក ញុាំអ្វីខុស ឬរងសម្ពាធផ្លូវចិត្តជាដើម។ 

ជាឧទាហរណ៍ នៅពេលពួកគេ បាត់បង់មនុស្សជាទីស្រលាញ់ណាម្នាក់ នេះអាចបណ្តាលឲ្យ អរម៉ូនមួយប្រភេទ មានឈ្មោះថា “cortisol” ដែលមានទំនាក់ទំនងនឹងជំងឺ “ស្តេ្រស” អាចធ្វើឲ្យអារម្មណ៍របស់ពួកគេ រវើរវាយ ឬខួរក្បាលដើរមិនស្រួល ក្នុងរយៈពេលមួយ៕

មតិយោបល់

ពេញនិយម