នេះហើយទឹកចិត្តគ្រូពេទ្យ ដើម្បីសង្គ្រោះគេ ទោះខ្លួនឯងកំពុងមានបញ្ហាក៏មិនខ្វល់!
Connect with us

គួរដឹង

នេះហើយទឹកចិត្តគ្រូពេទ្យ ដើម្បីសង្គ្រោះគេ ទោះខ្លួនឯងកំពុងមានបញ្ហាក៏មិនខ្វល់!

នៅសម័យនេះ របរជាគ្រូពេទ្យដូចជាមិនសូវកាក់កប រឺទទួលបានការគោរពដូចជាពីមុននោះទេ ដោយសារតែមានលេចលឺករណីជាច្រើន ដែលបណ្តាលមកពីកង្វះខាតរបស់គ្រូពេទ្យ និងបានធ្វើអោយប៉ះពាល់ដល់ជីវិតរបស់អ្នកដទៃ។ ដូច្នេះហើយពួកគេតែងតែត្រូវបានមហាជនរិះគន់ និងចោទជាសំនួរទៅលើសមត្ថភាពរបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ មិនមែនសុទ្ធតែគ្រូពេទ្យសុទ្ធតែស្រលាញ់លុយជាងអ្នកជម្ងឺនោះទេ។ ក្នុងនោះ មានគ្រូពេទ្យជាច្រើន ដែលធ្វើការព្យាយាមប្រកបដោយក្រឹតក្រមវិជ្ជាជីវះ ដោយទុកអ្នកជម្ងឺជាអទិភាពសំខាន់ជាងអ្វីៗទាំងអស់។​

តួយ៉ាងដូចជាក្លីបវីដេអូនៃការវះកាត់មួយ ធ្វើអោយដោយគ្រូពេទ្យជនជាតិចិនមួយក្រុមអញ្ចឹងដែរ។ ខណះដែលកំពុងតែធ្វើការវះកាត់អោយអ្នកជម្ងឺ វេជ្ជបណ្ឌិតដឹកនាំក្នុងការវះកាត់នោះស្រាប់តែមានបញ្ហាធ្វើទុក្ខខ្លួនឯង ដោយបញ្ហានោះគឺការឈឺចាប់ដែលបង្កឡើងដោយជម្ងឺពោះវៀនដុះខ្នែង។

ប៉ុន្តែជំនួសអោយការឈប់វះកាត់ ហើយទៅទទួលការព្យាបាលដើម្បីខ្លួនឯងនោះ គ្រូពេទ្យម្នាក់នេះទៅតែបន្តវះកាត់ដដែល ដោយលោកបានអោយគ្រូពេទ្យដទៃទៀតចាក់ថ្នាំបំបាត់ការឈឺចាប់អោយលោក ដើម្បីលោកអាចវះកាត់បានដោយផ្ចិតផ្ចង់។

ទោះជាយ៉ាងណាក៏ដោយថ្នាំបំបាត់ការឈឺចាប់នោះមិនបានជួយលោកនោះទេ ដោយសារតែឈឺចាប់ខ្លាំងពេក លោកបានដើរចេញទៅអង្គុយអោបពោះមួយសន្ទុះ រួចក៏សម្រេចចិត្តចាក់ថ្នាំបំបាត់ការឈឺចាប់ចូលបន្ថែមទៀត លើកនេះគឺចាក់អោយសឹងតែខ្លួនលោកស្ពឹកលែងដឹងអីតែម្តង។

ក្រោយមក លោកក៏ព្យាយាមធ្វើការវះកាត់រហូតដល់បានជោគជ័យ ពោលគឺវះកាត់សរុប៨មុខទៅលើអ្នកជម្ងឺនោះ។ ពេលដែលលោកបានទទួលការវះកាត់ពីគ្រូពេទ្យខាងពោះវៀនវិញ ពួកគេបានរកឃើញថាខ្នែងពោះវៀនរបស់លោកមានប្រវែងស្ទើរតែ១០សង់ទីម៉ែត្រឯណោះ ហើយពួកគេពិតជាមានសេចក្តីគោរពមកកាន់លោកយ៉ាងខ្លាំងដោយលោកសុខចិត្តទ្រាំនឹងជម្ងឺរបស់ខ្លួន ដើម្បីអ្នកជម្ងឺ។​

នៅពេលដែលលោកបានធូរស្បើយ លោកបាននិយាយថា នៅពេលនោះ លោកមានការឈឺចាប់ខ្លាំងពិតមែន ប៉ុន្តែអ្វីដែលលោកបារម្ភកាន់តែខ្លាំងនោះ គឺជាអាយុជីវិតរបស់អ្នកជម្ងឺ ដូច្នេះលោកមិនបានគិតគូរវែងឆ្ងាយនោះទេ។ ទង្វើនេះពិតជាបានបង្ហាញថា គ្រូពេទ្យល្អគឺនៅមានច្រើនណាស់៕

 

មតិយោបល់

ពេញនិយម