មិននឹកស្មានសោះថាប្រទេសនេះ នៅមានច្បាប់ដាក់គុកកុមារអស់មួយជីវិត!
Connect with us

គួរដឹង

មិននឹកស្មានសោះថាប្រទេសនេះ នៅមានច្បាប់ដាក់គុកកុមារអស់មួយជីវិត!

ក្នុងប្រទេសប្រជាធិបតេយ្យនៅបស្ចិមលោក មែកធាងមួយក្នុងចំណោមមែកធាងជាច្រើនទៀតរបស់រដ្ឋាភិបាលឯករាជ្យគឺ “ប្រព័ន្ធតុលាការ” ដែលមានតួនាទីសំខាន់ក្នុងការជំនុំជម្រះ និង អនុវត្តច្បាប់លើសំណុំរឿងផ្សេងៗដែលបានបញ្ជូនទៅ។

ក្នុងនោះដែរ ករណីដែលកុមារជាឧក្រិដ្ឋជនត្រូវបានកាត់ក្តីដោយតុលាការអនីតិជន ដែលកុមារត្រូវបានផ្តន្ទាទោសដោយបង្គាប់ឱ្យធ្វើការសុំទោស និងផ្តល់សំណងចំពោះការខូចខាតដែលខ្លួនប្រព្រឹត្ត ឬ ត្រូវឃុំខ្លួនក្នុងមន្ទីរឃុំឃាំងជាដើម ដើម្បីឱ្យពួកគេពិចារណាកំហុសកែខ្លួនជាថ្មីក្នុងសង្គម។

ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ប្រទេសមួយបែរជាអាចដាក់គុកអនីតិជនមួយជីវិតទៅវិញ នោះគឺ សហរដ្ឋអាមេរិក។ 

ប្រវត្តិនៃច្បាប់

អំឡុងប៉ុន្មានឆ្នាំដំបូងៗនៃប្រវត្តិសាស្រ្តអាមេរិក ច្បាប់របស់ខ្លួនទទួលឥទ្ធិពលយ៉ាងខ្លាំងដោយច្បាប់នៃប្រទេសអង់គ្លេស ជាពិសេសគឺច្បាប់សាមញ្ញ (ច្បាប់ដែលឥតមានលាយលក្ខអក្សរ)។ នៅជំនាន់នោះ កុមារអាយុក្រោម ៧ ឆ្នាំមិនត្រូវបានចាត់ទុកថាអាចប្រព្រឹត្តបទល្មើសទេ ដោយពួកគេមិនយល់ពីផលវិបាកនៃសកម្មភាពរបស់ខ្លួន។

ផ្ទុយពីនេះ គេជឿថាក្មេងអាយុលើស ១៤ ឆ្នាំ អាចយល់ដឹងពីទង្វើរបស់ខ្លួន និងត្រូវជំនុំជម្រះដូចមនុស្សពេញវ័យដែរ។ ដោយឡែកប្រសិនបើក្មេងនោះមានវ័យលើស ៧ ឆ្នាំប៉ុន្តែក្រោម ១៤ ឆ្នាំ គេត្រូវបញ្ជាក់ឱ្យច្បាស់សិនថាតើកុមារនោះមានការយល់ដឹងថាអ្វីខុសអ្វីត្រូវឬអត់ មុននឹងធ្វើការចោទប្រកាន់។ 

ទោះយ៉ាងណា សង្គមអាមេរិកបានធ្វើឱ្យមានការវិវឌ្ឍន៍នៃតុលាការអនិតិជនដំបូងបំផុត នៅរដ្ឋអ៊ីលៀន័រ នាឆ្នាំ ១៨៩៩ ក្នុងបំណងស្តារនីតិសម្បទាជនល្មើសវ័យក្មេង ដើម្បីបង្ការពួកគេកុំឱ្យដើរចូលផ្លូវឧក្រិដ្ឋបន្តទៀត។ 

