អ្នកគិតថាថ្ងៃសុក្រទី១៣ ជាថ្ងៃឧបទ្រពមែនទេ? មកមើលថាតើវិទ្យាសាស្រ្តបកស្រាយយ៉ាងណា?
Connect with us

គួរដឹង

អ្នកគិតថាថ្ងៃសុក្រទី១៣ ជាថ្ងៃឧបទ្រពមែនទេ? មកមើលថាតើវិទ្យាសាស្រ្តបកស្រាយយ៉ាងណា?

ទោះបីជាថ្ងៃសុក្រទី១៣ ជាថ្ងៃ ដែលនាំសំណាងមិនល្អ តាមវប្បធម៌របស់ប្រជាជនលោកខាងលិចយ៉ាងណាក៏ដោយ​ វាគ្រាន់តែជាថ្ងៃសុក្រនៅលើប្រតិទិនប៉ុណ្ណោះ។ វាគ្មានភាពខុសគ្នារវាងថ្ងៃនេះ និងថ្ងៃម្សិលមិញទេ។

ឆ្នាំ ២០១៨ ហើយមនុស្សក៏ចាប់ផ្តើមលែងជឿលើអបិយជំនឿនោះដែរ មិនដូចមនុស្ស ដែលរស់នៅកាលពីសម័យកណ្តាលទេ​ ដែលពួកគេជឿទាំងស្រុងលើអបិយជំនឿ។ លោក Kenneth Drinkwater ដែលជាចិត្តវិទូ នៅ សាកលវិទ្យាល័យ Manchester Metropolitan នៅប្រទេសអង់គ្លេស បាននិយាយថា៖ “មិនមែនដូច្នោះទេ។ យើងក៏មានលក្ខណៈអបិយជំនឿដែរ ទោះបីជាមិនដូចកាលពីមុន តែយើងគិតថាខ្លួនយើងមិនមានអបិយជំនឿ”។

គេមិនបានរកឃើញ ភស្តុតាងណាមួយ មកបញ្ជាក់ថា ថ្ងៃសុក្រទី១៣ នាំឲ្យមានការកើតឡើងនៃសំណាងអាក្រក់ទេ បើប្រៀបធៀបទៅនឹងថ្ងៃដទៃ។ ប៉ុន្តែ វាមិនមានន័យថា អ្នកវិទ្យាសាស្រ្ត មិនបានព្យាយាមស្វែងរកភស្តុតាងទេ។

នៅក្នុងប្រលោមលោក របស់លោក Thomas W. Lawson ដែលមានចំណងជើងថា “ថ្ងៃសុក្រ ទី១៣”  ឈ្មួញកណ្តាលម្នាក់ បានកេងចំណេញ ពីអបិយជំនឿនេះ ហើយបានបង្កើត ភាពភ័យខ្លាច នៅ Wall Street នៅក្នុងថ្ងៃសុក្រទី ១៣នោះ។ សៀវភៅ នេះ គឺជាការជំរុញ ឲ្យមានចំនួននៃការសិក្សាស្រាវជ្រាវ ពីភាគហ៊ុន ដែលតែងត្រឡប់មកវិញ នៅថ្ងៃសុក្រទី១៣ ប្រៀបធៀបទៅនឹងថ្ងៃសុក្រ។ ក្នុងឆ្នាំ ២០០១ Brian Lucey ដែលជាសាស្រ្តចារ្យផ្នែកពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Trinity College Dublin នៅប្រទេសអៀកឡង់ បានបោះពុម្ពផ្សាយការវិភាគរបស់គាត់ក្នុងចំណោមការសិក្សារបស់គាត់។ ការសិក្សាទាំងអស់នោះ មានការវាយតម្លៃមួយយ៉ាងតូចចង្អៀត បើគិតជារួម ដោយផ្តោតទៅលើតែ ទីផ្សារមួយចំនួនតូច ឬការផ្លាស់ប្តូរភាគហ៊ុន។ ប៉ុន្តែ នៅពេលដែលគាត់វិភាគពីទិន្នន័យ ជារួម Lucey រកឃើញថា លើកលែងករណីមួយចំនួន ការត្រឡប់របស់ផ្សារភាគហ៊ុន នៅថ្ងៃសុក្រទី១៣ ជាធម្មតា មានលក្ខណៈខ្ពស់ជាងថ្ងៃសុក្រផ្សេងៗទៀត។

