មើលអោយហើយទៅ នេះជាវិធីបង្ការគ្រោះថ្នាក់ពេលជិះបុកបង្គោលភ្លើង ដើម្បីកុំអោយឆក់ស្លាប់! (មានវីដេអូ)
Connect with us

គួរដឹង

មើលអោយហើយទៅ នេះជាវិធីបង្ការគ្រោះថ្នាក់ពេលជិះបុកបង្គោលភ្លើង ដើម្បីកុំអោយឆក់ស្លាប់! (មានវីដេអូ)

គ្រោះថ្នាក់តាមដងផ្លូវអាចកើតមានឡើងត្រឹមតែមួយពព្រិចភ្នែក ជាពិសេសប្រសិនជាមិនបានយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ។ ខណះដែលគ្រោះថ្នាក់ខ្លះតូចតាចដែលអ្នកបង្កគ្រោះថ្នាក់អ្វីធំដុំដល់អ្នកនោះទេ គ្រោះថ្នាក់ខ្លះនឹងយកជីវិតអ្នកមួយរំពេច មិនចាំអោយអ្នកទំនាក់ទំនងទៅគ្រួសារអោយដឹងជាមុនផង។​

តួយ៉ាងដូចជាគ្រោះថ្នាក់ដែលបង្កឡើងដោយសារបើកឡានបុកបង្គោលភ្លើងជាដើម។ គ្រោះថ្នាក់របៀបនេះ គឺជាបញ្ហាដ៏ធំមួយ ព្រោះថាបើទោះបីជាអ្នកមិនបានស្នាមរបួសអ្វីពីការបុកបង្គោលនោះក៏ដោយ ក៏អ្នកអាចនឹងឆក់ខ្លោចស្លាប់ភ្លាមៗដែរ ប្រសិនជាបង្គោលភ្លើងនោះមានចរន្តឆក់។

ដូច្នេះដើម្បីសង្គ្រោះជីវិតរបស់អ្នក អ្នកត្រូវតែចេះការពារខ្លួន​ឯងតាមវិធីសាស្ត្រដែលត្រឹមត្រូវបំផុត។ ដំបូងបំផុតនៅពេលដែលអ្នកដឹងថាអ្នកបុកបង្គោលភ្លើង អ្នកត្រូវមើលជុំវិញខ្លួនថាតើមានចរន្តឆ្លងកាត់រឺអត់។

ប្រសិនជាអ្នកមិនដឹងថាមានរឺអត់​ សុខចិត្តគិតថាមានវិញល្អជាង ដូច្នេះអ្វីដែលអ្នកត្រូវធ្វើគឺថា អ្នកត្រូវអង្គុយអោយស្ងៀមនៅក្នុងឡាន ហើយកុំភ្លេចទំនាក់ទំនងទៅខាងក្រុមសង្គ្រោះបន្ទាន់ដើម្បីអោយពួកគេមកជួយសង្គ្រោះអ្នកបានទាន់ពេលវេលា។​ កុំចេញទៅណាពីក្នុងឡានអោយសោះ ហើយត្រូវចាំថាទាំងឡាននិងដីដែលនៅក្នុងបរិវេណនោះគឺសុទ្ធតែមានចរន្តភ្លើងទាំងអស់។

ប៉ុន្តែក្នុងករណីដែលក្រុមសង្គ្រោះបន្ទាន់មិនទាន់មកដល់ ប៉ុន្តែមានករណីផ្សេងៗទៀតដែលកើតឡើង ឧទាហរណ៍ដូចជាឡានហុយផ្សែង ឡើងកម្តៅ រឺប្រុងនឹងឆេះ ដែលតម្រូវអោយអ្នកចេញពីក្នុងឡាន អ្នកត្រូវធ្វើតាមវិធីដើរនៅក្នុងវីដេអូ ពោលគឺអ្នកមិនត្រូវយកដៃមួយចាប់តួឡាន និងជើងមួយទម្លាក់លើដី ដូចជាការដែលយើងដើរចេញពីឡានធម្មតានោះទេ។

អ្វីដែលអ្នកត្រូវធ្វើគឺថា ត្រូវអោយជើងទាំងពីររបស់អ្នកនៅលើដីក្បែរគ្នាមិនអោយឃ្លាតឆ្ងាយឡើយ។ អ្នកមិនត្រូវដើររបៀបធម្មតា ដោយឈានជើងមួយជំហានទៅមុខនោះបានឡើយ ព្រោះចរន្តនឹងឆ្លងពីជើងម្ខាងទៅជើងម្ខាងទៀតនិងចូលឆ្លងកាត់តាមខ្លួនអ្នក។ វិធីដោះស្រាយបញ្ហានេះបាននោះគឺថា អ្នកត្រូវដើរជំហានមួយៗខ្លីៗជិតៗគ្នា។

អ្នកត្រូវដើរបែបនេះរហូតដល់ចម្ងាយសាកសមមួយដែលគួរតែលែងមានចរន្តនៅក្នុងដីហើយ សឹមផ្លាស់ប្តូរឥរិយាបថ ដើរធម្មតាវិញ។ សម្រាប់អ្នកដែលកាន់ដៃចង្កូតបើកបរប្រចាំថ្ងៃ អ្នកត្រូវដឹងពីវិធីសាស្ត្រមួយនេះ ព្រោះវានឹងអាចជួយជីវិតអ្នកបានប្រសិនជាអ្នកការពារប្រុងប្រយ័ត្នបានត្រឹមត្រូវ៕

 

មតិយោបល់

ពេញនិយម