ការផ្តន្ទាទោសមួយជីវិតលើកុមារនៅសហរដ្ឋអាមេរិក

សហរដ្ឋអាមេរិកមានទណ្ឌិតប្រមាណ ១០,០០០ នាក់ដែលជាប់គុកមួយជីវិត ខណៈកុមារអាយុក្រោម ១៨ ឆ្នាំមានចំនួន ២,៥០០ នាក់ដែលមិនបានដាក់ឱ្យមានលទ្ធភាពដោះលែងដោយមានលក្ខខណ្ឌឡើយ។ ក្មេងៗភាគច្រើនដែលជាប់ទោសប្រភេទនេះ ត្រូវបានចោទប្រកាន់ដូចមនុស្សពេញវ័យដែរក្នុងបទល្មើសផ្សេងៗដូចជា ឃាតកម្មកម្រិតទី១។ 

ដំបូងឡើយបញ្ហានេះត្រូវបានលើកឡើងនៅតុលាការជាន់ខ្ពស់ ហើយលទ្ធផលគឺគណៈចៅក្រមបានសម្រេចថា តុលាការត្រូវពិចារណាលើសំណុំរឿងនីមួយៗដោយឡែកពីគ្នា។ ក្នុងឆ្នាំ ២០០៥ តុលាការកំពូលបានសម្រេចថាក្មេងៗមិនអាចទទួលការផ្តន្ទាទោសប្រហារជីវិតឡើយ។ លុះដល់ឆ្នាំ ២០១០ ចៅក្រមបានសម្រេចថាករណីកាត់ទោសកុមារឱ្យជាប់គុកមួយជីវិត គឺលុះត្រាតែជាប់ពាក់ព័ន្ធនឹងករណីមនុស្សឃាត។  

សកម្មភាពប្រឆាំងការផ្តន្ទាទោសមួយជីវិតលើកុមារ

ក្មេងៗភាគច្រើនដែលជាប់គុកអស់មួយជីវិតបច្ចុប្បន្ន ខ្វះខាតអ្នកតំណាងផ្នែកច្បាប់ដើម្បីដាក់សម្ពាធឱ្យមានការពិនិត្យឡើងវិញលើសំណុំរឿងរបស់ពួកគេ។ អង្គការមួយក្នុងចំណោមអង្គការជាច្រើនដែលកំពុងតវ៉ាចំពោះការផ្តន្ទាទោសបែបនេះមានឈ្មោះថា អង្គការផ្តួចផ្តើមសមភាពយុត្តិធម៌។ សមាជិកអង្គការនេះជឿថាការដាក់ទណ្ឌកម្មដូច្នេះមានលក្ខណៈព្រៃផ្សៃពេកហើយ ដោយហេតុថាកុមារទូទៅខ្វះការយល់ដឹងអំពីអ្វីដែលត្រូវ និងអ្វីដែលខុស។  

ផលប៉ះពាល់លើកុមារដែលជាប់គុក

បុគ្គលណាដែលត្រូវបានកាត់ទោសឱ្យជាប់គុក ជាពិសេសគឺកុមារតែម្តងតែងពិបាកក្នុងការសម្របខ្លួនក្នុងសហគមន៍ជាថ្មីក្រោយពីដោះលែង ដូចជាការស្វែងរកការងារធ្វើជាដើម ព្រោះមនុស្សភាគច្រើនរើសអើងលើពួកគេ។ 

ថ្វីបើបែបនេះក្តី ពន្ធនាគារក៏មានឥទ្ធិពលល្អចំពោះកុមារដែរ ខណៈពួកគេអាចស្តារនីតិសម្បទាដោយព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្ត។ ឱកាសទទួលបានការអប់រំក៏មានផងដែរសម្រាប់ទណ្ឌិតកុមារ ដោយអ្នកជំនាញភាគច្រើនយល់ស្របថា ពន្ធនាគារគួរផ្តោតកាន់តែខ្លាំងលើការស្តារនីតិសម្បទាដល់អ្នកដែលត្រូវផ្តន្ទាទោស ជាជាងការដាក់ទណ្ឌកម្ម៕ 

មតិយោបល់

ពេញនិយម