ប្រហែលជាមិនមានហេតុផលចំពោះបញ្ហានេះទេ ប៉ុន្តែ មនុស្សប្រហែលជាផ្លាស់ប្តូរឥរិយាបថនៅថ្ងៃសុក្រទី១៣ នៅក្នុងលក្ខណៈមួយ​ដែលអាចបង្កឲ្យមានរឿងមួយចំនួនកើតឡើង ក្នុងថ្ងៃនោះ។ នេះបើតាម Drinkwater បាននិយាយ។ ឧទាហរណ៍ គាត់និយាយថា មនុស្សប្រហែលជាផ្លាស់ប្តូរក្នុងថ្ងៃនោះច្រើន ដែលខុសប្លែកពីថ្ងៃផ្សេងៗ។ ប៉ុន្តែ ការសិក្សាមួយចំនួន ដែលបានពិនិត្យមើលលើ គ្រោះថ្នាក់ចរាចរណ៍ មិនបានបង្ហាញថា ថ្ងៃសុក្រទី១៣នោះ មានគ្រោះថ្នាក់ច្រើននៅលើដងផ្លូវ ជាថ្ងៃសុក្រផ្សេងនោះទេ។

ប៉ុន្តែ នៅក្នុងឆ្នាំ ១៩៩៤ Scanlon  និងសហការីរបស់គាត់ បានរាយការណ៌ថា ហានិភ័យ នាំការចូលពេទ្យ ដោយសារតែ មានគ្រោះថ្នាក់ចរាចរណ៍ គឺ៥៥% ក្នុងថ្ងៃសុក្រ ទី១៣ បើប្រៀបធៀបទៅនឹងថ្ងៃសុក្រផ្សេងៗ។ អ្នកសិក្សាស្រាវជ្រាវបានសន្និដ្ឋានថា៖ “​គួរតែស្នាក់នៅផ្ទះទើបជាការល្អ”។ 

វិទ្យាសាស្រ្តបានបញ្ជាក់យ៉ាងច្បាស់ថា ថ្ងៃសុក្រទី១៣ គឺជាថ្ងៃធម្មតាមួយប៉ុណ្ណោះ។ ប៉ុន្តែ គេបន្តគិតថា វាត្រូវបានវាសនាកំណត់មកថា ជាថ្ងៃអាក្រក់។ Neil Dagnall បាននិយាយថា៖ “វាអាចជួយកាត់បន្ថយភាពតប់ប្រមល់របស់មនុស្ស។ អបិយជំនឿ គ្រាន់តែជួួយធ្វើឲ្យចិត្តស្ងប់តែប៉ុណ្ណោះ។ 

បើនិយាយពីថា មូលហេតុអ្វីបានជាវាទៅជាអាក្រក់ ឬអាចនឹងទៅជាអាក្រក់ គឺគ្រាន់តែជាការគិតរបស់មនុស្សតែប៉ុណ្ណោះ។ Drinkwater បានពន្យល់ថា៖ “តាមលក្ខណៈចិត្តសាស្រ្ត អបីយជំនឿ ចេញមកពីសេចក្តីចង់បានដើម្បី ជះឥទ្ធិពលទៅព្រឹត្តិការណ៍ខាងក្រៅ បញ្ចុះភាពតានតឹង និងកាត់បន្ថយភាពមិនច្បាស់លាស់”។ 

នៅពេលដែលយើងនិយាយពីថ្ងៃសុក្រ ទី១៣ គេតែងតែប្រុងប្រយ័ត្ន ដោយសារតែវប្បធម៌របស់គេ បានបង្រៀនពួកគេឲ្យបែបនេះ។ នេះជាមូលហេតុ ដែលអបីយជំនឿ មានលក្ខណៈខុសប្លែកគ្នាពីតំបន់មួយទៀតតំបន់មួយ។ នេះបើតាមចិត្តវិទូ។ ឧទាហរណ៍ថា លេខ១៧ គឺមិនល្អ ជាងលេង១៣ នៅក្នុងប្រទេសអ៊ីតាលី ហើយនៅប្រទេសចិនលេខ៤ មិនល្អទេ។ 

ប្រវត្តនៃថ្ងៃសុក្រទី១៣ ខុសគ្នាដោយផ្អែកលើអ្នកដែលអ្នកសួរទៅ ប៉ុន្តែ Dagnall បាននិយាយថា វាមិនមានបញ្ហា ដែលថាហេតុអ្វីបានជាអ្នកគិតថា ថ្ងៃនោះ មិនមែនជាថ្ងៃល្អ។ Dagnall បាននិយាយថា៖ “អ្វីដែលប្រុងនឹងកើតមានឡើង គឺគ្មាននរណាម្នាក់ប្រាកដទេ ថាហេតុអ្វីបានជាពួកគេគិតបែបនេះ។ ប៉ុន្តែ អបីយជំនឿ នៅតែពិបាកកែប្រែពីផ្នត់គំនិតវប្បធម៌”។ ប៉ុន្តែ គាត់ក៏និយាយដែរថា៖ “ខ្ញុំមិនគិតថា គេដឹងពីអ្វីដែលគេធ្វើនោះទេ”៕ 

អត្ថបទល្អផ្សេងទៀត៖ ព្រះច័ន្ទពេញវង់ប៉ះពាល់ដល់ដំណេករបស់យើងដែរទេ?

