ទម្លាប់អាក្រក់ទាំង៦នេះហើយដែលធ្វើអោយអ្នកគ្មានអ្នករាប់រក!
Connect with us

បែបផែនជីវិត

ទម្លាប់អាក្រក់ទាំង៦នេះហើយដែលធ្វើអោយអ្នកគ្មានអ្នករាប់រក!

មនុស្សម្នាក់សុទ្ធសឹងតែមានអត្តចរិតខុសៗគ្នាទាំងអស់ ដោយអ្នកខ្លះមានភាពរួសរាយរាក់ទាក់ជាទីរាប់អានរបស់មនុស្សរាល់គ្នា ខណះដែលមនុស្សខ្លះទៀតមិនសូវចេះនិយាយស្តី ធ្វើអោយអ្នកដទៃមិនសូវហ៊ាន រឺចង់ប្រាស្រ័យទាក់ទងជាមួយ។ សម្រាប់មនុស្សមួយចំនួនទៀត មានអត្តចរិតដែលធ្វើអោយអ្នកដទៃឃើញហើយ មិនចង់រាប់អានតែម្តង។

ប្រសិនជាអ្នកចង់អោយមនុស្សគ្រប់គ្នាចូលចិត្តនឹងខ្លួន អ្នកត្រូវធ្វើយ៉ាងណាជៀសវាងទម្លាប់អាក្រក់ទាំង៦នេះអោយបាន ដោយពួកវាមានដូចជា៖

១. និយាយអាក្រក់ពីក្រោយខ្នងអ្នកដទៃ

មនុស្សជាច្រើនតែងតែមានទំនោរមួយជឿថា ប្រសិនជាអ្នកនិយាយដើមអ្នកដទៃទៅប្រាប់នរណាម្នាក់ អ្នកក៏គង់តែមានថ្ងៃនិយាយដើមម្នាក់នោះទៅកាន់អ្នកដទៃផ្សេងទៀតដែរ។ ប្រសិនជាអ្នកព្យាយាមបង្ហាញអ្នកដទៃថាអ្នកជាមនុស្សអវិជ្ជមានប៉ុណ្ណា អ្នកនឹងកាន់តែរកវិធីគេចចេញពីអ្នកប៉ុននោះដែរ។

២. ចង់បានមុខមាត់

មានមនុស្សជាច្រើនដែលមិនចូលចិត្តអ្នកដែលឧស្សាហ៍យកមុខយកមាត់ ជាពិសេសនៅពេលដែលគេមិនបានបញ្ចេញកម្លាំងអ្វីច្រើននោះឡើយ។ ការធ្វើបែបនេះគឺប្រៀបដូចជាចង់បានល្អតែម្នាក់ឯង ដោយមិនយកអ្នកដទៃជុំវិញខ្លួនទុកនៅក្នុងចិត្ត។

៣. ចាំបំនាំអ្នកដទៃ

មិនថានៅសាលារៀន កន្លែងធ្វើការ រឺទីណានោះទេ គេស្អប់ណាស់មនុស្សដែលឃើញហើយ ខ្លួនឯងធ្វើបានទៀត ប៉ុន្តែមិនព្រមធ្វើទេចាំអោយអ្នកដទៃមកធ្វើ។ មនុស្សបែបនេះមិនសូវមាននរណាចង់ធ្វើការ រឺរាប់អានជាមួយនោះទេ ព្រោះវាពិបាកអោយពួកគេទទួលបានជោគជ័យនៅពេលដែលដៃគូររបស់ខ្លួនមិនមានចិត្តក្នុងការធ្វើការអោយខ្លួនឯង។

៤. មិនសប្បាយចិត្តពេលឃើញគេល្អជាង

ការច្រណែននៅពេលដែលឃើញនរណាម្នាក់ទៀតល្អជាងគឺជារឿងធម្មតាបំផុត ប៉ុន្តែនេះមិនមែនបានន័យថាជារឿងល្អនោះទេ។ ទន្ទឹមនឹងច្រណែននឹងអ្វីដែលគេមាន គួរតែប្រឹងប្រឹងខ្លួនឯងអោយបានប្រសើរជាងមុនល្អជាង។ ការខឹងមិនសប្បាយចិត្តនៅពេលដែលឃើញអ្នកដទៃល្អជាងអាចបង្ហាញថាអ្នកមិនមែនជាមនុស្សដែលគួរអោយរាប់អានស្មោះត្រង់នោះទេ។