មនុស្សជាច្រើន កំពុងរងការរំខានដំណេកដ៏ល្អ ដែលមានដូចជា សម្លេងឆ្កែព្រូស សម្លេងក្មេងយំ សំពាធការងារ និង ការទុកដាក់ឧបករណ៍អេឡិចត្រូនិច។ ដោយមានការរំខានទាំងអស់នេះ វាមិនចំលែកទេ ដែលជនជាតិអាមេរិចជាងពាក់កណ្តាល មិនអាចទទួលទានដំណេកបានតាមចិត្តចង់។ ប៉ុន្តែ អ្នកប្រហែលជាមិនដឹងពីរឿងមួយ ដែលអាចប៉ះពាល់ដល់ការទទួលទានដំណេករបស់អ្នកផងដែរ ហើយ វាកើតឡើង ម្តងក្នុងមួយខែ។ វាជារបស់ដែលមានពន្លឺនៅក្នុងលំហ ដែលគេហៅថាព្រះច័ន្ទពេញវង់។

អត្ថបទនេះ នឹងឆ្លើយនូវសំនួរអំពីព្រះច័ន្ទពេញវង់ ដែលមានប៉ះពាល់ដំណេករបស់មនុស្ស។ ដំបូង យើងត្រូវដឹងថា តើអ្វីទៅជាព្រះច័ន្ទពេញវង់។ ព្រះច័ន្ទពេញវង់កើតឡើងនៅពេលដែលព្រះអាទិត្យ ផែនដី និង ព្រះច័ន្ទ ស្ថិតនៅលើគន្លងជាមួយគ្នា ដែលផែនដីនៅចំកណ្តាលរវាងព្រះអាទិត្យ និង ព្រះច័ន្ទ។ ក្នុងទីតាំងបែបនេះ ព្រះច័ន្ទ ទទួលពន្លឺពេញលេញពីព្រះអាទិត្យ ដែលយើងអាចមើលឃើញពីផែនដីបាន។ នេះអាចកើតឡើងប្រហែលរាល់ ២៩ថ្ងៃម្តង។

តើបាតុភូតនេះ មានឥទ្ធិពលអ្វីមកលើមនុស្សនៅលើផែនដីទៅ? រឿងមួយដែលគួរឲ្យកត់សំគាល់នោះគឺ នៅពេលដែលមាន ព្រះច័ន្ទពេញវង់ មេឃនៅពេលយប់ភ្លឺជាងមុន។ ព្រះច័ន្ទក៏ជាកំលាំងដែលធ្វើឲ្យមានជំនោរ និង លំនាចនៃសមុទ្រ ដែលកើតឡើងដោយសារទំនាញព្រះច័ន្ទ និង ទំនាញព្រះអាទិត្យ។ ប្រសិនបើគ្មានព្រះច័ន្ទ យើងនឹងគ្មានការលំបាកមួយចំនួននោះទេ។

ការយល់ដឹងអំពីឥទ្ធិពលរបស់ព្រះច័ន្ទមកលើឥរិយាបថរបស់មនុស្ស កើតឡើងមកពីអង្គភាពសិក្សាស្រាវជ្រាវ ដែលមានលទ្ធផលផ្សេងគ្នា។ ឧទាហរណ៍ ការសិក្សាមួយ ក្នុងចំណោមក្មេងដាណឺម៉ាកចំនួន ៦៧៥នាក់ ដែលមានអាយុពី៨ឆ្នាំ ទៅ១១ឆ្នាំ បានរកឃើញថា ក្មេងគេងយូរជាងមុនបន្តិចក្នុងពេលដែលមានព្រះច័ន្ទពេញវង់។ ផ្ទុយមកវិញ ការសិក្សាផ្សេងមួយទៀត ដែលមានមនុស្សពេញវ័យចំនួន ៣១៩នាក់ បានរកឃើញថា ព្រះច័ន្ទពេញវង់មានការជាប់ទាក់ទងនឹង ប្រសិទ្ធិភាពនៃដំណេកដែលបានតិច។

ការសិក្សាឆ្នាំ ២០១៣ បានបង្ហាញពីទិន្នន័យដែលគួរឲ្យចាប់អារម្មណ៍។ គេបានធ្វើការសិក្សាទៅលើមនុស្សពេញវ័យចំនួន៣៣នាក់ ក្នុងរយៈពេលលើសពី៣ឆ្នាំ ហើយ បានរកឃើញថា ព្រះច័ន្ទពេញវង់មានទំនាក់ទំនងនឹងការទទួលទានដំណេកយូរជាងសព្វដង កាត់បន្ថយប្រសិទ្ធិភាពនៃដំណេក និង ការបន្ថយពេលសរុបនៃដំណេកផងដែរ។ ការសិក្សា Cajochen ត្រូវបានគេស្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះថាជា ការគាំទ្រទៅលើទឡ្ហីករណ៍ដែលថា ព្រះច័ន្ទពេញវង់ប៉ះពាល់ដល់ការទទួលទានដំណេក។ សន្និដ្ឋានថា ទិន្នន័យទាំងអស់នោះត្រឹមត្រូវ ដូច្នេះយើងអាចនិយាយបានថាព្រះច័ន្ទពេញវង់ពិតជាប៉ះពាល់ដល់ការគេងរបស់មនុស្សមែន។ ប៉ុន្តែសំនួរសួរទៀតថា តើវាប៉ះពាល់បានដូចម្តេច?

មូលហេតុជាមូលដ្ឋានមួយ គឺថា នៅមុនពេលគេបង្កើតអំពូលភ្លើង មនុស្សមានតែព្រះច័ន្ទទេ ដែលបំភ្លឺនៅពេលយប់។ សង្គមមនុស្សក្នុងសម័យបុរាណ ជាទូទៅ រស់នៅ និង ទទួលទានដំណេកខាងក្រៅផ្ទះ ដែលពួកគាត់ត្រូវបានប៉ះពាល់ដោយរស្មីនៃព្រះច័ន្ទពេញវង់ ដែលរបស់អ្វីដែលមានពន្លឺ អាចរំខានដល់ការគេងរបស់មនុស្សក្នុងកំរិតណាមួយ។

សម្មតិកម្មនេះ ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ប៉ុន្តែវាប្រហែលជាមិនអាចផ្តល់ការពន្យល់ពេញលេញទេ។ ការសិក្សា Cajochen ត្រូវបានធ្វើឡើងក្នុងបន្ទប់ពិសោធន៍ដ៏ងងឹតមួយ ដែលគេសង្ស័យថា ការប៉ះពាល់នេះប្រហែលជាមកពីកំណើត មិនមែនមកពីបរិយាកាសទេ។ នៅពេលដែលអ្នកស្រាវជ្រាវនៅតែមិនអាចបើកបង្ហាញអាថ៌កំបាំងនោះ គេបានស្នើថា ប្រហែលជាគន្លងរបស់ព្រះច័ន្ទ តំណាងឲ្យមជ្ឈដ្ឋានថ្មីមួយ ក្នុងសង្វាក់ជីវសាស្រ្តមនុស្ស ដែលជាហេតុធ្វើឲ្យព្រះច័ន្ទពេញវង់ប៉ះពាល់ដល់ការគេង។

សំនួរជាច្រើនដែលមិនមានចំលើយ នៅតែចោទសួរឡើងអំពីព្រះច័ន្ទពេញវង់ ដែលមានឥទ្ធិពលមកលើការទទួលទានដំណេករបស់មនុស្ស វាពិតជាពិបាកសំរាប់មនុស្សក្នុងការបាំងកុំឲ្យពន្លឺព្រះច័ន្ទចូលក្នុងបន្ទប់គេងរបស់ពួកគេ។ ពេលវេលាក្នុងខ្លួនរបស់យើង មានឥទ្ធិពលជាពេលវេលាដែលយើងផ្តល់តំលៃឲ្យ។

មនុស្សយើងប្រើប្រាស់ពន្លឺសិប្បនិម្មិត ដើម្បីគ្រប់គ្រងជីវិត។ ប៉ុន្តែទោះជាយ៉ាងណា យើងគួរដឹងដែរថា យើងនៅតែទទួលរងឥទ្ធិពលពីកំលាំងធម្មតា ប៉ុន្តែខ្លាំង ដែលនៅជុំវិញខ្លួនយើងនេះ៕

មតិយោបល់

ពេញនិយម

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.