៥. ស៊ីខ្សែលើ

ទន្ទឹមនឹងអ្នកចង់ចំនេញលើអ្នកដទៃ ត្រូវដឹងថាអ្នកដទៃក៏ចេះគិត និងដឹងពីទង្វើរបស់អ្នកទៅកាន់ពួកគេដែរ។ ដូច្នេះប្រសិនជាអ្នកចង់អោយបានអ្នករាប់អានច្រើន អ្នកមិនគួរប្រកាន់ចរិតស៊ីខ្សែលើចង់កេងចំនេញលើអ្នកដទៃនោះទេ។

៦. ស្រលាញ់ខ្លួនឯងជ្រុល

ការស្រលាញ់ខ្លួនឯងមិនមែនជារឿងអ្វីមិនល្អឡើយ ប៉ុន្តែប្រសិនជាស្រលាញ់ខ្លួនឯងជ្រុល វាអាចផ្តល់ជាភាពអវិជ្ជមានដល់អ្នកវិញក៏ថាបាន ដោយសារតែការស្រលាញ់ខ្លួនឯងជ្រុល ធ្វើអោយអ្នកគិតថាមានតែខ្លួនឯងល្អ ស្រលាញ់តែប្រយោជន៍របស់ខ្លួន មើលមិនឃើញតម្លៃរបស់អ្នកដទៃ។ ដូច្នេះប្រសិនជាអ្នកមិនចង់អោយអ្នកដទៃឃើញអ្នករួចគេចមុខទេ អ្នកគួរកុំស្រលាញ់ខ្លួនឯងជ្រុលពេក៕

អត្ថបទល្អផ្សេងទៀត៖ បើចង់បំបាត់ទំលាប់អាក្រក់ដែលធ្លាប់មាន អនុវត្តន៍តាមវិធី៤យ៉ាងនេះ នឹងធ្វើឲ្យអ្នកភ្លឺភ្នែក

ប្រិយមិត្ត Anarchak ដែលមានទំលាប់មិនល្អមួយចំនួន ដែលពិបាកក្នុងការលុបបំបាត់ដែរទេ ដូចជា ការខាំក្រចក ការអូសបន្លាយពេលវេលា និង ការជក់បារីជាដើម? ថ្ងៃនេះ អ្នកនឹងបានដឹងពីវីធីទាំង៤ ក្នុងការបំបាត់ទំលាប់មិនល្អនោះ បានយ៉ាងងាយស្រួល។ ខាងក្រោមនេះ គឺជាវិធី៤យ៉ាងដែលអ្នកគួរធ្វើ៖

១. ទទួលស្គាល់

ជំហានដំបូងក្នុងការបំបាត់ទំលាប់មិនល្អគឺ ទទួលស្គាល់ ទំលាប់នោះ គឺជាបញ្ហា ដែលកំពុងតែមាន។ ជាការគួរឲ្យភ្ញាក់ផ្អើលណាស់ ដែលមនុស្សភាគច្រើន មិនអាចទទួលស្គាល់ការពិតនេះបាន។ ហើយ ទំលាប់មួយចំនួនដែលកើតឡើងតាំងពីក្មេង ដូចជាការធ្វើត្រាប់តាមអ្នកដទៃ ដូចជាម្តាយឪពុកជាដើមបានក្លាយជារឿងធម្មតាទៅហើយ។ ដូច្នេះ ទំលាប់ទាំងនោះ គឺពិបាកក្នុងការកែប្រែជាទីបំផុត។ អ្នកត្រូវតែទទួលបានការជួយជ្រោមជ្រែងពីមិត្ត និង អ្នកជាទីស្រលាញ់របស់អ្នក។ សួរពួកគេថាតើពួកគេមានដែលបានកត់សំគាល់ថា អ្នកមានទំលាប់អាក្រក់អ្វីទេ? នៅពេលដែលអ្នកបានដឹង និង ទទួលស្គាល់ហើយ អ្នកត្រូវស្រមៃពីទំលាប់ដែលល្អដែលអ្នកចង់យកមកជំនួសទំលាប់អាក្រក់នោះ។

២. ប្រតិកម្មពេលដែលអ្នកឈប់ធ្វើទំលាប់អាក្រក់

ប្រសិនបើអ្នកដឹងយ៉ាងច្បាស់ពីទំលាប់របស់អ្នក អ្នកត្រូវតែកែប្រែការរៀបចំជីវិតរបស់អ្នកបន្តិច។ ព្យាយាមមើលទំលាប់របស់អ្នក ដូចជា ធ្វើបញ្ជីមួយពីពេល ទីកន្លែង និង មូលហេតុដែលអ្នកធ្វើទំលាប់ចាស់ៗទាំងនោះ ដូច្នេះ អ្នកអាចកែប្រែទំលាប់នោះ យ៉ាងមានប្រសិទ្ធិភាពផងដែរ។ ព្យាយាមឈប់ធ្វើនូវអ្វីដែលនាំឲ្យទំលាប់ចាស់របស់អ្នកកើតឡើងជាថ្មី រហូតទាល់តែទំលាប់ចាស់អ្នកត្រូវបានយកចេញ។ ប្រសិនបើទំលាប់អ្នក មានដូចជាការផឹកគ្រឿងស្រវឹង ការជក់បារី ជាដើម នេះមានន័យថា អ្នកត្រូវឈប់ប៉ះពាល់វាភ្លាម បើទោះជាអ្នកពិបាកទ្រាំយ៉ាងណាក៏ដោយ។ វាជាជំហានដំបូងក្នុងការប្រែជាមនុស្សដែលអ្នកចង់ប្រែក្លាយ។

៣. វិធីសាស្រ្ត ស្រទាប់

ការគ្រប់គ្រងខ្លួនឯងហាក់ដូចជាសាច់ដុំ ដែលត្រូវការការអនុវត្តជាប្រចាំ។ ប្រសិនបើអ្នកដឹងថាអ្នកមិនអាចឈប់ធ្វើទំលាប់អ្វីមួយភ្លាមទេ អ្នកត្រូវតែបញ្ឈប់ម្តងបន្តិចៗ រហូតទាល់តែឈប់ធ្វើបាន។ ដើម្បីអាចធ្វើការឈប់ជាជំហាននេះបាន លុះត្រាតែអ្នកកាត់បន្ថយជាប្រចាំ នូវអ្វីដែលអ្នកធ្លាប់ធ្វើ បន្តិចម្តងៗ ឬ ម្តងពាក់កណ្តាលជាប្រចាំ។ ឧទាហរណ៍ថា ប្រសិនបើអ្នកទំលាប់ផឹកស្រាបៀមួយសប្តាហ៍៣០ដង អ្នកត្រូវបង្ខំខ្លួនឯងឲ្យផឹងត្រឹមតែ១៥ដងក្នុងរយៈពេលណាមួយ។ ទីបំផុត នៅពេលអ្នកមានអារម្មណ៍ថារួចរាល់ហើយ បន្ថយរហូតសល់ត្រឹមតែ ៧ ឬ ៨ ដង បន្ទាប់មក ៣ ឬ ៤​ដង រហូតទាល់តែអ្នកលែងមានអារម្មណ៍ថាពិបាកនៅពេលដែលអ្នកឈប់ផឹក។ នៅពេលដែលអ្នកអាចសម្រចបាន អ្នកនឹងអាចមើលឃើញភាពស្រស់ស្អាតនៃបច្ចុប្បន្នកាល និង រីករាយជាមួយនឹងសេរីភាពរបស់អ្នក។

៤. ជំនួសនូវទំលាប់ល្អ និង ថ្មី

ឥឡូវ​ អ្នកដឹងពីទំលាប់របស់អ្នក និង អាចចាត់វិធានការកែប្រែហើយ ទំលាប់ទាំងនោះប្រាកដណាស់ថាមិនវិលត្រឡប់វិញទេ។ ការកែប្រែ អ្វីមួយធ្វើឲ្យអ្វីមួយកើតឡើងក្នុងខួរក្បាលរបស់យើង ទោះជាវាមានការប៉ះពាល់ ក៏ដោយ ដូច្នេះ អ្នកត្រូវជំនួសមកវិញនូវអ្វីដែលវិជ្ជមាន ដូចជាទំលាប់ល្អ សកម្មភាពលំហាត់ប្រាណ ឬ ការច្នៃប្រឌិតមួយ។ អ្នកដែលយកឈ្នះលើទំលាប់អាក្រក់បាន មិនជឿលើខ្លួនឯងក្នុងការកែប្រែទេ។ អ្នកត្រូវតែដឹងថាតើអ្នកចង់ក្លាយជាអ្វី។ នៅរាល់ព្រឹក ធ្វើសរសៃដៃជើង ជាទំលាប់មួយល្អជាងការជក់បារីពេលព្រឹក។ តែវិធីទាំងនោះ គ្រាន់តែជាផ្នែកមួយក្នុងការយកឈ្នះលើទំលាប់អាក្រក់ប៉ុណ្ណោះ លុះត្រាតែអ្នកមានចិត្ត និង បើកភ្លើងខៀវឲ្យខ្លួនឯងក្នុងការកែប្រែ។ អ្នកខ្លះទាល់តែ គ្មានផ្លូវផ្សេងក្នុងការប្រឈម ទើបគេប្រឈម។ តែអ្នកគ្រាន់តែស្រមៃមើលថា បើជីវិតអ្នកគ្មានទំលាប់អាក្រក់ តើជីវិតរបស់អ្នកនឹងល្អយ៉ាងណា?

មតិយោបល់

ពេញនិយម